អ្នកតាមដាន​ជំរុញ​ឱ្យ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​ការផាក​ពិន័យ​របស់​នគរបាល​ចរាចរណ៍

រូបឯកសារ៖ ទិដ្ឋភាព​ប៉ូលិស​ចរាចរណ៍​អនុវត្ត​ច្បាប់​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)

ក្រោយ​មាន​ការ​ផាក​របស់​ប៉ូលិស​ចរាចរណ៍ ក្នុង​នោះ​មាន​ការ​ជំរិត​ទារ​ប្រាក់​ដែល​បង្ក​ជាក្តី​បារម្ភ​ដល់​ប្រជាពល​រដ្ឋ អ្នក​តាម​ដាន​និង​មន្រ្តី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពិនិត្យ​មើល​ឡើង​វិញ​លើ​ការ​ផាក​ពិន័យ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ មាន​ករណី​ប៉ូលិស​ចរាចរណ៍​ផាក​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពង់​ស្ពឺ ដោយ​តម្រូវឲ្យ​ជន​ដែល​ត្រូវ​បាន​ផាក​បង់​ប្រាក់​រហូត​ដល់​២០០​ដុល្លារ តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​តាម ​ABA ហើយ​មិន​មាន​ការ​ចេញ​វិក្កយបត្រ​នោះ​ទេ។ ក្រោយ​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​បុគ្គល​ត្រូ​វបាន​ផាក​ពិន័យ ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​បាន​ស្រាវ​ជ្រាវ​ ហើយ​រក​ឃើញ​ថា​ មន្ត្រី​របស់ខ្លួន​បាន​ធ្វើ​ខុស​នឹង​វិជ្ជាជីវៈ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​អង្គារ។

ថវិកា​ចំនួន​២០០​ដុល្លារ​នោះ ត្រូវ​បាន​បាញ់​ឱ្យ​ទៅ​ម្ចាស់​ដើម​វិញ ហើយ​មាន​ចំណាត់​ការ​លើ​មន្រ្តី​ចរាចរណ៍​ទាំង​នោះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គិម​អេង លើក​ឡើង​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​យក​ចិត្តទុក​ដាក់​និង​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​លើ​បញ្ហា​នេះ ហើយ​បើ​មិន​ដោះ​ស្រាយ​ទេ នោះ​ប្រជាពល​រដ្ឋនឹង​បាត់​ទំនុកចិត្ត​កាន់​តែ​ខ្លាំង​ទៅ​លើ​ប៉ូលិស​ចរាចរណ៍ ដោយ​ហេតុ​ថា​ពួក​គេ​មិន​ចាត់​ទុក​មន្ត្រី​ប៉ូលិស​ជា​អ្នក​ដែល​អនុវត្ត​ច្បាប់​ឡើយ ប៉ុន្តែ​ជា​អ្នក​ដែល​ជំរិ​ត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ។ លោក​បន្ថែម​ថា​ប្រាក់​ផាក​ពិន័យ​ដែល​មិន​មាន​វិក្កយបត្រ មិន​អាច​ចូល​ជា​ថវិកា​របស់​រដ្ឋ​ឡើយ គឺ​ធ្លាក់​លើ​ដៃ​មន្រ្តី​ប៉ូលិស​ដែល​ឈរ​ជើង​នៅ​ទីនោះ។

លោក​ថ្លែង​ថា៖ «ការ​ផាក​ពិន័យ​ដែល​ត្រឹម​ត្រូវ​ គឺវា​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​បាន ប៉ុន្តែ​ការ​ផាក​ដែល​មិន​ត្រឹម​ត្រូវ​ គឺ​ផ្ទុយ​ទៅ​វិញ​បង្កើត​ឱ្យ​មាន​ជម្លោះ​នៅ​ក្នុង​សង្គម ហើយ​វា​មិន​មែន​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​គេ​ខ្លាច​ទៅ​លើ​ច្បាប់​ហ្នឹង​ដែរ ព្រោះ​គេ​យល់​ថា​ប៉ូលិស​អត់​អនុវត្ត​ច្បា​ប់​ត្រឹម​ត្រូវ»។

