នាយក​ពិធី​សម្ពោធន៍​កីឡា​អូឡាំពិក​ត្រូវ​ដកចេញ ព្រោះ​និយាយ​កំប្លែង​អំពី​ហាយនភាព

រូបឯកសារ៖ នាយកប្រតិបត្តិផ្នែក​កីឡាប៉ារ៉ាឡាំពិក​ទីក្រុង​តូក្យូ​ឆ្នាំ២០២០ កាន់​បង្ហាញរូប​របស់នាយក​ពិធី​សម្ពោធន៍​កីឡា​អូឡាំពិក​លោក Kentaro Kobayashi ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន ដែល​រូប​នេះ ថត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ​Kyodo កាលពី​ខែធ្នូ ឆ្នាំ២០១៩។

គណៈ​កម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ បាន​ដក​នាយក​ពិធី​សម្ពោធន៍​កីឡា​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដោយសារ​លោក​និយាយកំប្លែង​អំពី​ការ​សម្លាប់​រង្គាល​ក្នុង​កម្មវិធី​កំប្លែងកាលពី​ឆ្នាំ​១៩៩៨។​ នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AP។​

មួយថ្ងៃ​មុន​ពិធី​សម្ពោធន៍ ​ប្រធាន​គណៈ​កម្មាធិការ​រៀបចំ​កម្មវិធី​ គឺ​លោកស្រី ​Seiko Hashimoto ​បាន​និយាយ​ថា ​លោក​ Kentaro Kobayashi​ ត្រូវ​ដក​ចេញ។ ​លោក ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លេងសើច​អំពី​ការ​សម្លាប់​រង្គាល នៅ​ក្នុង​ការ​សម្តែង​បែប​កំប្លែង​របស់​លោក​រួមមាន​ឃ្លា​ថា ​«យើង​លេង​ល្បែង​ហាយនភាព»។​

លោកស្រី ​Hashimoto ​បាន​មាន​ប្រសាសន៍​ថា ​«យើង​បាន​ដឹង​ថា​ នៅ​ក្នុង​ការ​សម្តែង​ផ្ទាល់​របស់​លោក លោក​ Kobayashi​ ​បាន​និយាយ​ឃ្លា​មាក់ងាយ​សោកនាដ​កម្ម​ប្រវត្តិសាស្ត្រ។​ យើង​សូម​អភ័យ​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​បែប​នេះ ​ដែល​ធ្វើឡើង​តែ​មួយ​ថ្ងៃ​មុនពិធី​សម្ពោធន៍​ ​ការ​បង្ក​បញ្ហា​ និង​កង្វល់​ដល់​ភាគី​ពាក់ព័ន្ធ​ ហើយនឹង​ប្រជាជន​នៅ​ទីក្រុង​តូក្យូ​ និង​ទូទាំង​ប្រទេស»។

រដ្ឋាភិបាល​ក្រុង​តូក្យូ​ ធ្លាប់​មាន​រឿង​អាស្រូវ​ជាច្រើន​ចាប់តាំង​ពី​ទទួល​បាន​សិទ្ធិ​រៀបចំ​កម្មវិធី​អូឡាំពិក​កាលពី​ឆ្នាំ​ ២០១៣។

ក្រុម​អ្នកស៊ើប​អង្កេត​បារាំង​ កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​ឲ្យ​សមាជិក​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ប្រើ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ឲ្យ​ទីក្រុង​តូក្យូ​រៀបចំ​កីឡា​អូឡាំពិក​នេះ។ ​បញ្ហា​នេះ​បាន​បង្ខំ​ឱ្យ​លោក​ Tsunekazu Takeda​ ប្រធាន​គណៈ​កម្មាធិការ​អូឡាំពិក​ជប៉ុន​ និង​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ លាលែង​ពី​តំណែង។

ពិធី​សម្ពោធន៍​ ដែល​ពន្យារ​ពេល​ដោយសារ​ជំងឺរាតត្បាត​នោះ ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ។​ពិធីនេះ​ នឹង​គ្មាន​អ្នក​ទស្សនា​ទេ​ ជា​វិធាន​ការ​បង្ការ​ការរាលដាល​នៃ​វីរុស​កូរ៉ូណា ​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា មន្ត្រី​ ភ្ញៀវ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ចូលរួម។​

លោកស្រី​ Hashimoto ​បាន​និយាយ​ថា «យើង​នឹង​ធ្វើ​ពិធី​សម្ពោធន៍​នៅ​ថ្ងៃស្អែក។ ខ្ញុំ​ប្រាកដ​ថា​ ​មនុស្ស​ជាច្រើន​មិន​មាន​អារម្មណ៍​ល្អ​សម្រាប់​កម្មវិធី​សម្ពោធន៍​កីឡា​នេះ​ទេ។​ ប៉ុន្តែ​យើង​នឹង​សម្ពោធ​នៅ​ថ្ងៃ​ស្អែក ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ»។​

កាលពី​ដើម​សប្តាហ៍​នេះ​ លោក​ Keigo Oyamada​ អ្នក​និពន្ធ​ភ្លេង​ដែល​ត្រូវ​ប្រើ​ក្នុង​ពិធី​នោះ​ ត្រូវ​បាន​បង្ខំ​ឱ្យ​លាឈប់​ ដោយសារ​លោក​ធ្លាប់​សម្លុតអតីត​មិត្ត​រួម​ថ្នាក់​ ហើយ​លោកបាន​អួត​អាង​នៅ​ក្នុង​បទ​សម្ភាសន៍​ក្នុង​ទស្សនាវដ្តី។​ ភ្លេង​របស់​លោក ​នឹង​មិន​ត្រូវ​បាន​ប្រើ​ទេ។​

ប្រទេស​ជប៉ុន​ កំពុងតែ​ជំរុញរៀបចំ​កីឡា​អូឡាំពិក​ ដោយ​មិនស្តាប់​ការណែនាំរបស់​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​របស់​ជប៉ុន​ភាគ​ច្រើន។ ​បញ្ហា​នេះ​មួយ​ផ្នែក​ដោយ​សារ​សម្ពាធ​ពី​គណៈ​កម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​ ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​ប្រឈមការ​ខាតបង់​ប្រាក់​ចំណូល​ពី​ទូរទស្សន៍​ពី​៣​ពាន់លាន​ ទៅ​៤ពាន់​លាន​ដុល្លារ​ ​ បើ​មិន​មាន​កម្មវិធី​កីឡា​នេះ។​

លោក ​Toshiro Muto​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​រៀបចំ​ទីក្រុង​តូក្យូ​ ក៏​បាន​ទទួល​ស្គាល់​រឿង​ខូច​ឈ្មោះ​នេះ​ដែរ។​

រឿង​អាស្រូវចុងក្រោយ​នេះ​ កើត​ឡើង​នៅពេល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្រ្តី​ Yoshihide Suga​ ប្រឈមនឹង​ការ​រិះគន់​ចំពោះ​ការ​ផ្តល់​អាទិភាព​ដល់​កីឡា​អូឡាំពិក​ ​ទោះបីជាព្រួយ​បារម្ភ​អំពី​សុខភាព​សាធារណៈ​ពេល​មាន​កំណើន​ការឆ្លង​វីរុសកូរ៉ូណា​ក៏ដោយ៕