តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ បានចាប់ផ្តើមសវនាការ សំណុំរឿងក្បត់ជាតិរបស់អតីតអ្នកគាំទ្រ សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយកាលពីឆ្នាំ២០១៧ បន្ទាប់ពីអាក់ខានជាងមួយឆ្នាំ។
នៅថ្ងៃនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានស្នើឲ្យជនជាប់ចោទចំនួន៦នាក់មកបង្ហាញខ្លួននៅសវនាការ ក្នុងនោះក៏មានកញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាសកម្មជនសិទ្ធិមនុស្សមួយរូបផងដែរ។ ក៏ប៉ុន្តែតុលាការ បានសួរនាំជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះ។
កញ្ញា សេង ធារី ត្រូវបានតុលាការនាំខ្លួនឲ្យមកតតាំងក្តីរបស់កញ្ញាក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ ដែលទាក់ទងនឹងព្រឹត្តិការណ៍នៃមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ីកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
បន្ទាប់ពីចូលខ្លួនទៅក្នុងសាលាដំបូងរាជធានីភ្នំពេញបានប្រមាណ៣០នាទី កញ្ញា សេង ធារី ដែលស្លៀកពាក់ជាស្រីអប្សរា និងកោរសក់ផងនោះ បានលើកឡើងនៅក្រៅសាលាដំបូងថា សវនាការកញ្ញា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខ។កញ្ញាប្រាប់ក្រុមអ្នកកាសែតថា រហូតមកដល់ពេលនេះ កញ្ញានៅតែយល់ថា រឿងក្តីរបស់កញ្ញា គឺជារឿងនយោបាយសុទ្ធសាធ។
«ការផ្តួចផ្តើមសវនាការនេះ លើខ្ញុំ អត់មានមូលហេតុនៅក្នុងអង្គច្បាប់ ឬអង្គហេតុ ...ជានយោបាយសុទ្ធសាធ នៅក្នុងការបំបិទសំឡេងខ្ញុំ នៅក្នុងការបំបិទមាត់ខ្ញុំ ពីព្រោះខ្ញុំជាអ្នកតស៊ូមតិ យូរអង្វែងតាំងពីឆ្នាំ១៩៩៥»។
កញ្ញា ចាត់ទុកសវនាការសំណុំរឿងក្បត់ជាតិនេះ ថាជាឆាកល្ខោននយោបាយមួយផងដែរ ដែលកញ្ញាត្រូវចូលរួមសម្តែងដោយមានពាក្យពេចន៍ខ្លួនឯងដើម្បីប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះ។
«បើអ៊ីចឹង ថ្ងៃនេះ សូមចងចាំម្តងទៀត។ នេះជាល្ខោន។ ល្ខោននយោបាយ...ហើយគេបានជំរុញខ្ញុំឲ្យចូលសម្តែងនៅក្នុងល្ខោននយោបាយនេះ។ ខុសពីតួសម្តែងផ្សេងៗ ដែលត្រូវការសូត្រតាមអ្នកនយោបាយ ខ្ញុំមាន parole [ពាក្យពេចន៍] ខ្ញុំមាន script [អត្ថបទរឿង]ខ្លួនខ្ញុំ។ ខ្ញុំបង្កើតនិពន្ធ តួអង្គខ្លួនខ្ញុំ ហើយខ្ញុំថ្ងៃនេះ ជាតួអង្គអប្សរា តំណាងឲ្យស្ត្រីខ្មែរយើង ដែលកំពុងឈឺចាប់ក្នុងរបបផ្តាច់ការនេះ ហើយបុរសៗដែលស្រឡាញ់ពួកគាត់»។
កញ្ញា សេង ធារី ដែលជាមេធាវីមានសញ្ជាតិខ្មែរ និងអាមេរិកផងនោះ បានរិះគន់មន្ត្រីនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ដែលបង្ហាញការអាក់អន់ចិត្តពេលឃើញកញ្ញាស្លៀកពាក់ជាអប្សរាដើម្បីចូលទៅក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃអង្គារនេះ។
«ព្រះរាជអាជ្ញាបានលើកឡើងថា គាត់អត់ពេញចិត្តទេ។ ចៅក្រម សំ សុគង់ គាត់ថា អត់មានបញ្ហាទេ អ្ហូ៎មិនមែនចៅក្រម [ទេគឺ] មេធាវី។ បើអ៊ីចឹងនៅក្នុងរយៈពេលប្រហែល៥នាទី ខោអាវដែលខ្ញុំស្លៀកពាក់។ ពួកខ្មែរយើង... ពួកបរទេសគេអាចស្លៀកពាក់ខោអាវបរទេសបាន។ ប៉ុន្តែខ្ញុំខ្មែរមិនអាចស្លៀកខោអាវខ្មែរដែរ? ជានិមិត្តរូបស្ត្រីខ្មែរពេញទីហើយ។ បើអ៊ីចឹងអានេះ គេលើកឡើង ប៉ុន្តែគាត់អនុញ្ញាតចុងក្រោយ»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផលបដិសេធមិនធ្វើការអធិប្បាយ ដោយថា «តុលាការបាននិងកំពុងធ្វើស្របតាមនីតិវិធីដែលបានច្បាប់អនុញ្ញាត»។
មេធាវីការពារក្តីឲ្យជនជាប់ចោទក្នុងសំណុំរឿងក្បត់ជាតិនេះ លោក សំ សុគង់ បានបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ មានជនជាប់ចោទពីរនាក់ត្រូវបានសួរនាំ គឺលោកទុំ ប៊ុនថន ដែលកំពុងជាប់ឃុំបណ្តោះអាសន្ន និងលោក ភួង ថាជាអតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង។ សំណួរដែលត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទសួរភាគច្រើនពាក់ព័ន្ធនឹងការប្រជុំនានារបស់គណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និងផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
«ការសួរដេញដោលហ្នឹង គឺផ្តោតតែទៅលើអង្គហេតុនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហ្នឹង ហើយយើងឃើញការសួរដេញដោលនៅពេលសវនាការហ្នឹង ទាំងចៅក្រម ទាំងព្រះរាជអាជ្ញាហាក់ដូចជាសួរទាក់ទងទៅនឹងការដាក់សំណួរពាក់ព័ន្ធនឹងការយល់ឃើញ ដែលយើងគិតថាការយល់ឃើញនេះវាជាគំនិត ជាការយល់ឃើញ វាមិនមែនជាអង្គហេតុ។ ហើយយើងឃើញអង្គហេតុខ្លះវាអត់។ ការសួរសំណួរហ្នឹង ក៏ខ្លះក៏អត់សូវចូលជាអង្គហេតុក្នុងដីកាបញ្ជូនរឿងមកជំនុំជម្រះផងដែរ»។
បើតាមលោក សំ សុគង់ សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការសំណុំរឿងក្បត់ជាតិ៧លើក រៀងរាល់ថ្ងៃអង្គារ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ លោកមេធាវីបន្ថែមថា សវនាការដែលកំពុងបន្តនេះ មានភាពចម្រូងចម្រាស ពាក់ព័ន្ធនឹងព័ត៌មាននៃការបញ្ជូនដីកាកោះហៅជនជាប់ចោទ ដែលក្នុងនោះមានដីកាឈ្មោះជនជាប់ចោទ៤០នាក់ ត្រូវបានយកទៅបិទនៅអតីតទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
គួររំឭកឡើងវិញផងដែរថា គិតចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រហូតដល់ខែមីនា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកគាំទ្រសកម្មជនមន្ត្រីគណបក្សតាមបណ្តាខេត្ត និងរាជធានី និងថ្នាក់ដឹកនាំរបស់បក្សនេះជិត១៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ ឬរងការចាប់ខ្លួនទាក់ទងនឹងបទ«ក្បត់ជាតិ» បទ «រួមគំនិតក្បត់» ឬបទ«ញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋ»ជាដើម។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា និយាយថាសំណុំរឿងក្បត់ជាតិខាងលើនេះ មានជាប់ហេតុផលនយោបាយ ទើបមានការអូសបន្លាយពេលក្នុងការជំនុំជម្រះ ហើយថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាចនឹងក្លាយជារឿងគួរឲ្យបារម្ភមួយ ដោយសាររងគំនាបពីអន្តរជាតិប្រសិនបើមិនមានដំណោះស្រាយនយោបាយ ដើម្បីទម្លាក់ចោលរាល់បទចោទប្រកាន់ដែលផ្តើមចេញពីរឿងនយោបាយនោះ។
«បើស្ថានភាពនយោបាយនៅតែបន្តបែបនេះ យើងមានការព្រួយបារម្ភណាស់ ព្រោះអីកន្លងមកក៏ដូចជាថ្មីៗនេះសហគមន៍អន្តរជាតិ ជាពិសេសបណ្តាលោកសេរីដែលគេមានលក្ខខណ្ឌនានាពាក់ព័ន្ធទៅនឹងជំនួញពាក់ព័ន្ធទៅនឹងការទទួលបាននូវការជួយគាំទ្រ ឬក៏ការអភិវឌ្ឍប្រទេសកម្ពុជាយើង គឺដោយភ្ជាប់នូវលក្ខខណ្ឌទាំងនេះឯងគឺលក្ខខណ្ឌការគោរពសិទ្ធិមនុស្ស ហើយនឹងគោរពតាមគោលការណ៍បែបប្រជាធិបតេយ្យបែបសកលឲ្យបានត្រឹមត្រូវហ្នឹងឯង»។
ទាក់ទិនការស្លៀកពាក់របស់កញ្ញា សេង ធារី ជាស្រីអប្សរាចូលក្នុងតុលាការនោះ អ្នកការពារសិទ្ធិមនុស្សរូបនេះ លើកឡើងថា វាជាយុទ្ធវិធីសាស្ត្រតស៊ូមតិ និងទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលមិនគួរទទួលរងការរើសអើង ពីមន្ត្រីដែលបម្រើការនៅក្នុងសាលាដំបូងរាជធានីភ្នំពេញនោះទេ។
ដោយឡែក នៅថ្ងៃទី៩ ខែធ្នូ ខាងមុខនេះ ក្រុមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាង១០នាក់នឹងត្រូវឡើងសវនាការ ក្នុងសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងខែមករាឆ្នាំ២០១៨ និងអំឡុងពេលបន្តបន្ទាប់។
អ្នកស្រី សេង ចាន់ថន ភរិយាលោកស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាស្រុករបស់គណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ ដែលនឹងឡើងសវនាការនៅថ្ងៃទី៩ ខែធ្នូនោះ បានប្រាប់វីអូអេនៅក្រៅសាលាដំបូងរាជធានីភ្នំពេញថា សេរីភាពរបស់ស្វាមីអ្នកស្រី អាស្រ័យទាំងស្រុងទៅលើការស្រុះស្រួលខាងនយោបាយ។
«និយាយទៅ បើចិត្តខ្ញុំចង់ឲ្យគេដោះលែងគាត់ហ្មង នៅថ្ងៃទី៩ហ្នឹង ដែលគេហៅឡើងសវនាការនៅថ្ងៃទី៩ខាងមុខនេះ។ ប៉ុន្តែ ខ្ញុំជឿជាក់ថាប្រហែលជាមាន...នៅក្នុងហ្នឹង ប្រហែលជាមានរឿងអីមួយដែលត្រូវចរចាគ្នារឿងនយោបាយដែលអាចដោះស្រាយបាន នៅថ្ងៃខាងមុខហ្នឹង។អ៊ីចឹង វាមានលាយឡំនៅក្នុងរឿងនយោបាយ។ អ៊ីចឹងការដោះលែង ឬមិនដោះលែង គឺអាស្រ័យទៅលើនយោបាយធូរស្រាល ឬក៏តឹងតែងសម្រាប់ពួកគាត់»។
នៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ក្រុមមេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេសជាញឹកញាប់ចេញសារនយោបាយរិះគន់រដ្ឋាភិបាលទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបន្តកសាងសំណុំរឿងព្រហ្មទណ្ឌជាបន្តបន្ទាប់នៅតុលាការ៕