អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បាននិយាយនៅថ្ងៃពុធនេះថា នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ សហរដ្ឋអាមេរិកនឹងប្រកាសអំពីការដាក់ទណ្ឌកម្មដ៏ «តឹងតែងបំផុត និងធ្ងន់ធ្ងរបំផុត» ជាងពេលណាៗទាំងអស់លើប្រទេសកូរ៉េខាងជើង។
ក្រោយពីមានជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មក លោក Mike Pence បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើកូរ៉េខាងជើងរហូតទាល់តែកូរ៉េខាងជើង «លះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់ខ្លួនជារៀងរហូត»។
លោក Mike Pence កំពុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីខាងជើង ដែលក្នុងនោះមានទាំងការដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកទៅចូលរួមនៅក្នុងកីឡាអូឡាំពិករដូវរងាដែលនឹងធ្វើឡើងនៅក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រខាងមុខនេះផងដែរ។
លោក Mike Pence បាននិយាយថា៖ «យើងនឹងមានវត្តមាននៅឯកីឡាអូឡាំពិកដើម្បីលើកទឹកចិត្តកីឡាកររបស់យើង ប៉ុន្តែយើងក៏មានវត្តមាននៅទីនោះដើម្បីសហការជាមួយនឹងសម្ព័ន្ធមិត្តរបស់យើង និងដើម្បីរំឭកពិភពលោកឲ្យបានដឹងថា ប្រទេសកូរ៉េខាងជើងគឺជាប្រទេសផ្ដាច់ការ ជិះជាន់គាបសង្កត់ដ៏ខ្លាំងក្លាជាងគេបំផុតនៅលើភពផែនដីយើងនេះ»។
កីឡាករកូរ៉េខាងជើងមួយចំនួននឹងចូលរួមប្រកួតនៅក្នុងកីឡាអូឡាំពិកនេះ ហើយនឹងដើរក្បួនរួមគ្នាជាមួយនឹងគណៈប្រតិភូកូរ៉េខាងត្បូង ក្រោមទង់កីឡាកូរ៉េតែមួយ។
លោក Mike Pence បានបញ្ជាក់ថា៖ «យើងនឹងមិនអនុញ្ញាតឲ្យកូរ៉េខាងជើងឃោសនាបន្លំនៅក្នុងសារ និងទិដ្ឋភាពនៃកីឡាអូឡាំពិកនេះទេ»៕