ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​Reporters Without Borders​ ដាក់​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទាប​ខាង​សេរីភាព​ព័ត៌មាន​​​


logo of "Reporters without borders"
logo of "Reporters without borders"
អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters ​Without​ Borders)​ បាន​ដាក់​ប្រទេស កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​លំដាប់​ទី​១៤៤ ​ក្នុង​ចំណោម​១៨០​ ប្រទេស ​ឬ​នៅក្នុង​ចំណាត់ ថ្នាក់​«ស្ថានភាពលំបាក»​ សម្រាប់​សេរីភាព​សារព័ត៌មាន​ក្នុងឆ្នាំ​២០១៤។​ នេះបើ តាម​របាយ​ការណ៍​ប្រចាំឆ្នាំ​ ដែល​អង្គការ​នេះ​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​ក្នុង​ រដ្ឋធានី​វ៉ាស៊ីនតោន។​

ចំណាត់​ថ្នាក់​នេះ​គឺនៅខ្ពស់​ជាង​ប្រទេស​ចិន​ អ៊ីរ៉ង់ ​វៀតណាម ​ស៊ូដង់​និង​ប្រទេស​មួយ​ចំនួន​តូចទៀត​ ដែល​របាយ​ការណ៍​នេះ​បាន​ចាត់​ទុកថា​មាន ​«ស្ថានភាព​ធ្ងន់​ធ្ងរ»​ឬ​ប្រទេស​ដែល​គ្មាន​សេរីភាព​ព័ត៌មាន​ទាំង​ស្រុង។​

លោកស្រី​ ឌែលហ្វីន​ ហាល់ហ្គែន ​(Delphine ​Halgand)​ នាយិកា​អង្គការ​អ្នក កាសែត​គ្មាន​ព្រំដែន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​អះអាង​ថា​ ការ​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ដូច្នេះ​គឺយោង​ថា​ ប្រទេស​កម្ពុជា​នៅមាន​ការចាប់​ខ្លួន ​ការធ្វើ​ទុក្ខបុក​ម្នេញ​ ការ​គំរាមកំហែង​អ្នកកាសែត​និង​ការ​សម្លាប់​អ្នក​កាសែត​ដែល​លោក​ស្រី​បាន​អះអាង​បន្ត​ថា ​គ្មាន​ជនល្មើស​ត្រូវនាំ​យកមក​ទទួល​ទោស។​

«ដូច្នេះ​ជា​រឿង​អាភ័ព្វ​គឺ​ថា​ រឿងនេះ​ហើយ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​ជាច្រើន​ នោះ។​ បញ្ហា​វប្បធម៌​រួច​ទោស​កំពុង​លើក​ទឹក​ចិត្ត​ការ​វាយ​ប្រហារ​អ្នក​សារ​ព័ត៌មាន​ កាន់​តែ​ច្រើន​ឡើងៗ​ដោយ​ព្រោះ​ថា ​គេ​មិនខ្លាច​ក្នុង​ការ​វាយ​ប្រហារ​លើ​អ្នក​សារ​ព័ត៌មាន»។​

លោកស្រី​បាន​លើក​យក​ឧទាហរណ៍​មួយ​ចំពោះ​ការ​សម្លាប់​លោក​សួន ចាន់​ អ្នក​កាសែត​មាគ៌ា​កម្ពុជា​ (Meakea ​Kampuchea)​ ម្នាក់​កាល​ពី​ដើម​ខែ​កុម្ភៈ ​ដែល​បាន​យក​ព័ត៌មាន​អំពី​ការ​នេសាទ​ត្រី​ខុសច្បាប់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ម្នាក់​បាន​អះអាង​ថា​ របាយ​ការណ៍​នេះ​និយាយ​មិន​ពិត​ពីស្ថានភាព​កម្ពុជា​ដែល​រដ្ឋា​ភិបាល​ចាត់​ទុក​ថា ​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​សេរី​ជាង​ប្រទេស​ជាច្រើន។​

«យើង​មិន​យល់​ចំពោះ​ការ​សរសេរ​របស់​គេ។​ ចំពោះ​ខ្ញុំ​គុណភាព​របស់​អ្នក​សរសេរ​គឺ​សរសេរ​គ្រាន់​បើ​ ហើយ​សង្គម​ខ្មែរ​ក៏​ទទួល​ការ​ផ្តល់​ព័ត៌មាន​ក៏​បាន​ប្រសើរ​ ដែល​គេ​អាច​ទទួល​យក​បាន​អំពី​ចំណែក​នៃ​ការ​ទិតៀន»។​

លោក​ថ្លែង​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ថា​ ច្បាប់ក៏មិនមែន​ជា​ឧបសគ្គ​សម្រាប់​ អ្នក​កាសែត​ ការរិះគន់​ក៏មាន​ការ​ទទួល​យក​បាន​ សេរីភាព​ប្រព័ន្ធ​អ៊ីនធ័រនេត​មាន​ លក្ខណៈ​សេរី​ និង​សេរីភាព​នៃ​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ក៏​នៅមាន​ការ ទទួល​យក​បាន​ដែរ។​ តែ​លោក​ថ្លែង​ថា​ អ្នកកាសែត​ដែល​មាន​បញ្ហា​ចាប់​ខ្លួន​ ការ​សម្លាប់​ភាគច្រើន​នោះ​ទំនង​ជា​មាន​បញ្ហា​ផ្ទាល់ខ្លួន​ ដោយសារ​តែ​ការ​ដើរតួនាទី​ចម្រុះ​ជា​ប៉ូលិស ​ជាគយ ​ជាមន្ត្រី​បរិស្ថាន​ផង​ដែរ​ ដែល​លោក​សង្គត់​ធ្ងន់​ថា​ វា​ប្រាស​ចាក​ពី​វិជ្ជាជីវៈ​សារព័ត៌មាន។​

«អាស្រ័យ​ដូច្នេះ​ហើយ​បាន​ជា​យើង​ឃើញ​មាន​ចំនួន​មនុស្ស​មួយ​ចំនួន​ដែល​ ទទួល​ការ​វាយ​ប្រហារ​ ជួន​កាល​រហូត​ដល់ស្លាប់។​ ក៏​ប៉ុន្តែ​ការ​ស្លាប់​ ការ​បាត់​បង់ ជីវិត​នោះ​មិនមែន​មាន​ន័យ​ថា​ នៅ​ក្នុង​ការ​បំពេញ​បេសក​កម្ម​ឬ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ សរសេរ​នោះ​ឡើយ​ ព្រោះ​យើង​ឃើញ​ថា​ មាន​សភាព​ការណ៍​គេ​បាន​ប្តឹង​អ្នក​សារ ព័ត៌មាន​ទៅ​តុលាការ។​ នេះជា​ឥរិយាបទ​ថ្មី​នៃ​សង្គម​កម្ពុជា​របស់​យើង»។​

ទោះជា​យ៉ាងណា​ក៏ដោយ​អង្គការ​មួយរបស់​ស.រ.អា.​មួយ​ឈ្មោះ​ Freedom House ​ដែល​ត្រួត​ពិនិត្យ​មើលពី​សិទ្ធិ​មនុស្ស​ និង​សេរីភាព​នៅ​ជុំវិញ​ពិភព​លោក ​បាន​ដាក់​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​ផ្នែក​សារព័ត៌មាន​ជាប់ៗ​គ្នា​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ​ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​ផង​ដែរ។​

លោក​ស៊ូមិត​ ហ្គាល់ហ័រត្រា​ (Sumit Galhotra) ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​នៃ​អង្គការ​អ្នក​កាសែត​របស់​ស.រ.អា.​មួយ​ឈ្មោះ ​Committee ​to ​Protect ​Journalists (CPJ)​ ក្នុង​ទីក្រុង ​New York ​ស.រ.អា.​បាន​អះអាង​ពី​និន្នាការ​ក្នុង​តំបន់​អាស៊ី​និង​ ពិភព​លោក ​បាន​ឲ្យ​ដឹង​ថា ​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​គឺជា​ស្ថាន​ភាព​ដ៏​រំខាន​ណាស់​សម្រាប់​បញ្ហា​សេរីភាព​សារព័ត៌មាន។​

«ដូច្នេះ​ពាក់ព័ន្ធ​នឹង​វិធាន​ការ​គឺ​ថា​ យើង​នឹង​បន្ត​រក្សា​សម្ពាធ​លើ​រដ្ឋាភិបាល​ជុំវិញ​តំបន់​អាស៊ី»។​

លោក​ថ្លែង​ថា ​មាន​ការ​សម្លាប់ ​ចាប់ឃុំ​ខ្លួន​អ្នកកាសែត ​ការ​ចោទ​ប្រកាន់​ ការ​រិតត្បិត​សេរីភាព​សារព័តមាន ​និង​ការ​ធ្វើទុក្ខបុក​ម្នេញ​ផ្សេងៗ។ ​លោកថ្លែង​ថា​ អង្គការ​ CPJ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​បញ្ឈប់​ការ​បង្ក្រាប ​និង​ធ្វើ​ទុក្ខបុក្ខ​ម្នេញ​អ្នក​សារ​ព័ត៌មាន ​តែត្រូវ​ដោះលែង​ក្រុម​អ្នក​កាសែត​ដែលត្រូវ​ចាប់ខ្លួន​ ដោយសារ​ការ​បំពេញ​កិច្ចការងារ​របស់​ពួក​គេ៕
XS
SM
MD
LG