នៅមុននាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២៨ ខែកញ្ញា អ្នកតាមដានកត់សម្គាល់ថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំទាំងពីរ គឺជារឿងល្អ ខណៈគណបក្សទាំងពីរមានទំនាក់ទំនងស្អិតរមួតចាប់តាំងពីជំនាន់លោក ហ៊ុន សែន និងលោក Thaksin Shinawatra អតីតនាយករដ្ឋមន្រ្តីថៃ។
អ្នកតាមដានចង់ឃើញថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាបញ្ហាព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងការគោរពបទដ្ឋានអន្តរជាតិទាក់ទងសិទ្ធិជ្រកកោននយោបាយ ដែលសកម្មជនសង្គមនិងនយោបាយកម្ពុជារងការយាយី និងត្រូវចាប់បញ្ជូនមកកម្ពុជាវិញ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់វីអូអេថា ជំនួបទ្វេភាគីនេះ គឺជារឿងល្អ ព្រោះបង្ហាញថា រដ្ឋនិងរដ្ឋមានសិទ្ធិស្មើគ្នា ជាពិសេសទាក់ទងនឹងការបញ្ជាក់ជំហរគោលនយោបាយការបរទេស និងការពង្រីកគោលនយោបាយនៃប្រទេសទាំងពីរ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោកកត់សម្គាល់ថា ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា ដែលលោក ហ៊ុន សែន ជាប្រធាន និងគណបក្សភឿថៃ ដែលគណបក្សនេះបង្កើតដោយក្រុមគ្រួសារមហាសេដ្ឋីស៊ីណាវ៉ាត់ [Shinawatra] មានទំនាក់ទំនងល្អនឹងគ្នា ជាយូរមកហើយ។
លោកថ្លែងថា៖ «គណបក្សប្រជាជន មានទំនាក់ទំនងល្អយូរហើយ ជាមួយគណបក្ស ភឿថៃ តាំងពីជំនាន់លោក ថាក់ស៊ីន។ អ៊ីចឹងនៅពេលនាយករដ្ឋមន្ត្រី[ថៃ]ថ្មី [លោក] សេដ្ឋា គាត់ឡើងទៅ[ជានាយករដ្ឋមន្ត្រីថៃ] គាត់ត្រូវទទួលការទាក់ទងគ្នា។ យើងគិតទៅអត់មានអ្វីខុសឆ្គង ឬភាពអវិជ្ជមានអ្វីទេ ព្រោះនៅក្នុងទស្សនៈទំនាក់ទំនងទ្វេភាគី កាលណាទំនាក់ទំនងប្រទេសនិងប្រទេស នាយករដ្ឋមន្ត្រីមានដំណើរទស្សនកិច្ចផ្លូវរដ្ឋ អ៊ីចឹងវាជាកិច្ចការមួយពង្រីកទំនាក់ទំនង»។
លោកបន្ថែមថា បញ្ហាមួយចំនួនដែលភាគីកម្ពុជា និងភាគីថៃ មិនទាន់បានដោះស្រាយល្អប្រសើរនៅឡើយ ដូចជាបញ្ហាព្រំដែន ដែលនៅមានការយល់ច្រឡំគ្នា បញ្ហាឧក្រិដ្ឋកម្មឆ្លង ដែន និងការចាប់ជំរិតជាដើម ដែលត្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយរួមគ្នា។
លោកថ្លែងថា៖ «ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងដោះស្រាយរួមគ្នាលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនឱ្យខ្លាំងជាមុន។ ហើយឈប់ឱ្យមានការចោទប្រកាន់គ្នា ឧទាហរណ៍ទៅលើឧក្រិដ្ឋកម្មឆ្លងដែន ឬការចាប់ជំរិតជាដើមហ្នឹង ដែលធ្វើឱ្យខូចមុខមាត់ប្រទេសមួយៗ ដូចជារឿងមួយចំនួន ថតនៅថៃថ្មីៗ ពាក់ព័ន្ធនឹងការចាប់ជំរិតជាដើម ថតនៅថៃ ប៉ុន្តែតួពាក់ខោអាចសម្លៀកបំពាក់ខ្មែរ និងអក្សរខ្មែរ គឺពិបាកដែរ។ អាហ្នឹងគួរតែលុបបំបាត់ភាពមន្ទិលសង្ស័យ ឬមិនទុកចិត្តគ្នាឱ្យបាត់អស់ទៅ ទើបកិច្ចសហប្រតិបត្តិការទ្វេភាគី មានភាពដុះដាល ឬស្អិតរមួតបាន»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះបន្ថែមថា រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃ ត្រូវសហប្រតិបត្តិការគ្នាក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ពាក់ព័ន្ធនឹងការគោរពសិទ្ធិជ្រកកោន និងសិទ្ធិនយោបាយរបស់សកម្មជននៃប្រទេសទាំងពីរ ព្រោះលោកថាបើប្រទេសទាំងពីរមិនគោរពសិទ្ធិទាំងនោះទេ វានឹងប៉ះពាល់តម្លៃនៃប្រទេសនីមួយៗ។
លោកបន្ថែមថា៖ «ប្រទេសមួយៗត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិដែលខ្លួនបានចុះហត្ថលេខានោះ។ ឧទាហរណ៍ថាពាក់ព័ន្ធនឹងសកម្មជនសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នយោបាយហ្នឹង វាត្រូវមានសិទ្ធិជ្រកកោន មិនអាចបញ្ជូនទៅទេ ដូចថៃបញ្ចូនមកខ្មែរ ហើយខ្មែរបញ្ជូនទៅថៃជាដើម។ ហើយសកម្មជនថៃមួយ ដែលបាត់ខ្លួននៅកម្ពុជាហ្នឹង ក៏វាទាមទារឱ្យមានការបង្ហាញ ឬក៏បកស្រាយបន្ថែមដែរ ពីព្រោះសកម្មនោះ គឺជាអ្នកគាំទ្រខាងប្រជាធិបតេយ្យទេ»។
