ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​សម្លឹង​ទៅ​ផ្លាស់ប្តូរ​ជំហរ​ រឿង​កិច្ច​ព្រមព្រៀង​យោធា​អាមេរិក​ដែល​នឹង​ត្រូវ​លុបចោល


រូបឯកសារ៖ នាវាចម្បាំង​មួយ​គ្រឿង​កំពុង​ចូលរួម​ធ្វើ​សមយុទ្ធយោធា​រវាង​សហរដ្ឋអាមេរិក​និង​ហ្វីលីពីន នៅ​ខេត្ត Zambales ប្រទេស​ហ្វីលីពីន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

ក្រុម​អ្នក​វិភាគ និង​មន្រ្តី​និយាយ​ថា ហ្វីលីពីនដែល​ជា​សម្ព័ន្ធ​មិត្ត​យូរ​អង្វែង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​អាស៊ី កំពុង​តែ​ផ្លាស់ប្តូរ​ទស្សនៈ​របស់ខ្លួន ថា​តើ​ត្រូវ​បោះបង់​ចោល​នូវ​កិច្ចព្រមព្រៀង​យោធា​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ឬ​ទេ ខណៈ​ប្រទេស​នេះ​ស្វះស្វែង​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​អាចទទួល​បាន​ផលប្រយោជន៍​ពី​ជំនួយ​ផ្នែក​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក​ ដោយ​មិនចាំ​បាច់ងាក​ចេញ​ពី​ប្រទេស​ចិន​ ដែល​ជា​សម្ព័ន្ធមិត្ត​មហាអំណាច​ថ្មី​របស់​ខ្លួន។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte កាល​ពី​ខែ​វិច្ឆិកា បាន​ប្រកាស​ថា ដំណើរការ​លុប​ចោល​នូវ​កិច្ចព្រមព្រៀងអនុញ្ញាត​ឲ្យកម្លាំងទ័ព​បរទេស​ចូល​ក្នុង​ដែនដីហ្វីលីពីន​នឹង​ត្រូវ​ផ្អាក​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​បន្ត​ទៀត ដែលកិច្ចព្រមព្រៀង​នេះ​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​ចូលទៅ​ក្នុង​ដែនដី​របស់​ហ្វីលីពីន​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​មាន​គោលដៅផ្តោត​ទៅ​លើ​សន្តិសុខ​ក្នុង​តំបន់ ​ក៏​ដូចជា​កិច្ចការ​មនុស្សធម៌។ អ្នក​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Harry Roque បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦ ខែ​វិច្ឆិកា​ថា នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ទៀត «យើង​នឹង​ដឹង​ច្បាស់» ពី​សេចក្តី​សម្រេច​របស់​លោក​ប្រធានាធិបតី។

ការ​ព្យួរ​ជាលើក​ដំបូង​ទៅ​លើ​កិច្ចព្រមព្រៀង​យោធា​ខាង​លើត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា រយៈពេល​បួន​ខែ​បន្ទាប់​ពី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​និយាយ​ថា នឹង​ដកខ្លួន​ចេញ​ទាំងស្រុង​ពី​កិច្ចព្រមព្រៀងរយៈពេល ២១​ឆ្នាំ​មួយនេះ។

ក្រុម​អ្នក​វិភាគ​ជឿ​ថា លោក​ Duterte សង្ឃឹម​ថា ការព្យួរ​នេះនឹង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ​ដែល​ចង់​រក្សា​នូវ​កិច្ចព្រមព្រៀង​ដើម្បី​ឲ្យ​កងកម្លាំង​យោធា​របស់​ខ្លួនអាច​ចូល​ទៅ​តំបន់​អាស៊ី​បាន​ដោយស្រួល​ នឹង​ច​ចរចា​លើបញ្ហា​ទំនាក់​ទំនង​យោធា​ទ្វេភាគី​ជាថ្មី​ ដោយ​មិន​ត្រឹមតែ​ផ្តោត​លើការ​ទប់ទល់នឹងប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្រ្កាប​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​នៅប្រទេស​ហ្វីលីពីន​ផង​ដែរ។

