មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា វត្តមានរបស់អតីតនាយករដ្ឋមន្ត្រីថៃទាំងពីរ ដែលជាបងប្អូនបង្កើតនឹងគ្នា គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នៅក្នុងថ្ងៃខួបកំណើតរបស់មេដឹកនាំកម្ពុជា បង្ហាញពីទំនាក់ទំនងឯកជន ដែលមិនពាក់ព័ន្ធនឹងបញ្ហានយោបាយអ្វីឡើយ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បន្ទាប់ពីគេឃើញវត្តមានរបស់អតីតនាយករដ្ឋមន្ត្រីថៃទាំងពីរនៅក្នុងថ្ងៃខួបកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្រ្តីថៃទាំងពីរក៏បានជួបលោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយក រដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២២ ខែសីហា ខាងមុខ។
លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «គាត់មកជាលក្ខណៈឯកជន អង់គ្លេសថា Private ហ្នឹង។ គាត់អត់មានពាក់ព័ន្ធទៅនឹងបញ្ហាអ្វីទេ ពីព្រោះយើងតាមដានបណ្តាញសារព័ត៌មានអត់មានឮធ្វើសេចក្តីថ្លែងការណ៍ ឬបំផុសព័ត៌មានណាមួយពាក់ព័ន្ធនឹងបញ្ហា គ្រាន់តែមកធ្វើបដិសណ្ឋារកិច្ចជាបង ជាប្អូន រវាងសម្តេចតេជោ ជាមួយនឹងឯកឧត្តម ថាក់ស៊ីន និងលោកជំទាវ យីងឡាក់ តែប៉ុណ្ណឹង»។
បើតាមលោក ផៃ ស៊ីផាន វត្តមានរបស់អតីតនាយករដ្ឋមន្ត្រីទាំងពីរនេះមិនមានអ្វីលើសពីទំនាក់ទំនងគ្រួសារឡើយ។
គេនៅមិនទាន់ដឹងទេថា តើនៅក្នុងជំនួបនោះ ពួកគេបានជជែកអំពីអ្វីខ្លះ ដោយហេតុថាមិនមានការផ្សព្វផ្សាយខ្លឹមសារណាមួយឡើយអំពីជំនួប នៅថ្ងៃខួបរបស់លោក ហ៊ុន សែន។
ទោះជាយ៉ាងណាក្តី បើតាមសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Freshnews អតីតនាយករដ្ឋមន្ត្រីថៃទាំងពីរបានស្នាក់នៅក្នុងភូមិគ្រឹះរបស់លោក ហ៊ុន សែន មួយយប់ បន្ទាប់ពីហោះចាកចេញពីប្រទេសកម្ពុជា។
តាមរយៈរូបថតដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ គេក៏ឃើញមានការជជែកគ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក ថាក់ស៊ីន ប៉ុន្តែមិនមានការបង្ហោះណាមួយថាតើពួកគេបានជជែកអំពីបញ្ហាអ្វីជាមួយគ្នានោះទេ។
បន្ទាប់ពីប្រកាសវិលចូលប្រទេសថៃវិញ ក្នុងពេលដែលថៃកំពុងជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី៥ ខែសីហា ក៏បានប្រកាសពន្យារពេលនៃការវិលចូលប្រទេសថៃវិញ ក្រោមហេតុផលថាត្រូវជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។
លោក ថាក់ស៊ីន បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ ក្នុងឆ្នាំ ២០០១ ហើយលោកបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០០៥ ប៉ុន្តែត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦។ លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទពុករលួយ ការរំលោភបំពានអំណាច និងការមិនគោរពរបបរាជានិយមរបស់ប្រទេស។
អតីតនាយករដ្ឋមន្ត្រីរូបនេះបានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨ ដើម្បីគេចពីការជាប់ពន្ធនាគារក្នុងសំណុំរឿងឧក្រិដ្ឋកម្មជាច្រើន ដែលរូបលោកបានចាត់ទុកថាជារឿងនយោបាយ ហើយលោកនៅតែអាចជាប់ពន្ធនាគារជាង១០ឆ្នាំ នៅពេលលោកត្រឡប់មកវិញ។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍។
មិនខុសគ្នាប៉ុន្មានឡើយ រដ្ឋាភិបាលដែលដឹកនាំដោយប្អូនស្រីរបស់លោក គឺអ្នកស្រី យីងឡាក់ ក៏ត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤។ អ្នកស្រីក៏បានប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ហើយបានភៀសខ្លួនទៅនៅក្រៅប្រទេសផងដែរ។
សាររបស់លោក ថាក់ស៊ីន កាលពីថ្ងៃសៅរ៍ អំពីការពន្យារពេលវិលត្រឡប់របស់លោកចូលប្រទេសថៃ មិនបាននិយាយអំពីដំណើរមកកាន់ប្រទេសកម្ពុជានោះទេ ប៉ុន្តែវីដេអូមួយដែលត្រូវបានបង្ហោះក្នុងគណនី TikTok ផ្លូវការរបស់លោក ហ៊ុន សែន បង្ហាញថា លោក ថាក់ស៊ីន ឈរក្បែរលោក ហ៊ុន សែន ដែលចូលរួមដោយសមាជិកគ្រួសាររបស់លោក ហ៊ុន សែន ក្នុងពិធីខួបកំណើតនៅឯគេហដ្ឋានរបស់មេដឹកនាំកម្ពុជា។
លោក ហ៊ុន សែន បានបង្ហោះវីដេអូជាងមួយនាទីអំពីពិធីជប់លៀង ហើយបានសរសេរថា៖ «ឆ្នាំនេះកូន និងចៅមកជួបជុំ និងមានបងធម៌ប្អូនធម៌ មកចូលរួមខួបកំណើតនៅផ្ទះផងដែរ»។
លោក ថាក់ស៊ីន និងលោក ហ៊ុន សែន ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជិតស្និទ្ធ និងចាត់ទុកគ្នាជា«បងប្អូនធម៌»។ កាលពីឆ្នាំ២០០៩ លោក ហ៊ុន សែន បានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកសេដ្ឋកិច្ច ប៉ុន្តែលោកបានលាឈប់វិញ ក្រោមហេតុផលថា លោកបានជួបការលំបាកផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីរបស់លោកឱ្យបានពេញលេញ៕