ស្ត្រី​វ័យ​ក្មេង​មួយ​ចំនួន​នៅ​ប៉ាគីស្ថាន​ប្រឹងប្រែង​ជម្នះ​ផ្នត់​គំនិត​បុរាណ​ដោយ​ការ​ជិះ​កង់

ក្មេងស្រី​ប៉ាគីស្ថាន​ជិះ​កង់​ដើម្បី​ទាមទារ​ឱកាស

ការ​ជិះ​កង់​ស្ដាប់​ទៅ​ហាក់​ដូចជា​សកម្មភាព​សាមញ្ញ​បំផុត​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​សកម្មភាព​បែប​នេះ​សម្រាប់​ស្ត្រី​វ័យ​ក្មេង​មួយ​ក្រុម​នៅ​ក្នុង​ក្រុង Lyari ដែល​ជា​តំបន់​រស់នៅ​បែប​អភិរក្ស​និយម​នៅ​ក្នុង​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន មិន​ត្រូវ​បាន​គេ​គិត​ថា​ជា​រឿង​ធម្មតា​នោះ​ទេ។

ស្ត្រី​នៅ​ក្នុង​ក្រុង Lyari នេះ ភាគ​ច្រើន​មិន​ឃើញ​ធ្វើ​សកម្មភាព​ណា​មួយ​ជា​សាធារណៈ​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ នៅ​ពេល​ដែល​អង្គការ Lyari Girls Cafe ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឧបត្ថម្ភ​ដោយ​ប្រទេស​អាល្លឺម៉ង់ បាន​ជួយ​បង្រៀន​ក្រុម​ស្ត្រី​វ័យ​ក្មេង​ទាំង​នេះ​ឲ្យ​ចេះ​ជិះ​កង់​មក ក្រុម​អ្នក​ស្រុក​មាន​ការ​ភ្ញាក់ផ្អើល។

ដំបូង គេ​ឃើញ​មាន​ការ​ប្រឆាំង​ខ្លាំងក្លា។ អ្នក​ស្រុក​តិះដៀល​អាក្រក់ៗ។ សូម្បីតែ​ស្ថាប័ន​សិក្សា​សាសនា​ឥស្លាម​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​បញ្ជូន​សិស្ស​ក្មេងៗ​ឲ្យ​គប់​ដុំ​ថ្ម​ដាក់​ក្រុម​ស្ត្រី​វ័យ​ក្មេង​ទាំង​នោះ​ផង​ដែរ។

អ្នកស្រី Zulekha Dawood ដែល​ជា​គ្រូ​បង្រៀន​ជិះ​កង់ និយាយ​ថា៖ «ពេល​ខ្លះ ពាក្យ​រិះគន់​មាន​ភាព​ខ្លាំងក្លា​ពេក​ដែល​ធ្វើ​ឲ្យ​ពួក​យើង​ឈឺចាប់ ប៉ុន្តែ​ពួក​យើង​មិន​បោះបង់​ចោល និង​នៅតែ​បន្ត​ដំណើរ​ទៅ​មុខ​ជានិច្ច»។

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ ស្ត្រី​វ័យ​ក្មេង​ទាំង​នេះ​បាន​យក​កង់​របស់​ពួកគេ​ទៅ​រៀន​ជិះ​នៅ​កន្លែង​ចត​ឡាន​ទំនេរ​មួយ​កន្លែង។ សម្រាប់​ពួកគេ ការ​ជិះ​កង់​នេះ​គឺ​លើស​ពី​កីឡា​ធម្មតា​ទៅ​ទៀត គឺ​វា​ជា​ទម្រង់​មួយ​នៃ​ការ​តស៊ូ​មតិ។

អ្នកស្រី Habiba ដែល​ជា​អ្នក​ជិះ​កង់​ម្នាក់​នៃ​ក្រុម​ស្ត្រី​វ័យ​ក្មេង​ទាំង​នោះ និយាយ​ថា៖ «ខ្ញុំ​មក​ពី​តំបន់​មួយ​ដែល​ស្ត្រី​ជា​រឿយៗ​ត្រូវ​គេ​គាប​សង្កត់។ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ស្រី​របស់​ខ្ញុំ​ឆ្លង​កាត់​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ឆ្លងកាត់​កាល​ពី​ក្មេង​នោះ​ទេ។ ខ្ញុំ​បាន​ចាប់ផ្ដើម​រៀន​ជិះ​កង់​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ដូច្នេះ​ខ្ញុំ​អាច​យក​កូនស្រី​របស់​ខ្ញុំ​ទៅ​ជាមួយ​បាន»។

គ្មាន​ស្ត្រី​ណា​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នេះ​មាន​កង់​ផ្ទាល់​ខ្លួន​នោះ​ទេ។ កង់​ចំនួន ៣០ គ្រឿង ដែល​ស្ត្រី​ទាំង​នេះ​ចែក​គ្នា​ជិះ​ភាគ​ច្រើន​គឺ​ជា​ការ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ក្នុង​ស្រុក ឬ​ក៏​ពី​ស្ថាន​កុងស៊ុល​អាល្លឺម៉ង់​នៅ​ក្នុង​ទីក្រុង Karachi។

ស្ត្រី​វ័យ​ក្មេង​ទាំង​នេះ​សង្ឃឹម​ថា​អាច​កែប្រែ​ផ្នត់​គំនិត​របស់​សាធារណជន​ទូទៅ​បាន។ ពួកគេ​ចង់​ឲ្យ​ការ​ជិះ​កង់​នេះ​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី។ ពួកគេ​ចង់​ឲ្យ​ការ​ជិះ​កង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ដូចជា​ទៅ​សាលារៀន ឬ​ក៏​ទៅ​ធ្វើ​ការ​ជា​ដើម។

ពួកគេ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​សម្រាប់​ថ្ងៃ​អនាគត ប៉ុន្តែ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ កន្លែង​ចត​ឡាន​ដ៏​ទូលាយ​មួយ​កន្លែង​ដែល​មាន​សភាព​ទំនេរ​នៅ​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ​ដែល​ពួកគេ​តែងតែ​មក​រៀន​ជិះ​កង់​នោះ គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​ពួកគេ​អាច​បង្ហាញ​អំពី​ចំណង់​ចំណូល​ចិត្ត​នៃ​ការ​ជិះ​កង់​របស់​ពួកគេ​បាន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា