ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ​​រៀបចំ​វេទិកា​អំពី​តួនាទី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទប់​ស្កាត់​​អំពើ​ប្រល័យ​ពូជសាសន៍


ទាហាន​​នៅ​ប្រទេស​ Rwanda​ នៅ​ពេល​​ប្រទេសនេះ​​មាន​​អំពើ​​ប្រល័យ​​ពូជសាសន៍។​​
ទាហាន​​នៅ​ប្រទេស​ Rwanda​ នៅ​ពេល​​ប្រទេសនេះ​​មាន​​អំពើ​​ប្រល័យ​​ពូជសាសន៍។​​
ការ​សម្លាប់​រង្គាល​មនុស្ស​ជាង​៨០​ម៉ឺន​នាក់​កាលពី​២០​ឆ្នាំ​មុន​នៅ​អំឡុង​ខែ​មេសា នេះ​ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា ​(Rwanda) ​និង​តួនាទី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវគេ​លើក​យក​ មក​ពិភាក្សា​ជាថ្មី។​ វីអូអេ​សំឡេងស.រ.អា.បាន​រៀបចំ​កិច្ច​ពិភាក្សា​នេះ​កាល​ពីថ្ងៃ​ពុធ ទី២​ខែ​មេសា​ឆ្នាំ​២០១៤​ នៅ​ក្នុង​ការិយាល័យ​កណ្តាល​របស់​វីអូអេ​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន។​

ក្រុម​វាគ្មិន​នានា​បាន​រំឭក​ឲ្យដឹង​អំពីការ​រួម​គំនិត​របស់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ក្នុង​ប្រទេស​រាវ៉ាន់ដា ​ការ​ខកខាន​របស់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ ហើយ​ នឹង​ការ​ដែល​រដ្ឋបាល​លោក​អតីត​ប្រធានា​ធិបតី​ស.រ.អា.​ប៊ីល គ្លីនតុន​មិន​បាន​ទប់ស្កាត់​រឿង​នេះ។​

ក្រុម​វាគ្មិន​ក្នុង​កម្មវិធី​ពិភាក្សា​គ្នា​អំពី​«ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍»​នោះ​មាន​លោក ​ដេវីដ អេនហ្ស័រ​ (David Ensor)​ នាយក​ វីអូអេ​ លោក ​អាលែន ថមសុន ​(Allan Thomson) ​សាស្ត្រាចារ្យ​នៃ​សាកល​ វិទ្យាល័យ​ខាលតុន​ (Carlton University) នៃ​ប្រទេស​កាណាដា ​លោក ​ម៉ាក ណេលស្ស៉ិន ​(Mark Nelson)​ នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​របស់​ស.រ.អា.National ​Endowment ​for​ Democracy ​លោក​ ម៉ៃខល ដប់ស្ស​ (Michael ​Dobbs) ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សារៈ​មន្ទីរ​ស.រ.អា.​អំពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​លោក​ អីដ្រីស ហ្វ័ល​ (Idriss Fall) ​អ្នកយក​ព័ត៌មាន​វីអូអេ ​ភាសា​បារាំង​ផ្សាយ​ទៅកាន់​តំបន់​អាហ្រ្វិក។​ ​លោក ស្ទីវហ្វេន រ៉ាប់ ​(Stephen Rapp)​ ឯកអគ្គ​រដ្ឋទូត​គោចរ​ទទួល​បន្ទុក​កិច្ចការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៃ​ក្រសួង​ការ​បរទេស​ស.រ.អា. និង​ជាអតីត​រដ្ឋអាជ្ញា​នៃ​សាលាក្តី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា​(ICTR)​ផង​ដែរ។​

កម្មវិធីនេះ​រៀបចំ​សម្រប​សម្រួល​ដោយ​លោក ​រ៉បប៊ឺត ​ដាហ្គីឡាដ ​(Robert ​Daguillard) ​នាយក​ វីអូអេ​ផ្នែក​ការ​ផ្សព្វផ្សាយ​ទៅកាន់​តំបន់​អាហ្វ្រិកកណ្តាល។​

ក្នុងពេល​ថ្លែងចាប់​ផ្តើម​ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​ ដែល​មាន​អ្នក​ចូលរួម​ជាច្រើន​នាក់​ហើយ​ត្រូវ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កម្មវិធី​ទូរទស្សន៍​វីអូអេ​នោះ​ លោក ​ដេវីដ អេនហ្ស័រ​ (David Ensor)​ នាយក​វីអូអេ​បាន​ថ្លែង​ថា៖

«នៅ​ក្នុង​ខួប២០​ឆ្នាំនេះ​ យើង​សួរ​សំណួរ​ទី១​អំពី​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៤​នោះ​ថា​ តើ​យើង​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ធ្វើ​ឲ្យ​បរាជ័យ​ដល់​ពល​រដ្ឋ​រ៉ាវ៉ាន់ដា​ទេ?​ ប្រសិន​បើ​ដូច្នោះ​មែន​ ​តើយើង​ធ្វើយ៉ាងណា? ​តើ​យើង​រៀន​អ្វី​ខ្លះ​ពី​មហន្តរាយ​ក្នុង​ប្រទេស រ៉ាវ៉ាន់ដា?»​

ក្រុម​ពលរដ្ឋ​រ៉ាវ៉ានដា​ជាង​៨០ម៉ឺន​នាក់​មកពី​អម្បូរ​ភាគតិច​ទូស្ស៊ី​ (Tutsi)​ ត្រូវក្រុម​ អម្បូរ ​ហ៊ូទូស​ (Hutus) ​ដែល​កាន់​អំណាច​បាន​កាប់​សម្លាប់​កាលពី​សប្តាហ៍​ទី១​នៃ​ខែ​មេសា​ឆ្នាំ​១៩៩៤ ។​ ក្រុម​ពលរដ្ឋ​អម្បូរហ៊ូទូស​ (Hutus) ​និយម​កណ្តាល​ខ្លះ​ក៏​ត្រូវ​គេ​សម្លាប់​ដែរ ​បើ​គេ​រក​ឃើញ​ថា​ ជួយដល់​ក្រុម​ទូស្ស៉ី។ ​បុគ្គលិក​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា​ត្រូវ​ចាប់​ខ្លួន​កាត់​ទោស​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICTR) ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ។​ ពួកគេ​ត្រូវ​គេ​ស្តី​បន្ទោស​ថា​បាន​ញុះញង់​ឲ្យ​មាន​អំពើ​កាប់​សម្លាប់​ប្រល័យ​ពូជ​សាសន៍នោះ​ ​ដោយ​បាន​បញ្ចេះ​កំហឹង​រវាង​ក្រុម​អម្បូរ​ទាំងពីរ​ក្នុង​ប្រទេស។​ ដោយ​ឡែក​សារព័ត៌មាន​អន្តរជាតិ​វិញ​ត្រូវ​ស្តី​បន្ទោស​ថា​ មិន​បាន​យក​ព័ត៌មាន​អំពី​ស្ថាន​ការណ៍​នៅ​ប្រទេស​រ៉ាវ៉ាន់ដា​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍។​

លោក ម៉ាក នេលស្ស៉ិន​ (Mark Nelson) ​ដែល​ជា​អតីត​អ្នក​សារ​ព័ត៌មាន​អាមេរិកាំង​មួយ​រូប​ពេល បាន​អះអាង​ថា ​សហគមន៍​អន្តរជាតិ​មិន​បាន​ដឹងអំពី​បញ្ហា​នៅ​រ៉ាវ៉ាន់ដា​ភ្លាមៗ​ទេ ​សូម្បី​តែ​ស្ថានទូត​ស.រ.អា.និង​ធនាគារ​ពិភព​លោក​នៅ​ក្នុង​ប្រទេស​រ៉ាវ៉ានដា​ក៏មិន​ដឹង​ដែរ។​ រឿង​នេះ​លោក​ថា ​គេ​គួរ​មាន​គោល​នយោបាយ​ត្រឹមត្រូវ​ មុន​មាន​បញ្ហា​កើត​ឡើង។​

«ខ្ញុំ​គិត​ថា ​វា​ជា​រឿង​បរាជ័យ​យ៉ាងធំ​ ដោយ​មិន​គ្រាន់តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​ តែ​គ្រប់​ស្ថាប័ន​ទាំងអស់​ និង​ប្រព័ន្ធ​គ្រប់គ្រង​របស់​ស.រ.អា.ផ្នែក​ផ្តល់​ជំនួយ​ជា​អន្តរជាតិ​ផង​ដែរ។​ ខ្ញុំ​គិត​ថា​ យើង​បាន​រៀនសូត្រ​យ៉ាងច្រើន​តាំងពី​កើត​រឿង​នោះ​មក​គឺ​រៀន​សូត្រ​ក្នុង​ការ​ព្យាយាម​បញ្ចូល​អ្វី​ដែល​យើង​បាន​ធ្វើទាក់​ទង​នឹង​ជំនួយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ធ្វើឲ្យ​មាន​ការ​អភិវឌ្ឍន៍​ធំឡើងគឺការ​អភិវឌ្ឍន៍​ជា ប្រព័ន្ធ»។​

