ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​តំបន់​មេគង្គ​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាម​​


ប្រទេស​ កម្ពុជា ​ថៃ ​ឡាវ ​និង​វៀតណាម ​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ ទទួល​សេវា​កម្ម​ពី​ទន្លេ​មេគង្គ​និង​ផល​ប្រយោជន៍​ខ្លាំង​ជាង​គេ។
ប្រទេស​ កម្ពុជា ​ថៃ ​ឡាវ ​និង​វៀតណាម ​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ ទទួល​សេវា​កម្ម​ពី​ទន្លេ​មេគង្គ​និង​ផល​ប្រយោជន៍​ខ្លាំង​ជាង​គេ។
​វ៉ាស៊ីនតោន​៖ ក្រុម​អ្នក​ជំនាញ​ផ្នែក​បរិស្ថានបាន​ព្រមាន​ថា​ មហា​តំបន់​មេគង្គ​ដែល​មាន​ពលរដ្ឋ​ ៦០​លាន​នាក់​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាម​ដោយ​បញ្ហា​ផ្ទួនៗ​គ្នា​ដ៏​ធ្ងន់ធ្ងរ។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​រាយ​ការណ៍​ថា​ ក្រុម​អ្នក​ជំនាញ​ចង់​ឃើញ​មាន​ដំណោះ​ស្រាយ​រួមគ្នា​រវាង​ប្រទេស​ក្នុង​តំបន់​លើ​ផល​ប៉ះពាល់​ដំណាំ​កសិកម្ម​ នេសាទ​ បសុសត្វ​ និង​ជីវភាព​របស់​ពល​រដ្ឋ​ដ៏​ធ្ងន់ធ្ងរ​នេះ។ ​ក្រុមអ្នក​ជំនាញ​បាន​និយាយថា​តំបន់​ទន្លេមេគង្គ​កំពុង​ប្រឈម​មុខ​នឹងបញ្ហា​ធ្ងន់ ធ្ងរ​ជាច្រើន​ដោយសារ​អាកាស​ធាតុ​ប្រែប្រួល​និង​ការ​សង់ទំនប់​វារី​អគ្គិសនីជា​ច្រើន​ ដែល​ទំនង​ជាធ្វើឲ្យ​មាន​មហន្តរាយ​ដល់​វិស័យ​ជលផល​ ដំណាំ​កសិកម្ម​ និង​បសុសត្វជា​ដើម។​

គម្រោង​នៃ​ការ​សម្រប​សម្រួល​ទៅតាម​និង​ការ​ស៊ូ​ទ្រាំ​នៃ​ទន្លេ​មេគង្គ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ហៅថា ​Mekong Adaptation​ & ​Resilience to​ Climate Change ​( Mekong ARCC)​ ដែលផ្តល់​ថវិកាដោយ​អង្គការ​ USAID ​របស់​ស.រ.អា. ​បាន​ប្រកាស​លទ្ធផល​សង្ខេប​ជា​បឋម​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​ស្តី​អំពី​អាកាស​ធាតុ។ ​ស្ថាប័ន​នេះ​បាន​ព្យាករណ៍​ថា ​ការ​ប្រែប្រួល​អាកាស​ធាតុ​ សីតុណ្ហ​ភាព ​និង​ទឹកភ្លៀង​នឹង​ធ្វើឲ្យ​ហិនហោច​ដល់​ស្រូវ​ ពោត​ ​កាហ្វេ​ កៅស៊ូ ​ប៉ះ​ពាល់​ដល់​វិស័យ​ជល​ផល​និង​ផលិត​ភាព​បសុសត្វក្នុង​មហា​អនុតំបន់​មេគង្គ។​

លោក​អ៊ូលរីជ ​អាពែល​ (Ulrich Apel)​ អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​ធនធាន​ធម្មជាតិ ​និង​បរិស្ថាននៃ​អង្គការ​បរិស្ថាន​មួយ​ក្នុង​ប្រទេស​អាមេរិក ​Global Environment Facility ​(GEF) ​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​នៃ​ប្រទេស​ក្នុង​តំបន់​មេគង្គ។​ លោក​បាន​កត់​សម្គាល់​ពីគ្រោះ​ថ្នាក់​ដល់​មហា​អនុតំបន់​ទន្លេ​មេគង្គ​ថា៖​

