អ្នក​សង្កេតការណ៍​ថា​ប្រទេស​កំពុង​អភិវឌ្ឈ​ត្រូវ​ការ​ជំនួយ​គាំទ្រ​បណ្តាញ​ព័ត៌មាន

អ្នក​ជំនាញ​​​ថា​​ ជា​រឿង​លំបាក​សម្រាប់​ប្រទេស​ដែល​ទើប​បោះ​ជំហ៊ាន​ទៅ​​រក​ប្រជាធិបតេយ្យ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​សេរី​ពិត​ប្រាកដ​ ហើយ​មាន​ការ​ចូលរួម​កែ​ទម្រង់​រឿង​នេះ​ពី​ស្ថាប័ន​ជា​ច្រើន​ទៀត។

ក្រុម​អ្នក​សង្កេត​ការណ៍​ក្នុង​ប្រទេស​អាមេរិក​ខ្លះ​ចង់​ឃើញ​មាន​ជំនួយ​ពី​អន្តរជាតិ​ផ្តល់​ការ​គាំទ្រ​ដល់​បណ្តាញ​ព័ត៌មាន​ច្រើន​ទៀត​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​កម្ពុជា​ដើម្បី​អ្វីមួយ​ដែល​គេ​ចាត់​ទុក​ថា​ធ្វើ​ឲ្យ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​មិន​លម្អៀង​ហើយ​នឹង​និយាយ​ការណ៍​ពិត។​ ការ​បិត​បាំង​ព័ត៌មាន​និង​ការ​ផ្សាយ​ព័ត៌មាន​តាម​រយៈ​វិធី​ញុះញង់​និង​គ្មាន​វិជ្ជាជីវៈ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​៨០០.០០០​នាក់​ត្រូវ​សម្លាប់​ក្នុង​ប្រទេស​រវ៉ាន់ដា​ ហើយ​នឹង​គ្មាន​ព័ត៌មាន​អំពើ​របប​គ្រប់គ្រង​កុម្មុយនីស្ត​ខ្មែរ​ក្រហម​បាន​ធ្វើ​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជ​មនុស្ស​ជាង​១លាន​៧សែន​នាក់​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​សារ​ការ​កើត​អំពើ​ប្រល័យ​ពូជ​សាសន៍​ក្នុង​ប្រទេស​រវ៉ាន់ដា​និង​កម្ពុជា​គ្មាន​ ព័ត៌មាន​ត្រូវ​គេ​ផ្សព្វ​ផ្សាយ​ការណ៍​ពិត​ចេញ​ទៅ​ក្រៅ ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ ក្រុម​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បាន​ថ្លែង​ថា ​ជំនួយ​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​រឿង​សំខាន់​មួយ​ក្នុង​ចំណោម​ជំនួយ​ផ្សេងៗ​ដែល​ផ្តល់​ជូន​ប្រទេស​នានា​ដែល​មាន​បញ្ហា​ទំនាស់​ផ្ទៃ​ក្នុង។

ក្រុម​អ្នក​សង្កេត​ការណ៍​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​រវ៉ាន់ដា​កាល​ពី​ឆ្នាំ​១៩៩៤​ បាន​ធ្វើ​ឲ្យ​ជនជាតិ​ទស្ស៉ី​និង​ជនជាតិ​ហ៊ូទូ​និយម​កណ្តាល​សរុប​ជាង​៨០​ម៉ឺន​នាក់​ត្រូវ​គេ​សម្លាប់​ដោយ​សារ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រើ​ពាក្យ​ញុះញ៉ង់​ឲ្យ​មាន​ការ​កាប់​សម្លាប់​មួយ​ផ្នែក។​ រី​ឯ​នៅ​ កម្ពុជា​ ការណ៍​ដែល​គ្មាន​ព័ត៌មាន​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ចន្លោះ​ ឆ្នាំ​១៩៧៥​ដល់​១៩៧៩​ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​១​លាន​៧​សែន​នាក់​ផង​ដែរ។

លោក​ ម៉ៃខល ​ដប់ស្ស​ (Michael Dobbs)​ ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សារមន្ទីរ​ស.រ.អា. អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​និង​ជា​អតីត​អ្នក​កាសែត​ដែរ​នៅ​ក្នុង​ទសវត្សរ៍​១៩៩០​នោះ។​ លោក​ថ្លែងថា ​ជំនួយ​សម្រាប់​វិស័យ​ព័ត៌មាន​ជារឿង​សំខាន់​ណាស់។

