ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ការពារ​គម្រោង​នាំ​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី

  • Ron Corben

លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន នៅ​លើ​កោះពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០១៤ នេះ​ក្នុង​ឱកាស​កត់សម្គាល់​ខួប​ទី៣៥ នៃ​ការរំដោះ​ជាតិ​ពី​របប​ខ្មែរ​ក្រហម។

លោក ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​កំពុង​ព្យាយាម​សម្រួល​ក្តី​ព្រួយ​បារម្ភ​លើ​សេដ្ឋ​កិច្ច​ និង​សង្គម ​ដោយ​សារ​តែ​គម្រោង​របស់រដ្ឋា​ភិបាល​កម្ពុជា​ ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បានបង្ហាញ​ពី​គោល​ជំហរ​ការ​ពារ​គម្រោង​ផ្តល់​ទី​កន្លែង​ស្នាក់​នៅ​ថ្មី​ដល់​ជន​ភៀស​ខ្លួន​ នៅ​ក្នុង​លិខិតដែល​លោក​បាន​សរសេរ​ទៅ​កាន់​លោក កឹម សុខា ​មេដឹកនាំ​គណ​បក្ស​ប្រឆាំង ​និង​ជា​អនុ​ប្រធានទី​១​ រដ្ឋ​សភា​ជាតិ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ កាសែត ​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​កម្ពុជា​បាន​បោះ​ពុម្ព​ផ្សាយ​ខ្លឹម​សារ​នៃ​លិខិត​នេះ ​ដោយ​រាយ​ការណ៍​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ការ​ពារ​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន ​ដោយ​និយាយ​ថា ​អ្នក​ស្វែង​រក​ទី​ជំរក​ប្រមាណ​៨៥​នាក់​ក្នុង​គម្រោង​កាល​ពីឆ្នាំ​២០០៩​ ដែល​មក​ពីប្រទេស​ ប៉ាគីស្ថាន​ ស៊ូដង់ ​មីយ៉ាន់ម៉ា ​និង​វៀតណាម ​បាន​ទទួល​បាន​ទី​កន្លែង​ស្នាក់​នៅ​ថ្មី​រួច​ហើយ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ថា ​សេវាកម្ម​សម្រាប់​ការ​មក​ដល់​ថ្មី​នៃជន​ភៀស​ខ្លួន​នេះ​ អាច​នឹងឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​ប្រទេស​អូស្ត្រាលី ​តាម​រយៈ​គម្រោង​ផ្តល់​ទី​កន្លែង​ស្នាក់​នៅ​ថ្មី​ក្នុង​តម្លៃ​ទឹក​ប្រាក់​ ៣៥​លាន​ដុល្លារ។

កិច្ច​ព្រម​ព្រៀង​ ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ កញ្ញា ​ត្រូវ​បាន​រង​ការ​រិះ​គន់​ច្រើន​ដោយ​ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស ​និងការិយាល័យ​នៃឧត្តមស្នង​ការ​អង្គ​ការ​សហ​ប្រជាជាតិទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​ដែល​បាន​និយាយ​ថា​ ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា ​បាន​ប្រឈមនឹង​ផល​លំបាក​បញ្ហា​ថវិកា​និង​សេវា​កម្មនៅក្នុង​ប្រទេស​ដ៏​ក្រី​ក្រ​មួយ​នេះ។​

លោក​ស្រី ​Elaine Pearson ​នាយិកា​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​អូស្ត្រាលី ​និយាយ​ថា ​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​គម្រោង​ផ្តល់​ទី​កន្លែង​ស្នាក់​នៅ​ដល់​ជន​ភៀស​ខ្លួន ​មុន​នឹង​ជន​ភៀស​ខ្លួន​ទាំង​នេះ​បាន​មក​ដល់​កម្ពុជា​តាមកិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​អូស្ត្រាលី។

លោក​ស្រី​ថា៖ «បទ​ពិសោធន៍​ទាក់​ទង​នឹង​ជន​ភៀស​ខ្លួន​មិន​សូវ​ល្អ​ទេ​នៅ​កម្ពុជា។ ខ្ញុំ​ចង់​និយាយ​ថា ​ពួក​គេ​បាន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន។ គ្មាន​ជន​ភៀស​ខ្លួន​ណា​មួយ​ ទទួល​បាន​លិខិត​ស្នាក់​នៅ​ត្រឹម​ត្រូវទេ ​ហើយ​ជា​លទ្ធ​ផល​ អ្នក​ទាំង​នោះ​ត្រូវ​បង់​ប្រាក់​សូក​ប៉ាន់​អំពើ​ពុក​រលួយ​ និង​ប្រាក់​ពិន័យ​ ក្នុងការ​រត់​ឯកសារ។ ភាគ​ច្រើន​ ពួក​គេ​គ្មាន​ការ​ងារ​ធ្វើ​ ហើយ​នៅ​ផ្ទះ។ ហើយ​ ពួកគេ​មិន​ចង់​ប្រឈម​នឹង​ការ​បង់​ប្រាក់​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​ឡើយ»។

