ការប្រឹក្សា​អំពី​ទំនប់​វារី​អគ្គីសនី ដន សាហុង នៃ​ប្រទេស​លាវ នាំ​ឲ្យ​មាន​ទស្សនៈ​ខុស​គ្នា

  • Ron Corben

នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា សកម្មជន​នៃ​អង្គការ​ក្រៅរដ្ឋាភិបាល (NGOs) កាន់​សត្វផ្សោត​ទន្លេ​មេគង្គ និង​ត្រី​​ផ្សេងទៀត​ដែល​ធ្វើ​ពី​ក្រដាស ដើម្បី​ជា​ការតវ៉ា​ប្រឆាំង​សំណើ​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន សាហុង។

កិច្ច​ប្រជុំ​ពីរថ្ងៃ​ក្នុង​ប្រទេស​លាវ ស្តីពី​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ២៦០មេហ្កាវ៉ាត់​ លើទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម បាន​នាំ​ឲ្យ​ក្រុម​មន្ត្រី និង​ក្រុម​អ្នក​ការពារ​បរិដ្ឋាន ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​លាវ នៅ​តែ​តាំង​ចិត្ត​បន្ត​គំរោង​សាង​សង់ ដោយច្រាន​ចោល​ការ​ព្រួយបារម្ម ទោះ​ជា​មាន​ការ​ភ័យ​ខ្លាចអំពី​ឥទ្ធពល​នៃ​ទំនប់​នេះ លើ​តំបន់ដី​សណ្ត​ទន្លេ​មេគង្គ​ក៏​ដោយ។

ទំនប់​វារី​អគ្គីសនី ដន​ សាហុង ទំហំ ២៦០ មេហ្កាវ៉ាត់​ ដែល​គ្រោង​សាងសង់នៅ​ខេត្ត Champassak ភាគ​ខាងត្បូងនៃ​ប្រទេស​លាវ ជា​ទំនប់​មួយ ក្នុង​ចំណោមទំនប់៩ លើ​ទន្លេ​មេគង្គ ក្នុង​ប្រទេស​លាវ ឬ ក្បែរ​ទល់ដែល​ លាវ និង ថៃ។ ប្រទេស​លាវ​ពឹង​ផ្អែក​យ៉ាង​ធ្ងន់​ធ្ងរ លើ​ប្រាក់​ចំណូល​ពី​ទំនប់​វារីអគ្គីសនី​ប្រមាណ​១០ ដែល​ភាគច្រើន​បាន​សាង​សង់ តាំង​ពី​អម្លុង​ទសវត្សរ៍ ១៩៩០ លើ​ដៃ​ទន្លេ ឬ ទន្លេ​ទាំងឡាយ ក្នុង​ប្រទេស​លាវ។ ទំនប់​វារី​អគ្គីសនី​ទាំង​នោះ ផ្តល់​ថាមពល​អគ្គីសនី​ប្រមាណ ២ពាន់​គីឡូវ៉ាត់ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ និង សម្រាប់​យក​ទៅ​លក់​ក្នុង​ប្រទេស​ថៃ។

ប៉ុន្តែ​ទំនប់​ធំ​ថ្មី​២ បាន​នាំ​ឲ្យ​មាន​រឿង​ចម្រូង​ចម្រាស់។ ទំនប់​មួយ គឺ ទំនប់​ Xayaburi ​ដែល​មាន​តម្លៃ ៣​ពាន់ ៨រយ​លាន​ដុល្លារ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេសលាវ និង​ទំនប់​មួយទៀត គឺ​ទំនប់ ដន សាហុង ដែល​មាន​ទឹក​ប្រាក់ ៦​រយ​លាន​ដុល្លារ ដែល​គ្រោង​សង់​នៅល្បាកខោន ​ក្នុង​ខេត្ត Chamapssak។ ទំនប់​ទាំង​ពីរ​នេះ បាន​ទាក់​ទាញ​ឲ្យ​មាន​ការ​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ ពី​ក្រុម​អ្នក​ការពារ​បរិដ្ឋាន ដែល​បារម្ភអំពី​ឥទ្ធិពលរបស់​ទំនប់​ទាំងពីរ​នោះ លើលំហូរ​ទឹក និង ត្រី។

