ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ប៉ូលិស​ចរាចរណ៍​វាយ​ស្រ្តី​ម្នាក់​នឹង​អាយ​កូម​រហូត​បែក​ក្បាល ស្ថិត​ក្នុង​ដំណាក់​កាល​សម្រប​សម្រួល


រូប​ថត​ផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ បង្ហាញ​​ប៉ូលិស​ចរាចរណ៍​​ឈ្មោះ ម៉ាត់ ពិសី ​(ឆ្វេង)​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ និង​អ្នក​រង​របួស​ក្បាល កញ្ញា ងន ស្រីនិច អាយុ​២២​ឆ្នាំ (ស្តាំ)។

ស្រ្តី​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​ចរាចរណ៍វាយ​នឹង​អាយ​កូម​ឲ្យ​របួស​ក្បាល ដេរ​យ៉ាង​តិច​៣​ថ្នេរ ក្នុង​ហេតុការណ៍​បើក​ម៉ូតូ​មិន​ពាក់មួយ​សុវត្ថិ​ភាព កាល​ពី​យប់​ថ្ងៃ​ពុធ បាន​ទាម​ទារ​រក​យុត្តិ​ធម៌ ខណៈ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ជម្រើស​នៃ​ការសម្រប​សម្រួល​ផ្តល់​សំណង​ព្យាបាល ដោយ​មិន​បាច់​ប្តឹង​ទៅ​តុលាការ។

ហេតុការណ៍​នៃ​ការ​វាយ​ស្រ្តី​នឹង​អាយ​កូម កើត​ឡើង​នៅ​វេលា​ម៉ោង​ជាង​៧​យប់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ក្នុង​ខណ្ឌ​៧​មករា នៅ​ជិត​ស្តុប​អាង​ទឹក​អូឡាំ​ពិក នៅ​ពេល​ដែល​ស្រ្តី​រូបនោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កូប​ពី​មួយ​គ្រឿង ដោយ​មាន​ប្អូន​ប្រុសជី​ដូន​មួយ ជា​អ្នក​បើក​ម៉ូតូ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់មិន​ពាក់​មួក​សុវត្ថិភាព​ដូច​គ្នា។

ពួកគេ​បាន​ឃើញ​នគរ​បាល​ចរាចរណ៍ ហើយ​ព្យាយាមជិះ​គេច ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ម្នាក់​ចេញមក​ស្ទាក់​ចាប់ ទាំង​ម៉ូតូ​កំពុង​បើក​បរ រហូត​ដល់​មាន​ការ​ប្រើ​អាយ​កូម​វាយ​ត្រូវ​ក្បាល​ស្រ្តី​ដែល​ជិះ​ពី​ក្រោយ និង​ធ្លាក់​ពី​លើ​ម៉ូតូ​ភ្លាម។ នេះ​បើ​តាមជនរង​គ្រោះ។

អ្នក​រង​របួស​ក្បាល កញ្ញា ងន ស្រីនិច អាយុ​២២​ឆ្នាំ ដែល​ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ទួល​សង្កែ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្អូន​ជីដូន​មួយ​ដែល​ជា​អ្នក​បញ្ជា​ម៉ូតូ​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ឃើញ​នគរបាល​ចរាចរណ៍​កំពុង​ដាក់​ប៉ារាស់​ត្រួត​ពិនិត្យ​ចរាចរណ៍​នា​ពេល​យប់។

កញ្ញារៀប​រាប់​ថា៖ «និយាយ​ទៅ​គាត់​មិន​សូវ​យល់​ពី​ច្បាប់​ទម្លាប់ គាត់​ក្មេង​អញ្ចឹង​... គាត់​អត់​(បាន)​គិត​ច្រើន​គាត់​ដឹង​តែ​ពី​គេច​(ព្រោះ)​គាត់​ភ័យ។ ប៉ុន្តែ​ខ្ញុំ​អ្នក​អង្គុយ​ក្រោយ ខ្ញុំ​អត់​ដឹង​អី​ទេ ខ្ញុំ​ក៏​ប្រាប់​ដែរ​ថា​អូន​ចូល​ទៅ​(អូន​ឯង​ចូល​ទៅ​អស់​ប៉ុន្មាន​អស់​ទៅ ពី​ព្រោះ​គាត់​អត់​ដែល​ចេញ​យប់​ទេ​គាត់​ខ្លាច​ចាប់​អញ្ចឹង​ទៅ រញ៉េរញ៉ៃ​វែង​ឆ្ងាយ​ម៉ាក់​គាត់​រក​រឿង​អញ្ចឹង»។