«ខ្ញុំ​ពិត​ជា​គិត​ថា ទាក់ទង​នឹង​ជំនួយ​បរទេស​នានា​ពី​ខាង​ក្រៅ​ទំនង​ជា​ចាយ​មិន​ ត្រូវ​គោល​ដៅ។​ ខ្ញុំ​គិត​ថា ​ការ​វិនិយោគ​ទៅ​លើ​បញ្ហា​ប្រជាធិតេយ្យ​ ស្វែង​រក​វិធី​ក្នុងការ​គាំទ្រ​សារព័ត៌មាន​សេរី​ក្នុង​ប្រទេស​ដូច​ជា​កម្ពុជា​ គឺ​ជា​រឿង​សំខាន់​ណាស់​ជា​ ការណ៍​ពិត។​ ហើយ​នេះ​ជា​ការ​វិនិយោគ​មួយ​ដែល​គេ​អាច​ធ្វើ​បាន»។

លោក​បាន​អះអាង​ថា​ ជា​រឿង​លំបាក​សម្រាប់​ប្រទេស​ដែល​ទើប​បោះ​ជំហ៊ាន​ទៅ​ រក​ប្រជាធិបតេយ្យ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​សេរី​ពិត​ប្រាកដ​ ហើយ​មាន​ការ​ចូលរួម​កែ​ទម្រង់​រឿង​នេះ​ពី​ស្ថាប័ន​ជា​ច្រើន​ទៀត។

«វា​ត្រូវការ​ពេល​វេលា​ដើម្បី​អភិវឌ្ឍ​រឿង​នេះ។​ តែ​ខ្ញុំ​ពិត​ជា​គិត​ថា​វា​ជា​រឿង​សំខាន់​មួយ​ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​គឺ​ជា​អ្នក​ធានា​យ៉ាង​សំខាន់​បំផុត​ទល់​នឹង​អំពើ​ហិង្សា​ជាតិ​សាសន៍​ដែល​ឥត​ហេតុ​ផល​ព្រោះ​វា​ជា​រឿង​ងាយ​ណាស់​ក្នុង​ការ​ប្រើ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ប្រកាន់​តាម​អង្គការ​មួយ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឬ​គ្រប់​គ្រង​ដោយ​គណបក្ស​នយោបាយ​ជំទាស់​ខ្លះ​ឬ​ដោយ​ក្រុមអ្នក​ជំនួញ ​ក្នុង​ការ​បំភាន់​មតិ​សាធារណជន។​ ខ្ញុំ​គិត​ថា​រឿង​នេះ​ហើយ​ជា​រឿង​គ្រោះ​ថ្នាក់​មែន​ទែន​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​រវ៉ាន់ដា​ ហើយ​នឹង​កន្លែង​ផ្សេង​ទៀត»។

លោក ​ម៉ាក ​ណេលស្ស៉ិន​ (Mark Nelson) ​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​ របស់​ស.រ.អា.​National​ Endowment ​for ​Democracy​ និង​ជា​អតីត​អ្នក​សារព័ត៌មាន​ផង​នោះ​បាន​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​កិច្ចការ​ដែល​ត្រូវ​អនុវត្ត​ដោយ​ក្រុម​ម្ចាស់​ជំនួយ​និង​ស្ថាប័ន​អន្តរជាតិ​ គឺ​ពិត​ជា​រឿង​សំខាន់​ណាស់។​ ហើយ​គេ​ត្រូវការ​ចំណាយ​ថវិកា​ច្រើន​ជាង​នេះ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពិត​ជា​ រឿង​សំខាន់​ដែល​អាច​មាន​ឥទ្ធិពល​ទូលំ​ទូលាយ​លើ​គ្រប់​បញ្ហា​រួម​ទាំង​ច្បាប់​និង​ប្រសិទ្ធភាព​នៃ​សេដ្ឋកិច្ច​ ហើយ​នឹង​ប្រសិទ្ធភាព​នៃ​ប្រជាធិតេយ្យ។​ ហើយ​ខ្ញុំ​គិត​ថា​គេ​ត្រូវការ​វិនិយោគ ​ហើយ​នឹង​បង្កើត​ស្ថាប័ន​ផ្សព្វផ្សាយ​នេះ​ឲ្យ​បាន​រឹងមាំ​ក្នុង​ ប្រទេស​កំពុង​អភិវឌ្ឍ»។