«មហា​អនុ​តំបន់​មេគង្គ​គឺ​ជា​តំបន់​ដែល​មាន​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ពិភព​លោក​ទៅ​តាម​ការប្រែប្រួលអាកាស​ធាតុ​ ហើយនឹង​ផល​ប៉ះពាល់​របស់វា​ទៅ​លើ​ប្រព័ន្ធ​ផលិតភាព​ផ្នែក​កសិកម្ម​ រួមទាំង​ជល​ផល​ផង»។​

ក្រុម​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​មួយ​ចំនួន​ក្នុង​ប្រទេស​អាមេរិក​បាន​យល់​ស្រប​នឹង​ការ​រក​ឃើញ​ ហើយ​ព្រមាន​ថា​ ផល​ប៉ះពាល់​មហា​អនុតំបន់​ទន្លេ​មេគង្គ​ដ៏​ធ្ងន់​ធ្ងរ​នេះ​ មិនត្រឹម​តែ​បណ្តាល​មកពី​អាកាស​ធាតុ​ប៉ុណ្ណោះ​ទេ ​តែ​មក​ពី​គម្រោង​សាងសង​ទំនប់​ជា​ច្រើន​ក្នុង​បណ្តាប្រទេស​តាម​ដង​ទន្លេ​មេគង្គ​នេះ​ផង​ដែរ។​

លោក​ស្រី​អាវីវ៉ា អ៊ឹមហូហ្វ​ (Aviva Imhof) ​នាយិកា​អ្នក​ធ្វើ​យុទ្ធនាការ​នៃ​អង្គការ​បរិស្ថាន​មួយ​នៅ​ស.រ.អា.​ឈ្មោះ​ International Rivers ​បាន​ថ្លែង​ថា៖​

«លទ្ធផល​សម្រាប់​ពលរដ្ឋ​៦០​លាន​នាក់​ដែល​ពឹងពាក់​លើ​ទន្លេ​មេគង្គ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​អាច​ប្រឈម​នឹង​មហន្តរាយ។​ បន្ថែម​ពី​នេះ​ទៀត ​ដោយសារ​ការ​រាំង​ខ្ទប់​លំហូរ​ភក់​ល្បប់​ ទំនប់​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​រិចរិល​ដី​ដ៏​មាន​ជីរជាតិ​ក្នុង​តំបន់​ទន្លេ​មេគង្គ។​ ដី​ទាំង​នេះ​ត្រូវ​គំរាម​ដោយ​កំណើន​នៃ​ការ​ជ្រាប​ចូល​នៃ​ទឹក​ប្រៃ​រួច​ទៅ​ហើយ​ដោយ​បណ្តាល​មក​ពី​នីវូ​ទឹក​សមុទ្រ​កើន​ឡើង។​ លទ្ធផល​ឯ​ទៀត​អាច​បង្ក​មហន្តរាយ​ដល់​ភូមិសាស្ត្រ​ដំណាំ​ស្រូវ​នៃ​ប្រទេស​វៀតណាម»។​

លោក​ហ្សាច់ឆារី​ ឌុយប៊ែល ​(Zachary Dubel) ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​របស់​ស.រ.អា.​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនហៅ​ថា ​Stimson ​Center ​បាន​អះអាង​ថា​ ការ​គម្រាម​រួមគ្នា​បច្ចុប្បន្ន​នេះ​ និង​ការ​គម្រាម​ពី​ការ​ប្រែប្រួលអាកាសធាតុ​និង​ទំនប់​ជាការ​បំផ្លាញ​ដល់​ពូជត្រី ​ជា​ការ​បំផ្លិច​បំផ្លាញ​ប្រភព​ចំណូល​ដ៏​សំខាន់​និង​សន្តិសុខ​ស្បៀង​សម្រាប់​ពលរដ្ឋ ​ជាច្រើន​នៅ​តាម​ដង​ទន្លេ​ ជាពិសេស​ពល​រដ្ឋ​កម្ពុជា។​

