មេដឹកនាំមកពីប្រទេសចំនួន ១៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership) ឬហៅកាត់ថា RCEP កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ មេដឹកនាំទាំងនោះ បានសរសើរដល់កិច្ចព្រមព្រៀង RCEP ដែលត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតនៅក្នុងពិភពលោកនេះ។
សមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលរួមមានបណ្តាប្រទេសអាស៊ានទាំង១០បូកចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់តំណាងឱ្យ៣០%នៃប្រជាជនពិភពលោកនិង២៨%នៃសេដ្ឋកិច្ចពិភពលោក។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីកាត់បន្ថយពន្ធគយលើពាណិជ្ជកម្មមុខទំនិញនិងលុបចោលរបាំងពាណិជ្ជកម្មមិនមែនពន្ធគយនានា។
លោក Hiroshi Kajiyama រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងបង្កើត«វិធានសេដ្ឋកិច្ចស្មើភាពនិងសេរី»។ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានពណ៌នាកិច្ចព្រមព្រៀងនេះថាជា «ពន្លឺ និងក្តីសង្ឃឹមក្នុងភាពស្រពិចស្រពិល»។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ត្រូវបានស្គាល់យ៉ាងទូលំទូលាយថា ជាកិច្ចព្រមព្រៀងដែលមានការគាំទ្រពីចិនដើម្បីប្រជែងជាមួយនឹងកិច្ចព្រមព្រៀងវឌ្ឍនភាព និងទូលំទូលាយសម្រាប់ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ Comprehensive and Progressive Agreement for Trans-Pacific Partnership ហៅកាត់ថា CPTPP ដែលរួមមានប្រទេសចំនួន១១ នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក លើកលែងតែប្រទេសចិន។
លោក Mohamed Azmin Ali រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីបានថ្លែងថា កិច្ចព្រមព្រៀងនេះជាសមិទ្ធិផលនៃ «កិច្ចចរចារយៈពេល៨ឆ្នាំដោយមានកម្លាំងញើស ឈាម និងទឹកភ្នែក»។
បន្ទាប់ពីមានការសង្ស័យយ៉ាងជ្រាលជ្រៅជាច្រើនឆ្នាំថាប្រទេសចិននឹងត្រួតត្រាលើប្លុកពាណិជ្ជកម្មនេះ ការជជែកដេញដោលមិនចាំបាច់លើបណ្តាគោលការណ៍ពាណិជ្ជកម្ម និងការសម្រេចមិនចូលរួមរបស់ឥណ្ឌាចុងក្រោយកិច្ចព្រមព្រៀង RCEP នេះគ្រាន់តែជាកិច្ចព្រមព្រៀងសាមញ្ញមួយដែលផ្តោតលើពាណិជ្ជកម្មមុខទំនិញតែប៉ុណ្ណោះ។
ប៉ុន្តែតើកិច្ចព្រមព្រៀងនឹងជួយចិនឱ្យមានមុខម៉ាត់ល្អជាសាកលដែរឬទេ នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក?
