អង្គការ​សហប្រជាជាតិ​ថា ជនភៀសខ្លួន​ ១ លាន​នាក់ ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​អ៊ុយក្រែន

ជនភៀសខ្លួនពីប្រទេសអ៊ុយក្រែនបង្ហាញលិខិតឆ្លងដែន ដើម្បីធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ នៅស្ថានីយ៍រថភ្លើង Przemysl ក្នុងប្រទេសប៉ូឡូញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២។

ជនភៀសខ្លួន​ប្រមាណ​មួយ​លាន​នាក់ បាន​រត់ភៀស​ខ្លួន​ចេញពី​ប្រទេស​អ៊ុយក្រែន​ក្នុង​ពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ​ចាប់តាំង​ពីមាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក។ នេះ​បើ​តាម​ការឲ្យ​ដឹង​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា ប្រសិន​បើ​ជម្លោះ​នេះ​មិន​ត្រូវ​បាន​បញ្ចប់​ឲ្យ​ឆាប់ៗ​នោះ​ទេ នោះ​ជនភៀសខ្លួន​រាប់​លាន​នាក់​ទៀត ទំនង​នឹង​រត់​គេច​ខ្លួន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធាន​ទទួល​បន្ទុក​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​លោក Filippo Grandi បាន​បង្ហោះ​សារ​តាម Twitter ថា៖ «គ្រាន់​តែរយៈពេល​៧ ថ្ងៃ​ប៉ុណ្ណោះ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ចំនួន​ជនភៀសខ្លួន ១ លាន​នាក់​ មកពី​ប្រទេស​អ៊ុយក្រែន​រត់​ទៅ​កាន់​បណ្តា​ប្រទេស​ជិត​ខាង» របស់ខ្លួន។

លោក Grandi បាន​ព្រមាន​ថា៖ « ប្រសិន​បើ​មិន​មាន​ការ​បញ្ចប់​ជម្លោះ​ជា​បន្ទាន់នោះ​ទេ មនុស្ស​រាប់​លាន​នាក់​ទៀតទំនងជា​ត្រូវ​បង្ខំចិត្ត​ដើម្បី​រត់​គេច​ចេញ​ពី​ប្រទេស​អ៊ុយក្រែន»។

តាម​ទិន្នន័យ​ថ្មីៗ​នេះ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​ប្រាប់​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​ណេះ ជនភៀសខ្លួន ១.០០២.៨៦០ នាក់ បាន​រត់គេច​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចាប់ផ្តើម​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំទៅ​លើ​ប្រទេស​អ៊ុយក្រែន​ចាប់តាំងពីថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។

មនុស្សកំពុងគេចខ្លួននៅស្ថានីយ៍រថភ្លើងក្រោមដីដើម្បីទទួលបានសុវត្ថិភាព នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២។




លោក Grandi បាន​និយាយ​ទៀត​ថា ចំនួន​ជនភៀសខ្លួន​នោះ បាន​កើនឡើង​ក្នុង​សន្ទុះ​មិន​គួរ​ឲ្យ​ជឿ។

លោក Grandi បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ធ្វើការ​ក្នុង​ស្ថានភាព​គ្រាអាសន្ន​របស់​ជន​ភៀស​ខ្លួន​អស់​រយៈពេល​ជិត ៤០ ឆ្នាំ ហើយ​ខ្ញុំ​កម្រ​បាន​ឃើញ​ជនភៀសខ្លួន​កើនឡើង​យ៉ាង​ឆាប់​រហ័ស​ដូចនេះ​ណាស់»។

ជាង​ពាក់​កណ្តាល​នៃ​ជនភៀស​ខ្លួន​ទាំង​នោះ​ដែល​បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស​អ៊ុយក្រែន បាន​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​ប៉ូឡូញ​ដែល​ជា​ប្រទេស​ជិត​ខាង។ ប្រទេស​ហុងហ្គារី ម៉ុលដាវី​និង​ស្លូវ៉ាគី ក៏បាន​ស្វាគមន៍​ជនភៀសខ្លួន​ដ៏​ច្រើន​ផងដែរ។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​និយាយ​ថា មនុស្ស​ជាង ៥០៥.៥០០ នាក់​ បាន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ក្នុង​មួយ​សប្តាហ៍​កន្លងមក​នេះ។ ឆ្មាំ​ការពារ​ព្រំដែន​របស់​ប៉ូឡូញ បាន​កំណត់តួលេខ​នោះ​ជាង ៥៧៥.០០០ នាក់​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មនុស្ស​ជាង ៩៥.០០០ នាក់​បាន​ឆ្លង​ព្រំដែន​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ។

មនុស្ស​រាប់​មិន​អស់​ផ្សេងទៀត កំពុង​គ្មាន​ទី​ជម្រក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។

លោក Grandi និយាយ​ទៀត​ថា បុគ្គលិក​របស់ UNHCR និង​អង្គការ​មនុស្សធម៌​ផ្សេង​ទៀត​កំពុង​ធ្វើការ​នៅ​ទីកន្លែង​ដែល​ពួកគេអាច​ធ្វើ​បាន​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គួរ​ឲ្យភ័យខ្លាចមួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