អនុ​រដ្ឋ​មន្ត្រីក្រសួង​ថាមពល​និង​រ៉ែ នៃ​ប្រទេសលាវ លោក វីរ៉ាផន វីរ៉ាវង្ស​ ថ្លែងថា​រដ្ឋាភិបាល​តាំង​ចិត្ត​ចំពោះ​អ្វី​ដែល​លោក​ហៅថា ការ​ផលិត​ថាមពល​វារី​អគ្គីសនី ដែល​ស្អាត​ស្អំ និង ដែល​ផលិត​ឡើង​វិញ​បាន ទោះ​ជា​មាន​ការ​រិៈគន់​ជា​ច្រើន​ក៏ដោយ។

ដើម្បីវាយ​តម្លៃ​លើឥទ្ធិពល​នៃទំនប់ទាំង​ពីរ​នេះ គណកម្មការ​អន្តរ​រដ្ឋាភិបាល​ទន្លេ​មេគង្គ កាល​ពី​សប្តាហ៍​មុន បានត្រួត​ពិនិត្យ​មើល​ការ​ពិគ្រោះ​យោបល់​ដើម្បីវាយ​តម្លៃលើ​ឥទ្ធិពល​នៃ​គំរោង​ទាំង​ពីរ​នេះ។

​ប៉ុន្តែលោក Robert Mather ប្រធាន​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អគ្នេយ៍ នៃ​សហជីព​អន្តរជាតិ​សម្រាប់​ការ​អភិរក្សធម្មជាតិ ហៅ​កាត់​ថា IUCN ​ថ្លែង​ថា មាន​ការ​ចោទ​សួរ​ធ្ងន់ធ្ងរ អំពី​ថា​តើ​ដំណើរ​ការ​វាយ​តម្លៃ​នេះ មាន​ប្រយោជន៍​ឬ​ទេ​នោះ។

«មាន​បញ្ហាចម្បង៣។ ពេល​វេលា​នៃ​ដំណើរការនេះ ការ​ខ្វះភាព​ច្បាស់លាស់ អំពី​កំណត់​នៃ​ដំណើរការ​នេះ ហើយ​និង​ការ​ខ្វះការ​ពិនិត្យ​មើល​ឥទ្ធពល​លើ​បរិដ្ឋាន ឆ្លង​កាត់​ទល់ដែន ឲ្យ​បាន​ពិត​ប្រាកដ។ ខ្ញុំ​មិន​ជឿថា​ការ​ពិភាក្សា​អំពី​ផល​ប៉ះពាល់​ទាំង​នេះ អាច​នាំ​ឲ្យ​មាន​លទ្ធផល​សំខាន់​អ្វីទេ‍»។