«ទន្លេ​មេគង្គ​គឺ​ជា​កន្លែង​ផលិត​ត្រី​ទឹក​សាប​ដ៏​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​រងគ្រោះ​ដោយសារ​ការ​នេសាទ​ហួស​កម្រិត​និង​ដោយ​សារ​កំណើន​ពលរដ្ឋ​ដ៏​ឆាប់​រហ័ស ​និង​កំណើន​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទស​វត្សរ៍​ខាង​មុខ​ទៀត​នេះ»។​

ប្រទេស​ កម្ពុជា ​ថៃ ​ឡាវ ​និង​វៀតណាម ​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ ទទួល​សេវា​កម្ម​ពី​ទន្លេ​មេគង្គ​និង​ផល​ប្រយោជន៍​ខ្លាំង​ជាង​គេ។ ​ប្រទេស​ទាំង​នេះ​ចំណាយ​ថវិការាប់​លាន​ដុល្លាររ​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការ​ពារ ​អភិរក្ស​ទន្លេ​មេគង្គ។ ​តែ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា​ ក្រុម​ប្រទេស​សឹង​តែ​ទាំង​អស់​គឺ​គេ​ស្វែងរក​ដំណោះ​ស្រាយ​រួម​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើង​ដ៏​ស្មុគស្មាញ​ជា​ច្រើន។​

លោក​អាពែល​បាន​ថ្លែង​ថា​ អង្គការ ​GEF ​របស់​លោក​បាន​ផ្តល់​ជំនួយ​ចំនួន​ ៩២​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​បួន​ឆ្នាំ​ ចប់​នៅ​ឆ្នាំ​២០១៤​ដល់​ប្រទេស​ទាំង​ឡាយ​ក្នុងតំបន់​ទន្លេមេគង្គ​ដើម្បីជួយ​ដល់​គម្រោង​បី​គឺ​ការ​កាត់​បន្ថយ​ការផ្លាស់ប្តូរ​អាកាសធាតុ​ អភិរក្ស​ជីវ​ចម្រុះ​និង​ទប់ស្កាត់​ការ​បាក់ដី។​

«ខ្ញុំ​គិត​ថា​ ប្រទេស​ទាំងឡាយ​ពិត​ជា​ត្រូវ​និងត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​ឃើញ​នេះ។​

«បញ្ហានេះ​ជាអ្វី​ដែលយើង​នៅឯ​លេខាធិការដ្ឋាន​អង្គការ​GEF ​បានបញ្ជាក់​ផង​ដែរ​ហើយ​ក៏​បាន​លើក​ទឹកចិត្ត​ដល់​បណ្តាប្រទេស​នានា​ដើម្បី​បញ្ចូល​គម្រោង​ថ្នាក់ជាតិ​របស់​ពួកគេ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ថ្នាក់ជាតិ​របស់​ពួក​គេ​រួម​គ្នា​ក្នុង​កម្មវិធី​តំបន់​មួយ»។​

លោក​ឌូប៊ែល​នៃ​មជ្ឃមណ្ឌល​ Stimson ​ Center ​វិញ​បាន​ថ្លែង​ថា​ ទន្លេ​មេគង្គ​ជា​បញ្ហា​ឆ្លងដែន​ដែល​ទាមទារ​ឲ្យមាន​ដំណោះ​ស្រាយ​តាម​របៀប​ឆ្លងដែន​ឲ្យ​បាន​សមរម្យ​ស្មើ​ភាព​គ្នា។​