ជន​ភៀស​ខ្លួន​ ដែល​មាន​លក្ខខណ្ឌ​ស្រប​តាម​គម្រោង​ផ្តល់​ទី​កន្លែង​ស្នាក់​នៅ​កម្ពុជា ​កំពុង​តែ​រស់​នៅ​លើ​កោះ​ Nauru ​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក។ ពួក​គេ​ត្រូវ​បាន​បដិសេធ​មិន​ទទួល​បាន​ទី​កន្លែង​ស្នាក់​នៅ ​ដោយ​រដ្ឋាភិបាល​នៃ​រដ្ឋ​ធានី ​Canberra ​ក្រោម​គោល​នយោបាយ​ដ៏​តឹង​រឹង​របស់​ប្រទេសអូស្ត្រាលី ​មក​លើ​ជន​ភៀស​ខ្លួន​តាម​ទូក។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ​ប្រទេស​អូស្ត្រាលី ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​ ពិបាក​នឹង​ទទួល​បានសិទ្ធិជ្រក​កោន​ ពេល​ដែល​បាន​មក​ដល់​ដែន​ដី​កោះ​របស់​ខ្លួន ​ដោយ​អះ​អាង​ថា ​អ្នក​ដែល​បាន​មក​ដល់​តាម​ទូក​នេះ​ គឺជា​ជន​ភៀស​ខ្លួនដើម្បី​សេដ្ឋកិច្ច ​មិន​មែន​ជា​ក្រុម​មនុស្ស​ ដែល​ត្រូវ​ការ​ទី​ជម្រក​នោះ​ទេ។ អាជ្ញាធរ​ ក៏​បាន​លើក​ឡើង​ថា ​តាម​រយៈ​ការ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​មក​ដល់​តាម​ទូក​នេះ ​ ខ្លួន​កំពុង​តែ​ជួយ​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ដ៏​គ្រោះ​ថ្នាក់។

ប្រទេស​អូស្ត្រាលី ​គ្រោង​នឹង​ផ្តល់ថវិកា​សម្រាប់​ទី​កន្លែង​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ និង ​សេវា​កម្ម​ផ្លាស់​ប្តូរ​ទី​លំនៅ​ដល់​ជន​ភៀស​ខ្លួន​ទាំង​ឡាយ​ណា ​ដែល​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​ប្រទេស​កម្ពុជា​ យ៉ាង​ហោច​ណាស់​រយៈពេល​មួយ​ឆ្នាំ ​ហើយ​នឹង​ឧបត្ថម្ភថែម​ទៀត​តាម​ករណី​ចាំ​បាច់​នីមួយៗ។ ប្រទេស​អូស្ត្រាលី ​ក៏​និយាយ​ថា ​ខ្លួ​ននឹង​ផ្តល់ការ​ធានា​រ៉ាប់​រង​ខាង​សុខ​ភាព​ក្នុង​រយៈពេល​៥ឆ្នាំ​ដែរ។

ប៉ុន្តែ ​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា​មាន​តែ​ឯក​សារ​ ហៅ​ថា ​«ប្រកាស» ​ក្នុង​មួយ​រយៈ​ពេល​តែ​ប៉ុណ្ណោះ​ ដែល​បញ្ជាក់​ពី​សិទ្ធិ​ក្នុង​ការ​រស់​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ ឯកសារ​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​កិច្ចការ​ផ្លូវការ​ផ្សេង​ៗ​ឡើយ ​ដែល​ក្នុង​នោះ​រួម​មាន​ការ​បើក​គណនីយធនា​គារជាដើម។

លោក​ស្រី​ Sarah Hanson-Young ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណ​បក្ស​ Green Party​ នៅ​ព្រឹទ្ធ​សភាអូស្ត្រាលី ​បានធ្វើ​ដំណើរវាយ​តម្លៃ​រយៈពេល​មួយ​សប្តាហ៍​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​នេះ ​ហើយ​និយាយ​ថា ​ប្រទេស​កម្ពុជា​ មិន​មាន​សមាសភាព​គ្រប់​គ្រាន់​ ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​ដល់មនុស្ស​ទទួល​រង​ការ​លំបាក​មួយ​ក្រុម​ទៀត​ទេ។

