រដ្ឋមន្តី្រ​ការពារជាតិ​អាមេរិក​បង្ហាញ​ក្តីបារម្ភ​ជុំវិញ​សកម្មភាព​គ្រោះថ្នាក់​របស់​ចិន​ក្នុង​ជំនួប​ជាមួយ​សមភាគី​ចិន

  • ​Reuters

នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin (ពីឆ្វេងទីពីរ) និង​រដ្ឋមន្ត្រី​ការពារជាតិ​ចិន លោក Wei Fenghe (ពីស្តាំទីពីរ) ជួបប្រជុំ​នៅ​ខេត្តសៀមរាប ប្រទេសកម្ពុជា នៅ​ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក​ Lloyd Austin​ ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មធ្យោបាយ​ទំនាក់ទំនង​គ្នា​ក្នុង​អំឡុង​មាន​វិបត្តិ​កើត​ឡើង នៅក្នុង​ការ​ជួប​ទល់មុខ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​ឧត្ដមសេនីយ៍​ Wei Fenghe​ ខណៈ​ដែល​លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ការ​បារម្ភ​ទៅ​លើ​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​យន្តហោះ​យោធា​ចិន​នោះ។​ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​

ក្នុងជំនួប​ប្រជុំ​ដែល​មាន​រយៈពេល​៩០នាទីនៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​មន្ត្រី​អាមេរិក​មួយ​រូបពណ៌នា​ថា «ប្រកបដោយភាព​ស្ថាបនា​និង​មាន​វិជ្ជាជីវៈ​»​នោះ​ គឺ​ជាកិច្ចប្រជុំលើក​ទី​១របស់​ប្រមុខការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ចាប់តាំង​ពី​ដំណើរ​ទស្សនកិច្ចរបស់​ប្រធាន​រដ្ឋសភា​អាមេរិកលោក​ស្រី Nancy Pelosi ទៅ​កោះតៃវ៉ាន់​កាល​ពីខែ​សីហា​កន្លង​ទៅ​ ដែល​បាន​ធ្វើ​ឱ្យ​ចិន​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង ព្រោះ​ចិន​បាន​ចាត់ទុក​កោះតៃវ៉ាន់ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន។

អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​សហរដ្ឋអាមេរិក លោក​ឧត្តមសេនីយ៍ត្រី Pat Ryder បាន​និយាយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយក្រោយជំនួប​ប្រជុំ​នោះ​ថា​ លោក Austin បាន​ពិភាក្សាពី​សារៈសំខាន់នៃ​«កា​សន្ទនាប្រកបដោយ​ខ្លឹមសារ​ ​ក្នុង​ការកាត់​បន្ថយ​ហានិភ័យ​ខាង​យុទ្ធសាស្ត្រ​ដែល​មាន​គ្រោះថ្នាក់ និង​លើក​កម្ពស់​ប្រតិបត្តិការ​ដែល​មាន​សុវត្ថិភាព»។​

កាល​ពី​ខែ​មិថុនាកន្លង​ទៅ​ យន្តហោះ​ចម្បាំង​ចិន​មួយ​គ្រឿង​បាន​ហោះ​ស្កាត់​យន្តហោះ​ឈ្លបការណ៍​យោធា​របស់​អូស្ត្រាលី​ នៅក្នុង​តំបន់​សមទ្រចិន​ខាង​ត្បូង។ នេះបើតាម​ការបញ្ជាក់​របស់​ក្រសួង​ការពារជាតិ​អូស្ត្រាលី។​

ជំនួប​ប្រជុំ​រវាង​ប្រមុខ​ការពារជាតិ​អាមេរិកនិង​ចិននៅ​ថ្ងៃ​អង្គារ​នេះ​ កើត​ឡើងនៅ​ក្រៅជំនួប​កិច្ចប្រជុំ​អាស៊ានក្នុង​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា៕​