«ដោយសារ​ទន្លេមេគង្គ​ហូរ​កាត់​ប្រទេស​ចំនួន​ប្រាំមួយ ​ហើយ​ផ្តល់​សេវាកម្ម​យ៉ាង​ធំធេង​សម្រាប់​មនុស្ស​រាប់លាន​នាក់​ វាជា​រឿង​សំខាន់​បំផុត​ ដែល​ទន្លេ​មេគង្គ​ត្រូវ​គ្រប់គ្រង​រួមគ្នា។​ ការ​ប្រមូល​ព័ត៌មាន​ច្បាស់លាស់​និង​ចែក​រំលែក​គ្នា​គឺ​ជារឿង​សំខាន់​ណាស់។ ​តែ​វា​ជារឿង​សំខាន់​ដូច​គ្នា​ដែល​ប្រទេស​នីមួយៗ​មាន​សមត្ថភាព ​និង​ឆន្ទៈ​ក្នុង​ការ​ធ្វើឲ្យ​គោល​នយោបាយ​ស៊ី​ចង្វាក់​គ្នា​នៅតាម​ក្រសួង​នឹង​តាម​ព្រំដែន»។​

បច្ចុប្បន្ន​នេះ​រឿង​ស្មើភាព​គ្នា​និង​ចុះ​សម្រុងគ្នា​មិន​ទាន់​កើត​ឡើង​ទេ​រវាង​ប្រទេស​តាមដង​ទន្លេ​មេគង្គ​នេះ។​ ក្រុមហ៊ុន​នានា​ដែល​ធ្វើ​សំណើរ​សាងសង់​ទំនប់​នេះ​ មិនបាន​សម្រប​សម្រួល​គ្រប់គ្រាន់​ទេ។​

រឿងនេះ​ជា​បញ្ហា​មួយ​ដែរ​ដែល​ក្រុម​អ្នក​វិភាគ​មាន​ក្តីបារម្ភ​ខ្លាំង​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ បម្លាស់ទី​ត្រី​និង​ការ​បង្កើត​កូន​បសុសត្វ កសិកម្ម ​ជីវចម្រុះ ​ប្រព័ន្ធ​អេកូឡូស៊ី​ជា​ដើម។​

លោក​ឌុយបេ​បាន​កត់​សម្គាល់​ឃើញ​ថា ​គ្មាន​ការ​ចុះ​សម្រុង​គ្នា​ទេ​ចំពោះ​ការ​សាងសង់​ទំនប់​រវាង​ប្រទេស​មេគង្គលើ​និង​មេគង្គ​ក្រោម​ផង​ដែរ​ឬ​ប្រទេស​ជិត​ខាង។​

«កង្វះខាត​ផ្នែក​កិច្ចសហ​ប្រតិបត្តិការ​អំពី​ទំនប់​វារីអគ្គិសនីតាម​ទន្លេមេ​បច្ចុប្បន្ន​ បាន​បង្កើត​ជា​ភាព​តាន​តឹង​រវាង​ប្រទេស​មេគង្គលើ​និង​ប្រទេស​មេគង្គ​ប៉ែក​ខាងក្រោម​ ដែល​ជា​ការ​គំរាម​ដល់​ទំនាក់ទំនង​ក្នុង​តំបន់​ នៅ​ពេល​ដែល​តម្រូវឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​អំពី​បញ្ហា​នានា​ ដូច​ជា ការកែ​សម្រួល​ចំពោះ​ការ​ប្រែប្រួលអាកាស​ធាតុ។​ នោះ​គឺជា​រឿង​សំខាន់​ណាស់។​ បន្ថែម​ពីលើ​នេះ​ទំនប់ ​ដែល​បាន​សាងសង់​រួច​ទាំងនោះ​ទាមទារ​ឲ្យ​មានការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​នានា​ក្នុង​ចំណោម​នោះ​ ដើម្បី​ចាត់​ចែង​ចរន្ត​ទឹក​ឲ្យមាន​ប្រសិទ្ធិភាព​រវាង​ប្រទេស​ទាំង​នោះ​ ជាពិសេស​ក្រោយ​ពេល​មាន​កំណើន​ភ្លៀង​ក្នុង​តំបន់​ដែល​ទទួល​បាន​ការ​គម្រាម​ដោយ​ទឹក​ជំនន់​នៅថ្ងៃ​អនាគត»។​

