ប្រធានាធិបតី Thein Sein នៃប្រទេសភូមាបានធ្វើការកំចាត់ថ្នាក់ដឹកនាំរបស់ប្រទេសនាថ្ងៃព្រហស្បតិ៍នេះនៅក្នុងការសើរើខាងនយោបាយដ៏ធំមួយមុនពេលការបោះឆ្នោតជាតិនៅខែវិច្ឆិកា។
គណបក្សកាន់អំណាចបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក Shwe Mann ប្រធានគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាពត្រូវបានដកចេញពីតំណែង ពីព្រោះតែលោកមានតួនាទីពីរក្នុងឋានៈជាប្រធានគណបក្សផង និងជាប្រធានរដ្ឋសភាផង ដែលលោកទទួលបន្ទុក។ អ្នកនយោបាយដ៏យូរអង្វែងរូបនេះ ដែលបានប្រាប់ឲ្យដឹងកាលពីអតីតកាលថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០១៥ មិនបានធ្វើអត្ថាធិប្បាយពីការដកលោកចេញពីតំណែងទេ។
ក្រុមមន្រ្តីនិយាយថា លោក Shwe Mann នឹងស្ថិតនៅជាប្រធានរដ្ឋសភា ហើយជាបេក្ខជនរបស់គណបក្សនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
អ្នកដែលឡើងជំនួសតំណែងរបស់លោកគឺ លោក Htay Oo ខណៈដែលលោក Maung Maung អគ្គលេខាធិការគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព ក៏ត្រូវបានដកចេញពីតំណែងផងដែរ។
ការផ្លាស់ប្តូរនេះបានកើតឡើងនៅក្នុងអ្វីដែលមនុស្សខ្លះបានពណ៌នាថា ជារដ្ឋប្រហារផ្ទៃក្នុងមួយ ដោយមានកងកម្លាំងសន្តិសុខឡោមព័ទ្ធទីស្នាក់ការធំរបស់គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាពនៅក្នុងរដ្ឋធានី Naypydaw នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីរារាំងក្រុមមន្រ្តីមិនឲ្យចាកចេញពីទីស្នាក់ការធំរបស់គណបក្ស។
លោក Yan Myo Thein អ្នកធ្វើអត្ថាធិប្បាយខាងនយោបាយឯករាជ្យ បានប្រាប់វីអូអេ ថា ក្រុមមន្រ្តីដែលត្រូវបណ្តេញចេញពីដំណែងបានត្រូវគេចាត់ទុកថា ជាមនុស្សមានគំនិតធ្វើកំណែទម្រង់ និងមានទំនាក់ទំនងយ៉ាងល្អជាមួយលោកស្រីអង់ សានស៊ូជីនិងគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ៕