​លោក យង់ គិម​អេង អះអាង​ទៀត​ថា ប៉ូលិស​មួយ​ចំនួន​យក​អាជីពជា​ប៉ូលិស​ចរាចរណ៍​ធ្វើ​ជា​របរ​រកស៊ី។

នាយក​ប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា​ លោក ប៉ិច​ ពិសី កត់​សម្គាល់​ថា​ ការ​ផាក​របស់​ប៉ូលិស​សព្វ​ថ្ងៃ​នេះ​បាន​បង្កជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពល​រដ្ឋ ដោយ​សារតែ​ពួក​គេ​គិត​ថា ​ការ​ផាក​ពិន័យ​សព្វ​ថ្ងៃ​នេះ​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទេ ប៉ុន្តែ​ជា​វិធី​នៃ​ការ​រក​លុយ​ប្រចាំ​ថ្ងៃ​ទៅវិញ។ លោក​ផ្តល់​ជា​យោប​ល់​ថា​ មន្ត្រី​ទទួល​បន្ទុក​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​ពាក់​ព័ន្ធ​នឹង​កា​រអនុវត្ត​ច្បាប់​ ក៏ដូច​ជា​វិជ្ជា​ជីវៈ​របស់​ប៉ូលិស។

លោក​បញ្ជាក់​ថា​៖ «ដូច្នេះ​គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​អំពី​ការ​ស្តារ​នូវកិត្តិ​នាម ការ​ស្តារ​នូវ​កិត្តិ​យស​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ឡើង​វិ​ញ ហើយ​ដើម្បី​ធ្វើ​ដូច្នោះ​បាន​ ទាល់​តែ​យើង​រក្សា​នូវ​ការ​អនុវត្ត​ការងារ​ប្រកប​ដោយ​អាជីព ប្រកប​ដោយ​ក្រម​សីលធម៌​ ហើយ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​មន្ត្រី​អនុវត្ត​ចរាចរណ៍ ហើយ​ផ្តោត​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ជា​ជាង​ទៅ​លើ​ការ​ផាកពិន័យ»។

​រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា​ មាន​ជន​ខិល​ខូច​តិច​តួច​ដែល​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ ខណៈ​ថា​ក្រសួង​ស្វាគមន៍​រាល់​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​ប្រជា​ពល​រដ្ឋ​ទៅ​លើ​បញ្ហា​ដែល​បាន​កើត​ឡើង​។

លោក​បញ្ជាក់ថា​៖ «ដូច្នេះ​រីករាយ​នឹង​ទទួល​រាល់​សំណូមពរ​ រាល់​ពាក្យ​បណ្តឹង​ពី​ប្រជា​ពល​រដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អីផ្សេង​ៗ​ដែល​ខុស​ឆ្គង ដែល​ខុស​ច្បាប់​ពី​សំណាក់​សមត្ថ​កិច្ច​ក្រោម​សមត្ថ​កិច្ច​របស់​ក្រសួង​មហា​ផ្ទៃ»។

វីអូអេ​មិន​អាចសុំការ​អត្ថាធិប្បាយ​ពីលោក ស ថេត ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ និង​លោក សាន​ សុខសីហា​ អ្នកនាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធា​នីភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជា​ក់​ថា​យោ​ងតាម​សេចក្តី​ប្រកាស​របស់​ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញវត្ថុ​កាល​ពីកន្លង​ទៅ ស្តី​ពី​ការ​ផាក​ពិន័យអន្តរ​ការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ផាក​ពិន័យ នឹង​ចូល​ទៅ​ជា​ថវិកា​ជាតិ​ចំនួន​៤% ក្រសួង​មហាផ្ទៃ​ចំនួន​៩៥% និង​ក្រសួង​សេដ្ឋកិច្ច​១%៕