ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​រុស្ស៊ី​ចូល​កំពង់ផែ​យុទ្ធសាស្ត្រ Kherson របស់​អ៊ុយក្រែន


រូបភាពដកស្រង់ចេញពីវីដេអូដែលសារព័ត៌មាន Reuters ទទួលបាននៅថ្ងៃទី ២ ខែមីនា បង្ហាញរថយន្តយោធានិងរថក្រោះចតនៅលើផ្លូវមួយក្នុងក្រុង Kherson នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។
រូបភាពដកស្រង់ចេញពីវីដេអូដែលសារព័ត៌មាន Reuters ទទួលបាននៅថ្ងៃទី ២ ខែមីនា បង្ហាញរថយន្តយោធានិងរថក្រោះចតនៅលើផ្លូវមួយក្នុងក្រុង Kherson នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។

កងទ័ព​រុស្ស៊ី បាន​ស្ថិត​នៅ​កណ្តាល​ទីក្រុង​កំពង់ផែ​យុទ្ធសាស្ត្រ Kherson របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​ការ​អះអាង​ខុស​គ្នា​ដែល​ថា តើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ពិតជា​បាន​កាន់កាប់​ទីក្រុង​ដ៏​សំខាន់​មួយ​នេះ​ជា​លើក​ដំបូងឬ​យ៉ាង​ណា​នៅក្នុង​ការ​ឈ្លានពាន​របស់ខ្លួន​អស់​រយៈពេល​៨ ​ថ្ងៃ​នោះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រួតត្រា​ទីក្រុង Kherson កាលពី​ថ្ងៃ​ពុធម្សិល​មិញ ក៏ប៉ុន្តែទីប្រឹក្សាម្នាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​ឆ្លើយតប​វិញ​ថា កងទ័ព​អ៊ុយក្រែន បាន​បន្ត​ការពារ​ទីក្រុងកំពង់ផែនៅ​សមុទ្រ​ខ្មៅ​មួយ​នេះ​ដែល​មាន​ពលរដ្ឋរស់​នៅ​ប្រមាណ ២ សែន ៥ ម៉ឺន​នាក់។

គណៈប្រតិភូ​អ៊ុយក្រែន បាន​ចាកចេញពី​ប្រទេស​របស់​ខ្លួន​ដើម្បីទៅ​ចូលរួមកិច្ចចរចា​លើក​ទី ២ ជាមួយ​មន្ត្រី​រុស្ស៊ី​អំពី​បទ​ឈប់បាញ់​គ្នា។ នេះ​បើតាម​លោក Mykhailo Podolyak ដែល​ជា​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កងទ័ព​រុស្ស៊ី នៅ​មិន​ទាន់ផ្តួលរំលំ​រដ្ឋាភិបាល​ក្រុង​កៀវ​នៅឡើយ​ទេ​រហូត​មកទល់​ពេល​នេះ ប៉ុន្តែ​មាន​សេចក្តី​រាយការណ៍​ថា កងទ័ព​រុស្សី​រាប់ពាន់​នាក់​បាន​ស្លាប់ឬ​រង​របួស​ ហើយ​មនុស្ស​ប្រមាណ​ជាង ១ លាន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយក្រែន​នៅពេល​ដែល​មាន​ការវាយ​ប្រហារដ៍​ធំ​បំផុត​ទៅលើ​ប្រទេស​មួយ​ក្នុងទ្វីបអឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ ​១៩៤៥ មក។

នៅក្នុង​ទីប្រជុំជន Borodyanka ដែល​មាន​ចម្ងាយ​ប្រមាណ ៥៨ គីឡូម៉ែត្រ ភាគ​ពាយ័ព្យរដ្ឋធានី​កៀវ ពលរដ្ឋ​អ៊ុយក្រែន​ម្នាក់ បាន​និយាយអំពី​ការ​តស៊ូប្រឆាំង​នឹង​សត្រូវ​រុស្ស៊ី ខណៈពេល​ដែល​រូបភាព​តាម​ទូរទស្សន៍ Reuters បាន​បង្ហាញ​ពី​អគារ​ខូចខាត ភ្លើង​ឆេះ​នៅ​តាមដង​ផ្លូវ​និង​រថយន្ត​កងទ័ព​ជា​ច្រើន​គ្រឿងត្រូវ​បាន​បំផ្លាញ។

ក្រសួង​ការ​បរទេស​អាមេរិក បាន​អំពាវនាវ​ដល់ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​រដ្ឋាភិបាល​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្ហូរឈាម​នេះ​និង​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​អ៊ុយក្រែន។

ចំណែក​រុស្សី​វិញ​បាន​ហៅ​សកម្មភាព​របស់ខ្លួន​ថា ជា​ប្រតិបត្តិការ​ពិសេស​មួយ​ដែលធ្វើ​ឡើង​មិន​មែន​ដើម្បី​ចូល​គ្រប់គ្រងទឹកដី​អ៊ុយក្រែន​នោះ​ឡើយ​ប៉ុន្តែ​គឺ​ដើម្បី​បំផ្លាញ​នូវ​សមត្ថភាព​យោ ធា​របស់​អ៊ុយក្រែន​និង​ចាប់ខ្លួន​ក្រុម​អ្នក​ជាតិ​និយម​អ៊ុយក្រែន​ដែល​រុស្សី​ចាត់​ទុក​ថា ជា​អ្នកបង្កគ្រោះថ្នាក់។

ដោយ​ឡែក ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ១៤១ ប្រទេស​ក្នុង​ចំណោម​សមាជិក ១៩៣ ប្រទេស​បានបោះ​ឆ្នោតគាំទ្រ​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដោយ​ថ្កោល​ទោស​ទៅ​លើរដ្ឋាភិបាល​ទីក្រុង​មូស្គូ​ដែល​នេះ​ជាសញ្ញានៃ​ភាព​ជោគជ័យ​មួយ​របស់​អ៊ុយក្រែន​ក្នុង​ការ​បង្កើន​នូវភាព​ឯកោ​របស់​រុស្សី​នៅ​លើ​ឆាក​អន្តរជាតិ៕

XS
SM
MD
LG