បាត់ដំបង —
សហគមន៍នេសាទមួយនៅក្នុងខេត្តបាត់ដំបងនិយាយថា បទល្មើសនេសាទកាន់តែកើនឡើង និងទំនងជាមិនអាចបំបាត់បានទេ ដោយសារមានការឃុបឃិតគ្នារវាងជនល្មើសនិងអាជ្ញាធរពាក់ព័ន្ធ។
អ្នកនេសាទជាច្រើននៅក្នុងភូមិអណ្តែតទឹកមួយនៅលើដៃបឹងទន្លេសាបនេះ និយាយថា ពួកគេរកត្រីមិនបានទេនៅឆ្នាំនេះ។
លោកឡន រឹមគឺជាអ្នកនេសាទម្នាក់ដែលប្រើប្រាស់លបដើម្បីចាប់ត្រី នៅក្នុងភូមិកន្ត្រៃ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកថ្លែងថា៖ «មិនដឹងមកពីមូលហេតុមកពីអី ឆ្នាំនេះបាត់ត្រី។ បើឆ្នាំទៅមិញមានត្រីឡើងមក តែឆ្នាំនេះ មិនឃើញមានត្រីឡើងមកសោះ»។
ទោះបីជាអ្នកនេសាទជាលក្ខណៈគ្រួសារ ដូចជាលោកឡន រឹម មិនដឹងថា ហេតុអ្វីបានជាពេលនេះមិនសូវសម្បូរត្រីក៏ដោយ ក៏ប្រជាជនដូចជាលោករឹម រំដួល ដែលមកពីសហគមន៍នេសាទឃុំព្រែកហ្លួងនៅខ្សែទឹកខាងលើ និយាយថា ពួកគេដឹងពីមូលហេតុនេះ។
លោករឹម រំដួលរួមជាមួយអ្នកភូមិជាច្រើននាក់ទៀត បានបង្កើតក្រុមល្បាតជាប្រចាំ ដើម្បីឃ្លាំមើលបទល្មើសនេសាទនៅក្នុងតំបន់នេះ។
លោកនិយាយថា គ្រួសារដែលមានលុយកាក់ច្រើនមួយចំនួននៅក្នុងសហគមន៍ខ្សែទឹកខាងក្រោម បាននឹងកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាស្បៃមងក្រឡាល្អិតដែលគេតែងហៅថា ណរ៉ាវ ជាដើម ដែលបានរាំងខ្ទប់ត្រីមិនឲ្យផ្លាស់ទីឡើងទៅតាមខ្សែទឹកខាងលើបាន។
ដើម្បីបង្ហាញថា ការអះអាងរបស់លោកគឺជាការណ៍ពិតនោះ ក្រុមរបស់លោកបានចែវទូកបន្ត ចុះទៅតំបន់ព្រៃលិចទឹកមួយដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិរបស់លោកឡន រឹម។
នៅទីនេះ ក្រុមរបស់លោករកឃើញស្បៃមងក្រឡាល្អិត ឬណរ៉ាវ ត្រូវគេដាក់ពង្រាយជាជួរប្រវែងរាប់រយម៉ែត្រ។
«អាដៃនេះ ពេលដែលត្រីឡើងពីទន្លេសាប ប៉ះអានេះ វាមិនអាចទៅណាបានទេ វារសៀរៗចូលទៅក្នុងឡុក។ កាលណាដៃបាំងច្រើនយ៉ាងដូច្នេះធ្វើឲ្យត្រីមិនអាចឡើងដល់លើបានទេ ដូច្នេះធ្វើឲ្យប៉ះពាល់ដល់ប្រជានេសាទដែលរកជាលក្ខណៈគ្រួសារ ដូចជាលប មងជាដើម។ អញ្ចឹងបញ្ហាធនធានថយចុះគឺដោយសារណរ៉ាវនេះ»។
លោករឹម រំដួលបន្តថា ការដាក់ពង្រាយឧបករណ៍នេសាទល្មើសច្បាប់ដែលមិនងាយចល័តបានបែបនេះ មិនអាចធ្វើទៅបានទេ បើគ្មានការឃុបឃិតណាមួយជាមួយអាជ្ញាធរពាក់ព័ន្ធនោះ។