លោក​បាន​បន្ថែម​ថា​តួនាទី​ព័ត៌មាន​ឯករាជ្យ​សំខាន់​ណាស់​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​ជម្លោះ​និង​អំពើ​ហិង្សា​ដូច​កម្ពុជា​ក្នុង​ការ​យល់​ដឹង​អំពី​បញ្ហា​ទាក់ទង​នឹង​អតីតកាល​និង​បច្ចុប្បន្នកាល​និង​ទៅ​អនាគត​ផង​ដែរ។

«ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​នេះ​សារព័ត៌មាន​អាច​ជួយ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​អ្វី​ដែល​កើត​ឡើង​ និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កំហុស​ពី​អតីត​កាល។​ ខ្ញុំ​គិត​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ មធ្យោបាយ​សំខាន់​ក្នុង​ការ​កសាង​ការ​ទាក់ទង​នឹង​សង្គម​ហើយ​ជួយ​ពលរដ្ឋ​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​នៅ​អតីតកាល»។

លោក​ថ្លែង​ដូច្នេះ​ដោយ​លើក​យក​បញ្ហា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​ រវ៉ាន់ដា​និង​កម្ពុជា​មក​បញ្ជាក់​ជា​ឧទាហរណ៍។​ រឿង​នោះ​កើត​ឡើង​ដោយ​សារ​តែ​ប្រព័ន្ធ​ព័ត៌មាន​បាន​ក្លាយ​ជា​ការ​ញ៉ុះញ៉ង ​ហើយ​មិន​បាន​និយាយ​ការណ៍​ពិត​ ហើយ​នឹង​គ្មាន​ការ​ផ្សព្វផ្សាយ​ពី​សារព័ត៌មាន​បរទេស។

ដោយ​ឡែក​លោក​ យុ ឆាំង​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​អះអាង​ថា៖

«និយាយ​ឲ្យ​ខ្លី​ទៅ​ព័ត៌មាន​លោក​ខាងលិច​ដែល​និយាយ​អំពី​ខ្មែរក្រហម​ សម័យ​ ខ្មែរក្រហម​ ហាក់​ដូច​ជា​អត់​មាន​និយាយ​អំពី​ការ​កាប់​សម្លាប់​ទាល់​តែ​សោះ។​ តែ​ បាន​និយាយ​អំពី​ជន​ភៀស​ខ្លួន​ដែល​បាន​ភៀស​ចេញ​ពី​ប្រទេស​ បាន​និយាយ​អំពី​ ការ​អត់​អាហារ​ដែល​ទម្លាក់​កំហុស​ទៅ​លើ​សង្គ្រាម​វៀតណាម ​មាន​និយាយ​អំពី​ ការ​ប្រឹងប្រែង​របស់​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ក្នុង​សម័យ​ខ្មែរក្រហម។តែ​ការ​ កាប់​សម្លាប់​គ្មាន​និយាយ​ទាល់​តែ​សោះ​សូម្បី​គុក​១​ក៏​គ្មាន​និយាយ​ដែរ​បាទ។​ អត់​ មាន​ទាល់​តែសោះ។​ ហើយ​យើង​មាន​ឯកសារ​ហ្នឹង​ទាំង​អស់»។

លោក​បាន​បន្ថែម​ថា ​លោក​យើង​បាន​ប្រមូល​ឯកសារ​ពី​អឺរ៉ុប​បាន​ប្រហែល​ជា​ជាង​១៧.០០០​ឯកសារ​ ហើយ​យើង​បាន​ប្រមូល​ឯកសារ​ពី​ប្រទេស​អាឡឺម៉ង់​ខាង​កើត​ មក​ពី​ស៊ុយអែត ​មក​ពី​ប្រទេស​បារាំង ​ហើយ​ព័ត៌មាន​ទាំង​អស់​មិន​បាន​និយាយ​ពី​ការ​កាប់​សម្លាប់​ណា​មួយ​ទាល់​តែ​សោះ។

លោក​ ឆាំង យុ​ បាន​អះអាង​អំពី​មូល​ហេតុ​ត្រួសៗ​ដែល​គ្មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពេល​នោះ៖

