មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អតីត​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្តល់​សេវា​ពេទ្យ​ខុស​ច្បាប់

រូបឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ពន្យល់ពី​មូលហេតុ​ដែល​មិនចូល​រួម​ប្រជុំ​រដ្ឋសភា នៅទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ នា​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។​

នៅ​ថ្ងៃ​សុក្រ​នេះ​ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ចាប់​ឃុំ​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​​ដោយ​សង្ស័យ​ថា​ ​សកម្មជន​នយោបាយ​រូប​នោះ​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​ខាង​សុខាភិបាល។

លោក ​ប៉ុល​ ទិត្យ​ធានី ​អាយុ​៤៩​ឆ្នាំ​ ត្រូវ​ចាប់​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្នុង​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់​ឆ្នាំង​ ក្រោម​បទ​ចោទ​ថា​ លោក​ធ្វើ​សកម្ម​ភាព​ផ្តល់​សេវា​សុខាភិបាល​ខុសច្បាប់។ ​ នេះ​បើ​យោង​តាម​កា​របញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សមាជិក​គ្រួសារ​របស់​លោក។​

អតីត​ហិរញ្ញិក​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ​ត្រូវ​ចាប់​ឃាត់​ខ្លួន​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​ស្រប​ពេល​ដែល​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​បាន​កោះ​ហៅ​អតីត​សកម្ម​ជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់​ចំនួន ​៣៥ ​នាក់​ឲ្យ​ចូល​បំភ្លឺ​តុលាការ​ទាក់​ទងនឹង​ការ​បំពាន​សេចក្តី​សម្រេចរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល ​រីឯ​នៅ​ខេត្ត​កំពង់​ធំ​ ​ក្រុម​នគរបាល​បាន​កោះហៅអតីត​មន្ត្រី​គណបក្ស​នេះ​យ៉ាង​ហោច​ណាស់​ចំនួន ​៣៥​ នាក់​ផង​ដែរ។​

លោក​ប៉ុល ទិត្យធានី ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ចចាប់​ខ្លួន​នៅ​ឯ​កន្លែង​លក់​ដូរ​របស់​ភរិយា​លោកក្នុង​ផ្សារ​តាជេស ​ក្នុងឃុំតាជេស ​ខេត្ត​កំពង់​ឆ្នាំង។ ​ ក្រោយ​ការចាប់​ខ្លួន​នោះ​ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់​ឆ្នាំង។​

លោក​សំ ចន្ទគា​ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​(Adhoc)​ នៅ​ខេត្ត​កំពង់ឆ្នាំង​ បាន​ប្រាប់​ VOA ​ថា​ កម្លាំង​មាន​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​លោក ​ប៉ុល ទិត្យធានី​ ដែល​ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ជួរអតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់​ឆ្នាំងនោះ​ទេ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មិន​ទាន់​សន្និដ្ឋាន​បាន​ថា​ ការ​ចាប់​ខ្លួននេះមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុ​ផល​នយោបាយ​ ឬ​យ៉ាងណា​នោះ​ទេ​ ដោយសារ​មិនទាន់​មាន​ការ​អង្កេត​ច្បាស់​លាស់។​

«ជា​ទស្សនៈ​របស់​ខ្ញុំ​ ​បើ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​គួរ​តែ​ប្តូរ​យុទ្ធសាស្ត្រ​ទៅ​វិញ​ទៅ​ ហើយ​មក​ធ្វើល្អ​ ​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​នេះ​ មាន​យុត្តិធម៌​សង្គម​ឲ្យ​បាន​ច្រើន ​បញ្ចៀស​ការ​លាប​ពណ៌​ បញ្ចៀស​ការ​រើស​អើង​ឲ្យ​ពលរដ្ឋ​ហ្នឹង​ចេះអធ្យាស្រ័យ​ ចេះ​ស្រឡាញ់គ្នា​ ចេះ​អភិវឌ្ឍរួម​គ្នា​ អភិវឌ្ឍ​អាហ្នឹង​ទើប​មាន​សន្តិសុខ​ ​សនិ្តភាព​ពិត​ប្រាកដ»។​

បណ្តាញ​ព័ត៌មាន​នានា​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ដោយ​ភ្ជាប់​ជាមួយដីកា​បញ្ជា​ឲ្យ​លោក​ ប៉ុល ទិត្យធានី ចូល​ខ្លួន។ ដីកា​នេះ​ចេញ​ដោយ​អយ្យកា​អម​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង។​

