ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ស ខេង ដឹកនាំ​ប្រតិភូ​ទៅ​ជួប​មន្ត្រី​អូស្រ្តាលី​និង​ជនភៀសខ្លួន


រូបឯកសារ៖ រដ្ឋ​មន្ត្រី​​ក្រសួង​អន្តោ​ប្រវេសន៍​និង​ការពារ​ព្រំដែន​អូស្ត្រាលី Scot Morrison (ឆ្វេង) និង​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា នៅ​ពេល​ដែល​អស់​លោក​ បាន​ទៅ​ដល់​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏ចម្រូងចម្រាស​ស្តីអំពី​ការតាំង​លំនៅ​ថ្មី​របស់​ជនភៀសខ្លួន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ។
រូបឯកសារ៖ រដ្ឋ​មន្ត្រី​​ក្រសួង​អន្តោ​ប្រវេសន៍​និង​ការពារ​ព្រំដែន​អូស្ត្រាលី Scot Morrison (ឆ្វេង) និង​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា នៅ​ពេល​ដែល​អស់​លោក​ បាន​ទៅ​ដល់​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏ចម្រូងចម្រាស​ស្តីអំពី​ការតាំង​លំនៅ​ថ្មី​របស់​ជនភៀសខ្លួន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ។

លោកស ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃបាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រា​លី​នៅ​ថ្ងៃ​អង្គារ​នេះដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀងលើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​បញ្ហា​ជន​អន្តោ​ប្រវេសន៍ ​ដែល​កាសែត​វ័យ​ចំណាស់​មួយ​របស់​ប្រទេស​អូស្ត្រា​លី​បញ្ជាក់​ថា​មន្ត្រី​រដ្ឋា​ភិបាលកម្ពុជា​នឹង​ជជែក​អំពី​ការ​នាំ​ជនភៀស​ខ្លួន​អន្តរជាតិ​ពី​កោះ​ណូរូ ​មក​កាន់​កម្ពុជាផងដែរ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេលបួន​ថ្ងៃ​នៅ​ប្រទេស​អូស្ត្រាលី ​លោក​ស ខេង ​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​លើ​កិច្ច​សហការលើ​បញ្ហា​អន្តោប្រវេសន៍​ជាមួយ​រដ្ឋ​មន្ត្រីក្រសួង​អន្តោ​ប្រវេសន៍​និង​ការពារ​ព្រំដែន​អូស្ត្រាលី​ ក្នុង​គោល​ដៅ​រួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​ ជាពិសេស​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​និង​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។

​កាសែត​ The Sydney Morning Herald ​បាន​ផ្សាយ​ថា​គណៈ​ប្រតិភូ​របស់​ប្រទេស​កម្ពុជា​នឹង​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​នៅ​កោះ​ណូរូ។ ​កាសែត​រាយការណ៍​បន្ថែម​ថា​មាន​ជន​ភៀស​ខ្លួន​ប្រមាណ​ជា​ប្រាំ​គ្រួសារ​នឹង​ត្រូវ​ទទួល​យក។​

​កាល​ពីចុង​ឆ្នាំ​២០១៤​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​អូស្ត្រាលី ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រួម​មួយ​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ចំរុះ​ជាតិ​សាសន៍ចំនួន​ជា​ង​១.០០០​នាក់​ឲ្យ​មក​តាំង​លំនៅ​ថ្មី​នៅ​ប្រទេស​កម្ពុជា។ ​កិច្ច​ព្រម​ព្រៀង​នោះ​ទទួល​រង​ប្រតិកម្ម​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ដោយ​ពួក​គេ​សំអាង​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​ល្អ។

ទោះជា​បែប​នេះ​ក្តី​លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​លោក​ស ខេង ​នឹង​មិន​មាន​កិច្ចចុះ​ហត្ថលេខា​ឬ​ជជែក​បន្ថែម​ណាមួយ​លើ​ចំណោទ​ជន​អន្តោ​ប្រវេស​ន៍​ទាំង​នេះទេ។