«ដោយ​សារ​ទី១​ ប្រទេស​កម្ពុជា​ត្រូវ​បាន​បិទ​ជិត​ឈឹង។ អញ្ចឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ទាំងអស់​ជឿ​ទៅ​តាម​ការ​ឃោសនា​របស់​ខ្មែរ​ក្រហម​ពី​ក្នុង​ប្រទេស​ ហើយ​ដែល​ មាន​អៀង សារី​ ជា​អ្នក​ដឹកនាំ​ផ្សព្វផ្សាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំងអស់​ នោះ​និយាយ​ពី​ការ​លូតលាស់​ប្រទេស​របស់​ខ្លួន​ រួម​ទាំង​អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន​ចូលរួម​សន្និសីទ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ដែល​មិន​ចូល​បក្សសម្ព័ន្ធ​នោះ​ក៏​បាន​និយាយ​អំពី​ការ​កើន​ឡើង​និង​ការ​លូតលាស់​របស់​ខ្លួន។​ តែ​ផ្ទុយ​ទៅ​វិញ​គឺ​កម្ពុជា​បាន​បិទជិត​សូន្យ​សុង។​ អញ្ចឹង​អ្នក​ទាំងអស់​ហ្នឹង​ដោយ​សារ​សម្ព័ន្ធមិត្ត​ ដោយសារ​បញ្ហា​ការ​សម្ព័ន្ធភាព​គ្នា​ប្រកាន់​ខាង​គ្នា​ប្រឆាំង​នឹង​សង្គ្រាម​ជាមួយ​វៀតណាម​គឺ​បញ្ហា​មនោគមន៍វិជ្ជា​ហ្នឹង​គឺ​ជឿជាក់​ដោយ​ងងឹត​ងងល់»។​

លោក​ថា​មាន​បណ្តា​ជា​មិត្ត​នៅ​លោក​ខាងលិច​មួយ​ចំនួន​ក៏​បាន​ចូល​មក​កាន់​ក្នុង​ប្រទេស​កម្ពុជា​ដែរ។​ ដូចជា​ក្រុម​ស៊ុយអែត​ដែល​មក​ក្នុង​ខែ​១១​ឆ្នាំ​១៩៧៨​ ​ មក​ ដល់​ក្នុង​ស្រុក​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស ​ហើយ​មិន​បាន​សួរ​ទៀត​ថា​ ហេតុអ្វី​បាន​ ជា​ទី​ក្រុង​ភ្នំពេញ​គ្មាន​មនុស្ស?​ នៅតែ​គិត​ថា​ប្រទេស​កម្ពុជា​កំពុង​តែ​លូតលាស់​ ហើយ​បាន​ទៅ​ដល់​ការដ្ឋាន​លើក​ទំនប់​ជីក​ប្រឡាយ​អត់​បាន​សួរ​ទៀត​ថា ​ហេតុ​ដូច​ម្តេច​បាន​ជា​ប្រជាជន​ទាំង​អស់​នេះ​ហូប​បាយ​រួម​ នៅរួម​ គ្មាន​ផ្ទះ​សម្បែង​ត្រឹម ត្រូវ។​ អញ្ចឹង​បញ្ហា​ មនោគមន៍​វិជ្ជា​បញ្ហា​ឥទ្ធិពល​សង្គ្រាម​នៅ​វៀតណាម​ហ្នឹង​ជា​កត្តា​មួយ​ដែល​ធ្វើឲ្យ​ការ​កាប់​សម្លាប់​ហ្នឹង​ ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើញ​ការ​កាប់​សម្លាប់​ទុក្ខ​វេទនា​និង​អំពើ​ឃោរឃៅ​ដែល​ខ្មែរ​ក្រហម​ធ្វើ​ទៅ​លើ​ប្រជាជន​ខ្លួន​ឯង​បាទ»។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក​បាន​អះអាង​ថា ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​របស់​លោក​បាន​ចងក្រង​ព័ត៌មាន​តាំង​ពី​ឆ្នាំ​១៩៥៩​មក​ទល់​បច្ចុប្បន្ន ​រហូត​ដល់​មាន​តុលាការ​កាត់ទោស​ខ្មែរ​ក្រហម​មួយ​បាន​កើត​ឡើង។