ភា្លមៗ​ក្រោយ​ពី​ចូលកាន់​តំណែង​នៅ​ឆ្នាំ ២០១៦ ​លោក​ Duterte ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​ភ្ញាក់ផ្អើល​តាមរយៈ​ការ​ស្វែងរក​ការ​ពង្រឹង​មិត្តភាព​ជាមួយ​នឹង​ចិន​ បើទោះ​បី​ជា​មាន​ជម្លោះ​ដែន​ទឹក​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​ថ្នាំងថ្នាក់​ចិត្ត​នឹង​គ្នាចាប់​ពី​ឆ្នាំ​២០១២ រហូត​ដល់២០១៦​ក៏​ដោយ។ កាល​ពី​ឆ្នាំ២០១៦ ​តុលាការ​ពិភពលោក​បាន​និយាយ​ថា ការ​ទាមទារ​របស់​ចិន​នៅដែន​ទឹក​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ខុសច្បាប់។

ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte បាន​លើកឡើង​ពី​ទស្សនៈ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​នៅ​អំឡុងពេល​កាន់​តំណែង​ ប៉ុន្តែ​ការ​ស្ទង់មតិ​នៅ​ក្នុង​ស្រុក​បង្ហាញ​ថា ពលរដ្ឋ​ហ្វីលីពីន​ភាគច្រើន​ចង់​ឲ្យ​មាន​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​របស់​លោក Duterte បាន​ទទួលស្គាល់​នា​ឆ្នាំ​នេះ​ថា ចិន​នៅ​តែ​ជា​ការគំរាម​កំហែង​មួយ​នៅ​តំបន់​ដែន​សមុទ្រ​ ទោះបី​ជា​បាន​ផ្តល់​នូវជំនួយ​សេដ្ឋកិច្ច​ចាប់​តាំង​ពី​ឆ្នាំ ២០១៦មកក៏​ដោយ។

លោក ​Derek Grossman ​អ្នក​វិភាគ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ ​Rand Corp មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា៖ «ចំពោះ​ទស្សនៈ​របស់​រដ្ឋាភិបាល​លោក​ Duterte គឺ​មាន​ការ​ផ្តោត​ខ្លាំងជ្រុលពី​សហរដ្ឋ​អាមេរិក​មក​លើ​ការ​ប្រជែង​អំណាច​គ្នា​រវាង​សហរដ្ឋអាមេរិក​ និង​ចិន ​និងការ​ផ្តល់​ជំនួយ​យោធា​ដល់​ហ្វីលីពីន​ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន​ ជាជាង​ការ​ផ្តល់​ជំនួយ​យោធាដល់​ហ្វីលីពីន​ដើម្បី​អាច​ឲ្យ​ហ្វីលីពីនធ្វើ​បេសកកម្ម​ដទៃ​ផ្សេង​ទៀត»។

លោក​បាន​បន្ត​ថា៖ «តាមរយៈ​ការ​ពន្យារពេល​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យកម្លាំងទ័ព​បរទេស​ចូល​ក្នុង​ដែនដី​ហ្វីលីពីន ​ពួកគេ​កំពុង​តែ​រក្សា​ទុកនូវ​កិច្ច​ព្រមព្រៀង​នេះ​ដូចដើម​ ប៉ុន្តែ​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ ក៏បាន​ដាក់​សម្ពាធ​មក​លើ​ក្រុម​អ្នក​ចរចា​ឲ្យ​បង្កើត​នូវ​កិច្ចព្រមព្រៀង​ប្រសើរ​ជាង​នេះ»។

រូបឯកសារ៖ ទីប្រឹក្សា​សន្ដិសុខជាតិ​សហរដ្ឋអាមេរិក​លោក Robert O'Brien (ស្ដាំ) និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin Jr. ប៉ះ​កែងដៃ​គ្នា បន្ទាប់​ពី​ជំនួប​មួយ​នៅ​ក្រសួង​ការបរទេស​ហ្វីលីពីន​នៅ​ទីក្រុង ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ទីប្រឹក្សា​សន្ដិសុខជាតិ​សហរដ្ឋអាមេរិក​លោក Robert O'Brien (ស្ដាំ) និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin Jr. ប៉ះ​កែងដៃ​គ្នា បន្ទាប់​ពី​ជំនួប​មួយ​នៅ​ក្រសួង​ការបរទេស​ហ្វីលីពីន​នៅ​ទីក្រុង ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin Jr. បាន​បញ្ជូន​ «សេចក្តី​ជូន​ដំណឹង​ពី​ការ​បញ្ចប់» កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យកម្លាំងទ័ព​បរទេស​ចូល​ក្នុង​ប្រទេស​នេះ​ ទៅ​កាន់​ស្ថានទូត​អាមេរិក​នៅ​រដ្ឋធានី​ម៉ានីល​កាល​ពី​ខែ​កុម្ភៈ តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី​ Duterte។ ក្រោយ​មក លោក​បាន​បង្ហើប​ថា លោក​ប្រធានាធិបតី​កំពុង​តែ​ពិចារណា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នេះ។

