គណបក្សសង្គ្រោះជាតិ ក្រោយពីបានចូលកាន់កាប់មុខតំណែងក្នុងស្ថាប័នរដ្ឋសភា បានចាប់ផ្តើមតាក់តែងកម្មវិធីគោលនយោបាយថ្មីរបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្ស។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា មន្ត្រីគណបក្សនេះកាលពីក្នុងអំឡុងពេលចុងសប្តាហ៍កន្លងទៅនេះ បានពិភាក្សាគ្នាដើម្បីរៀបចំកម្មវិធីនយោបាយថ្មីរបស់គណបក្ស។ លោកបានបញ្ជាក់ថា កម្មវិធីគណបក្សនយោបាយថ្មីនេះបានមកពីការបូកបញ្ចូលកម្មវិធីនយោបាយរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ហើយក៏បានដកស្រង់ចេញពីកម្មវិធីនយោបាយពីបណ្តាប្រទេសជឿនលឿនមួយចំនួនក្នុងពិភពលោក។
លោកមានប្រសាសន៍ថា គណបក្សគ្រោងនឹងបង្ហាញជាផ្លូវការអំពីកម្មវិធីនយោបាយថ្មីរបស់គណបក្សក្នុងរយៈពេលពី៣ទៅ៤ខែខាងមុខទៀត។
លោកនិយាយថា៖ «ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ របស់ប្រទេសជាតិយើងក៏ដូចជាឆ្លើយតបទៅនឹងការអភិវឌ្ឍនៅលើសកលលោក»។
កម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលលោក យឹម សុវណ្ណបានសង្ខេប បានសង្កត់ធ្ងន់ទៅលើការកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសជាតិ ត្រូវបែងចែកផលប្រយោជន៍ឲ្យមានសមភាពរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ វិស័យសង្គមកិច្ច ត្រូវផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋឲ្យបានសមរម្យ លើកកម្ពស់សេវាអប់រំ ការការពារសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសគណបក្សនេះប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឲ្យបានស៊ីជម្រៅដើម្បីស្តារមុខមាត់របស់ប្រទេសជាតិឡើងវិញ។
លោកនិយាយថា៖ «យើងសរសេរជាកម្មវិធីនយោបាយមួយដែលមានលក្ខណៈលម្អិត ទៅតាមវិស័យនីមួយៗដើម្បីទុកជាត្រីវិស័យនៃការឃោសនារកសំឡេងឆ្នោតក៏ដូចជាសម្រាប់ជាត្រីវិស័យសម្រាប់ការដឹកនាំប្រទេសដោយគណបក្សសង្គ្រោះជាតិខាងមុខ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា កម្មវិធីនយោបាយថ្មីរបស់គណបក្សសង្គ្រោះជាតិបានន័យថា គណបក្សនេះមិនទាន់បានរៀបចំខ្លួនក្នុងការចូលប្រឡូកក្នុងនយោបាយ ផ្តល់សេវាកម្ម និងផ្តល់ការ រំពឹងទុករបស់ប្រជាពលរដ្ឋដែលគណបក្សនេះហាក់បីដូចជាកំពុងតែភ្ញាក់ខ្លួន។
លោកមានប្រសាសន៍ថា សម្រាប់គណបក្សប្រជាជន គណបក្សបានធ្វើរួចហើយ។ គណបក្សមានកម្មវិធី៣ឆ្នាំរំកិលដើម្បីវាយតម្លៃ និងឆ្លើយតបពីនិន្នាការអភិបាលកិច្ចល្អដើម្បីតម្រូវគោលនយោបាយរបស់ខ្លួននិងសមតាមបំណងរបស់ប្រជាពលរដ្ឋ។
លោកនិយាយថា៖ «គណបក្សសង្គ្រោះជាតិគ្រាន់តែនិយាយលើក្រដាស មិនទាន់បានឆ្លើយតបទៅនឹងភាពជាក់ស្តែងដែលខ្លួនបានចូលរួមជាមួយនឹងគណបក្សប្រជាជននៅក្នុងសភាបាននៅឡើយទេ ហើយគាត់មិនទាន់បានដើរតួ ឲ្យសកម្មយ៉ាងខ្លាំងនៅក្នុងគណបក្សភាគតិចនៅក្នុងសភា ដើម្បីរក្សាឲ្យការអភិវឌ្ឍខិតចំទិសដៅនៃផលប្រយោជន៍មហាជន»។
លោកផៃ ស៊ីផានបានបញ្ជាក់ទៀតថា អ្វីដែលគណបក្សសង្គ្រោះជាតិលើកឡើងគ្រាន់តែជាពាក្យសម្តី មិនមែនជាការណ៍ពិតនៃគោលការណ៍នយោបាយរបស់ប្រជាជាតិនោះឡើយ៕