ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​២០.០០០នាក់​ក្នុង​បាតុកម្ម​អហិង្សា

  • ហេង រស្មី

លោក​ សម រង្ស៊ី​ (ស្តាំ) និង​​លោក​ កឹម​ សុខា​(ឆ្វេង) ក្នុង​ការជួប​ប្រមូល​ផ្តុំ​មួយ។
ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​ និងលោក​ កឹម​ សុខា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាស​ថា​ មហាបាតុកម្ម​ដោយ​អហិង្សា​គ្រោង​នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​២ម៉ឺន​នាក់។ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ព្រមាន​ថា​ប្រសិន​ណា​បើ​អាជ្ញាធរ​នៅ​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​និមួយៗ​មិន​ឱ្យ​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តាខេត្ត​ចូល​មក​ក្រុង​ភ្នំពេញ​ដើម្បី​ចូល​រួម​បាតុកម្ម​នោះ​និង​មាន​បាតុកម្ម​នៅ​នឹង​កន្លែង​។

ក្រុម​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ ​បាន​តម្រូវ​ឱ្យពាក់​ប័ណ្ណ​ដែល​ចេញ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រយោជន៍​ដើម្បី​ហេតុផល​សន្តិសុខ។​

លោក​ ស្រី​មួរ សុខហួរ​ ប្រធាន​អនុ​គណៈកម្មការ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ថា​មហា​បាតុកម្ម​នេះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​មិន​មាន​ការ​ដើរ​ហែរ​ក្បួន​ទេ។

លោក​ស្រី​បាន​បញ្ជាក់​ថា​បាតុកម្ម​នឹង​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​សៅរ៍​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​កម្មវិធី​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​អ្នក​ស្រី​មិន​បាន​បញ្ជាក់​លម្អិត​ទេ​គ្រាន់​តែ​អ្នក​ស្រី​អះអាង​ថា​ដំបូង​នឹង​មាន​ចម្រៀង​របស់​ក្រុម​យុវជន​ ក្រោយ​មក​នឹង​មាន​ការ​សម្តែង​ការ​ចាប់​អារម្មណ៍​នៃ​ក្រុម​បាតុករ​និង​ចុង​ក្រោយ​គេ​គឺការ​ថ្លែង​សុន្ទរកថា​របស់​លោក​កឹម​ សុខា​និង​លោក​ សម រង្ស៊ី។​

លោក​ស្រី​និយាយថា៖​

«​យើង​នៅតែ​បញ្ជាក់​ថា​ជាមហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដូច​ដែល​យើង​បាន​ជូន​ដំណឹង»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។​ចំណែក​នៅ​ឯ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​មាន​សកម្មជន​ជាច្រើន​នាក់បាន​នាំ​គ្នា​ធ្វើ​បដា​ ទង់​សញ្ញា​របស់​គណបក្ស​ ពាក្យ​ស្លោក​ និង​ បូ​សម្រាប់ចង​ក្បាល​បាន​ដាក់​គរ​ទុក​រួច​ជាស្រេច​រង់​ចាំ​ពេល​វេលា​មកដល់។​

នៅ​តាម​ផ្លូវជាតិ​សំខាន់ៗ​ចាប់​ពី​ផ្លូវ​ជាតិ​លេខ​១​ លេខ២​ លេខ​៣​ លេខ​៤​ លេខ​ ៥​និង​ លេខ​៦​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​របាំង​ការពារ​ដើម្បី​ឆែកឆេរ​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង​និង​រថយន្ត​ឈ្នួល​តូចៗ​ដែល​ធ្វើដំណើរ​ពី​តាម​បណ្តា​ខេត្ត​នានាចូល​ក្រុង​ភ្នំពេញ។​

លោកឧត្តម​សេនីយ៍​ឯក​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​គឺ​ដើម្បី​ឆែក​ឆេរ​រកអាវុធ​ជាតិ​ផ្ទុះ​ក្នុង​គោល​បំណង​ការ​ពារ​សុវត្តិ​ភាព​ដល់​ក្រុម​បាតុករ។

លោក​បាន​បញ្ជាក់​ទៀតថា​ការត្រួត​ពិនិត្យ​នេះ​នឹង​ធ្វើ​ឡើង​ជារៀង​រាល់​ថ្ងៃ​រហូត​ដល់​រដ្ឋា​ភិបាល​ថ្មី​បង្កើត​ឡើង។​

លោក​បាន​និយាយ​ថា​៖​

«រក​អាវុធ​ក្រែង​លោ​មាន​អាវុធ​ព្រោះថា​ធម្មតា​គាត់​ឱ្យចូល​មក​ច្រើន​អញ្ចឹង​ក្រែង​លោក​មាន​អាវុធ​អ្វីចូល​ទៅ​ក្នុង​បាតុករ​គាត់។ ​នេះ​ជា​ការ​ប្រុង​ប្រយ័ត្ន​របស់​អាជ្ញាធរ​ដើម្បី​ការពារ​បាតុករ​នោះ​ឯង។​គ្មាន​ហេតុ​ផល​អ្វី​ក្រៅ​ពីហ្នឹងទេ»។

លោក​ អ៊ូ ច័ន្ទ​ឫទ្ធិ ​អនុប្រធាន ​អនុ​គណៈ​កម្មការ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​រិះ​គន់​ថា​ការ​ឆែក​ឆេរ​របស់​សមត្ថកិច្ច​គឺជា​ការ​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​និង​ជា​ទម្លាប់​របស់​ប្រទេស​ដែល​កាន់​របប​កំម្មុយនិស្ត។

លោក​និយាយ​ថា៖​

«មិន​ត្រូវ​សួរនាំ​ប្រជា​ពលរដ្ឋ​ថា​លោក​ចង់​ទៅណា​មក​ណា​ទេ​ហើយ​ការ​ចូល​ឆែក​ឆេ​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​គ្មាន​ដីកា​ជា​ទង្វើ​មួយ​ខុស​ច្បាប់។ ​ខ្ញុំ​ឆ្លៀត​ឱកាស​នេះ​ដែរ​សុំ​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​សុំ​កុំ​ឱ្យ​មាន​ការ​រារាំង​ប្រជា​ពលរដ្ឋ​ចូល​មក​ភ្នំពេញ​ទោះ​បី​ចូល​មក​ធ្វើ​អ្វី​ក៏​ដោយ​ចូល​មក​បាតុកម្ម​ក៏ដោយ»។​

ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បានគណបក្ស​នេះ​បាន​ប្រកាស​ថា​ដើម្បី​ទាមទារ​ឱ្យរដ្ឋា​ភិបាល​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះ​ឆ្នោត។​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែកក្កដា​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ដែល​ត្រួត​ត្រា​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​បាន​ប្រកាស​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​រៀងៗ​ដែល​អាច​កាន់​កាប់​រដ្ឋា​ភិបាល​តែ​ម្នាក់​ឯង​បាន។​

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បើ​ពុំមាន​អ្វី​ប្រែ​ប្រួល​ទេ៕
XS
SM
MD
LG