«អានេះ ប្រហែលជាទ្រទ្រង់តូចផង មិនដល់មធ្យមទេ។ បើទ្រង់ទ្រាយធំ អាចដល់២ទៅ៣គីឡូម៉ែត្រ ហើយត្រូវចំណាយលុយច្រើនដល់រាប់ម៉ឺនដុល្លារឯណោះ។ អញ្ចឹងខ្ញុំគិតថា បើសិនជាគ្មានការត្រូវរ៉ូវគ្នាទេ វាមិនហ៊ានយកលុយរាប់ម៉ឺនដុល្លារទៅចោលក្នុងព្រៃទេ។ សំខាន់ណរ៉ាវនេះអាចប្រព្រឹត្តទៅបាន លុះត្រាតែមានការចរចាត្រូវរ៉ូវគ្នាជាមួយអ្នកពាក់ព័ន្ធ អាជ្ញាធរមួយចំនួនហ្នឹង»។
ការអះអាងរបស់លោករឹម រំដូលហាក់ដូចជាមានអំណះអំណាងគាំទ្រ។
អ្នកស្រី និន សុខា ដែលជាម្ចាស់ណរ៉ាវនេះ បានទទួលស្គាល់ទាំងទឹកភ្នែករលីងរលោងថា អ្នកស្រីពិតជាធ្លាប់បានផ្តល់ប្រាក់សំណូកដល់មន្ត្រីខ្លះមែន ដើម្បីកុំឲ្យគេបំផ្លាញ ឬរឹបអូសយកឧបករណ៍នេសាទខុសច្បាប់របស់អ្នកស្រីនេះ។
«ឆ្នាំទៅម៉ិញ ខ្ញុំមិនស្គាល់គេទេ។ គេមកយកលុយ ក៏ឲ្យគេទៅ។ គេមករកកាប់ចោលដែរហ្នឹង តែខ្ញុំចេះតែលើកដៃសុំគេទៅ។ ខ្ញុំឲ្យលុយគេបួន ដប់ម៉ឺន។ ខ្ញុំមិនសូវស្គាល់ថា គេធ្វើអី ឬនៅខាងអីទេ ទាល់តែប្តីខ្ញុំបានស្គាល់ ព្រោះគាត់ធ្វើជាទាហ៊ាន»។
លោករំដួលនិយាយថា ក្រុមរបស់លោកគ្មានសិទ្ធិអំណាចក្នុងការចាប់ខ្លួនជនល្មើសឬរឹបអូសឬក៏បំផ្លាញឧបករណ៍នេសាទខុសច្បាប់ណាមួយ ដោយគ្មានវត្តមាន ឬការផ្តល់សិទ្ធិឲ្យពីសំណាក់មន្ត្រីរដ្ឋបាលជលផលខេត្តឡើយ។ ដូច្នេះក្រុមរបស់លោកអាចត្រឹមតែរាយកាណ៍អំពីករណីបទល្មើសនេសាទនេះទៅដល់ពួកគេតែប៉ុណ្ណោះ។
មន្ត្រីរដ្ឋបាលជលផលខេត្តបាត់ដំបងបានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងករណីស៊ីសំណូកណាមួយទេ ហើយនិយាយថា ពួកគេកំពុងជាប់មមាញឹកក្នុងការចុះបង្រ្កាបបទល្មើសនេសាទដែលកើនឡើងនៅទូទាំងខេត្ត។
តែទោះជាយ៉ាងនេះក្តី លោករឹម រំដួលនិយាយថា ដើម្បីលុបបំបាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធិភាពបាន អាជ្ញាធរពាក់ព័ន្ធ រួមទាំងសហគមន៍នេសាទខ្លួនឯងផ្ទាល់ មិនត្រូវប្រព្រឹត្តអំពើពុករលួយ និងស៊ីសំណូកសូកប៉ាន់នោះទេ។
«កាលណាយើងស្រឡាញ់លុយគេហើយ អាហ្នឹងទៅហើយ! ទោះបីជាសម្តេចខំស្រែកម៉ោយ៉ាងម៉ិចក៏អត់ទៅរួចដែរ»៕