គណបក្ស​ភ្លើងទៀន​ចង់​ជួប​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ធានា​ស្ថានភាព​ល្អ​មុន​ការបោះឆ្នោត

រូបឯកសារ៖ លោក សុន ឆ័យ ដើរ​ដង្ហែ​ក្បួន នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ។ (ស៊ុន ណារិន/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្សភ្លើងទៀន​គ្រោ​ងសុំជួបជាមួយ​គណ​បក្ស​កាន់​អំណាច ដើម្បី​សម្រប​សម្រួល និង​ជជែក​គ្នា​អំពី​បរិយា​កាស​នយោបាយ​នៅ​កម្ពុជា។ អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ថា ​ការ​ចង់​ជួប​ជជែក​គ្នានេះ គឺ​ជា​សិទ្ធិ​របស់​គណ​បក្ស​ប្រឆាំង​ ប៉ុន្តែថា ​វាមិន​ចាំ​បាច់​នោះ​ទេ។

​លោក សុន ឆ័យ ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ ប្រាប់​វីអូអេនៅ​ថ្ងៃពុធនេះ​ថាដើម្បី​បង្ក​បរិ​យា​កាស​នយោ​បាយ​ល្អ​នៅ​កម្ពុជា​ និង​កាត់​បន្ថយ​ឧប​សគ្គ​នានា ដែល​គណ​បក្សភ្លើង​ទៀន​ជួប​ប្រទះ​ គណ​បក្ស​ភ្លើងទៀន​ចង់​មាន​ការជជែក​គ្នា​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ព្រោះបច្ចុប្បន្ន​នេះ សិទ្ធិ​អំណាចស្ថិ​តក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​មួយ​នេះ។

លោក​ថ្លែង​ថា៖ «​ព្រោះ​យើង​យល់​ថា​មាន​តែ​វិធី​ដោះ​ស្រាយ​ ដោយ​មាន​ការ​យោគ​យល់​គ្នា​ ទើប​បរិយា​កាស​នយោបាយល្អប្រសើរ​ ហើយ​ការ​បោះឆ្នោត​ក៏អា​ច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រើ​សើរ​ជាង​អ្វីដែល​កើត​មាន​កន្លង​ទៅ​ដែរ​ ​»។

លោក សុន ឆ័យ ​បាន​ឲ្យដឹង​ថា ​មុន​ពេល​លោក ​ថាច់ សេដ្ឋា​ ត្រូវ​បាន​ចាប់​ខ្លួន គឺលោក ថាច់ សេដ្ឋា​ ​ទើប​តែ​បាន​ជួប​ជា​មួយ​លោក ហ៊ុន ម៉ាណែត ដើម្បី​ជជែក​អំពីបរិយា​កាស​នយោ​បាយ ដែល​ការណ៍​នេះ លោក​ចង់​ឲ្យមាន​កិច្ច​សន្ទនា​បែប​នេះ​បន្ត​ទៀត។

ដោយ​ឡែក​ចំពោះ​ករណី​របស់​លោក ថាច់ សេដ្ឋា ដែល​កំពុងជាប់​នៅ​ពន្ធនាគារ គឺលោក សុន ឆ័យ​ថា​មេធាវី​ការពារ​ក្តី​ឲ្យលោក​ ថាច់ សេដ្ឋា ​កំពុង​ពិនិត្យ​ និងដំណើរ​ការ​តាម​នីតិ​វិធីច្បាប់​ ​ហើយ​បើ​សិន​ជាករណីនេះ​អា​ច​ដោះ​ស្រាយ​បាន​ជាមួយ​ដើម​បណ្តឹង នោះគណ​បក្សមិន​ដាក់​ពាក្យ​សុំ​ជួប​ជាមួយ​គណ​បក្ស​កាន់​អំណាច​ទេ។ លោក​បន្ថែម​ថា​នៅ​ពេលករណីដោះ​ស្រាយ​មិន​បាន​ជាមួយ​ដើម​បណ្តឹង ​នោះគណ​បក្ស​នឹង​ពិចារណា​ដាក់​ពាក្យ​សុំ​ជួប​ជាមួយ​គណបក្ស​កាន់​អំណាច ​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​នេះ។

លោក សំ សុ​គង់ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ក្រុម​មេធាវីរ​បស់​លោក ថាច់ សេដ្ឋា ​កំពុង​រក​ភស្តុតាង​ដោះ​បន្ទុកដើម្បី​ទាម​ទារ​ឱ្យតុលា​ការ​ដោះ​លែង​លោក ថាច់ សេដ្ឋា​ ឱ្យមាន​សេរីភាព​វិញ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិនេះ។ លោក​បញ្ជាក់​ថា​ ក្រុម​មេធាវី​គ្រោង​រៀប​ចំ​ពាក្យ​ស្នើ​សុំ​ទៅចៅក្រម​ស៊ើប​សួរក្នុង​ការ​រៀប​ចំ​បំពេញ​កិច្ច​ទាក់​ទង​ការ​ធ្វើ​កោស​ល្យ​វិច្ច័យ​ទៅ​លើ​សែក​អត់​លុយ​នោះ ​ថា​ជា​របស់​អ្នក​ណា​ឱ្យពិត​ប្រាកដ​ និង​គ្រោងប្តឹង​ទៅ​សភា​ស៊ើប​សួរសាលា​ឧទ្ធរណ៍ផង​ដែរ។

លោក​ សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ប្រាប់​វីអូអេនៅថ្ងៃ​ពុធ​នេះថា​កាល​ដែល​ គណ​បក្ស​ភ្លើង​ទៀន​ចង់​ជួប​ជា​មួយគណ​បក្ស​ប្រជាជន​កម្ពុជា​និយាយ​អំពីបរិយាកាស​នយោ​បាយ គឺ​មិន​ចាំ​បាច់នោះ​ទេ​ ព្រោះ​លោក​ថា​សព្វថ្ងៃ​ សង្គម​កម្ពុជា​ពោរ​ពេញ​ទៅ​ដោយ​សុខ​សន្តិ​ភាព ​រស់​នៅ​ដោយមិន​មាន​ការ​ភ័យខ្លាច មិន​មា​នការ​គំរាម​កំហែង និង​មិន​មាន​ការ​ជាប់​គាំង​នយោបាយ ​ដែល​ត្រូវ​ជជែក​គ្នា​នោះទេ។ ​ប៉ុន្តែ​លោក​ថាបើ​គណ​បក្ស​ភ្លើង​ទៀន​ចង់​ដាក់​លិខិត​សុំ​ជួប​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជាជន គឺ​ជា​សិទ្ធិ​របស់​គណ​បក្ស​នោះ ​ដោយលោក​មិន​អាច​សម្រេច​អ​ន្តោ​ម័តជំនួស​ថ្នាក់​ដឹកនាំ​បាន​ទេ។

​លោក​ថ្លែងថា៖«អ៊ីចឹង​ខ្ញុំយល់ថា​ការ​ស្នើ​សុំ​ឲ្យមាន​ការ​ជួប​ជជែក​គ្នាអំពីបញ្ហា​នយោបាយ​នៅ​កម្ពុជា​ វាជាការ​មិន​ចាំ​បាច់​ទាល់​តែ​សោះ​ ព្រោះឥឡូវ​គណបក្ស​នយោបាយ​ដែលមានជិត​៥០​គណបក្ស​ កំពុង​តែ​ធ្វើ​សកម្ម​ភាព​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ ​ស្រប​ទៅ​តាម​គោល​កាណ៍​ច្បាប់ ស្តី​ពី​គណ​បក្ស​នយោ​បាយ​ និង​ច្បាប់​បោះ​ឆ្នោត»។

លោក​បន្ថែមថា៖ «​ដូច្នេះ​ការ​ស្នើសុំ​ យើង​យល់​ថា​ជា​សិទ្ធិ​របស់​គាត់ ស្នើ​សុំ​ឲ្យមាន​ការ​ជួប​ចរចាគ្នា​ ក៏ប៉ុន្តែខ្ញុំ​យល់ថា​គណបក្ស​ប្រជាជន​ជាពិសេស​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​នេះ មិនមាន​កិច្ចការ​អ្វី​ដែល​ត្រូវ​ជជែក​គ្នា​ ត្រូវ​ពិភាក្សា​គ្នា​ទេ»​។

