អតីតចៅសង្កាត់បួនរូប សមាជិកក្រុមប្រឹក្សាខេត្តមួយរូបនិងអតីតសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបងមួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិបានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយតបទៅអ្វីដែលជាការចោទប្រកាន់របស់តុលាការដែលសង្ស័យថា ពួកគេបានបំពានសាលដីការំលាយគណបក្សប្រឆាំងរបស់តុលាការកំពូល។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីចេញពីតុលាការថា តុលាការបានចោទសួរកញ្ញាថា តើកញ្ញាជាអ្នករៀបចំឲ្យមានការជួបជុំក្នុងគោលបំណងគាំទ្រការចាត់តាំងលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះដែរឬទេ។ ហើយសំណួរមួយទៀត តុលាការបានចោទថា តើកញ្ញាបានញុះញង់ឲ្យប្រឆាំងនឹងសាលដីការរបស់តុលាការកំពូលឲ្យរំលាយគណបក្សសង្គ្រោះជាតិឬទេ។ កញ្ញាថ្លែងថា៖
«ខ្ញុំបានបញ្ជាក់ថា ខ្ញុំមិនមែនបានកោះហៅអតីតគណបក្សសង្គ្រោះជាតិមកជួបជុំទេ។ ខ្ញុំជាម្ចាស់ហាង។ អញ្ចឹងហាងរបស់ខ្ញុំ គ្រប់និន្នាការនយោបាយទាំងអស់គឺស្វាគមន៍ទាំងអស់ សម្រាប់ភ្ញៀវទាំងអស់ដែលចូលមកទទួលទានអាហារជាមួយគ្នា»។
អតីតមន្ត្រីនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិសរុបចំនួន២៥រូបបានស្ថិតក្នុងបញ្ជីដីកាកោះរបស់សាលាដំបូងខេត្តបាត់ដំបង ឲ្យចូលបំភ្លឺពីបទជាប់សង្ស័យថា ពួកគេបានប្រឆាំងនិងបំពានសាលដីកាសម្រេចរំលាយអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះត្រូវរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
តុលាការខេត្តបាត់ដំបងនឹងត្រូវសាកសួរសកម្មជនទាំងនេះក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីថ្ងៃទី៨ដល់ថ្ងៃទី២១ខែឧសភា។
ចាប់តាំងពីថ្ងៃពុធម្សិលមិញមកមានសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១រូបហើយបានចូលបំភ្លឺតុលាការខេត្តបាត់ដំបង។
អតីតមន្ត្រី និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន ០៦នាក់ បានចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់បំដងនៅថ្ងៃព្រហស្បតិ៍នេះ។ ការចូលបំភ្លឺនេះធ្វើឡើង បន្ទាប់ពីតុលាការខេត្តបាត់ដំបងបានកោះហៅអតីតមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិយ៉ាងតិចចំនួន ២៥នាក់ ដោយសង្ស័យថា ពាក់ព័ន្ធនឹងការបំពានសាលដីការំលាយគណបក្សប្រឆាំងរបស់តុលាការកំពូល។
លោក ខាន់ ប៊ុនផេង អតីតចៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងរបស់អតីតគណបក្សសង្គ្រោះជាតិបានចូលបំភ្លឺតុលាការនៅថ្ងៃនេះដែរដោយមានការសួរដេញដោយអស់រយៈពេលប្រមាណមួយម៉ោង៖
«ហើយមួយទៀតគេសួរយើងថា តើយើងធ្លាប់បានសួរសន្និសីទកាសែត ចេញសេចក្តីថ្លែងការណ៍ស្អីនេះដែរទេ ជួបជុំគ្នានៅផ្ទះរ៉ូហ្សេត ហាងរ៉ូហ្សេតហ្នឹង។ ខ្ញុំថា ទេខ្ញុំអត់ដែរបានធ្វើសន្និសីទកាសែតអីទេគ្រាន់ថា ការជួបជុំស្គាល់គ្នាអីការរាប់អានគ្នា ជារឿងធម្មតា ជាមនោសញ្ចេតនា ក្នុងការពីមុនមកជាអ្នករាប់អាន អតីតរួមការងារពីមុនមកអីអញ្ចឹងណា»។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលនៃអង្គការលីកាដូ (Licadho) នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលបានតាមឃ្លាំមើលដំណើរការតុលាការ បានលើកឡើងថា តុលាការបានចោទសួរដេញដោលចំពោះអ្វីដែលជាការ «ប្រើប្រាស់សេរីភាពជួបជុំគ្នា សម្តែងគំនិតនយោបាយ» របស់ក្រុមសកម្មជនបក្សប្រឆាំង។
លោកបន្ថែមថា៖ «ប៉ុន្តែពួកគាត់មិនបានធ្វើអ្វីដែលបង្កើតឲ្យមានភាពវឹកវរអីទេ។ អញ្ចឹងយើងចង់ឲ្យតុលាការហ្នឹងត្រូវពិនិត្យពីអង្គហេតុឲ្យបានច្បាស់លាស់»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកស្រី ទៀង សំបូរ ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងលោក សេង ផានិត ព្រះរាជអាជ្ញារងតុលាការដំបូងខេត្តបាត់ដំបងបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីថ្ងៃពុធម្សិលមិញនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក Human Rights Watch បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា «បញ្ចប់ជាបន្ទាន់យុទ្ធនាការធ្វើទុក្ខបុកម្នេញប្រឆាំងនឹង (អតីត) គណបក្សសង្គ្រោះជាតិ» ហើយទម្លាក់ចោលការចោទប្រកាន់នានាលើសកម្មជននយោបាយនៃអតីតគណបក្សនេះទាំង២៥រូបនៅខេត្តបាត់ដំបង៕