ប៉ាគីស្ថាន​រំពឹង​ថា​ទទួល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ពលរដ្ឋ​អ៊ីរ៉ង់​អបអរសាទរ​ចំពោះ​ការ​ប្រកាស​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ក្នុង​ក្រុង​តេហេរ៉ង់ (Tehran) កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥។

ប្រទេស​ប៉ាគីស្ថាន​កំពុង​សង្ឃឹម​ថា​ ខ្លួន​នឹង​ក្លាយ​ជា​អ្នកទទួល​ផល​ចំណេញ​ដំបូង​ក្នុង​ចំណោម​អ្នក​ទទួល​ផល​ចំណេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់​ និង​ប្រទេស​មហាអំណាច​ទាំង​ប្រាំមួយ​របស់​ពិភពលោក។​ គម្រោង​សង់បំពង់​បង្ហូរ​ប្រេង​ឧស្ម័ន​ដែល​ជាប់​គាំង​ជា​យូរ​មក​ហើយ​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​បាន​ចប់​សព្វ​គ្រប់​នៅ​ទី​បញ្ចប់។​ ហើយ​ថវិកា​របស់​ចិន​នឹង​រួម​ចំណែក​ដើម្បី​សម្រេច​គោលដៅ​នោះ។​

ប្រទេស​ប៉ាគីស្ថាន​កំពុង​រៀប​ចំ​ផែនការ​ក្នុង​ការ​សាងសង់បំពង់​បង្ហូរ​ប្រេង​ឧស្ម័ន​ ដើម្បីនាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ និង​ដើម្បី​ជួយ​បំពេញ​ដល់​កង្វះ​ខាត​ថាមពល​របស់​ខ្លួន។

ប៉ុន្តែ​ការ​ដាក់​បំពង់​បង្ហូរ​ប្រេង​ឧស្ម័ន​នេះ​បាន​ជាប់​គាំង​ដោយ​សារ​តែ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់។ ដូច្នេះ​ប្រទេស​ប៉ាគីស្ថាន​បាន​គ្រោង​ទុក​នូវ​គម្រោង​សង់​បំពង់​ប្រេង​ឧស្ម័នរួមគ្នា​មួយ​ដោយ​មាន​ជំនួយ​ពី​ចិន​ ក្នុង​ការ​បូម​យក​ឧស្ម័ន​រាវធម្មជាតិ​ ឬ​ឧស្ម័ន​ធម្មជាតិ​នៅ​ស្ថានីយ៍​ LNG​ នៃកំពង់ផែ​ភាគ​ខាង​ត្បូង​ក្នុង​ទីក្រុង​ Gwadar ​របស់​ខ្លួន​ដែល​មាន​ប្រវែង​ ៧០០ គីឡូម៉ែត្រ​ដើម្បី​បង្ហូរ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៅ​ក្នុងប្រទេស​នេះ។​

គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់​ផ្តើ​ម​នៅ​ខែ​តុលា​ និង​ចំណាយ​រយៈ​ពេល​ចំនួន​ ៣០ខែ​ក្នុង​ការ​សាងសង់។ ហើយ​លោក​ Shahid​ Khaqan​ Abbasi​ រដ្ឋ​មន្ត្រី​ក្រសួងប្រេង​ឥន្ធនៈ​របស់​ប្រទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា​ បំពង់​បង្ហូរ​ដដែល​នេះ​នឹង​ក្លាយ​ទៅ​ជា​បំពង់​បង្ហូរ​ឧស្ម័ន​របស់ប៉ាគីស្ថាន ​និង​អ៊ីរ៉ង់​រួម​គ្នា។​

«​ដូច្នេះ​នៅ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​លើកលែង​ ពេល​នោះ​យើង​ត្រូវ​សាង​សង់​បំពង់​បង្ហូរ​ប្រេង​ ដែល​នៅ​សល់​តែ​ប្រវែង​៨០​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ។​ ហើយ​បំពង់​នោះ​អាច​នឹង​សាង​សង់​រួច​រាល់​ក្នុង​រយៈ​ពេល​ប្រហែល​ប្រាំមួយ​ខែ»។​

រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​បាន​ពន្យល់​ថា​ ថវិកា​សម្រាប់​គម្រោង​នេះ​បាន​មក​ពី​ប្រទេស​ប៉ាគីស្ថាន​ និង​ប្រទេស​ចិន​ ប៉ុន្តែ​ភាគ​ច្រើន​បាន​ពី​ប្រទេស​ចិន។

«នេះ​ជា​គម្រោង​ដែល​មាន​ទឹក​ប្រាក់​២​ពាន់​លាន​ដុល្លារ​ ហើយ​៨៥ភាគរយ​បាន​មក​ពី​ក្រុមហ៊ុន​ EPC​ របស់​ចិន​ និង​ ១៥ភាគរយ​បាន​មក​ពី​ក្រសួង​ប្រេង​ឥន្ធនៈ»។​

កំពង់ផែ​ប៉ាគីស្ថាន​ដដែល​នេះ​នឹង​ក្លាយ​ជាបេះដូង​នៃ​ច្រក​សេដ្ឋកិច្ច​របស់​ចិន​និង​ប៉ាគីស្ថាន​ ដែល​គម្រោង​នេះ​នឹង​តភ្ជាប់ប្រទេស​ចិន​ភាគ​ខាងលិច​ទៅ​នឹង​សមុទ្រ​ ហើយ​អាច​កាត់​បន្ថយ​ទាំង​ថ្លៃ​ចំណាយ ​និង​ទាំង​ពេល​វេលា​ក្នុង​ការ​ដឹក​ជញ្ជូន​យ៉ាង​ច្រើន​ពី​ប្រទេស​ចិន​ទៅ​កាន់​មជ្ឈឹម​បូព៌ា​ និង​ទ្វីប​អឺរ៉ុប៕

​ប្រែ​សម្រួលដោយ​ ស្រេង​ លក្ខិណា​