ទោះបីមានកំណើនចំនួនសមាជិកាសភាជាតិនៅក្នុងពិភពលោកក៏ពិតមែន តែ សមភាពខាងភេទ ឬយែន័រមិនទាន់មាននៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយក៏មានការប្រែប្រួលច្រើនគួរសមដែរ។ កាលពីឆ្នាំ១៩៩៥ ប្រទេសដែលមានសមាជិកាសភាច្រើនជាងគេគឺប្រទេសស៊ុតអែត បន្ទាប់មកក៏មានប្រទេសនានាក្នុងតំបន់ Nordic និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
នៅឆ្នាំនេះ ប្រទេសរវ៉ាន់ដា មានសមាជិកាសភាជាង៦០ភារគ ដោយឈ្នះប្រទេសចំនួន១៧១ទៀតសម្រាប់លំដាប់ថ្នាក់ទីមួយ។ បន្ទាប់មកមានប្រទេសគុយបា បូឡេវី និងប្រទេសអេមីរាតអារ៉ាប់រួម។ ប្រទេសស៊ុយអេតកធ្លាក់ចុះដែរគឺដល់លំដាប់ទី៧។
សហភាពអន្តរសភាបានរកឃើញថា ប្រទេសនានានៅក្នុងទ្វីបអាមេរិកបានធ្វើឱ្យមានការជឿនលឿនខ្លាំងបំផុតខាងភាពតំណាងរបស់ស្ត្រីនៅក្នុងសភា។ បន្ទាប់មកមានទ្វីបអឺរ៉ុប តំបន់សាហារ៉ាខាងត្បូង ភូមិភាគមជ្ឈិមបូព៌ា និងប៉ែកខាងជើងនៃទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ តំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលឋិតក្នុងលំដាប់ទាបបំផុត ជាតំបន់តែមួយគត់ដែលនៅទីនោះសភាខ្លះគ្មានសមាជិកាទេ។
លោក Martin Chungong អគ្គលេខាធិការសហភាពសភា IPU និយាយថា មានសមាជិកាសភាច្រើននៅក្នុងសភាប្រទេសខ្លះ ដោយសារប្រទេសទាំងនោះអនុវត្តប្រព័ន្ធផ្ដល់កូតា សម្រាប់ភាពតំណាងរបស់ពួកសមាជិកាសភាទាំងនោះ។
លោកថ្លែងថា៖ «នៅក្នុងប្រទេសទាំងឡាយណាដែលផ្ដល់កូតាដែលប្រើនៅក្នុងដំណើរការបោះឆ្នោត យើងឃើញមានកំណើនភាពតំណាងរបស់ស្ត្រី បើប្រៀបធៀបជាមួយបណ្តាប្រទេសដែលគ្មានប្រព័ន្ធផ្ដល់កូតា។ ដូច្នេះយើងបន្តគូសបញ្ជាក់លើសេចក្តីត្រូវការឱ្យមានកូតា ដោយដាក់ក្នុងច្បាប់ដើម្បីឱ្យមានសមភាពយែនឌ័រ»។
លោក Chungong និយាយប្រាប់វីអូអេថា ស្ថិតិបង្ហាញថា ការចូលរួមច្រើនរបស់ស្ត្រីក្នុងសភានាំឱ្យមានច្បាប់ដែលរៀបចំល្អជាងមុន និងត្រូវអនុវត្តប្រសើរជាងមុនខាងសមភាពយែនឌ័រ។
លោកថា៖ «មានលទ្ធភាពច្រើនជាងមុនក្នុងការដោះស្រាយបញ្ហាទាំងនោះដែលមានលក្ខណៈពិសេសសម្រាប់ស្ត្រី ដូចជាសុខភាពនៅពេលមានផ្ទៃពោះ សុខភាពទារកទើបកើត និងសុខភាពកុមារគួរមាននៅលើរបៀបវារៈ។ ក្រៅពីនេះមានការចូលរួមរបស់ស្ត្រីក្នុងនយោបាយ អំពើហិង្សាលើស្ត្រីនិងការនិយមខាងយែនឌ័រ។ បញ្ហាទាំងអស់នេះជាបញ្ហាសំខាន់ៗនៅខាងមុខនៅពេលមានការចូលរួមរបស់ស្ត្រីច្រើននាក់ក្នុងសភា»។
លោក Chungong និយាយថា លោកមានជំនឿថា ចលនា Me Too អាចជួយបង្កើនភាពតំណាងខាងនយោបាយរបស់ស្ត្រី។ លោកថ្លែងថា ចលនានេះប្រឈមដោយផ្ទាល់នឹងការនិយមខាងយែនឌ័រ ការយាយីខាងយែនឌ័រ និងអំពើហិង្សាផ្អែកលើភេទ ដែលរារាំងស្ត្រីមិនឱ្យឈរឈ្មោះបោះឆ្នោត និងទទួលជ័យជំនះក្នុងការបោះឆ្នោត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