កញ្ញា ស្រីនិច ឲ្យ​ដឹង​ទៀត​ថា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ កញ្ញា​ទៅ​ពិនិត្យ​របួស​បន្ត​ទៀត ខណៈ​ការ​ប្តឹង​ផ្តល់​យ៉ាង​ណា គឺ​អាស្រ័យ​លើ​ឪពុក​ម្តាយ​បង​ប្អូន​របស់​កញ្ញា ដែល​បាន​ជួប​នគរបាល​នៅ​អធិការ​ខណ្ឌ​៧មករា។ ប៉ុន្តែកញ្ញា​ចង់​បាន​ភាព​យុត្តិ​ធម៌ និង​សំណង ដើម្បី​យក​មក​មើល​របួស ដែល​កញ្ញា​ព្រួយ​បារម្ភ​ថា​ខ្លាច​មាន​បញ្ហា​សុខ​ភាព នៅ​ថ្ងៃ​ក្រោយ​ទៀត។

កញ្ញា​បន្ត​ថា៖ «ខ្ញុំ​ជា​មនុស្ស​ស្រី វាយ​ដំ​ខ្ញុំ​តាម​ផ្លូវ​សាធារណៈ ហើយ​ គាត់​ជា​មនុស្ស​ប្រុស​ធ្វើ​មិន​ដឹង​ធ្វើ​អី​អញ្ចឹង។ អញ្ចឹង​ខ្ញុំ​បាត់​បង់​កិត្តិយស​ហើយ​ខ្ញុំ​ត្រូវ​ការ​កិត្តិយស​ខ្ញុំ​មក​វិញ ភាព​យុត្តិធម៌ ហើយ​សំណង​មើល​ជំងឺ​របស់​ខ្ញុំ​ទៅ​ថ្ងៃ​មុខ​ព្រោះ​ក្បាល​ខ្ញុំ​ឡើង​ប៉ល់​ហើយ»។

កញ្ញា​បន្ថែម​ថា៖ «បើ​តាម​សាច់​ដេរ គេ​ដេរ​ច្រើន​ថ្នេរ ពី​ព្រោះ​ដេរ​ហើយ​ក្បាល​យើង​អត់​ដុះ​សក់​អញ្ចឹង​វា​ទៅ​ជា​ឆែប។ ដល់​ពេល​គាត់​ឃើញ​ខ្ញុំ​មនុស្ស​ស្រី គាត់​ដេរ​ឲ្យ​តែ​បី​ថ្នេរ​ទេ ប៉ុន្តែ​របួស​ហ្នឹង អត់​សូវ​(ងាយ)​ជា​បន្តិច​ប៉ុន្តែ​យើង​ឧស្សាហ៍​ព្យាបាល​លាង​របួស​ជា​ដើម​អញ្ចឹង​ទៅ»។

កញ្ញា ស្រីនិច ក៏​ចង់​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍ ដោយ​គ្រាន់​តែ​អប់រំ​និង​ពិន័យ​ទៅ​តាម​ច្បាប់​និង​កុំ​វាយ​ដំ​អ្នក​ធ្វើ​ដំណើរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បែប​នេះ។

ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​មាន​ការ​បញ្ជា​ពី​លោក នេត​សាវឿន​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ និង​លោក ស​ ថេត ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ។

សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ថាប៉ូលិស​ចរាចរណ៍​ដែល​មាន​ឈ្មោះ ម៉ាត់ ពិសី ត្រូវ​បាន​ឃាត់​ខ្លួន។ សមត្ថកិច្ច​នឹង​ឲ្យ​មន្ត្រី​បង្ក​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​«ចរចា​គ្នា​រឿង​សំណង​ថ្លៃ​ព្យាបាល»។

សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ថា៖ «បើ​ជន​រង​គ្រោះ​មិន​សុខ​ចិត្ត​សមត្ថ​កិច្ច​នឹង​អនុវត្ត​បន្ត​ដោយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិ​វិធី​ច្បាប់»។

