កោះតៃ​វ៉ា​ន់​បាត់​បង់​សម្ព័ន្ធ​មិត្ត​មួយ​ទៀត​នៅ​ទ្វីបអាហ្វ្រិក

រដ្ឋ​មន្ត្រី​ការបរទេស​ប្រទេសបួគីណាហ្វាសូ Alpha Barry និ​ង​លោក Wang Yi រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន ចុះ​ហត្ថលេខា​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ២០១៨។

​ពីរ​ថ្ងៃ​បន្ទាប់​ពី​កាត់​ផ្តាច់​ចំណង​ទាក់​ទង​ជាមួយ​កោះ​តៃវ៉ាន់ ​ប្រទេស​បួគីណាហ្វាសូ (Burkina Faso) ​បាន​បង្កើត​ទំនាក់​ទំនង​ខាង​ការទូត​ឡើង​វិញ​ជាមួយ​ប្រទេស​ចិន​នៅ​ឯពិធី​ចុះ​ហត្ថលេខា​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សៅរ៍។

ការ​សម្រេច​របស់​ប្រទេស​នេះ​ដើម្បី​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់បាន​ធ្វើ​កោះ​នៅ​តំបន់​អាស៊ី​មួយ​នេះ​មាន​ចំណង​ទាក់​ទង​ខាង​ការទូត​ជាមួយ​ប្រ​ទេស​តែ​មួយ​គត់​នៅ​ទ្វីប​អាហ្វ្រិក។​កោះ​តៃវ៉ាន់​កំពុង​បាត់​បង់​ការគាំទ្រ​របស់​ខ្លួន​នៅ​ទ្វី​បអាហ្វ្រិក។

លោក​ Guive Khan-Mohammmad ​ជា​អ្នក​ស្រាវ​ជ្រាវជាន់​ខ្ពស់​នៅ​ឯ​សាកល​វិទ្យាល័យ​ហ្សឺណែវ​ក្នុង​ប្រទេស​ស្វីស​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា​ «​ប្រទេស​បួគីណាហ្វាសូ មាន​ការ​ទាក់​ទិន​ខាង​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​ចិន ​មិនមែន​កោះ​តៃ​វ៉ាន់​ទេ‍»។

​លោក​ Lu Kang ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា «យើង​ស្វា​គមន៍ការ​វិល​ត្រឡប់​របស់​ប្រទេស​បួគីណាហ្វាសូ​ មក​កាន់​ក្រុម​គ្រួសារ​ដ៏​ធំ​នៃ​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​ចិន​និង​អាហ្វ្រិក​ដែល​ផ្អែក​លើ​គោល​ការណ៍​ប្រ​ទេស​ចិន​តែ​មួយ‍»។

ក្រសួង​ការបរទេស​កោះ​តៃវ៉ាន់​បាន​ហៅ​ការ​សម្រេច​នេះ​ថា​ជា​ស្ថាន​ភាពស្រងូត​ស្រងាត់​មួយ​ដែល​ឆ្លុះ​បញ្ចាំ​ពី​ចិន​ចង់​កំចាត់​កោះ​តៃវ៉ាន់​ចេញ​ពី​សហគមន៍​សាកល​លោក។

នៅ​ជុំ​វិញ​ពិភពលោក ​នៅ​ពេល​ឥឡូវ​នេះ​ ​មិន​មាន​ប្រទេស​ដល់​២០​ទេដែល​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ប្រទេស​សាធារណរដ្ឋ​ដូមីនីក​ (Dominican)ក៏​បាន​ងាក​ទៅ​ស្មោះ​ស្មគ្រ​ជាមួយ​ប្រទេស​ចិន​ដីគោក​ដែរ។​ លោកKhan –Mohammad​ និយាយ​ថា​ «ដូច្នេះ ​ការណ៍​នេះ​ប្រាកដ​ជា​ឥទ្ធិ​ពល​សាកល​លោក ​ហើយ​កោះ​តៃវ៉ាន់​កំពុង​ចាញ់​នៅ​ពេល​នេះ‍»៕