ដំណើរការ​ប្រឹក្សា​សម្រាប់​គំរោង​ ដន សាហុង មាន​រយៈ​ពេល​តែ​៦​ខែ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​លាវ ចាត់​ទុក​កិច្ច​ប្រជុំ​ទាំង​នោះ ជា​វិធីមួយ​ដើម្បី​បញ្ជាក់​អំពីតំបន់​ដែល​មាន​បញ្ហា ក្នុង​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ទាំង​នេះ។ ប៉ុន្តែ​ក្រុម​អ្នក​រិៈគន់​និយាយ​ថា កិច្ច​ប្រជុំ​ទាំង​នោះ​គួរ​ពិភាក្សាអំពីបញ្ហា​ទាំង​ឡាយ ដែល​នាំ​ឲ្យមាន​ការ​ផ្អាក​គំរោង​ការ​សាង​សង់​នោះ។ ក្រុម​រក្សា​បរិដ្ឋាន មាន​រួម​ទាំង​មូលនិធិ​សម្រាប់​ធម្មជាតិ​ពិភពលោក WWF អង្គការ​ទន្លេ​អន្តរជាតិ ដែល​មាន​ទី​ស្នាក់​ការ​នៅ​សរអា ហើយនឹង​អង្គការ​សម្ព័ន្ធ​ស្តារ​បរិដ្ឋាន​តំបន់ នៃ​ប្រទេស​ថៃ ហៅ​កាត់​ថា TERRA និយាយ​ថា​ទំនប់ ដន សាហុង នឹង​បង្អាក់​ការធ្វើ​ដំណើរ​តាម​រដូវរបស់​ត្រី និង​មាន​ឥទ្ធិពល​លើ​សហគមន៍​ក្នុង​ស្រុក។ អ្នក​នាំ​ពាក្យ​អង្គការ​ TERRA លោកស្រី ព្រឹមរុឌី ដាំរ៉ុង ថ្លែង​ថា​ការ​ប្រឹក្សា​យោបល់​ទាំង​នោះ មិន​បាន​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ទេ ជា​ពិសេស​ដោយសារ​សហគមន៍​ជា​ច្រើន​ ដែល​ពឹង​ផ្អែក​លើ​ទឹក​ទន្លេ​ទាំង​នេះ ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន មិន​បាន​ចូល​រួម​ក្នុង​ដំណើរការ​នេះ​ទេ។

«អ្វីដែល​យើង​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត គឺគណកម្មការ​ទន្លេ​មេគង្គ ត្រូវ​តែ​អនុញ្ញាតឲ្យ​មាន​ការ​ចូលរួម​របស់​អ្នក​ស្រុក​ក្នុង​តំបន់។ គេ​មិន​អាចចាត់​ចែង​គំរោង​សាង​សង់​នេះ ដោយ​មាន​ការ​ចូលរួម​របស់​ពួក​អ្នក​សាង​សង់​ តែ​ប៉ុណ្ណោះ​ទេ‍»។

មនុស្ស​ជិត​៦០លាន​នាក់ នៅ​តាម​តំបន់​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម ពឹង​ផ្អែក​ទៅលើ​ត្រី និង​លំហូរ​ទឹក​ដោយ​សេរី ដែល​ជា​សេចក្តី​ត្រូវការ​ចាំ​បាច់ ដើម្បី​ការ​ធ្វើ​កសិកម្ម ជា​ពិសេស​ដើម្បី​ធ្វើ​ស្រែ។ ប្រទេស​វៀតណាម​ខាង​ស្ថិត​នៅ​ភាគ​ខាង​ក្រោម បាន​លើក​ឡើង​អំពីការ​ភិតភ័យ​ចំពោះ​ឥទ្ធិពលនៃ​គំរោង​ ដន​ សាហុង លើតំបន់​ដី​សន្តទន្លេ​មេគង្គ ដែល​ជា​ជង្រុក​ស្រូវ របស់​វៀតណាម និង ជា​ទីជម្រក​របស់​មនុស្ស​២០​លាន​នាក់​នោះ។ វៀតណាម​និយាយ​ថា​ទំនប់​នេះ នឹង​ធ្វើ​ឲ្យ​ទឹកមាន​ជាតិ​ប្រៃ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ធ្វើ​ឲ្យ​មាន​ការ​ហូរច្រោះ​ដី។

អ្នក​នាំ​ពាក្យ​ម្នាក់នៃ​គណកម្មការ​ទន្លេ​មេគង្គ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ការ​ពិគ្រោះ​ប្រឹក្សា​ថ្នាក់​ជាតិ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ថៃ និង កម្ពុជា មុន​នឹង​មាន​ការ​សម្រេច​ជា​ចុង​ក្រោយ អំពី​គំរោង​ទំនប់​វារី​អគ្គីសនីនេះ៕

ប្រែសម្រួល​ដោយ ប៉ូច រាសី