តាម​ដីកា​របស់​ព្រះ​រាជ​អាជ្ញា ​ទី មុនិន្ទ នៃសាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​ លោក​ប៉ុល ទិត្យធានី​ ត្រូវ​បាន​ចោទ​ពីបទ​រំលោភ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល។ ​ដីកា​ដដែល​បាន​តម្រូវ​ឲ្យ​លោក​ប៉ុល ទិត្យធានី​ ដែល​ជា​គ្រូ​បង្រៀន​នៅវិទ្យាល័យ​អគ្គ​ធម្មពោធិ៍​សាល​ ជា ស៊ីម ​កំពង់​ត្រឡាច ចូលខ្លួន​នៅ​ថ្ងៃ​ទី ​១៤ ខែ​មិថុនា ឆ្នាំ​ ២០១៩។​ ប៉ុន្តែ​ការ​ចាប់​ខ្លួនបាន​កើត​ឡើង​មុន​កាល​កំណត់។​

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​ឈួរ ច័ន្ទឌឿន ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​បានទេ​ នៅថ្ងៃ​សុក្រ​នេះ។​

អ្នកស្រី ​ហៃ​ ធារី​ វ័យ​៥១​ឆ្នាំ​ ភរិយាលោក​ប៉ុល ទិត្យធានី ​មាន​ប្រសាសន៍​ថា​ ​ស្វាមី​អ្នក​ស្រី​ធ្លាប់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​ពេទ្យ​យោធារយៈ​ពេល​ ១៨ ​ខែតែ​អ្នក​ស្រី​ថា ​មុខរ​បរ​ពេទ្យ​នេះមិនមែន​ជា​អាជីព​សំខាន់​របស់​ស្វាមី​អ្នកស្រី​នោះទេ។​

អ្នក​ស្រី​មិន​ទាន់ដឹង​ពី​មូល​ហេតុ​ផ្សេង​ទៀត​នៃ​ការ​ចាប់​ខ្លួន​ស្វាមី​អ្នកស្រីទេ​ គឺគ្រាន់​តែ​ដឹងថា​ ​មាន​ការ​ចោទ​ប្រកាន់​ថា​ ស្វាមី​អ្នកស្រីបាន​រំលោភ​លើ​ការ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល។ ​យ៉ាង​ណា​ក្តី​ ​ក្រោយ​ការ​ចាប់ឃុំខ្លួន​ស្វាមី​អ្នកស្រី ​ អ្នកស្រី​ត្រូវ​បាន​មន្ត្រី​តុលាការ​ និង​ប៉ូលិសប្រាប់ថា​ ស្វាមី​អ្នកស្រីមិន​ចេះ​ឱន​លំទោន​ក្នុង​នយោបាយ។​

«គេ​និយាយ​ចោទ​យើង​ថា​ យើង​នឹង​ធ្វើ​នយោបាយ​ ចង់​និយាយ​ថា​ ​ យើង​នឹង​មិន​ឲ្យ​លំទោន​ជាមួយ​គេ»។​

អ្នកស្រី​ហៃ​ ធារី បាន​ឲ្យដឹង​ទៀត​ថា មុនពេល​ដែល​ស្វាមីអ្នកស្រី​ត្រូវ​ចាប់ខ្លួន​នោះ​ ​ ស្វាមី​អ្នកស្រី​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង​ជាច្រើន​ដងមក​ហើយ​ ដើម្បី​ចូលរួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច។​

លោក​កែវ ថៃ​ អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង ​លើក​ឡើង​ថា​ ​ ការ​ចាប់​ខ្លួន​លោក​ប៉ុល ​ទិត្យធានី ​នេះ​បាន​ធ្វើ​ឲ្យអ​តីត​មន្ត្រី​សំខាន់មួយ​ចំនួន​ទៀត​របស់​គណបក្ស​ប្រឆាំង​នៅខេត្ត​កំពង់​ឆ្នាំង​ មាន​ការ​ភិតភ័យ​ ហើយ​សូម្បីតែ​ខ្លួន​លោក​ផ្ទាល់​ក៏អាច​ក្លាយ​ជា​គោល​ដៅ​នៃការ​ចាប់​ខ្លួន​បន្ទាប់​ទៀត​ដែរ៕