ក្រុម​អ្នកជំនាញ​បាន​ជំរុញ​ឲ្យ​ប្រទេស​ក្នុងតំបន់​មេគង្គ​មាន​ការ​សិក្សា​ដ៏​ល្អិតល្អន់​ទៅ​លើការ​វិនិយោគ​នេះ​ដើម្បី​កុំឲ្យ​មាន​ការ​ស្តាយ​ក្រោយ​នៅថ្ងៃ​អនាគត​គឺ​សិក្សា​ដល់​ការ​អភិវឌ្ឍ​និង​ការ​ប៉ះទង្គិច​ចំពោះ​បរិស្ថាន​និង​ការ​ប្រែប្រួលអាកាស​ធាតុ​ជា​ដើម។​

លោកស្រី​អាវីវ៉ា ​អ៊ឹមហហ្វ​នៃ​អង្គការ ​International Rivers ​បាន​អះអាង​ដែរ​ថា៖​
«គម្រោង​ទំនប់​ដែល​បាន​ស្នើ​សាងសង់​ក្នុង​តំបន់មេគង្គ​មិន​បាន​គិតគូរ​រចនា​ឡើង​ទៅ​តាម​ការប្រែប្រួលអាកាស​ធាតុ​ទេ។ ​ជាលទ្ធផល​មាន​ទំនប់​ខ្លះអាច​សាងសង់​ឥត​ប្រយោជន៍​ព្រោះ​នឹង​គ្មាន​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្កើត​អគ្គិសនី​ ​ហើយ​ទំនប់ខ្លះ​ទៀត​អាចជួប​ភាព​ប្រថុយ​ប្រថាន​មិន​អាច​ធន់នឹង​ទឹក​ជំនន់ធំ​ហើយ​នឹង​អាកាសធាតុ​ដ៏អាក្រក់​ផ្សេងទៀត​ដែល​គេ​ព្យាករណ៍​ថា​ មាន​ការ​បែ្រប្រួល​នោះ»។​

បញ្ហា​សំណើ​សាងសង់​ទំនប់​ចំនួន​១១​កាត់​ទន្លេ​មេគង្គ​ និង​ទំនប់តូចៗ​តាម​ព្រែក​ និង​ដៃ​ស្ទឹង​ជាច្រើន​ទៀត​នោះ​គឺជាការ​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួលអាកាស​ធាតុ​និង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​មេគង្គ។​

របាយ​ការណ៍​សង្ខេប​របស់​គម្រោង​ Mekong ​ARCC ​កាល​ពី​ខែមុន​បាន​ធ្វើ​ឡើង ​ដោយលោកបណ្ឌិត ​ជើរេមី ខារូរ៉េដ​ (Jeremy Carew-Reid)។ ​លោក ​Carew-Reid ​បាន​បញ្ជាក់​ថា ​ការ​ប្រែប្រួល​អាកាស​ធាតុនេះ​ មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ សុខភាព​ ស្បៀង ​អាហារ ​បសុសត្វ​ ​នៅ​តាម​សហគមន៍​ជនបទ។​
«ការ​ស្រាវជ្រាវ​របស់យើង​បង្កើត​បាន​នូវ​លទ្ធផល​ដ៏រន្ធត់។​ យើង​បាន​រក​ឃើញ​ថា ​តំបន់នេះ​នឹងជួបបញ្ហា​សីតុណ្ហភាព​ក្តៅខ្លាំង​ ហើយ​ភ្លៀង​ធ្លាក់ ​ហួស​ពីអ្វី​ដែល​យើង​រំពឹង​ទុក»។

របាយ​ការណ៍​ពេញលេញ​អំពី​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួលអាកាស​ធាតុ​នៃគម្រោង ​Mekong ARCC ​នេះ​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​២៩​ខែ​ មិនា​ក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​បាកក​ប្រទេស​ថៃ៕​
XS
SM
MD
LG