លោក​ អាលែន ​ថមសុន​ (Allan Thomson) ​សាស្ត្រាចារ្យ​សារព័ត៌មាន​នៃ​សាកល​ វិទ្យាល័យ ​ខាលតុន​ (Carlton University) ​ប្រទេស​កាណាដា ​ដែលជា​អតីត​អ្នក​ យក​ព័ត៌មាន​ផង​នោះ​ បាន​ថ្លែង​ថា៖​

«យើង​បាន​បរាជ័យ​ទាំង​អស់គ្នា។​ មាន​អ្នក​សារ​ព័ត៌មាន​ខ្លះ​បាន​ធ្វើ​កិច្ចការ​យ៉ាង​ ល្អ​អស្ចារ្យ​មែន​ ​តែជា​ស្ថាប័ន​យើង​បរាជ័យ​ក្នុង​ការ​ផ្តល់​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​អ្វី​ដែល​កើត​ឡើង​ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា។​ ហើយ​ជា​លទ្ធផល​យើង​មិន​បាន​ធ្វើ​ឲ្យមតិ​សាធារណៈ ​មិន​បាន​ធ្វើឲ្យ​មាន​កំណើន​នៃ​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Bill Clinton ​ចាត់​វិធានការ​ណាមួយ​ទេ»។​

ចូល​រួម​តាមការ​ភ្ជាប់​បណ្តាញ​អេឡិច​ត្រូនិច ​លោក​ Stephen Rapp ​ជា​អតីត​ រដ្ឋ​អាជ្ញា​សាលាក្តី​ ICTR ​របស់​អ.ស.ប.ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា ​បាន​អះអាង​ថា​ មាន​ការ​លើក​ជា​សំណួរនៅ​ពេល​នោះ​ដែរ​អំពី​ការ​ចាត់ការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ វិទ្យុ​ប្រទេស​រ៉ាវ៉ានដា។

«នៅ​ពេល​ដែលគេ​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ញុះញង់​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ពេលនេះ​មាន​សំណួរ​ថា​ តើ​គេ​គួរ​ធ្វើ​អ្វី​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ​ហើយ​មាន​សំណួរពេលនោះ ថា​តើ​ស្ថានីយ៍​វិទ្យុ​ទាំងនោះ​គួរត្រូវ​គេ​ធ្វើ​ឲ្យ​គាំង​ទេ​ ចំពោះ​ការ​ផ្សាយ​ញុះ​ញង់​ដែល​គេ​មិន​ចង់​ឮ​នោះ?​ នៅ​ដំណាក់​កាល​នោះ​ គេ​ជឿ​ថា ​វា​ទំនង​ជា​គ្មាន​អំណាច​ផ្លូវច្បាប់​ដើម្បី​ធ្វើ​ដូច្នោះ​ទេ។​ តែ​ខ្ញុំ​គិត​ថា ​ក្រោយ​ពីមាន​ការ​សម្រេច​ដែល​បាន​ធ្វើ​គឺ​ការ​កាត់​ទោស​ដែល​ខ្ញុំ​បាន​ចូលរួម​នោះ​គឺ​ថា ​រឿង​នេះ​ជា​បទ​ឧក្រិដ្ឋ»។​

លោក​ ម៉ៃខល ដប់ស្ស ​(Michael Dobbs)​ នៃ​សារៈ​មន្ទីរ​ស.រ.អា.អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ជា​អ្នក​កាសែតដែរ​នៅ​ក្នុង​ទសវត្សរ៍​១៩៩០​នោះ។ ​លោក​ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ឥទ្ធិពល​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ហើយ​យើងអាច​ឃើញ​ថា ​រឿងនេះ​កើត​ឡើង​ក្នុង​ករណី​ប្រទេស​រ៉ាវ៉ាន់ដា។ ​បន្តិច​ ក្រោយ​មករដ្ឋបាល​លោក​ប្រធានាធិបតី​គ្លីនតុន​ទទួល​ភាព​អាម៉ាស​ ដោយ​ការ​បរាជ័យ​របស់ខ្លួន​ក្នុងការ​ប្រើពាក្យ​ប្រល័យ​ពូជសាសន៍ ​តែអ្នក​កាសែត​នៅ​តែ​បន្ត​រិះគន់​អំពី​រឿង​នោះ។​ នៅទី​បំផុត​គេ​បាន​និយាយ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍។ ​គេ​មិន​ចង់​ប្រើពាក្យ​ប្រល័យ​ពូជសាសន៍​ទេ ​តែក្រុម​អ្នក​យក​ព័ត៌មាន​ពិតជា​បាន​ធ្វើឲ្យ​មាន​ការ​អាម៉ាស់​រឿង​នេះ»។​

