មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងបកអាក្រាតប្រទេសចិន ដោយបានពណ៌នាថា រដ្ឋាភិបាលទីក្រុងប៉េកាំងគឺជាការគំរាមកំហែងដ៏ធំបំផុតទៅលើសេរីភាព និងលទ្ធិប្រជាធិបតេយ្យចាប់តំាងសម័យសង្គ្រាមលោកលើកទី២មក។
ការព្រមានរបស់លោក John Ratcliffe នាយកស៊ើបការណ៍សម្ងាត់ជាតិសហរដ្ឋអាមេរិក មិនមែនជាការព្រមានលើកដំបូងអំពីរឿងនេះពីសំណាក់មន្ត្រីស៊ើបការណ៍ឬមន្ត្រីអនុវត្តច្បាប់កំពូលរបស់អាមេរិកនោះទេ ដែលជាច្រើនឆ្នាំមកហើយបានព្រមានថាការពង្រីកសេដ្ឋកិច្ច និងយោធារបស់ចិន បង្ហាញពីការកើនឡើងនៃគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក។ ប៉ុន្តែការអំពាវនាវរបស់លោក Ratcliffe ឲ្យចាត់វិធានការនេះអាចជាការអំពាវនាវខ្លាំងបំផុតរបស់មន្ត្រីកំពូលខាងចារកម្មរបស់អាមេរិក។
លោក Ratcliffe បានសរសេរនៅក្នុងអត្ថបទបញ្ចេញមតិមួយដែលចេញផ្សាយដោយកាសែត The Wall Street Journal ថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងកំពុងត្រៀមសម្រាប់ប្រឈមមុខដាក់គ្នាដែលគ្មានពេលកំណត់មួយជាមួយសហរដ្ឋអាមេរិក»។ ហើយលោកថា៖ «រដ្ឋាភិបាលក្រុងWashington គួរតែត្រៀមខ្លួនដូចគ្នា»។
លោក Ratcliffe ដែលបានស្បថចូលកាន់តំណែងកាលពីខែឧសភា តែងបានកំណត់យកប្រទេសចិនថាជាអាទិភាពចម្បងមួយក្នុងកិច្ចការស៊ើបការណ៍សម្ងាត់របស់អាមេរិក។
នៅប៉ុន្មានខែមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកា លោកបានខ្វែងគំនិតគ្នាជាមួយអ្នកតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យ ដោយបានរិះគន់លោកថា បាន«រៀបរាប់ខុស» ដោយសារលោកទទូចថាចិនជាការគំរាមកំហែងធ្ងន់ធ្ងរជាងរុស្ស៊ី។
លោក Ratcliffe បានថ្លែងប្រាប់ទូរទស្សន៍ Fox Business News កាលពីខែសីហាថា៖ «ខ្ញុំមិនចង់បន្ទាបប្រទេសរុស្ស៊ីទេ។ ប៉ុន្តែការគំរាមកំហែងពីចិនធ្ងន់ធ្ងរជាងខ្លាំង។ អ្នកណាក៏ដោយដែលធ្វើការខាងការស៊ើបការណ៍សម្ងាត់ដឹងពីរឿងនេះ»។
ក្នុងរឿងដាច់ដោយឡែកមួយទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានព្រមានថា ទំនាក់ទំនងមួយចំនួនរវាងសហរដ្ឋអាមេរិក និងចិនមានលក្ខណៈខ្ទេចខ្ទាំ«មិនអាចកែខៃ»បានទេខណៈមានរលកថ្មីនៃវិធានការរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដើម្បីប្រឆាំងនឹងប្រទេសចិន។នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទំនាក់ទំនងរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរនេះបានដំាក្បាលចុះដល់កម្រិតទាបបំផុតក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ លើបញ្ហាដូចជាពាណិជ្ជកម្ម បច្ចេកវិទ្យា សន្តិសុខ សិទ្ធិមនុស្ស និងកូវីដ១៩។
នៅក្នុងបទវិចារណកថាមួយរបស់កាសែត China Daily ដែលគាំទ្ររដ្ឋាភិបាលចិនកាសែតនេះឱ្យដឹងថា វាជា«សញ្ញាគួរឱ្យព្រួយបារម្ភ» ដែលរដ្ឋាភិបាលក្រុងWashingtonសម្រេចចិត្តកម្រិតចំនួនទិដ្ឋការទេសចរណ៍សម្រាប់សមាជិកបក្សកុម្មុយនិស្តចិននិងគ្រួសាររបស់ពួកគេ ព្រមទាំងហាមប្រាមការនាំចូលកប្បាសពីតំបន់ Xinjiang (ស៊ីនជាំង) ប្រទេសចិន៕