លោក​ មឿន ​ឈានណារិទ្ធិ ​ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​វិស័យ​សារព័ត៌មាន​ បាន​កត់​សម្គាល់​ឃើញ​ថា​ អ្នក​រងគ្រោះ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​បី​ទសវត្សរ៍​កន្លង​មក​នេះ​ ហើយ​រឿងរ៉ាវ​ខ្មែរក្រហម​ហាក់​ដូច​ជា​សាបរលាប​ជា​បន្ត​បន្ទាប់។

«ហើយ​រឿង​ពាក់ព័ន្ធ​នឹង​ខ្មែរក្រហម​ វា​ដូច​ជា​សាប​រលាប​ជា​បន្ត​បន្ទាប់​ដែរ។​ អញ្ចឹង​ចំណាប់​អារម្មណ៍​របស់​សាធារណៈ​ជន​ក៏​ថយ​ចុះ​ខ្លាំង។​ អញ្ចឹង​ហើយ​ខ្ញុំ​ឃើញ​កន្លង​មក​ ទោះបី​ជា​មាន​សាលាក្តី​ខ្មែរក្រហម​ដំណើរការ​ទៅ​ប៉ុន្មាន​ឆ្នាំ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ជា​ពិសេស​ក្នុង​ចំណោម​យុវជន​ដែល​អត់​បាន​ដឹង​ឮ​រឿង​របប​ប្រល័យ​ពូជ​សាសន៍​ ក្នុង​សម័យ​ខ្មែរក្រហម អត់​ចូលចិត្ត​ព័ត៌មាន​ដែល​ទាក់ទង​នឹង​សម័យ​ខ្មែរ​ក្រហម​ទេ»។

លោក​បាន​ថ្លែងថា​សម័យ​ខ្មែរក្រហម​គឺ​មាន​តែ​ព័ត៌មាន​ដែល​កុហក​និង​បំផ្លើស​ឬ ញុះញង់​ឲ្យ​ស្អប់​ប្រទេស​ជិត​ខាង​ជាដើម។

«បើ​យើង​និយាយ​ទៅ​ វា​មិនមែន​ជា​ព័ត៌មាន​ទេ​ ជា​ការ​ឃោសនា​ដែល​គេ​ចាក់​ ផ្សាយ​តាម​ការដ្ឋាន​ តាម​ជំរុំ​ការងារ​ផ្សេងៗ​ហ្នឹង ​ដែល​និយាយ​តែ​ពី​ការងារ​ល្អ​អំពី​របប​ខ្មែរ​ក្រហម​ ហើយ​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ប្រទេស​ជិត​ខាង​ដែល​ជា​សត្រូវ​ក្នុង​របប​ខ្មែរក្រហម។​ អញ្ចឹង​និយាយ​ទៅ​អត់​មាន​ព័ត៌មាន​ណា​ដែល​គេ​ចាត់​ទុក​ ថា​ជា​ព័ត៌មាន​សុក្រឹត​ទេ​ ហើយ​យើង​ប្រៀប​ធៀប​ទៅ​សម័យ​ខ្មែរ​ក្រហម​គឺ​កម្ពុជា​យើង​ប្រៀប​ដូចជា​រស់​នៅ​ក្នុង​អណ្តូង​មួយ​អញ្ចឹង​ ប្រៀប​បាន​ដូច​ជា ​កង្កែប​រស់​នៅ​ក្នុង​អណ្តូង​ តែ​យើង​អត់​ដឹង​ថា​នៅ​ខាង​ក្រៅ​មាន​រឿង​ហេតុ​កើត​ឡើង​ យើង​អត់​ ដឹង​អី​ទាំង​អស់»។

លោក​ មឿន​ ឈានណារិទ្ធិ​ បាន​អះអាង​ថា ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​វិស័យ​ សារព័ត៌មាន​ មាន​ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​អ្នក​យក​ព័ត៌មាន​ខ្លះ​ដែរ​អំពី​បញ្ហា​ ជា​ច្រើន ​រួមទាំង​អំពី​ការ​យក​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ផង​ ដែរ។​ លោក​ថ្លែង​ថា ​កម្ពុជា​ពិត​ជា​ត្រូវការ​ជំនួយ​បណ្តុះ​បណ្តាល​អ្នក​សារព័ត៌មាន​ កម្ពុជា​ជា​ការ​ចាំបាច់៕