លោក​ សុខ ឥសាន ​បន្ថែម​ថាអ្នក​នយោ​បាយ​ គឺ​មិ​ន​មាន​តួនាទី​ និងភារកិច្ច ដើម្បីដោះ​ស្រាយ​បញ្ហា​បុគ្គល​ ដែល​ជាប់​ក្តី​ក្តាំង​នៅ​តុលាការ​នោះ​ទេ ហើយលោក​ថា​ទាក់ទង​ករណី​លោក​ថាច់ សេដ្ឋា គឺ​គណបក្ស​ភ្លើងទៀន​ត្រូវ​តែរក​មេធាវី​ពូ​កែ​ៗ​ ដើម្បី​ការពារ និងអនុវត្ត​ទៅតាមនីតិវិធី​ច្បាប់​ និង​នីតិវិធី​តុលាការ។

លោក​បន្ថែម​ថា៖ ​«គណ​បក្ស​នយោ​បាយ​ អត់​មាន​តួនាទី ភារកិច្ច​ជម្រះ​រឿង​ក្តី​ទេ...​ទោះបី​អង្គុយ​ទល់​មុខ​គ្នា​ និយាយ​គ្នា​ក៏អត់បាន​ការដែរ​ ពីព្រោះ​មិន​មែ​នជាតួនាទី ភារកិច្ច​របស់​គណបក្ស​នយោបាយ​។ គណបក្ស​នយោបាយ​មាន​តួនាទីដោយ​ឃោស​នា​អំពី​កម្មវិធី​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យ​ល់​ដឹង ​ឱ្យ​ជឿជាក់​ ​ហើយ​បោះ​ឆ្នោត​ជូនខ្លួនរៀង​ៗ​ខ្លួន​»។

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែលយល់​ថា ​ដោយ​សារ​តែ​បច្ចុប្បន្ន គឺក្នុង​រដ្ឋសភា​មិន​មាន​សមាសភាព​មកពី​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​ ក្នុងការត្រួត​ពិនិត្យទៅ​លើ​អង្គ​នីតិ​ប្រតិ​បត្តិ ​ដែល​ការណ៍​នេះ​អាច​មា​ន​ការ​ខ្វះ​ចន្លោះក្នុង​ការ​សួរ​ដេញ​ដោល​ និង​ការ​ពិនិត្យ​មើល​លើ​ស្ថានភាព​ផ្សេង​ៗ ​ដូច្នេះ​លោកថា​ការ​ជជែក​គ្នា​ដោយ​សន្តិវិធី​ ​រវាង​គណ​បក្ស​ប្រឆាំង ​និង​គណ​បក្ស​កាន់​អំណាច​ គឺជា​រឿង​មួយ​ល្អបំផុត ​នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោ​បាយ​ ដោយ​គណ​បក្ស​នយោ​បាយត្រូវ​តែ​មាន​ភាព​ចាស់​ទុំ និង​អត់ធ្មត់​ឱ្យបាន​ច្រើន​។

​លោក​ថ្លែង​ថា៖ ​«​គណ​បក្ស​គួរ​តែ​មាន​លក្ខណៈ​ចាស់​ទុំ​ផ្នែក​នយោ​បាយ​ មាន​ន័យ​ថា​ធ្វើ​កិច្ច​ការ​ងារ​អត់អោន​ ផ្នែក​នយោបាយ​ហ្នឹង​ឱ្យបាន​ខ្ពស់​ ជា​ពិសេស​បើក​ទូលាយ​ពីខាង គ​ណបក្ស​កាន់​អំណាច​ហ្នឹង​តែម្តង​ ព្រោះខ្លួនមាន​អំណា​ច​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​ និង​រួម​ទាំង​អំណាច​ ដែល​ស្ថិត​ក្នុង​អំណាច​នីតិ​បញ្ញត្តិថែមទៀត​។ អ៊ីចឹង​ការ​បើកផ្លូវ​ទូលំ​ទូលាយ​ ការ​ជជែក​ស្តាប់​បញ្ហា​ វាជា​រឿង​មួយ​ល្អ»។

គណបក្ស​ភ្លើងទៀន​បាន​លើក​ឡើង​ថា​ខ្លួន​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​គាប់​សង្កត់​ ការ​គំរាម​កំហែង​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញពី​គណ​បក្ស​កាន់​អំណាច​ ដោយ​បាន​ទាមទារ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំង​នោះ​ជា​បន្ទាន់។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើង​ទៀន​ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​នេះ៕