លោក​ស្រី​ថា​៖ «ទោះ​បី​ជាជន​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា​ដោយ​ស្រប​ច្បាប់​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល​ក៏​ដោយ​ ក៏​ពួក​គេ​ នឹង​មិន​ទទួល​បាន​ការ​ងារ​ធ្វើ​ទេ​ ហើយ​នឹង​មិន​ទទួល​បាន​សេវាកម្ម​ក្នុង​តំបន់​ ដោយសារ​តែ​គ្មាន​អត្ត​សញ្ញាណ​បណ្ណ​ជា​ផ្លូវការ​ដែល​ទទួលស្គាល់​ដោយ​អាជ្ញា​ធរ​ក្នុង​តំបន់​នោះ។ ពួក​គេ នឹង​មិន​អាច​ទិញស៊ីម​ទូរស័ព្ទ ​ម៉ូតូ ​ឬ​បើកគណនីយធនា​គារ ​ដែល​គ្រួសារ​គេ​អាច​ផ្ញើ​ប្រាក់​ឲ្យ​គេ​បាន​ទេ។ ពួក​គេ​ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​បរាជ័យ»។

Denise Coghlan ​ដូន​ជី​សាសនា​គ្រឹស្ត​កាតូលិក ​ដែល​បាន​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩០ និយាយ​ថា ​ជន​ភៀស​ខ្លួន​នឹង​ត្រូវ​ការ​សេវា​ប្រឹក្សា​ជំងឺ​បាក់​ស្បាត​ ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ការ​ឃុំ​ឃាំង​នៅ​ជំរុំ​លើ​កោះ​ ណូរ៉ូ ​និង​សម្រប​ទៅនឹងបរិបទ​ប្រទេស​កម្ពុជា។ ដូន​ជី ​Coghlan ​ខ្លាច​ថា ​ប្រទេស​អូស្ត្រាលី​កំពុង​តែ​បង្កើត​គំរូ​មួយ ​ដើម្បី​ដោះ​ស្រាយនឹង​ជន​ភៀស​ខ្លួន។

ដូន​ជី​រូប​នេះ​និយាយ​ថា​៖ «ខ្ញុំ​ពិត​ជា​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​ ដែល​ប្រទេស​អូស្ត្រាលី​បាន​ទម្លាក់​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​មក​លើ​ប្រទេស​ផ្សេង​ទៀត​ ប៉ុន្តែ ​ខ្ញុំ​ដឹង​ថា​ វា​ពិបាក​ក្នុង​ការ​ស្វែង​យល់ពី​មូល​ហេតុ​ ដែល​ប្រទេស​អូស្ត្រាលី​ជ្រើស​រើស​ប្រទេស​ក្រី​ក្រ​បំផុត​មួយឲ្យ​ទទួល​បន្ទុកលើ​ប្រជាពល​រដ្ឋ​ក្រី​ក្រ​ដ៏​ច្រើន​នាក់​នេះ​ ហើយ​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​នោះ​រងទុក្ខ​លំបាក។ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទាល់​តែ​សោះ​ចំពោះ​បញ្ហា​នេះ។ ប្រទេស​អូស្ត្រាលី​កំពុង​តែ​បង្កើត​គំរូ​ដ៏​គ្រោះ​ថ្នាក់​មួយ​ ប្រសិន​បើ​អូស្ត្រាលី​ចាប់​ផ្តើម​បញ្ជូន​ចេញ​ជន​ភៀស​ខ្លួន​ទាំង​នេះ»។​

របាយ​ការណ៍​របស់​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​លើ​ការ​អនុវត្ត​គម្រោង​នេះ ​ហើយ​ធានា​ថា ​រដ្ឋា​ភិបាល​កម្ពុជា​សហ​ការ​ជាមួយ​នឹង​ភ្នាក់​ងារ​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ក្រុម​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ផ្សេងៗ ​ដើម្បី​ធានា​ថា​ ជន​ភៀស​ខ្លួន​ទាំង​នេះ​ទទួល​បានសេវាកម្ម​ និង​ជំនួយ​ជា​ផ្លូវ​ការ​ដោយ​ត្រឹម​ត្រូវ ​និង​យុត្តិធម៌។

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG