ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR បានទទូចនៅថ្ងៃសុក្រនេះ ឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការដាក់គោលដៅនិងការវាយប្រហារសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងស៊ើបអង្កេតជាបន្ទាន់លើការស្លាប់របស់អតីតសមាជិកគណបក្សប្រឆាំងនេះក្នុងពន្ធនាគារ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ លោក Charles Santiago ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមសមាជិកសភាអាស៊ាន និងជាតំណាងរាស្ត្ររបស់ប្រទេសម៉ាឡេស៊ី បានសរសេរថា «ការយាយីយ៉ាងរីករាលដាលលើគណបក្សប្រឆាំងនៅប្រទេសកម្ពុជាត្រូវតែបញ្ឈប់ជាបន្ទាន់»។
ការទទូចសុំរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សធ្វើឡើង ចំពេលដែលសាលាដំបូងខេត្តបាត់ដំបងបានចេញដីកាកោះហៅ ក្រុមអតីតចៅសង្កាត់ ចៅសង្កាត់រងនិងក្រុមប្រឹក្សាខេត្តក្រុងបាត់ដំបងរបស់គណបក្សសង្គ្រោះជាតិចំនួន ២៦ នាក់ ឲ្យចូលបំភ្លឺដោយសង្ស័យថា ពួកគេបានបំពានលើសាលដីកាតុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១៧។
រហូតមកដល់ពេលនេះ មានសមាជិកគណបក្សប្រឆាំងចំនួន ១១ នាក់ ដែលជាអតីតមេឃុំ ចៅសង្កាត់ ចៅសង្កាត់រង និងក្រុមប្រឹក្សាខេត្តក្រុងបាត់ដំបង បានចូលទៅបំភ្លឺនៅតុលាការ។
លោកបន្តទៀតថា៖ «....ការបន្តវាយប្រហារលើគណបក្សប្រឆាំងបង្ហាញថា រដ្ឋាភិបាលមិនចាប់អារម្មណ៍លើការសន្ទនាប្រកបដោយអត្ថន័យនោះទេ។ ប៉ុន្តែ(គណបក្សនេះ) បារម្ភអំពីការពង្រឹងអំណាចរបស់ខ្លួន»។
ក្រុមតំណាងរាស្ត្រដែលមានមូលដ្ឋានក្នុងទីក្រុង ហ្សាការតា បានរៀបរាប់ថា រដ្ឋាភិបាលខ្មែរបាន «បង្កើនការបង្រ្កាបផ្នែកនយោបាយចាប់តាំងពីលោកសម រង្ស៊ី ប្រកាសវិលត្រឡប់ចូលកម្ពុជាវិញនៅឆ្នាំ ២០១៩។ ករណីអតីតភ្នាក់ងារអតីតគណបក្សសង្គ្រោះជាតិដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងក្នុងខេត្តកំពង់ចាមដ៏គួរឲ្យសង្ស័យដោយពុំមានដីកាចាប់ខ្លួន។ បន្ថែមពីនោះការបង្រ្កាបខាងនយោបាយដែលរួមមាន ការយាយី ការចាប់ខ្លួនដោយខុសច្បាប់ ការវាយប្រហារលើរាងកាយ ហើយមានរបាយការណ៍អំពីការធ្វើទារុណកម្ម។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានផ្តល់ការពន្យល់បន្ថែមថា ការកើនឡើងជាថ្មីនៃគំនាបលើក្រុមសមាជិកបក្សជំទាស់កើតមានឡើង គ្រាដែលនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកាសជាសាធារណៈ ពីគោលបំណងរបស់លោកដើម្បី«បំផ្លាញ» ក្រុមប្រឆាំង។
VOA មិនទាន់អាចទាក់ទងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទេ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែលោកបានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការកោះហៅអតីតសមាជិកគណបក្សប្រឆាំងខាងលើគឺជាការពង្រឹងនីតិរដ្ឋ។
«សកម្មភាពថ្មីៗនេះ គឺក្នុងការពង្រឹងនីតិរដ្ឋ នៅលើលោកនេះ គ្មាននរណាមួយដែលមានអំណាច ប្រឆាំងនឹងសាលដីកា របស់តុលាការនោះទេ គឺគេចាត់វិធានការ ទៅតាមផ្លូវច្បាប់នៃនីតិរដ្ឋនេះឯង»។
ការអធិប្បាយរបស់លោកយ៉ាងដូច្នេះគឺសំដៅដល់ការអធិប្បាយរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានបង្ហាញការបារម្ភស្រដៀងគ្នា នឹងក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ចំពោះវិធានការចុងក្រោយរបស់តុលាការខេត្តបាត់ដំបងមកលើក្រុមអតីតមន្ត្រីគណបក្សប្រឆាំងជាង ២០ នាក់នោះ។
កាលពីថ្ងៃពុធ អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក Human Rights Watch ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីអតីតសមាជិកគណបក្សប្រឆាំងតាមផ្លូវតុលាការ«ជាបន្ទាន់» និង«បញ្ចប់យុទ្ធនាការធ្វើទុក្ខបុកម្នេញប្រឆាំងនឹង(អតីត)គណបក្សសង្គ្រោះជាតិ» ព្រមទាំងទម្លាក់ចោលសំណុំរឿងប្រឆាំងសកម្មជននយោបាយបក្សប្រឆាំងក្នុងតុលាការ៕