លោក​បាន​អះអាង​ថា​ ការ​ផ្តោត​របស់​សារព័ត៌មាន​ពេល​នោះ​គឺ​ទៅ​កាន់​តំបន់​ផ្សេងៗ​ នៅពេល​មាន​កើត​អំពើ​ប្រល័យ​ពូជសាសន៍​នៅរ៉ាវ៉ានដា​នោះគឺ​សង្គ្រាម​ នៅ​បូស្នៀ ​និង​ការ​បោះឆ្នោត​និង​ការ​ឡើងកាន់​តំណែង​របស់​សព​លោក​ប្រធានាធិបតី​ Nelson Mandela ​នៃ​ប្រទេស​អាហ្រ្វិកខាង​ត្បូង ​ដែល​ទើបតែ​បាន​ទទួល​មរណភាព​ថ្មីៗ​នេះ។​

លោក​ Allan Thomson ​ក៏បាន​បញ្ជាក់​អះអាង​ដែរ​ថា ​ទោះជា​អ្នក​យក​ព័ត៌មាន​ ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​តំបន់​ក៏ពិបាក​យល់​ដឹង​ពីស្ថាន​ការណ៍​នៃ​អំពើ​ ប្រល័យ​ពូជ​សាសន៍​ដ៏ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា​នោះ​ដែរ ​ដោយសារពេល​នោះ​គ្មាន​អ្នក​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ចេញ​ពី​ប្រទេស​រ៉ាវ៉ាន់ដា​ ប្រាប់​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស។​

«រឿង​នេះ​មិនមែន​ជារឿង​អនាធិបតេយ្យ​ មិនមែន​សង្គ្រាម​កុល​សម្ព័ន្ធ​ទេ​ តែ​នេះ​ជា​ការ​សម្លាប់​ដែល​មាន​ការ​រៀបចំ​ឡើង​ជា​ប្រព័ន្ធ​ ដែល​ភាគ​ច្រើន​ប្រព្រឹត្ត​ដោយ ​សមាជិក​សន្តិសុខ​របស់​ប្រធានាធិបតី ​ដោយ​កង​កម្លាំង​ហ៊ូទូ​ ដែល​កាន់​អំណាច​ដ៏​សាហាវ ​ប្រឆាំង​ជា​សំខាន់​ទៅ​នឹង​ជនជាតិ​ភាគ​តិច​ទូស្ស៉ី​នៅ​រ៉ាវ៉ាន់ដានិង​ជនជាតិ​ ហ៊ូទូ​និយម​កណ្តាល​ផង​ដែរ។​ រឿងនេះ​បាន​ប្រើ​ពេល​យ៉ាងយូរ ​ជា​ការណ៍​ពិត​រយៈ​ពេល​ជាង​មួយខែ​ដើម្បី​យល់​ដឹង​អំពី​ព្រឹត្តិការណ៍​ដែល​កើតឡើង​ក្នុង​ប្រទេស​រ៉ាវ៉ានដា​នោះ»។​

ក៏ប៉ុន្តែ ​លោក​ អ៊ីដ្រីស ហ្វ័ល​(Idriss Fall)​ អ្នក​យក​ព័ត៌មាន​វីអូអេ​ ភាសា​បារាំង​ផ្នែក​តំបន់​អាហ្រ្វិក ដែល​ពេលនោះ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា​ បាន​អះអាង​ថា​ វីអូអេ​មាន​អ្នក​យក​ព័ត៌មាន​នៅ​ប្រទេស​រ៉ាវ៉ាន់ដា ​ហើយ​បាន​រាយ​ការណ៍​ព័ត៌មាន​រាល់​ថ្ងៃ​អំពី​ព្រឹត្តិ​ការណ៍​នោះ។​

«ដូច្នេះ​សម្រាប់​វីអូអេ​ យើង​បាន​ធ្វើ​កិច្ចការរបស់​យើង​ក្នុង​ឋានៈ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ។​ ខ្ញុំ​គិត​ថា ​យើង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ល្អ​អំពី​បញ្ហា​អំពើ​ប្រល័យ​ពូជ​សាសន៍​ក្នុង​ប្រទេស​រ៉ាវ៉ាន់ដា»។​

ក្រុម​មេដឹកនាំ​ប្រទេស​និង​កង​កម្លាំង​យោធា​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ឬ​អំពើ​ប្រល័យ​ពូជសាសន៍​នោះ​ ត្រូវ​ចាប់​ខ្លួន​មកកាត់​ទោស​ជា​បន្ត​បន្ទាប់​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​របស់​អ.ស.ប.។​ តុលាការ​នេះ​រំពឹង​ថា ​នឹង​បញ្ចប់​ការ​កាត់ទោស​នៅ​ឆ្នាំ​២០១៤​នេះ៕
XS
SM
MD
LG