អ្នក​តាម​ដាន​សង្គម​ជំរុញ​មេ​ដឹកនាំ​កម្ពុជា​និង​អាមេរិក​ជជែក​ត្រង់​ទៅ​ត្រង់​មក​លើ​បញ្ហា​ចម្រូងចម្រាស​

រូបឯកសារផ្គុំ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០។

អ្នក​តាម​ដាន​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឱ្យ​មេ​ដឹកនាំ​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក​លើ​បញ្ហា​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ដែល​អាមេរិក​សង្ស័យ​ថា នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​របស់​ចិន។ ​

នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក ​ហ៊ុន សែន ​ជា​មួយប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក ​Joe Biden​ នៅ​ពេល​ខាង​មុខ ​អ្នក​តាម​ដាន​សង្គមក៏​ស្នើសហ​រដ្ឋ​អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេ​ញ​លេញ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។​

លោក​ Biden​ ប្រធានាធិបតី​អាមេរិក​នឹង​មក​កម្ពុជា​នា​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​

លោក ​វណ្ណ ប៊ុនណា​ អ្នក​ស្រាវ​ជ្រាវ​នៅវិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​បត្តិការ​និង​សន្តិ​ភាព​ យល់​ថា ​ដោយ​សារការ​រណប​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ​ទើបអាមេរិក​ព្រួយ​បារម្ភ​ខ្លាច​ចិន​បោះ​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើង​ទឹកដើម្បី​ពង្រីក​ឥទ្ធិ​ពល​អំណាច​ ដូច្នេះ​កម្ពុជា​ត្រូវ​បង្ហាញ​ភាព​ច្បាស់​លាស់​ជុំវិញ​បញ្ហា​នេះ ហើយ​ត្រូវជជែក​តទល់គ្នា​ជា​មួយ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ឱ្យ​បាន​ច្បាស់​ថា ​អ្វី​ជា​ក្តី​បារម្ភ​របស់​សហ​រដ្ឋ​អាមេរិក ​និង​អ្វី​ដែល​អាមេរិក​ចង់​បាន។​

លោក​ថ្លែង​ថា៖ ​«ទាក់​ទង​បញ្ហា​សមុទ្រ​រាម ​ដែល​សង្ស័យ​ថា មាន​មូលដ្ឋាន​ទ័ព​ចិន​អាច​ដាក់​កើត​មាន​ វា​អាច​បំបាត់​ទៅ​បាន​លុះ​ត្រា​តែ​កម្ពុជា​បង្ហាញ​ពី​ភាព​មិនសូវ​ជិត​ដិត​ខ្លាំង​ពេក​ជាមួយ​នឹង​ចិន​ ឬ​មួយ​មិន​បង្ហាញ​ពី​រូប​ភាព​ដែល​កម្ពុជា​រណប​ទៅ​រក​ចិន។ ដរាប​ណា​វត្តមាន​ចិន​នៅ​តែ​ខ្លាំង​ក្លា​នៅ​ក្នុង​កម្ពុជា​ អាមេរិក​នៅ​តែ​សង្ស័យ​អំពី​ភាព​ដែល​អាច​កើត​មាន​វត្តមាន​យោធា​ចិននៅ​កម្ពុជា។ ​ដោយ​សារ​ជា​យុទ្ធ​សាស្ត្រ​របស់​ចិន​ ដោយ​សារ​ចិន​ជា​ប្រទេស​មួយ​ដែល​កង​ទ័ពជើង​ទឹក​ហ្នឹង​ធំជាង​គេ​ ​អ៊ីចឹង​ទេ ​ចិន​ត្រូវ​ការ​ទីតាំង​ដើម្បី​បោះ​ជើង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ពង្រឹង​អំណាច​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​បាន​ផង​ដែរ»។​

ព័ត៌មាន​ទាក់ទង៖ មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​យុទ្ធសាស្ត្រ​អាមេរិក​រក​ឃើញ​​សំណង់​ថ្មីៗ​បន្ថែម​នៅ​មូល​ដ្ឋាន​ទ័ពរាម

