តុលាការ​នឹង​សួរ​ចម្លើយ​​លោក​ ​កឹម សុខា​ក្នុង​ពន្ធនាគារ​ ក្រោយ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុងការ​ដឹក​ជញ្ជូន

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​អង្គារ​ ​បាន​ចេញ​លិខិត​ហៅ​ក្រុម​មេធាវី​របស់លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ទៅ​ចូលរួម​នីតិវិធី​សួរ​ចម្លើយ​លោក​កឹម សុខាក្នុង​បន្ទប់​សាកសួរ​នៃ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ពាក់ព័ន្ធ​នឹង​ដំណើរ​រឿង​ក្បត់​ជាតិ។​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​លើក​ឡើង​ថា​ ​នីតិវិធី​បើក​ការ​ស៊ើបសួរ​ក្នុង​ពន្ធនាគារ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនត្រូវ​ចោទ​ និង​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​ស៊ើបសួរ។​

នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានីភ្នំពេញគ្រោងនឹង​បើក​ការ​សួរ​ចម្លើយប្រធាន​គណ​បក្ស​ជំទាស់​គឺ​លោក​ ​កឹម សុខា ក្នុងពន្ធនាគារ​ត្រពាំង​ផ្លុង​ ជាទី​ដែល​លោក​ត្រូវ​បាន​ឃុំ​ឃាំងពាក់ព័ន្ធ​នឹង​ការ​ចោទ​ពី​បទ​ក្បត់ជាតិ។​ ​នេះ​បើ​យោង​តាម​លិខិត​ដែល​ ​VOA​ ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

លិខិតចុះ​ថ្ងៃទី៧ខែ​វិច្ឆិកា​ដែល​អញ្ជើញ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា ​ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ​គឺ​លោកគី ឬទ្ធី​នោះ​ ​ត្រូវ​បានចែកចាយ​ឲ្យ​ក្រុម​អ្នក​សារ​ព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍។ ​លិខិត​នោះ​បញ្ជាក់​ថា​ ​ក្រោយ​ពី​បាន​ឃើញ​សំណុំ​ឯកសារ​របស់​មេធាវីការពារ​សិទ្ធិឲ្យ​លោក​ ​កឹម សុខា រួមមាន​ពាក្យ​សុំ​ធ្វើជា​តំណាងការពារ​ក្តី ​និង​ពាក្យ​សុំ​ថត​ចម្លង​ឯកសារ​នានា​ ​លោក​ ​គី ឬទ្ធី​ ​បាន​អញ្ជើញ​មេធាវី​ទាំង​នោះ​ទៅ​ចូលរួម​ក្នុង​នីតិវិធី​សួរ​ចម្លើយ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង។​

លិខិតអញ្ជើញលោក​ ​សំ សុគង់​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៨​រូប​ដែល​ការពារក្តីឲ្យ​កឹម សុខា​នោះ​ ​សរសេរក្នុង​ន័យ​ដើម​ថា៖

«សូម​អញ្ជើញ​លោក​ ​សំ សុគង់​ ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ​កឹម សុខា​ ​មាន​ការិយាល័យ​ផ្ទះ​លេខ​១៤CEo​ ផ្លូវ​លេខ​៣៨៤ ​សង្កាត់​ទួល​ស្វាយព្រៃ​១​ ​ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ​ ​ទៅ​កាន់​បន្ទប់​សាកសួរ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី៣​ ​«ម៣ ខេត្ត​ត្បូងឃ្មុំ» ​នៅ​ថ្ងៃទី​២៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក​ ​ដើម្បី​ចូលរួម​ក្នុង​នីតិវិធី​សួរ​ចម្លើយ​ឈ្មោះ កឹម សុខា​ ​ពី​ដំណើរ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស»។

លោក​ ​សំ សុគង់​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ចៅក្រម​ស៊ើបសួរ​បាន​ហៅ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ទាំង​៨​នាក់ ​ទៅ​ចូលរួម​នីតិវិធីសួរ​ចម្លើយ​ក្នុង​ពន្ធនាគារជា​លើក​ដំបូង​ ​បន្ទាប់​ពី​លោក​ ​កឹម សុខា​ ​បាន​បដិសេធ​ មិន​ឆ្លើយដោយ​សារ​មិន​ទាន់​មាន​មេធាវី​កាលពី​ពេល​កន្លង​មក។​ ​លោក​បន្ថែម​ថា​ ​នីតិវិធី​បើក​ការ​ស៊ើបសួរ​ក្នុង​ពន្ធនាគារ​បែប​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្តី​របស់​លោក​ និង​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​ស៊ើបសួរ។​

លោក​បញ្ជាក់​ថា៖​

«ទីមួយ​ វា​ប៉ះពាល់​សិទ្ធិ​របស់​ជនត្រូវ​ចោទ​ ​ដែល​សិទ្ធិ​របស់​ជនត្រូវ​ចោទ​ត្រូវ​តែ​មក​ឆ្លើយ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ​និង​នៅ​ក្នុង​តុលាការ​ដែល​មាន​សមត្ថកិច្ច។​ ចំណុច​ទី២​ពាក់​ព័ន្ធ​ទៅ​នឹង​សិទ្ធិ​របស់​មេធាវី​ការពារ ​ដែល​នៅ​ក្នុង​ពន្ធនាគារធ្វើ​ឲ្យ​សិទ្ធិ​របស់​មេធាវី​ការពារ​ហ្នឹង​មាន​ការ​ប៉ះ​ពាល់​ ដោយសារ​ក្នុង​នោះ​គឺ​ជាកន្លែង​ដែល​មាន​សមត្ថកិច្ច ជា​កន្លែងមាន​ការ​ឃុំ​ឃាំង ​មាន​លក្ខណៈ​ខុសពីនៅ​ក្នុង​តុលាការ​ ហើយវាធ្វើ​ឲ្យ​ការ​ស្តាប់ ​ការ​ការពារ​កូនក្តី​នៅ​ពេល​សាកសួរហ្នឹង​មាន​ការ​លំបាក»។​

