មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើម​ដូច​ការ​សន្យា

លោកហេង រស្មី​ អ្នក​យកព័ត៌មាន​វីអូអេខ្មែរ​​ឈរ​​យក​ព័ត៌មាន​កណ្តាល​​មហា​បាតុកម្ម​ប្រឆាំង​​លទ្ធផល​ការបោះឆ្នោត។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ ដូច​ការ​គ្រោង​ទុក ហើយ​ក៏​បាន​ប្តេជ្ញា​ដឹកនាំ​មហា​បាតុកម្ម​បន្ត​ទៀត ប្រសិន​បើ​គ្មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុងការ​បោះឆ្នោត​ទៅ​តាម​ការ​ទាមទារ​របស់​ខ្លួន​ទេ​នោះ។​

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​កឹម សុខា​បាន​ដឹកនាំ​មហា​បាតុកម្ម​មួយ​ដូច​ដែល​ខ្លួន​បាន​សន្យា នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍​ទី​៧ ខែ​កញ្ញា​នេះ ដោយ​មានអ្នក​ចូលរួម​ដែល​គេ​ប៉ាន់​ស្មាន​ប្រមាណ​២​ម៉ឺននាក់។​

មហា​បាតុកម្ម​ដោយ​សន្តិវិធី​នេះ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.​ត្រៀម​នឹង​ប្រកាសលទ្ធផល​ផ្លូវការ​នៅថ្ងៃអាទិត្យ​អំពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​ទៅ​នេះ។​

គណបក្ស​ប្រឆាំង​ចង់​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មាធិការ​ឯករាជ្យ​មួយ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​ខ្លួន​បាន​រក​ឃើញ​យ៉ាង​ច្រើន​ បន្ទាប់​ពី​លទ្ធផល​បឋម​ប្រកាស​ដោយ​គ.ជ.ប.​បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដោយ​ទទួល​បាន​សំឡេង​៦៨​អាសនៈ រីឯ​គណបក្ស​សង្គ្រោះ​ជាតិទទួល​បាន​៥៥​អាសនៈ។​

អ្នក​ស្រី ហ៊ុយ ម៉ារ៉ាន់​គឺ​ជា​អាជីវករ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

«គ.ជ.ប.​ប្រកាស​លទ្ធផល​ហ្នឹង​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ក្រុម​គ្រួសារ​ខ្ញុំ​ច្រើន​ណាស់​បោះឆ្នោត​ជូន​គណបក្សសង្គ្រោះ​ជាតិ សូម្បី​តែ​ភូមិ ឃុំ​ខ្ញុំ​ ក៏​បោះ​ជូន​សង្គ្រោះ​ជាតិ​ច្រើន​ណាស់​ដែរ។ ដល់​គ.ជ.ប.​ប្រកាស​លទ្ធផល​បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ ហើយ​ខ្ញុំ​មក​បាតុកម្ម​នេះ​ដើម្បី​ទាមទារ​សន្លឹក​ឆ្នោត​របស់​ខ្ញុំ​ដែល​បោះ​ឲ្យ​សង្គ្រោះ​ជាតិ។​ ហើយ​សូម​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ ជាពិសេស​ឯកឧត្តម​ សម រង្ស៊ី ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី»។​

រហូត​មក​ដល់​ពេលនេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​គ.ជ.ប.​បាន​ពិនិត្យដោះស្រាយ​ភាព​មិន​ប្រក្រតី​ខ្លះ​ប៉ុណ្ណោះនៃភាព​មិន​ប្រក្រតី​ជាច្រើន​ដែលលើកឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​គណបក្ស​នេះ​បាន​ចោទ​ប្រកាន់ស្ថាប័ន​ទាំង​ពីរ​ថា លម្អៀង​ទៅរក​គណក្ស​បក្ស​កាន់​អំណាច។​

Your browser doesn’t support HTML5

គណបក្ស​សង្គ្រោះ​ជាតិ​​គ្រោង​​បន្ត​ធ្វើ​បាតុកម្ម​ លុះ​ណា​មាន​យុត្តិធម៌


លោក​យឹម សុវណ្ណ គឺ​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

«ស្ថាប័ន​ទាំង​ពីរ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ធ្វើ​សេចក្តីសម្រេច​ដ៏​អយុត្តិធម៌​សម្រាប់​ប្រជាជាតិ​ខ្លួន​ឯង។ យើង​បាន​ឃើញ​តាម​រយៈ​ការ​កាត់​សេចក្តី ការ​ធ្វើ​សេចក្តី​សម្រេច​តាំង​ពី​ដើម​ទី​រហូត​មក​ទល់​ពេលនេះ យើង​មិន​ដែល​ទទួល​បាន​យុត្តិធម៌ទេ»។​

លោក​បន្ថែម​ថា ប្រសិន​បើ​គ.ជ.ប.​នៅ​តែប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​មែន នោះ​គណបក្ស​របស់​លោក​នឹង​បន្ត​ដឹក​នាំ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​

បាតុករ​ខ្លះ​និយាយ​ថា ពួកគេ​នឹង​ចូលរួម​នៅ​ក្នុង​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​នេះ​ត​ទៅទៀត​ដោយ​ឥត​ភ័យខ្លាច​អ្វី​ទាំង​អស់​ ដើម្បី​ស្វែង​រកយុត្តិធម៌​ និង​ផ្លាស់ប្តូរ​ជីវភាព​រស់ឲ្យ​ប្រសើរ​ជាង​នេះ។​

លោក​ចាន់ សាំង គឺ​ជា​ជាង​ភ្លើង​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

«ពីមុន​ខ្លាច​មែន ប៉ុន្តែ​ឥឡូវ​លែង​ខ្លាច​អស់​ហើយ ព្រោះ​ខ្មែរ​មាន​អី​ទៀត? បើ​ក្រ​រក​បាយ​ស៊ី​សឹង​គ្មាន​ផង​ហ្នឹង។ ដូច​ខ្ញុំរាល់​ថ្ងៃ កូន​ពីរ ចិញ្ចឹម​លែង​ចង់​រស់​ហើយ»។​

តាម​ច្បាប់​ ប្រទេស​កម្ពុជា​ត្រូវ​បង្កើត​រដ្ឋ​សភា​ថ្មីដោយ​ត្រូវ​កោះ​ប្រជុំ​សមាជិក​សភា​ជាប់​ឆ្នោត​លើក​ដំបូងឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​នេះ ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី។​

ប៉ុន្តែ​លោក​យឹម សុវណ្ណ​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​នោះ​ឡើយ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជា​មុន​នោះ។​

«ដរាប​ណា​យុត្តិធម៌​នៅ​មិន​ទាន់​មាន​ចំពោះ​ម្ចាស់​ឆ្នោត ដរាបណា​ភាព​មិន​ប្រក្រតី​មិន​ត្រូវ​បាន​ដោះស្រាយ គឺ​ដរាប​នោះ អត់មាន​ការ​ជជែក​គ្នា​អំពី​ការ​បង្កើតរដ្ឋសភា​ ឬ​រដ្ឋាភិបាល​អ្វី​ទាំង​អស់»៕​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ ខ្លួន​នឹង​ដឹកនាំ​មហា​បាតុកម្ម​តទៅ​ទៀត​ បើ​គ.ជ.ប.​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​ដូច​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​គណៈ​កម្មាធិ​ការ​រៀបចំ​បោះឆ្នោត​នេះ​បាន​ប្រកាស​កន្លងមក៕