នៅ​ក្នុង​ការ​ប្រកាស​ពី​ការព្យួរ​កិច្ចព្រមព្រៀង​លើក​ដំបូង លោក Locsin បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ Twitter ថា៖ «ហេតុអ្វី​បាន​ជា​លោក [ប្រធានាធិបតី] ​ដូរ​ចិត្ត?។ មនុស្ស​ម្នាក់​បើ​មិន​ចេះ​ដូរ​ចិត្ត នឹង​មិន​អាចនាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ។ ហើយ​លោកប្រកាន់ខ្ជាប់​នូវ​ពាក្យ​ស្លោក​ថា៖ ការ​ផ្លាស់ប្តូរ​នឹង​កើតមាន»។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ជា​មួយគ្នា​ដាច់ដោយ​ឡែកមួយ​ទៀត​នៅ​ឆ្នាំ ១៩៥១។ កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យកម្លាំងទ័ព​បរទេស​ចូល​ក្នុង​ដែនដី​ហ្វីលីពីន​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ មធ្យោបាយ​មួយ​ដើម្បី​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​យោធាឆ្នាំ ១៩៥១​ ​តាមរយៈ​ការ​លក់​សព្វាវុធ ការ​ដោះដូរ​ព័ត៌មាន​សម្ងាត់ ​និង​កិច្ចពិភាក្សា​ថ្មី​លើ​សហប្រតិបត្តិការ​យោធា។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា៖ លោក​ Duterte ប្រហែលជា​សង្ឃឹម​ថា រដ្ឋាភិបាល​របស់​លោក Joe Biden ប្រធានាធិបតី​អាមេរិក​ដែល​គេ​ព្យាករណ៍​ថាជាប់​ឆ្នោតនឹង​ធ្វើការ​ចរចា​ជាថ្មី​ពី​ទំនាក់ទំនង​យោធា​ ដើម្បី​ឲ្យ​ហ្វីលីពីន​អាច​ដក​កម្លាំង​ខ្លះ​ពី​ការ​ទប់ទល់​តំបន់​ដែនទឹក​ប្រឆាំងនឹង​ចិន ហើយ​ងាក​មក​ផ្តោត​លើ​យុទ្ធនាការ​ប្រឆាំងភេរវកម្ម​ជុំវិញ​តំបន់​ភាគ​ខាងត្បូង​កោះ Mindanao។ លោក​បាន​បន្ថែម​ថា គួរ​រំពឹង​ថា នឹង​មាន​ការ​ពន្យារ​បន្ថែម​លើ​ការ​លុប​ចោល​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យកម្លាំងទ័ព​បរទេស​ចូល​ក្នុង​ដែនដី​ហ្វីលីពីន​នេះ។

លោក​ Aaron Rabena ​អ្នក​ស្រាវជ្រាវ​ប្រចាំ​មូលនិធិ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៅ​ក្រុង​ម៉ានីល​បាន​និយាយ​ថា៖ «ស្ថានភាពនឹង​នៅ​តែ​ដូចនេះ​រហូត​ដល់​ភាគី​ទាំងពីរ​ស្វែងរក​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ផ្អែក​លើ​លក្ខខណ្ឌ​ទទួល​យក​បាន​ទាំង​សងខាង»។

ក្រុមឧទ្ទាម​មូស្លីម​ប្រមាណ​ ២០​ក្រុម​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​កោះ​ Mindanao និង​តំបន់​សមុទ្រ Sulu ជាប់​នោះ។ កោះ​ Mindanao ក៏ជា​មូលដ្ឋាន​ក្រុម​រណសិរ្ស​ប្រដាប់​អាវុធ​កុម្មុយនីស្ត​ហ្វីលីពីន​ផង​ដែរ។

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា នៅ​ទី​បំផុត​ លោក​ Duterte ចង់​បាន​នូវ​គោល​នយោបាយ​ការបរទេស​បែប​អព្យាក្រឹត្យ​មួយ​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ ដូច​ប្រទេស​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​និង​វៀតណាម។

សហរដ្ឋអាមេរិក​បាន​គ្រប់គ្រង​ប្រទស​ហ្វីលីពីន​អស់​រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​រួច​មក​ហើយ​ មុន​ពេល​ផ្តល់​ឯករាជ្យ​ឲ្យ​ហ្វីលីពីន បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី​ពីរ។ សម្រាប់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នា​ពេល​បច្ចុប្បន្ន ប្រទេស​ហ្វីលីពីន​ជា​តំណាង​មួយ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​នយោបាយ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​ ដែល​អាច​សហការ​គ្នា​នៅ​ពេល​ចាំបាច់​ ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​ដែន​ទឹក។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ខឹង​សម្បារ​នឹង​សកម្មភាព​របស់​យោធា​អាមេរិក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទំហំ ៣,៥ លាន​គីឡូម៉ែត្រ​ការ៉េ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន។ ប្រទេស​ចិន​ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ីបូព៌ា បាន​ទាមទារ​ ៩០​ភាគរយ​នៃ​តំបន់​ដែន​ទឹក​នេះ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​ប្រទេស​ហ្វីលីពីន​ ព្រុយណេ ​ម៉ាឡេស៊ី ​កោះតៃវ៉ាន់ ​និង​វៀតណាម​ក៏​ដោយ។

លោក Eduardo Araral សាស្រ្តាចារ្យ​រង​នៅ​មហាវិទ្យាល័យ​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ National University of Singapore និយាយ​ថា៖ «ហ្វីលីពីន​នឹង​បន្ត​ជា​មិត្ត​ជាមួយ​នឹង​ភាគី​ទាំងពីរ ប៉ុន្តែ​នឹង​មិន​ងាយ​បោកបញ្ឆោតដូច​មុន​នោះ​ទេ។ ហើយ​ខ្ញុំ​គិត​ថា ការ​ព្យួរ​ការ​លុបចោល​កិច្ចព្រមព្រៀង​រយៈពេល​ប្រាំ​មួយ​ខែ​ ដ៏​តឹងរ៉ឹងមួយ​រយ:ពេលខ្លី​ បន្ត​ទៀត​នោះ​ ​គឺ​ត្រូវ​បាន​យល់​ឃើញ​នៅ​ក្នុង​បរិបទ​ដែល​ហ្វីលីពីន និង​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ពិភាក្សា​លើការ​សើរើ​កិច្ច​ព្រម​ព្រៀង​យោធា​រវាងគ្នា​ឡើង​វិញ»។

លោក ​Jose Manuel Romualdez ​អគ្គរដ្ឋទូត​ហ្វីលីពីន​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកាក្នុង​ការ​សន្ទនា​តាម​វីដេអូ​ជាមួយ​នឹង​ក្រុមប្រឹក្សា​កិច្ចការ​សាកលលោក​នៅ​ក្រុង​ Los Angeles ថា ​រដ្ឋាភិបាល​លោក Duterte ឲ្យ​តម្លៃ​ទៅ​លើ​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ក៏​ដូចជា​ជាមួយ​បណ្តាប្រទេស​ដទៃ​ទៀតដែរ​។

លោក​អគ្គរដ្ឋ​ទូត​បាន​និយាយ​ថា៖ «នេះ​ជារឿងមិន​យុត្តិធម៌​ទេដែល​ថា​លោក Duterte ពិត​ជា​ចង់​ពង្រឹង​ទំនាក់ទំនង​តែ​ជាមួយ​នឹងចិន​ដើម្បី​តែ​រឿង​ឈ្នះចាញ់​នោះ​។ យើង​ចង់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បណ្តា​ប្រទេសទាំងអស់។ យើង​យល់ថា ផល​ប្រយោជន៍​របស់​យើង​នឹង​ត្រូវ​បាន​ការពារ​យ៉ាងប្រសើរ​តាមរយៈ​ការ​ឈោង​ទៅកាន់​ប្រទេស​ធំៗ​ដូចជា​ ចិន ​និង​សូម្បី​តែ​ប្រទេស​រុស្ស៊ី​ផង​ដែរ ដើម្បី​ធ្វើ​រឿងល្អ​បំផុត​សម្រាប់​ប្រទេស​យើង»៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG