ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងប៉ាគីស្ថានកំពុងព្យាយាមបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីនៅសប្តាហ៍នេះ ខណៈដែលលោកស្រី Penny Pritzker រដ្ឋមន្រ្តីពាណិជ្ជកម្មសរអា ធ្វើទស្សនកិច្ចនៅក្រុងអ៊ីស្លាម៉ាបាដ។ ក្រុមមន្រ្តីទាំងនោះចង់លើកទឹកចិត្តដល់ការវិនិយោគទុនពីប្រទេសអាមេរិក ព្រមទាំងចង់ធ្វើឲ្យប្រសើរឡើងនូវឱកាសសេដ្ឋកិច្ចសម្រាប់ស្រ្តីបាគីស្ថាន។
សញ្ញាជាផ្លូវការនៃពិធីដែលហៅថា «សប្តាហ៍នៃភាពជាដៃគូសេដ្ឋកិច្ចរវាងសរអា និងប៉ាគីស្ថាន» គឺសន្និសីទពាណិជ្ជកម្មរយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមនៅសប្តាហ៍ទីពីរនៃខែនេះក្នុងក្រុងអ៊ីស្លាម៉ាបាដ។ លោកស្រី Penny Pritzker រដ្ឋមន្រ្តីពាណិជ្ជកម្មស.រ.អា.បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច នៅពេលលោកស្រីថ្លែងនៅក្នុងការសម្ភោធបើកពិធីនោះ។
«សហរដ្ឋអាមេរិក និងប៉ាគីស្ថានមានការបេ្តជ្ញាចិត្តដូចគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជម្រុញឲ្យមានភាពរុងរឿងសម្រាប់ពលរដ្ឋយើង។ នៅកម្រិតមូលដ្ឋាន វាជាផលប្រយោជន៍ដល់សរអាក្នុងការឃើញបាគីស្ថានក្លាយជាប្រទេសមួយប្រកបដោយស្ថេរភាព សន្តិភាព និងមានការអត់ឱន ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនប្រកបដោយសន្តិភាពក្នុងប្រទេសខ្លួនឯង ក៏ដូចជាជាមួយប្រទេសជិតខាង»។
សរអាគឺជាទីផ្សារនាំចេញ និងអ្នកវិនិយោគដ៏ធំបំផុតមួយរបស់ប៉ាគីស្ថាន។ នៅស្របពេលដែលសហប្រតិបត្តិការសន្តិសុខបានបង្ហាញពីលក្ខណៈទំនាក់ទំនងទ្វេភាគីតាំងពីយូរណាស់មកហើយ លោកស្រីរដ្ឋមន្រ្តី Pritzker មានប្រសាសន៍ថា សរអានិងប៉ាគីស្ថានឥឡូវនេះកំពុងឈានចូលដល់សម័យកាលមួយជាមួយនឹងសេដ្ឋកិច្ចស្ថិតនៅចំផ្នែកសំខាន់បំផុតនៃទំនាក់ទំនងទ្វេភាគីនោះ។
លោកស្រីបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ប៉ាគីស្ថាននៅក្នុងការធ្វើឲ្យរីកចម្រើនបរិយាកាសពាណិជ្ជកម្មដោយអនុវត្តវិធានការដើម្បីបង្កើនតម្លាភាព បង្ខំការអនុវត្តកិច្ចសន្យា និងបន្ថយការិយាល័យធិបតេយ្យ។
«យើងនឹងធ្វើការដោយប្រកៀកដៃគ្នាជាមួយអ្នកដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលប៉ាគីស្ថានកំពុងជួបប្រទះ។ ខណៈដែលការប្រយុទ្ធនេះនៅតែបន្ត យើងអាច និងគួរតែផ្តោតលើការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងស.រ.អា.និងបាគីស្ថាន។ ក្រៅពីការព្រួយបារម្ភផ្នែកសន្តិសុខ ក្រុមហ៊ុនជាច្រើនបានរាយការណ៍មកយើងថា នីតិវិធីការិយាធិបតេយ្យនៅក្នុងប្រទេសប៉ាគីស្ថានអាចមានភាពស្មុគស្មាញ មិនស្មើគ្នា និងមិនអាចគិតទុកមុនបាន»។
លោកស្រីរដ្ឋមន្រ្តី Pritzer ក៏បានជម្រុញឲ្យវិស័យឯកជននៅក្នុងប្រទេសប៉ាគីស្ថានបង្កើតឱកាសឲ្យបានកាន់តែច្រើនសម្រាប់ស្រ្តីនៅកន្លែងធ្វើការនៅគ្រប់វិស័យទាំងអស់នៅក្នុងសេដ្ឋកិច្ច។
«ឧបសគ្គជាច្រើននៅតែមានសម្រាប់ការធ្វើឲ្យមានការចូលរួមពេញលេញរបស់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែយើងត្រូវដាក់ការផ្តល់អំណាចដល់ស្រ្តីភេទជាអាទិភាពជារៀងរាល់ថ្ងៃ។ ស្រ្តីភេទមានពាក់កណ្តាលនៃចំនួនប្រជាជនបាគីស្ថានទាំងអស់ ប៉ុន្តែស្រ្តីទាំងនោះតំណាងឲ្យត្រឹមតែ២៥ភាគរយតែប៉ុណ្ណោះនៃកម្លាំងពលកម្ម ហើយមានតែ២ភាគរយតែប៉ុណ្ណោះនៃផ្នែកជំនួញនៅក្នុងប្រទេស។ សម្រាប់ប៉ាគីស្ថាន ដើម្បីទទួលបានជោគជ័យនៅក្នុងសេដ្ឋកិច្ចពិភពលោក តួលេខទាំងនោះត្រូវតែមានការផ្លាស់ប្តូរ ហើយត្រូវផ្លាស់ប្តូរឲ្យលឿន»។
លោក Ishaq Dar រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់បាគីស្ថានបានប្រាប់សន្និសីទនោះថា រដ្ឋាភិបាលមានការប្តេជ្ញាចិត្តក្នុងការបន្តការប្រយុទ្ធប្រឆាំងភេរវកម្មដើម្បីធានាឲ្យមានសន្តិភាពក្នុងប្រទេសប៉ាគីស្ថាន។ លោកក៏មានប្រសាសន៍ផងដែរថា រដ្ឋាភិបាលបានដាក់បញ្ចូលនូវកំណែទម្រង់ផ្សេងៗដើម្បីលើកកម្ពស់បរិយាកាសសេដ្ឋកិច្ច និងវិនិយោគ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