រយៈ​ពេល​ឃោសនា​បោះឆ្នោត​ជា​ផ្លូវ​ការ​​ចាប់​ផ្តើម​ហើយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា

លោកស្រីអង់សាន​ស៊ូជី​ មេដឹកនាំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ថ្លែង​សុន្ទរកថា​ណែនាំ​ដល់​អ្នក​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​មួយ​នៃ​រដ្ឋ​ Shan ប្រទេស​មីយ៉ាន់ម៉ា​ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥។

ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​នៃ​វីអូអេ​បាន​រាយការណ៍​ថា ​រយៈពេល​ឃោសនា​បោះឆ្នោត​ជា​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុងប្រទេស​ភូមា​ បាន​ចាប់ផ្តើម​ហើយ​ពីរ​ខែ​នៅ​មុនការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​នេះ។

បណ្តា​បេក្ខជន​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​គឺគណបក្ស​ USDP​ គ្រប់គ្រង​ប្រទេស​និង​គណបក្ស ​NLD​ បាន​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅក្នុង​ក្រុង​ធំៗ​ដូចជា​ក្រុង​ Rangoon និង​ក្រុង​ Mandalay ​ជា​ដើម។ ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ គណបក្ស​តូចៗខ្លះ​ដូចជា​គណបក្ស​ដែល​ផ្អែក​លើ​ពួក​ជន​អំបូរ​ភាគ​តិច​មិន​អាច​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​របស់​ពួក​គេ​បាន​ទេ​ដោយ​សារ​មាន​ទឹក​ជំនន់នៅ​ក្នុង​តំបន់​នោះ។ ពួក​បេក្ខជនខ្លះបាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដូច​ជា​ហ្វេសប៊ុក​ ជា​ដើម​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​របស់​ពួក​គេ។​

លោកស្រី​អង់​សាន​ស៊ូជី (Aung San Suu Kyi) បាន​ហៅ​ការបោះឆ្នោត​នេះ​ថា​ជា​«ពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​សំខាន់​មួយ​សម្រាប់​ប្រទេសយើង»​ហើយ​លោកស្រី​បាន​មានប្រសាសន៍​ប្រាប់​ប្រជារាស្ត្រ​ភូមា​ថា​ «នេះ​ជា​ឱកាស​មួយ​ដែល​យើង​មិន​ត្រូវ​ធ្វើ​ឱ្យ​របូត​បាន​ទេ»។ នេះ​បើតាម​សុន្ទរកថា​របស់​លោកស្រី​ ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​ របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ៕