ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តវ៉ា​មិន​ចង់​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​បញ្ចុះ​សព​លោក Marcos នៅ​ទី​បញ្ចុះ​សព​វីរជន​ស្នេហា​ជាតិ


អ្នក​តវ៉ា​ប្រមូលផ្តុំគ្នាហើយលើកបដានិយាយថាមិន​ចង់​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​បញ្ចុះ​សព​លោក Marcos នៅ​ទី​បញ្ចុះ​សព​វីរជន​ស្នេហា​ជាតិ។
អ្នក​តវ៉ា​ប្រមូលផ្តុំគ្នាហើយលើកបដានិយាយថាមិន​ចង់​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​បញ្ចុះ​សព​លោក Marcos នៅ​ទី​បញ្ចុះ​សព​វីរជន​ស្នេហា​ជាតិ។

អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់​បាន​តស៊ូ​ពុះពារ​ឈរ​ហាល​ភ្លៀង​ដែល​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​តវ៉ា​បដិសេធ​នឹង​គម្រោង​របស់​លោក​ប្រធានាធិបតី Rodrigo Duterte ក្នុង​ការ​ផ្ដល់​កិត្តិយស​ដល់​អតីត​មេដឹកនាំ​ផ្ដាច់ការ​លោក Ferdinand Marcos ដោយ​ការ​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​វីរជន​ស្នេហា​ជាតិ។

ការ​តវ៉ា​ក៏​ធ្វើឡើង​នៅ​តាម​តំបន់​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ផង​ដែរ ប៉ុន្តែ​លោក Duterte នៅតែ​ប្រកាន់​ជំហរ​របស់​លោក​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ដង្ហែ​សព​របស់​លោក Marcos ពី​ស្រុក​កំណើត​របស់​លោក​មក​កាន់​ទី​បញ្ចុះ​សព​សម្រាប់​វីរជន​ស្នេហា​ជាតិ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នា​ខែ​ក្រោយ​នេះ។

សមាជិក​ព្រឹទ្ធសភា​លោកស្រី Risa Hontiveros ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នោះ​ដែរ បាន​និយាយ​ថា លោក Marcos ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ជា​សត្រូវ​មិន​ចេះ​ទទួល​កំហុស​របស់​វីរជន​ស្នេហា​ជាតិ​របស់​យើង ហើយ​លោក Duterte មិន​គួរ​ប្រព្រឹត្តិ​នូវ​អ្វី​ដែល​លោកស្រី​ហៅ​ថា​ជា​កំហុស​ដ៏​ឃោរឃៅ​នោះ​ទេ។

ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​នោះ គេ​ឃើញ​មាន​ជន​រងគ្រោះ​ដោយសារ​អំពើ​ទារុណកម្ម និង​ការ​ចាប់​ដាក់​ឃុំ​ឃាំង ក្នុង​អំឡុង​ពេល​លោក Marcos កាន់​អំណាច បាន​ចូលរួម​ផង​ដែរ។

លោក Marcos ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ ១៩៦៥ បាន​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​ក្នុង​ឆ្នាំ ១៩៧២ និង​ក្រោយ​មក ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ទ្រង់ទ្រាយ​ធំ និង​បាន​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​ជាតិ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​បដិវត្តន៍ «ចលនា​ប្រជា​ពលរដ្ឋ‍» នៅ​ក្នុង​ឆ្នាំ ១៩៨៦ ហើយ​បន្ទាប់​មក​បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋ​អាមេរិក ជាមួយ​ក្រុម​គ្រួសារ​របស់​លោក រហូត​ដល់​លោក​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ ១៩៨៩។ ក្រោយ​មក សព​របស់​លោក​ត្រូវ​បាន​ដឹក​មក​កាន់​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន និង​បាន​ដាក់​តាំង​នៅ​ក្នុង​មឈូស​កញ្ចក់។

លោក Duterte ដែល​បាន​និយាយ​ថា​លោក​ធ្លាប់​បោះ​ឆ្នោត​ឲ្យ​លោក Marcos ហើយ​ឪពុក​របស់​លោក​ធ្លាប់​ធ្វើការ​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​មេដឹកនាំ​ផ្ដាច់ការ​លោក Marcos នេះ បាន​អះអាង​ថា សព​លោក Marcos សក្ដិសម​នឹង​បញ្ចុះ​នៅ​ទី​បញ្ចុះ​សព​របស់​វីរជន​ស្នេហា​ជាតិ​ក្នុង​តួនាទី​ជា​អតីត​នាយ​ទាហាន និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន៕

XS
SM
MD
LG