«គ្រាន់​តែ​ជា​ទស្សនកិច្ច​ធម្មតា។​អត់​មាន​ចុះ​កិច្ច​ព្រម​ព្រៀងទទួលជន​ភៀស​ខ្លួន​ទេ»។​

​លោកឧត្តម​សេនីយ៍​ខៀវ​ សុភ័គ ​អះអាងថារហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មានជន​ភៀស​ខ្លួន​ណា​ម្នាក់​នៅ​ជំរុំ​នៃ​កោះ​ណូរូ​បាន​ចុះ​ឈ្មោះ​ដើម្បី​មក​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។​

​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅមន្ត្រី​កម្ពុជា​បាន​ទៅ​ជួប​ជន​ភៀស​ខ្លួនដែល​កំពុង​ស្ថិត​ក្នុង​ជំរំ​បណ្តោះ​អាសន្ននៃ​សាធារណរដ្ឋ​Nauru​ ​ដែល​ជា​ដីកោះ​ដ៏តូច​មួយក្នុង​ដែន​សមុទ្រ​ប៉ាស៊ីភិក​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​អូស្ត្រាលី។ ​ការជួប​ពួក​គេ​ដើម្បី​ពន្យល់​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ពួក​គេ​ត្រូវ​មក​តាំង​លំនៅ​ថ្មី​នោះ។

​ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​ប្រាក់ប្រមាណ​ជា​៣៥​លាន​ដុល្លារ​អាមេរិកសម្រាប់​ការ​តាំង​លំនៅ​ថ្មី​របស់​ពួក​គេ​នៅ​កម្ពុជា។​

បើ​តាម​គម្រោង​ជន​ភៀស​ខ្លួន​នៅ​កោះណូរូ ​អាច​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ក្នុង​រង្វង់​ឆ្នាំ​២០១៥​នេះ។ ពួក​គេ​នឹង​ត្រូវ​ដាក់​ឲ្យ​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​មួយ​នៅ​ទីក្រុង​ភ្នំពេញ​រយៈ​ពេល​មួយ​ឆ្នាំ​មុន​នឹង​ត្រូវផ្តល់​ជម្រក​អចិន្ត្រៃយ៍​នៅ​ទីតាំង​ផ្សេង។

ភ្នាក់​ងារ​ផ្តល់​ជំនួយ​មួយ​ចំនួន​ដែល​មាន​មូល​ដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​បាន​រិះគន់​កិច្ច​ព្រម​ព្រៀង​សម្រាប់​ការ​តាំង​លំនៅ​ថ្មី​នៃ​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រា​លី​មក​កាន់​កម្ពុជា​ដោយ​និយាយ​ថា​វា​មិន​សម​រម្យ​សម្រាប់​ប្រទេស​មួយ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​និង​មិន​មាន​បទ​ពិសោធន៍​ក្នុ​ងការផ្តល់​លំនៅ​សម្រាប់​ជនភៀស​ខ្លួន។

លោក​Jason Evans ​នាយកអង្គការ​ទស្សនៈ​ពិភព​លោក(World Vision)​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បញ្ជូន​មក​កាន់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះ​ថា​មាន​កិច្ច​ប្រជុំ​ជាមួយស្ថាន​ទូត​អូស្រ្តាលី​កាល​ពី​ឆ្នាំមុន។ ​លោក​បញ្ជាក់​ថា​លោក​មើល​ឃើញថា​ «​ការតាំង​លំនៅ​ថ្មី​នៃ​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា​មិន​មែនសម្រាប់​ផល​ប្រយោជន៍​ពល​រដ្ឋ​កម្ពុជា​ទេ ​ហើយ​គឺជា​ការ​បន្ថែម​គំនាបកម្ពុជា​ដែល​មាន​កម្រិត​ភាពក្រីក្រ​នៅ​ខ្ពស់​នៅ​ឡើយ»៕

XS
SM
MD
LG