លោក​ក៏​ជំរុញ​ឱ្យ​មាន​ការ​ជជែក​គ្នា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ ភាគី​ទាំង​២​គួរ​តែ​និយាយ​ត្រង់​ទៅ​ត្រង់​មក។​ ហើយ​កម្ពុជា​គួរ​តែ​មាន​ឆន្ទៈ​នយោ​បាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​ហ្នឹង​ ជា​ពិសេស​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ពី​គណបក្ស​ប្រឆាំង​ដោយ​មិន​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផង​ដែរ។ ​អាហ្នឹង​វា​ជា​កត្តា​នយោ​បាយផ្ទៃ​ក្នុង​ដើម្បី​សម្រប​ ឬ​បើក​ផ្លូវ​ឱ្យ​មាន​គោល​នយោ​បាយ​ការ​បរទេស​របស់​កម្ពុជា​ល្អ​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​មហា​អំណាច​ ជា​ពិសេស​សហ​រដ្ឋ​អាមេរិក​ហ្នឹង»។​

ព័ត៌មាន​ទាក់ទង៖ សង្គម​ស៊ីវិល​កម្ពុជា​ជំរុញ​កែ​លម្អ​ប្រជា​ធិបតេយ្យ​ និង​ស្ថានភាព​សិទ្ធិ​មនុស្ស មុន​កិច្ច​​​ប្រជុំ​អាស៊ាន

លោក​ ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​កសាង​ទំនុក​ចិត្ត​នឹង​គ្នា ​ជា​ពិសេស​ជម្រះ​មន្ទិល​លើ​ការ​សង្ស័យ​អំពី​ការ​ប្រើ​ប្រាស់​មូលដ្ឋានកងទ័ព​ជើង​ទឹករាម​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ ​សង្ឃឹម​ថា ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​លោក​ Joe Biden ​នឹង​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​យក​មក​ដាក់​លើ​តុ​ជជែកជា​មួយ​នឹង​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖​ «អ៊ីចឹង​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ ​យើង​សង្ឃឹម​ថា ​សហ​រដ្ឋ​អាមេរិក​នឹង​លើ​ក​យក​បញ្ហា​នៃ​លម្ហសេរីភាព​ទាំង​អស់​នេះ​ ជជែក​ជា​មួយ​នឹង​កម្ពុជា​ដើម្បី​ឱ្យ​មាន​ការ​កែ​លម្អ​ឡើង​វិញ ​ដើម្បី​លើក​កម្ពស់​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ជា​ពិសេស​ទាក់​ទង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ»។​

ព័ត៌មាន​ទាក់ទង៖ មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិក​ សេង ធារី ដែល​ជាប់ឃុំ ធ្វើ​កូដកម្ម​អត់​អាហារ​មុន​នឹង​ប្រធានាធិបតី​អាមេរិក​លោក Biden មក​ដល់​ភ្នំពេញ

​លោក​ ប៉ា ​ចន្ទរឿន​ ​ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​យល់​ថា ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​គួរ​តែ​ជំរុញកម្ពុជា​ឱ្យ​គោរព​តាម​កាតព្វ​កិច្ច​ខ្លួន ​ទាក់​ទង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ក្នុងច្បាប់​ ​និង​លិខិតូបករណ៍​អន្តរ​ជាតិ​ ​ជាមួយ​បណ្តា​ប្រទេស​ដទៃ បូក​រួម​សហ​រដ្ឋ​អាមេរិកផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«[សហ​រដ្ឋ​អាមេរិក] ​ធ្វើម៉េច​ជំរុញ​ឱ្យ​កម្ពុជាគោរព​កាតព្វកិច្ច​របស់​ខ្លួន​ទាក់​ទង​នឹង​ការគោរព​សិទ្ធិ​មនុស្ស ​និង​អនុវត្ត​តាម​មាគ៌ា​ប្រជាធិបតេយ្យ​ហ្នឹង​ ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ពៀង​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ ២៣​តុលា​ ឆ្នាំ​១៩​៩១​ ដែល​ក្នុង​នោះ​សហ​រដ្ឋ​អាមេរិក​ និង​មហា​អំណាច​មួយ​ចំនួន​ទៀត​ក៏​ជា​ហត្ថា​លេ​ខី​ ក៏​ដូច​ជា​សេចក្តី​ចែង​ក្នុង​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ និង​សេចក្តី​ប្រកាសជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស ​និង​កតិកា​សញ្ញា ​អនុ​សញ្ញា​ផ្សេងៗ​ទៀត​ដែល​កម្ពុជា​ជា​ប្រទេស​ដែល​បាន​ផ្តល់​សច្ចាប័ន​ផង​ដែរ»។​

លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ការពារ​ថា បើ​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជាធ្លាក់​ចុះ ​នោះ​មេដឹក​នាំ​ពិភព​លោក​ រួម​ទាំង​សហ​រដ្ឋ​អាមេរិកនឹង​មិន​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​នោះ​ទេ៕​