មន្ត្រីក្រសួងមហាផ្ទៃកម្ពុជាចំនួនពីររូបបានហោះហើរទៅកាន់ប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យម្សិលមិញនេះដើម្បីទៅជួបជាមួយជនភៀសខ្លួនបរទេសដែលកំពុងស្នាក់នៅក្នុងជំរុំនៅកោះណូរូស្របពេលដែលមានសេចក្តីរាយការណ៍ថាជនភៀសខ្លួនមួយក្រុមត្រូវពន្យាពេលបញ្ជូនមកកាន់ប្រទេសកម្ពុជា។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថាមន្ត្រីកម្ពុជាទាំងពីររូបនឹងជួបជាមួយជនភៀសខ្លួនម្តងទៀតដើម្បីសាកសួរព័ត៌មានពីការស្ម័គ្រចិត្តមកតាំងលំនៅនៅក្នុងប្រទេសកម្ពុជារបស់ជនភៀសខ្លួនទាំងនេះ។
«ទៅពីរនាក់តាមសំណើរបស់ស្ថានទូតអូស្ត្រាលី។ទៅជួបមើលដើម្បីឲ្យដឹងថាតើមានអ្នកស្ម័គ្រចិត្តដែរឬអត់»។
នេះជាលើកទីពីរហើយដែលមន្ត្រីផ្លូវការកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីជួបសម្ភាសន៍ជាមួយជនភៀសខ្លួននៅកោះណូរូដើម្បីស្វែងយល់ពីការសម្រេចចិត្តរបស់ពួកគេក្នុងការតាំងលំនៅនៅកម្ពុជា។
ប្រទសកម្ពុជាបានព្រមព្រៀងជាមួយប្រទេសអូស្ត្រាលីក្នុងការទទួលយកជនភៀសខ្លួនចំរុះជាតិសាសន៍ចំនួនជាង១.០០០នាក់ពីជំរុំនៅកោះណូរូ ដែលជាកោះតូចមួយនៅក្នុងដែនមហាសមុទ្រប៉ាស៊ីភិក។ ប៉ុន្តែមានការជំទាស់មួយចំនួនពីអង្គការសង្គមស៊ីវិលនិងក្រុមសកម្មជនដីធ្លីដោយពួកគេលើកឡើងថាប្រទេសកម្ពុជាមិនទាន់មានលក្ខណៈសម្បត្តិសម្រាប់ទទួលយកជនភៀសខ្លួនពីប្រទេសដទៃនៅពេលដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនត្រូវបណ្តេញចេញពីលំនៅដ្ឋានដោយសារទំនាស់ដីធ្លី។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីត្រូវស្រង់សំដីដោយវិទ្យុABC ថាជនភៀសខ្លួនក្រុមដំបូងនឹងត្រូវបញ្ជូនមកកាន់ទីក្រុងភ្នំពេញ ប៉ុន្តែត្រូវពន្យាពេលទៅវិញដោយសារបញ្ហាភស្តុភារ។
តាមទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថាជនស្វែងរកសិទ្ធិជ្រកកោនចំនួនប្រាំនាក់បានស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជា។ក្នុងនោះមានជនជាតិភូមា ជនជាតិអ៊ីរ៉ង់ និងស្រីលង្កា។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ បញ្ជាក់ថារដ្ឋាភិបាលកម្ពុជាមិនទាន់បានទទួលបញ្ជីជាផ្លូវការនៃចំនួនជនភៀសខ្លួនស្ម័គ្រចិត្តមករស់នៅកម្ពុជានេះនៅឡើយទេ។
ប្រទេសអូស្ត្រាលីបានសន្យាផ្តល់ជំនួយជាង៣០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាសម្រាប់ការរៀបចំតាំងលំនៅជនភៀសខ្លួនពីកោះណូរូ៕