គណបក្សភ្លើងទៀនបានអំពាវនាវដល់អង្គបោះឆ្នោតរបស់ខ្លួនទាំងអស់ ដែលជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតត្រូវបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សមួយត្រូវបានជ្រើសរើសសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា នាដើមឆ្នាំ ២០២៤។ នេះបើតាមសេចក្តីណែនាំរបស់គណបក្សភ្លើងទៀន ចេញផ្សាយកាលពីថ្ងៃចន្ទ។
សេចក្តីណែនាំនេះបញ្ជាក់ថា គណបក្សភ្លើងទៀនបានជ្រើសរើសយកគណបក្សឆន្ទៈខ្មែរក្នុងការដាក់បញ្ជីបេក្ខជនសម្រាប់ការចូលរួមបោះឆ្នោតព្រឹទ្ធសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។ ដូច្នេះ គណបក្សភ្លើងទៀនមានសិទ្ធិក្នុងការគ្រប់គ្រង និងការពារសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង ២១៩៨ រូប ដែលជាប់ឆ្នោតរបស់គណបក្ស គឺតម្រូវឱ្យសមាជិកទាំងអស់បន្តការងារជាសមាជិកគណបក្សភ្លើងទៀន ដោយសកម្មនិងស្មោះត្រង់ជាមួយគណបក្ស។
បើតាមសេចក្តីណែនាំ ពុំមានគណបក្សណាមួយអាចបង្ខំ ឬគំរាមកំហែងឱ្យអង្គបោះឆ្នោតរបស់ខ្លួនទៅបោះឆ្នោតឱ្យគណបក្សផ្សេងក្រៅពីគណបក្សឆន្ទៈខ្មែរបានឡើយ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលឈរឈ្មោះជាបេក្ខជនលេខរៀងទី ១ ក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការចេញសេចក្តីណែនាំនេះ គឺដើម្បីជម្រាបជូនដល់អង្គបោះឆ្នោតទាំងអស់នៃគណបក្សភ្លើងទៀនកុំឱ្យមានការភាន់ច្រឡំពីការអូសទាញពីគណបក្សផ្សេង នៅពេលទៅចូលរួមបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ។
លោកថ្លែងថា៖ «ដើម្បីចៀសវាងការភាន់ច្រឡំបាទ ព្រោះយើងដឹងថា មានគណបក្សមួយផ្សេងបានដាក់បេក្ខជនដែរ ដើរណែនាំគាត់ឱ្យទៅបោះឆ្នោតឱ្យគេដែរ។ នេះជាបញ្ហាដែលយើងត្រូវបញ្ជាក់គាត់ឱ្យគាត់យល់ ហើយកុំឱ្យគាត់ភាន់ច្រឡំនៅពេលគាត់ទៅបោះឆ្នោត នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ក្នុងជ្រើសរើសសមាជិកព្រឹទ្ធសភាបាទ»។
លោកមានជំនឿចិត្តថា អង្គបោះឆ្នោតទាំង ២១៩៨ រូប ដែលជាក្រុមប្រឹក្សាជាប់ឆ្នោត ក្នុងនាមជាអ្នកនយោបាយមកពីគណបក្សភ្លើងទៀន នឹងធ្វើតាមការណែនាំរបស់គណបក្ស។
លោកបញ្ជាក់ថា៖ «ខ្ញុំថា គាត់នឹងស្តាប់តាមការណែនាំ ព្រោះការណែនាំជាការណែនាំរបស់គណបក្សភ្លើងទៀន ដែលគាត់ជាសមាជិកបាទ។ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង ២១៩៨ នេះ គឺគាត់មិនអាចចាកចេញពីបក្សបានទេ។ គាត់ជាប់ឆ្នោតក្នុងនាមគណបក្សភ្លើងទៀន ហើយកាលណាគាត់ចាកចេញពីគណបក្សភ្លើងទៀន គាត់នឹងបាត់បង់តួនាទីគាត់។ មួយទៀតយើងដឹងហើយ សមាជិករបស់គណបក្សនីមួយៗគឺគេស្តាប់តាមការណែនាំរបស់គណបក្សគេ ក្នុងឋានៈជាសមាជិករបស់គណបក្សភ្លើងទៀនគាត់ស្តាប់ការណែនាំរបស់គណបក្សភ្លើងទៀនហើយ»។
ក្រុមប្រឹក្សាជាប់ឆ្នោតនៃគណបក្សភ្លើងទៀនបានសាទរចំពោះសេចក្តីណែនាំមួយនេះ ដោយចាត់ទុកថា វាជាការបង្កើនការយល់ដឹងបន្ថែមទៀតដល់អង្គបោះឆ្នោត។
លោក ឆាង ផល្លា អាយុ ៦១ ឆ្នាំ មេឃុំជាប់ឆ្នោតនៃគណបក្សភ្លើងទៀន នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រាប់វីអូអនៅថ្ងៃអង្គារនេះថា ក្នុងនាមលោកជាសមាជិកមួយរូបនៃគណបក្សភ្លើងទៀនដែលជាប់ឆ្នោត លោកនឹងស្តាប់ទៅតាមការណែនាំរបស់គណបក្ស។