លោក Gareth Leather អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៅក្រុមហ៊ុន Capital Economics បាននិយាយក្នុងន័យដើមថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP អនុញ្ញាតឱ្យចិនចាត់ទុកថា ខ្លួនជាជើងឯកនៃសកលភាវូបនីយកម្ម និងកិច្ចសហការពហុភាគី។ វាក៏ជួយឱ្យចិនស្ថិតក្នុងគោលជំហរល្អជាងមុនក្នុងការកំណត់វិធានានាដែលគ្រប់គ្រងលើពាណិជ្ជកម្មក្នុងតំបន់»។
លោក Leather បានលើកឡើងថារដ្ឋាភិបាលក្រុងប៉េកាំងមានភាពធូរស្រាលចិត្តនៅពេលកិច្ចព្រមព្រៀងថ្មីនេះមិនទាមទារឲ្យបណ្តាសមាជិកបើកទីផ្សារសេវាកម្ម បើកឱ្យមានសេរីភាវូបនីយកម្មនៃលទ្ធកម្មរដ្ឋាភិបាល ឬមានការកាត់បន្ថយគោលនយោបាយឧស្សាហកម្ម ដែលទាំងនេះសុទ្ធតែជាការទាមទារលើបណ្តាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក CPTPP។
កិច្ចព្រមព្រៀង CPTPP បានជំនួសកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក Trans-Pacific Partnership (TPP) ដែលគាំទ្រដោយសហរដ្ឋអាមេរិកបន្ទាប់ពីរដ្ឋបាលលោក Donald Trump បានដើរចេញពីកិច្ចព្រមព្រៀងនេះ។ សមាជិកនៃកិច្ចព្រមព្រៀងនេះមានអូស្ត្រាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP បានបង្កឱ្យមានសំណួរថាតើកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden សម្រេចចិត្តត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដូចជា CPTPP វិញឬនៅតែមិនចូលរួមជាមួយប្រទេសដទៃ។
លោក Matt Ferchen ប្រធានផ្នែកស្រាវជ្រាវចិនជាសាកលនៅអង្គការ Merics ដែលជាអង្គការស្រាវជ្រាវនិងវិភាគមួយមានមូលដ្ឋាននៅក្នុងក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់បានប្រាប់ VOA ក្នុងន័យដើមថា៖ «ដោយសារតែមានបញ្ហាច្រើននៅក្នុងស្រុក និងក្តីបារម្ភដែលមានស្រាប់ផងនោះអំពីផលប្រយោជន៍មិនស្មើភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វាច្បាស់ណាស់ថា លោក Biden នឹងសម្រេចចូលរួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក CPTPP វិញ»។
លោក Ferchen បានបន្ថែមក្នុងន័យដើមថា៖ «ប៉ុន្តែការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងកាន់តែធ្វើឱ្យសហរដ្ឋអាមេរិកព្យាយាមកាន់តែខ្លាំងដើម្បីចូលរួម ហើយប្រហែលជាធ្វើឱ្យឥណ្ឌាព្យាយាមដែរដើម្បីកុំឱ្យមើលទៅថា ត្រូវបានគេទុកចោលឱ្យនៅក្រៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
ទោះជាត្រូវបានចុះហត្ថលេខាដោយមានការសរសើរខ្លាំងក្តី កិច្ចព្រមព្រៀង RCEP នេះនៅបន្សល់បញ្ហាជាច្រើនមិនទាន់ត្រូវបានដោះស្រាយ។
កិច្ចព្រមព្រៀងនេះមិននិយាយពីជម្លោះពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក ដូចជាចិន និងអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះផ្តោតលើតែការផ្លាស់ប្តូរទំនិញ ប៉ុន្តែមិនបាននិយាយពីពាណិជ្ជកម្មក្នុងវិស័យសេវាកម្ម ដែលកំពុងតែមានការវិវត្តយ៉ាងលឿននៅទូទាំងពិភពលោកជាងពាណិជ្ជកម្មទំនិញ។
លោក Lester Ross ដៃគូម្នាក់នៅក្រុមមេធាវីអន្តរជាតិ WilmerHale បាននិយាយក្នុងន័យដើមថា៖ «កិច្ចព្រមព្រៀងនេះមិនបានដោះស្រាយលើរបាំងពាណិជ្ជកម្មធំៗ ដូចជាការការពារកម្មសិទ្ធិបញ្ញា និងការឧបត្ថម្ភធនពីរដ្ឋនោះទេ»។
លោក Ross បានលើកឡើងថា៖ «វាមិនច្បាស់ទេថាតើកិច្ចព្រមព្រៀង RCEP នឹងមានផលប៉ះពាល់ដល់របាំងពាណិជ្ជកម្មដ៏គ្រោតគ្រាតដែលត្រូវបានអនុវត្តដោយរដ្ឋសមាជិកមួយប្រឆាំងនឹងរដ្ឋសមាជិកមួយទៀតឬយ៉ាងណា។ ឧទាហរណ៍ដូចជា ការរឹតត្បិតនាពេលថ្មីៗរបស់ចិនទៅលើទំនិញមួយចំនួនពីប្រទេសអូស្ត្រាលី»។
លោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីយល់ថា កិច្ចព្រមព្រៀង RCEP ជាឱកាសមួយដើម្បីបើកទ្វារពាណិជ្ជកម្មដែលប្រទេសចិនបានបិទ។ លោកបានថ្លែងថាកិច្ចព្រមព្រៀងនេះជាកិច្ចប្រឹងប្រែងរបស់ចិនដើម្បីមិនត្រឹមតែគោរពតាមលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែតាមស្មារតីរបស់កិច្ចព្រមព្រៀងនេះផងដែរ។ ប្រទេសអូស្ត្រាលីសង្ឃឹមថា ចិននឹងបន្ធូរបន្ថយការរឹតត្បិតដែលខ្លួនបានដាក់លើការនាំចូលទំនិញមួយចំនួនពីអូស្ត្រាលី។
ទោះជាកិច្ចព្រមព្រៀង RCEP បានជួយកាត់បន្ថយពន្ធគយក្តី ប្រទេសតូចៗនៅក្នុងកិច្ចព្រមព្រៀងនេះ ដូចជាសមាជិកអាស៊ានទាំង១០ មានមូលហេតុផ្សេងៗគ្នាក្នុងការព្រួយបារម្ភ។ ជាឧទារហណ៍ ការពឹងផ្អែករបស់ពួកគេលើប្រទេសចិនអាចនឹងកើនឡើង ទោះជាវាមិនច្បាស់ថាតើចិននឹងទិញទំនិញរបស់ពួកគេកាន់តែច្រើនឬក៏អត់ក្តី។
លោក Ferchen បាននិយាយក្នុងន័យដើមថា៖ «ប្រទេសឡាវ និងកម្ពុជាជាសមាជិករួចហើយនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដូច្នេះកិច្ចព្រមព្រៀង RCEP មិនប្រាកដថាជាការផ្លាស់ប្តូរសំខាន់នៅក្នុងរបាំងពាណិជ្ជកម្មជាមួយនឹងចិននោះទេ»។ សមាជិកអាស៊ានមានកម្ពុជា ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ប៊្រុយណេ សិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម។
លោកFerchen បានពន្យល់ថា៖ «បញ្ហាប្រឈមធំជាងនេះរបស់ពួកគេគឺការពឹងផ្អែកហួសហេតុទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយលើប្រទេសចិន ជាពិសេសនៅពេលការប្រកួតយុទ្ធសាស្ត្ររវាងចិន និងសហរដ្ឋអាមេរិកកំពុងកើនឡើងនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសសមាជិកនានាត្រូវបានគេស្នើសុំឱ្យជ្រើសរើសភាគីដែលពួកគេគាំទ្រ»។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានយល់ថា នេះជាឱកាសក្នុងការសរសើរដល់រដ្ឋាភិបាលខ្លួន។
សារព័ត៌មាន CGTN ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា៖ «កិច្ចព្រមព្រៀង RCEP រួមមានសម្ព័ន្ធមិត្តជាច្រើនរបស់សហរដ្ឋអាមេរិក។ ការយល់ព្រមរបស់ពួកគេចំពោះកិច្ចព្រមព្រៀងនេះជាការបញ្ជាក់ថា ប្រទេសចិននៅតែជាដៃគូសេដ្ឋកិច្ចមិនអាចខ្វះបានសម្រាប់ពួកគេ និងថា នៅទីបញ្ចប់ប្រទេសនៅក្នុងតំបន់នេះនឹងធ្វើការ និងសហការជាមួយគ្នា»។
វាអាចនឹងត្រូវការពេលវេលាខ្លះមុនពេលប្រទេសណាមួយមើលឃើញពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ ដោយសារតែប្រទេសចំនួន៩នៃប្រទេសទាំង១៥ត្រូវផ្តល់សច្ចាប័នមុនពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
លោក Nick Marro នៃអង្គភាពស្រាវជ្រាវនិងវិភាគនៃសារព័ត៌មាន The Economistបាននិយាយក្នុងន័យដើមថា៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងនេះអាចនឹងមានតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែនឹងមានការវិវត្តន៍ផ្នែកពន្ធគយ និងពាណិជ្ជកម្មគួរឱ្យចាប់អារម្មណ៍សម្រាប់យើងតាមដានក្នុងតំបន់អាស៊ីភាគឦសាន»។
លោកMarro បានបន្ថែមថា៖ «ការផ្តល់សច្ចាប័នទំនងនឹងមានភាពស្មុគស្មាញបន្តិចនៅក្នុងសភាជាតិ ដោយតែមាននិន្នាការប្រឆាំងចិន និងប្រឆាំងពាណិជ្ជកម្ម»៕