លោក​ ​សំ សុគង់​ ​បន្ថែម​ថា​ ​ក្រុម​មេធាវី​ទាំង​៨​រូប​នឹង​ពិភាក្សា​គ្នា​ដើម្បី​ស្នើ​ទៅ​ចៅ​ក្រម​ស៊ើប​ឲ្យ​នាំ​លោក​ ​កឹម សុខា​ ​មក​សួរ​នៅតុលាការ។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​អ៊ី រិន្ទ​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​ រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី៣​ ​ខែ​កញ្ញា​ ​ដោយ​ចោទ​លោក​ពី​បទ«ក្បត់ជាតិ»​ ​និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេសវៀតណាម។​

កន្លង​មក​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ប្តឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ​ដើម្បី​សុំ​មោឃ​ភាព​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដោយ​អះអាង​ថា​ ​ការ​ចាប់​ឃុំឃាំង​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​ដែល​មាន​អភ័យ​ឯក​សិទ្ធិ​សភា​ទាំង​កណ្តាល​យប់គឺជា​អំពើ​ខុស​ច្បាប់​កំពូល​របស់​កម្ពុជា។​ ​ទោះ​ជា​យ៉ាង​ណា​ ​បណ្តឹង​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​ទាំងនោះ​ច្រាន​ចោល។​

សវនាការ​នៅ​តុលាការ​គ្រប់ជាន់​ថ្នាក់​ទាំងអស់សម្រាប់​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹងសុំ​មោឃភាព​នីតិវិធី​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខានោះ​ ​មិនមាន​វត្តមាន​របស់​លោក​ ​កឹម សុខា​ ​ចូលរួម​នោះ​ទេ។​ មន្ត្រី​តុលាការ​កម្ពុជាធ្លាប់​បញ្ជាក់​កន្លង​មក​ថា​ ​ការ​មិន​បញ្ជូន​លោក​ ​កឹម សុខា ​ពី​ពន្ធនាគារ​ទៅ​ចូលរួម​សវនាការ​នៅ​តុលាការ​ គឺ​ដោយ​សារ​បារម្ភ​ពី​សន្តិសុខ​ ​និង​សុវត្ថិភាព​របស់​លោក។​

លោក​ ​សុក សំអឿន​ ​អ្នកច្បាប់​ ​និង​ជា​មេធាវី​ជើង​ចាស់​មួយ​រូប​ ​លើក​ឡើង​ថា​ ​ការ​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​អាចធ្វើឡើង​បាន​ទាំង​ក្នុង​តុលាការ​ និង​នៅ​ពន្ធនាគារ ទៅ​តាម​ការ​សម្រេច​របស់​ចៅក្រមស៊ើប​សួរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ស៊ីសង​ចៅក្រម​ស៊ើបសួរ​គាត់​យល់​ថា​ ស្រួល​ ​ឬអត់។ ​បើសិន​ជា​គាត់​ពិបាក​ដឹក​ ​ពិបាក​អី​ ​គាត់​ទៅ​ខ្លួន​ឯង។​ ​ច្បាប់​មិនមាន​ចែង​ថា​ យ៉ាង​ម៉េច​ទេ​ សំខាន់​គឺ​ងាយ​ស្រួល​ក្នុងការ​ធ្វើ​ដំណើររបស់​ចៅក្រម​ ​ឬក៏​ការ​ដឹក​របស់​ជន​ត្រូវ​ចោទ​វា​ពិបាក​ ​អាហ្នឹង​គាត់​ទៅ​ខ្លួន​ឯង។​ ​វា​មិន​សំខាន់​រឿងថា ​ធ្វើ​នៅ​ឯណា​ទេ។​ ចំណែក​សវនាការ ​ទាល់​តែ​ធ្វើ​នៅ​តុលាការ»។​

ក្រោយ​ការ​ចាប់ខ្លួន​លោក​ ​កឹម សុខា​ ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​តាម​រយៈ​ក្រសួង​មហាផ្ទៃ​ ​កាលពី​ដើម​ខែ​តុលា ​បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល​ ​ប្តឹងសុំឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។​ ភ្លាមៗនោះ​ ​តុលាការ​កំពូល​បាន​ចេញ​ចំណាត់​ការ និង​ប្រកាសយក​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា​ ​ដើម្បី​បើក​សវ​នាការ​លើ​បណ្តឹង​រំលាយ​គណ​បក្ស​ប្រឆាំង ​ដែល​មាន​ប្រជាពល​រដ្ឋគាំទ្រជាង​៤០​ភាគ​រយ​ ​នៅ​ទូទាំង​ប្រទេស​នេះ។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​និង​ការ​ត្រៀម​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​គេ​ដឹង​ថា​ ជា​គូ​ប្រជែង​នយោបាយ​ដ៏​ធំ​របស់​គណបក្ស​កាន់​អំណាច​ ​នោះ​ ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជាបន្ត​បន្ទាប់។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា​ ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ ខាង​មុខ៕