ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបាននិយាយថា លោកចង់ឱ្យកងកម្លាំងស.រ.អា.ទាំងអស់ចាកចេញពីតំបន់ខាងត្បូងនៃប្រទេសលោកដែលនៅទីនោះពួកទាហានអាមេរិកទាំងនោះបានផ្តល់ការណែនាំដល់ពួកទាហានក្នុងមូលដ្ឋានដែលប្រយុទ្ធប្រឆាំងនឹងពួកអ្នកកាន់សាសនាឥស្លាមជ្រុលនិយម។
ថ្លែងកាលពីថ្ងៃចន្ទនៅចំពោះមុខពួកមន្ត្រីរដ្ឋាភិបាលដែលបានត្រូវតែងតាំងកាលពីពេលថ្មីៗនេះ លោក Rodrigo Duterte បានបន្ទោសស.រ.អា.អំពីចលាចលនៃពួកជនសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ ហើយនេះជាលើកដំបូងហើយដែលលោកបានជំទាស់ជាសាធារណៈអំពីវត្តមានរបស់ពួកទាហានអាមេរិកាំងនៅក្នុងប្រទេសលោក។
លោក Duterte មិនបានកំណត់ពេលវេលាចុងក្រោយបង្អស់ឬនិយាយអំពីការដកថយនៃទាហានអាមេរិកាំងនេះថានឹងប្រព្រឹត្តទៅបែបណាទេ ក៏ប៉ុន្តែលោកបាននិយាយថា ជនជាតិអាមេរិកាំងជាទីដៅមានតម្លៃខ្ពស់សម្រាប់ពួកឧទ្ទាម Abu Sayyaf ដែលមានចំណងទាក់ទងជាមួយពួករដ្ឋឥស្លាមនៅពេលដែលមានការបង្កើនកិច្ចប្រតិបត្តិការប្រឆាំងនឹងការបះបោរនេះ។
លោក Duterte បាននិយាយថា៖ «កងកម្លាំងពិសេសទាំងនោះ ពួកគេត្រូវតែទៅពួកគេត្រូវតែទៅ...ខ្ញុំមិនចង់មានការបែកបាក់គ្នាជាមួយប្រទេសអាមេរិកទេ ក៏ប៉ុន្តែពួកគេត្រូវតែទៅ...វត្តមានរបស់ទាហានអាមេរិកាំងទាំងនេះធ្វើឱ្យស្ថានភាពរឹតតែធ្ងន់ធ្ងរថែមទៀត។ ប្រសិនបើពួកជនសកម្មប្រយុទ្ធឥស្លាម ឃើញពួកអាមេរិកាំងនៅទីនោះ ពួកវានឹងសម្លាប់អាមេរិកាំងទាំងនោះ។ ពួកវានឹងព្យាយាមឱ្យបានប្រាក់លោះ បន្ទាប់មកពួកវាសម្លាប់អាមេរិកាំងទាំងនោះ»។
គ្មានប្រតិកម្មជាបន្ទាន់ពីស្ថានទូតស.រ.អា.នៅឡើយទេ៕