លោកថ្លែងថា៖ «សមាជិកខ្ញុំ ៥ នាក់នៅ ឃុំផ្តៅជុំ គឺថា សម្រេចចិត្តទៅបោះឆ្នោតគណបក្សឆន្ទៈខ្មែរហ្នឹងឯង ព្រោះខ្មែរយើងត្រូវការអ្នកដឹកនាំដែលមានឆន្ទៈ មិនត្រូវការអ្នកទាក់មកឆាន់ទេ។ កន្លងមក សំបូរអ្នកទាន់មកឆាន់ ដល់យើង យើងចង់ឱ្យអ្នកមានឆន្ទៈគិតពីប្រយោជន៍ខ្មែរហ្នឹង បានយើងទៅបោះឱ្យ»។
លោកបន្ថែមថា កន្លងមក មានការអូសទាញសកម្មជនគណបក្សភ្លើងទៀនដែលជាក្រុមប្រឹក្សាជាប់ឆ្នោត ឱ្យចូលរួមជាមួយគណបក្សផ្សេងផងដែរ។
ចំណែកលោក ម៉ៅ ម៉េង អាយុ ៥២ ឆ្នាំ ជាជំទប់ទី ២ នៃគណបក្សភ្លើងទៀន ក្នុងឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រាប់វីអូអេថា លោកនឹងទៅបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរដូចទៅនឹងការណែនាំរបស់គណបក្សភ្លើងទៀន។
លោក សុក ហាច អនុប្រធានគណបក្សភ្លើងទៀន ប្រាប់អ្នកសារព័ត៌មានកាលពីដើមខែធ្នូថាគណបក្សអាចនឹងទទួលបាន ៩ អាសនៈ ទៅតាមក្រុមប្រឹក្សាជាប់ឆ្នោតដែលគណបក្សភ្លើងទៀនមាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ គណបក្សប្រជាជននឹងទទួលបានអាសនៈច្រើនលើសលប់ ដោយលោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានចំនួនក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្តក្នុងរដ្ឋសភាច្រើនលើសលប់ដែលជាអង្គបោះឆ្នោត។
លោកបញ្ជាក់ថា៖ «ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែង ជាអង្គបោះឆ្នោតមានរហូតទៅដល់ជាង ៩ ពាន់អាសនៈ ហើយតំណាងរាស្រ្តនៅក្នុងរដ្ឋសភាមាន ១២០។ អ៊ីចឹងយើងមើលទៅ យើងចែកយើងឃើញថា លទ្ធផលបោះឆ្នោតហ្នឹងគឺផ្តល់លទ្ធផលជ័យជម្នះដល់គណបក្សប្រជាជនហើយ»។
លោកឱ្យដឹងទៀតថា ក្រៅពីគណបក្សកាន់អំណាចគឺមិនមានគណបក្សណាដែលអាចទទួលបានអាសនៈប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចឡើយ បើទោះបីជាអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនមានរហូតដល់ជាង ២០០០ នាក់ ក៏ដោយ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា រាល់ការគ្រប់គ្រងប្រទេសទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិត្រូវបានដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកលើកឡើងថា៖ «ដូច្នេះឥទ្ធិពលនៅក្នុងប្រទេស ខ្ញុំជឿថា មិនសូវជាមានទេ ព្រោះយើងរងសម្ពាធច្រើនគ្រប់ជ្រុង។ ហើយយើងដឹងទាំងអស់គ្នាហើយថា រដ្ឋាភិបាលលោកដឹកនាំដោយគណបក្សតែមួយ សភាក៏ដូច្នេះដែរ មិនមានគណបក្សជំទាស់ដែលច្បាស់លាស់នៅក្នុងសភាទេ។ ហើយតុលាការក៏ត្រូវបានរងការចោទប្រកាន់ហ្នឹងច្រើន ថានៅក្រោមឥទ្ធិពលនយោបាយជាដើមនោះ»។
គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភា ៥៨ រូបក្នុងចំណោម ៦២ រូប នឹងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល និងជាសម្ងាត់។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រ ក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ នេះបើយោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបោះពុម្ពផ្សាយឆ្នាំ ២០២៣ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