ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស ខេង អះអាងពីជោគជ័យលើ«ក្រុមឧទ្ទាមក្រៅច្បាប់ដើម្បីការពាររដ្ឋាភិបាល»


រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)

ស្របពេលដែលតុលាការខេត្តបាត់ដំបងកំពុងដំណើរការសាកសួរអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិជិត២០នាក់ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអបអរសាទរជោគជ័យរបស់ក្រុមនគរបាល។ ក្រុមនគរបាលដែលលោកអះអាងថាបានបង្ក្រាបក្រុមចលនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តពណ៌។

លោក​ស ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ​បាន​ប្រកាស​នៅថ្ងៃ​ព្រហស្បតិ៍នេះថា​ ​កងកម្លាំង​នគរបាល​ បាន​សម្រេច​ជោគជ័យ​ ក្នុងការបង្ក្រាប​ក្រុម​ជន​ ដែល​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​។

លោក​ស ខេង​ ​ដែល​បាន​ហៅក្រុម​នោះថា​ជា«ក្រុម​ឧទ្ទាម​ក្រៅច្បាប់»មិនបាន​និយាយចំៗ​ឈ្មោះថា​ក្រុមនោះ​ជា​ក្រុម​ណា​មួយ​ឡើយ។​ តែ​បើ​តាម​ក្រុម​អ្នក​តាមដាន​នយោបាយ​ លោកស ខេង​ ទំនង​ជា​សំដៅដល់​ក្រុមសមាជិកអតីតគណបក្ស​សង្គ្រោះជាតិ​។

ថ្លែងក្នុងពិធី​ប្រារព្ធខួប​បង្កើត​នគរបាល​ជាតិ​កម្ពុជា​លើក​ទី​ ៧៤​ លោករដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​កោត​សរសើរ​ដល់​កង​កម្លាំង​នគរបាល ​ដែល​បាន​«បង្រ្កាប​បាន​ជោគជ័យ»​លើ​កង​កម្លាំង​ដែល​លោក​ហៅថា​ជា​កម្លាំង​ឧទ្ទាម​ក្រៅច្បាប់​នោះ។

«ខ្ញុំ​សូមសំដែង​នូវការ​កោតសរសើ និងវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល​ និងស្នាដៃ​ទាំង​ឡាយដែល​កងកម្លាំង​នគរបាល​ជាតិ​ សម្រេចបាន​នៅ​ឆ្នាំ​២០១៨​កន្លងទៅនេះ​ ពិសេស​គឺការ​គ្រប់​គ្រង​និង​ដោះស្រាយ​នូវរាល់​សភាព​ការណ៍​សន្តិសុខ​ប្រ​កបដោយ​វិជ្ជា​ជីវៈ​ ដែល​បាន​ទប់​ស្កាត់​ និង​បញ្ចៀសបាននូវឧបាយកល​ សកម្មភាព​ ដែល​បង្ក​មហន្តរាយ​ដល់​សង្គម​ ដែល​ក្រុម​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​បង្ក​ឡើង​ ក្នុង​ចេតនា​ទុច្ចរិត​ ប៉ុនប៉ង​ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់»។

​ការលើក​ឡើង​របស់​លោក​ស ខេង ស្រប​ពេល​ដែល​សកម្មជនអតីត​គណបក្ស​សង្គ្រោះជាតិយ៉ាង​តិច​ចំនួន​ ៣៥ នាក់ ត្រូវ​តុលាការ​ខេត្ត​ដំបង​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺពាក់​ពន្ធ័​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភសាលដីកា​តុលាការ​កំពូល​។​ តុលាការ​កំពូល​ដែល​បានរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចោទ​ថា​ គណបក្ស​នេះ​បានឃុបឃិតជាមួយ​បរទេស​ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋា​ភិបាល។ អតីតមេដឹក​នាំ​គណបក្ស​នេះ គឺលោកកឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​។

ក្នុងពិធីប្រារព្ធ​ខួបកំណើត​នគរបាល​ជាតិកម្ពុជា​ដដែលនេះ​ នាយឧត្តមសេនីយ៍​នេត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​លើកឡើង​ពីជោគ​ជ័យ​របស់​ក្រុម​នគរ​បាល​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ «ការ​ការពារ​អធិបតេយ្យ​ភាព​ជាតិ​ ការប្រឆាំង​ចលនាបដិវត្តន៍ពណ៌​ និង​ការ​មិន​អនុញ្ញាត​ឲ្យប្រទេស​ដទៃ​ យក​ទឹកដី​ប្រទេស​កម្ពុជា​ ប្រឆាំងនឹង​ប្រទេស​មួយ​ផ្សេង​ទៀត»​។

លោក​មាស នី​ អ្នកសិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA ​ថា​ ប្រទេស​កម្ពុជា​រហូត​មកដល់​ពេល​នេះ​ គឺកំពុងស្ថិត​ក្នុង​ស្ថានភាពមួយ​ដែលគ្មាន​សង្គ្រាម​ដូចកាលពី​អតីតកាល​។ តែលោកថា​ ​ប្រជាជនមួយភាគធំ​ ពុំទាន់​មាន​សន្តិភាព​ផ្លូវចិត្តនៅ​ឡើយ​ ដោយសារ​តែ​ការរំលាយគណបក្ស​ប្រឆាំងដ៏ធំមួយ​ កាលពី​ឆ្នាំ​២០១៧​។

«រដ្ឋាភិបាល​កុំ​ឲ្យ​ភ្លេចថា​ នៅមាន​រឿង​ច្រើន​ទៀត​ ដែល​ពលរដ្ឋ​មិន​ទាន់​ មានភាព​គេហៅថាកក់ក្តៅ​ក្នុង​ចិត្តនៅឡើយ​នោះ​ គឺ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ដែល​ពលរដ្ឋ​បីលានហ្នឹង បាន​គាំទ្រ​ ហើយមិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ ដែល​ធ្វើ​ឲ្យមាន​ភាព​ គេថា​ធូរស្បើយ​មក​វិញ​ នូវភាព​តាន​តឹង​ផ្នែក​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ទាំង​ ទាំង​បីលាននាក់​ហ្នឹង​ជាង​ទេបាទ នេះ​ជារឿងមួយ​ដែល​សំខាន់​»។

អ្នកសិក្សាស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍនសង្គមរូបនេះ ​កត់សម្គាល់​ថាមិន​ទាន់​មាន​តម្រុយ​ណា​មួយ​ដែល​កម្ពុជា​មាន​ចល​នា​បដិវត្ត​ពណ៌​នោះទេ​៕

XS
SM
MD
LG