កាលពីពេលកន្លងទៅ សកម្មជននយោបាយនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនដែលបានរត់ភៀសខ្លួនទៅប្រទេសថៃ ដោយព្រួយបារម្ភអំពីការធ្វើទុក្ខបុកម្នេញក្រោមរូបភាពផ្សេងៗ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា ដើម្បីផ្តន្ទាទោស និងដាក់ពន្ធនាគារ។ សកម្មថៃម្នាក់លោក Wanchalearm ដែលហ៊ានរិះគន់មិនសំចៃមាត់ លើរបបយោធាថៃ ដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា និងបានភៀសខ្លួនមកជ្រកកោននៅកម្ពុជា ក្រោយរដ្ឋប្រហារថៃឆ្នាំ២០១៤ ក៏ត្រូវបានបាត់ខ្លួនក្នុងទឹកដីកម្ពុជា ដោយមកដល់បច្ចុប្បន្ន មិនទាន់មានដំណឹងនិងតម្រុយអ្វីនៅឡើយ។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលមកពីគណបក្សភឿថៃ នឹងមានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃអង្គារ។
បើតាមក្រសួងការបរទេសកម្ពុជា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងប្រគល់និងទទួលនូវ«មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ស្ថិតក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នឹងជួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភា។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា កាលពីកន្លងទៅ អតីតនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានគាំទ្រដល់ការបញ្ជូនសកម្មជនខ្មែរមកកម្ពុជាវិញ និងមានកិច្ចសហប្រតិបត្តិការជាមួយភាគីខ្មែរ ដែលនាំឱ្យមានការបញ្ជូនសកម្មជនទាំងនោះមកជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «សកម្មជនយោបាយកម្ពុជាជាច្រើននាក់គិតថានៅពេលដែលពួកគេទៅដល់ប្រទេសថៃ ពួកគេនឹងមានសុវត្ថិភាពពីក្រុមដែលលោក ហ៊ុន សែន បញ្ជា ប៉ុន្តែវាមិនដូចការគិតទាល់តែសោះ»។
លោកបន្ថែមថា សកម្មជនទាំងនោះត្រូវប្រឈមនឹងការតាមដាន យាយី និងបញ្ជូនទៅប្រឈមនឹងបទចោទប្រកាន់ និងដាក់ពន្ធនាគារក្នុងប្រទេសកម្ពុជា។ លោកជំរុញឱ្យនាយករដ្ឋមន្រ្តីថៃបញ្ចប់នូវកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាលកម្ពុជា ដែលមានលក្ខណៈគាបសង្កត់លើសកម្មជន។ លោកក៏ជំរុញឱ្យនាយករដ្ឋមន្រ្តីជជែកជាមួយមេដឹកនាំខ្មែរអំពីការបាត់ខ្លួនសកម្មជនថៃលោក Wanchalearm កាលពីឆ្នាំ២០២០ផងដែរ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលបាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថារដ្ឋាភិបាលកម្ពុជានិងថៃ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន ទាំងការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។ ប៉ុន្តែលោកថាក្នុងជំនួបទ្វេភាគីនេះ មេដឹកនាំទាំងពីរគួរពិភាក្សាគ្នា ដោយត្រូវតែឈរគោលការណ៍ផលប្រយោជន៍ប្រជាពលរដ្ឋទាំងសងខាង និងត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស ព្រោះកន្លងមកមានការរិះគន់ច្រើន ពាក់ព័ន្ធនឹងការចាប់ជនភៀសខ្លួន ដែលជាសកម្មជននយោបាយ និងសិទ្ធិមនុស្ស បញ្ជូនមកកម្ពុជាវិញ ដោយពួកគេទាំងនោះប្រឈមការជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងថៃ ក៏ជាភាគីមួយដែលបានផ្តល់នូវការវាយ[តម្លៃ] របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន នៅទីក្រុងបាងកក។ អ៊ីចឹងប្រទេសថៃត្រូវតែគោរពទៅតាមអនុសញ្ញាស្តីពីជនភៀសខ្លួន ហើយនិងគោលការណ៍នៃសិទ្ធិរបស់ជនភៀសខ្លួន»។
ក្រៅពីនេះ លោកចង់ឃើញរដ្ឋាភិបាលទាំងពីរយកចិត្តទុកដាក់ ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលត្រូវធានាដល់សិទ្ធិពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយធ្វើយ៉ាងណាឱ្យពួកគេមានភាពស្របច្បាប់៕