ប្រសិន​បើ​ជន​រងគ្រោះ​ចរចា​ត្រូវ​គ្នា​បញ្ចប់​រឿង​ត្រឹម​សំណង មន្ត្រី​នោះ​ក៏​នៅ​តែ​ត្រូវ​រង​វិន័យ​កង​កម្លាំងដែរ។ ចំពោះ​អ្នក​បើកបរ​ល្មើស​ច្បាប់​គេច​ពី​សមត្ថកិច្ច ក៏​នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​បំភ្លឺ។

លោក សាន សុខសីហា អ្នកនាំ​ពាក្យ​របស់​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​នៅ​ម៉ោង​១២​កន្លះ​នា​ថ្ងៃ​ព្រហស្បតិ៍ សមត្ថកិច្ច​នៅ​ខណ្ឌ​៧​មករា បាន​សាក​សួរ​និង​ប្រមូល​ភស្តុតាង​បន្ថែមដែល​មាន​ទាំង​អ្នក​បង្ក ជន​រង​គ្រោះ និង​អ្នក​បើក​បរ​ម៉ូតូ​ផ្ទាល់។ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​សមត្ថកិច្ច​បាន​ប្រព្រឹត្ត​កំហុស​ជាក់​ស្តែង នោះ​នឹង​ប្រឈមនឹង​ផ្លូវ​ច្បាប់ ប៉ុន្តែទាក់​ទង​វិន័យ​អង្គភាព​បែប​ណា លោក​ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «បើ​យើង​រក​ឃើញ​ថា​មាន​កំហុស​ជាក់​ស្តែង​មែន ​យើង​អត់​មាន​ការ​លើក​លែង​ទេ យើង​អនុវត្ត​ទៅ​តាម​និតីវិធី​ច្បាប់។ ហើយ​ចំពោះ​អ្នក​ដែល​បើក​បរ​ម៉ូតូ ដូច​គ្នា​គឺ​គាត់​បើក​បរ​ម៉ូតូ​ល្មើស​ច្បាប់​គេច​វេះ​ពី​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថ​កិច្ច​បែប​ហ្នឹង​ក៏​យើង​អនុវត្ត​តាម​ជាក់ស្តែង​ដែរ»។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ បាន​ថ្លែង​ថា​លោក​ចង់​ឃើញ​ស្ថាប័ន​ពាក់​ព័ន្ធអនុវត្ត​ច្បាប់ឲ្យ​បាន​ត្រឹម​ត្រូវ និង​ប្រកប​ដោយតម្លាភាព។ ប្រសិន​មាន​ការ​សម្រប​សម្រួល​គ្នា​ក្នុង​ការបញ្ចប់​រឿង វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​ប្រជា​ពល​រដ្ឋ។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​គ្រាន់តែ​ថា​ដោះ​ស្រាយ​តាម​បែបសម្រប​សម្រួល​នឹង​ទទួល​រង​នូវ​ការ​រះគន់​ច្រើន​ហើយ​វា​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​ក្នុង​ការ​អនុវត្ត​(ច្បាប់) ពីព្រោះមន្ត្រី​ដែល​អនុវត្ត​ច្បាប់ ត្រូវ​ដើរ​តួនាទី​ជា​គំរូ​សម្រាប់​ឲ្យ​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​ច្បាប់។ បើ​មន្ត្រី​អនុវត្ត​ច្បាប់ គាត់​អនុវត្ត​ច្បាប់​តាម​បែប​ហិង្សា ហើយ​ត្រូវ​បាន​សម្រប​សម្រួល ដែល​គ្រាន់​ជា​ការ​ដោះ​ស្រាយ​សមរម្យ​សម្រួល​ជា​សំណង​ហើយ​បញ្ចប់​រឿង​បែប​ហ្នឹង​វា(ជា)​និទណ្ឌ​ភាព​មួយ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​អនុវត្ត​ច្បាប់​នៃ​កង​កម្លាំង​ដទៃ​ទៀត»។

លោក អំ សំអាត​ ក៏​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា ដើម្បី​សុវត្ថិភាព​ខ្លួន​ឯង និង​អ្នក​ដទៃ៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG