កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅចុងឆ្នាំ ២០២៩។ នេះជាសេចក្តីសម្រេចរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។
អ្នកតាមដានយល់ឃើញថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក៏អាចនឹងធ្វើឲ្យកម្ពុជាជួបឧបសគ្គមួយចំនួន ជាពិសេសអាចនឹងធ្វើឲ្យដំណើរការអភិវឌ្ឍន៍ប្រទេសជាតិថមថយ ដោយសារតែបណ្តាប្រទេសលោកសេរី នឹងដកជំនួយអភិវឌ្ឍន៍ដែលធ្លាប់ផ្តល់ឲ្យកម្ពុជាពីមុន។ ទោះជាយ៉ាងណាក្តី ក៏ពួកគេបានផ្តល់ការកត់សម្គាល់ថា វាក៏ជាពេលវេលាល្អដែលកម្ពុជាអាចធ្វើជា«ម្ចាស់ការ»ដោយខ្លួនឯង។
អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា នៅពេលដែលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នោះកម្ពុជានឹងបាត់បង់ជំនួយផ្នែកអភិវឌ្ឍន៍មួយចំនួន ដែលផ្តល់ដោយបណ្តាបស្ចិមប្រទេស និងបណ្តាប្រទេសដែលជាសមាជិកនៃអង្គការសហប្រជាជាតិ។
លោកបានលើកឡើងពីក្តីបារម្ភដែលថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលនេះ ក៏អាចមានឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វិស័យសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់បណ្តាញទឹកនិងភ្លើងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលមិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅឡើយ ជាពិសេសនៅតាមទីជនបទ។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «អ៊ីចឹងវាកាន់តែធ្វើឲ្យប្រទេសកម្ពុជាយើងហ្នឹង មានការថមថយទៅលើការអភិវឌ្ឍន៍នៃផ្នែកណាមួយ។ នេះជាអ្វីដែលយើងមើលឃើញជាក់ស្តែង ហើយនាពេលខាងមុខ។ អ៊ីចឹងវាជារឿងដែលខាតដល់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋហ្នឹង នឹងធ្វើការអភិវឌ្ឍន៍ហ្នឹងយឺត នៅក្នុងការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខភាព អីផ្សេងៗ យើងអត់ឃើញមានការឆ្លើយតបទេ»។
លោក ស៊ឹង សែនករុណា ក៏យល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការអភិវឌ្ឍន៏ប្រទេសជាតិ ដោយត្រូវតែលុបបំបាត់អំពើពុករលួយ និងចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះមន្ត្រីណាដែលប្រព្រឹត្តអំពើពុករលួយ និងកិបកេងទ្រព្យសម្បត្តិជាតិ។
ទោះជាយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាសាធារណៈជាញឹកញាប់ថា កម្ពុជាមានមហិច្ឆតាប្រែក្លាយប្រទេសឲ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ មហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៩។ នេះបើតាមការបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
សាររសប់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលើកឡើងថា៖ «នេះគឺជាការជំហានដ៏សំខាន់ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគត។ អបអរសាទរប្រទសកម្ពុជាចំពោះសមិទ្ធផលមួយនេះ!»
ស្របពេលដែលកម្ពុជាគ្រោងនឹងចាកចេញពីប្រទេសក្រីក្រក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អ្នកតាមដានដំណើរវិវឌ្ឍនៃសង្គមកម្ពុជាមួយចំនួនក៏បានជំរុញឲ្យរដ្ឋាភិបាលបង្កើនទំនួលខុសត្រូវលើការអភិវឌ្ឍន៍ប្រទេស ជាពិសេសកំណែទម្រង់កិច្ចការអភិបាលកិច្ចឲ្យមានតម្លាភាពនិងការទទួលខុសត្រូវ ហើយបន្តចាត់វិធានច្បាប់លើមន្ត្រីដែលគៃបន្លំលុយជាតិ ដើម្បីបើកផ្លូវឲ្យការកសាងប្រទេសមានសន្ទុះខ្លាំង និងកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស។
ប្រធានវេទិកាអនាគត (Future Forum) លោក អ៊ូ វីរៈ ប្រាប់វីអូអេនៅថ្ងៃចន្ទថា ការចាកចេញពីប្រទេសក្រីក្រគឺជារឿងល្អ ដើម្បីឲ្យកម្ពុជាមាន «ម្ចាស់ការ» សម្រាប់ខ្លួនឯង។ ប៉ុន្តែលោកថា ការណ៍នេះក៏ទាមទារឲ្យកម្ពុជាធ្វើកំណែទម្រង់ក្នុងវិស័យមួយចំនួន ដូចជាវិស័យអប់រំ វិស័យសុខាភិបាល និងពន្ធដារ ក៏ដូចជាលុបបំបាត់ បក្ខពួកនិយមក្នុងជួររដ្ឋាភិបាលដើម្បីនាំសង្គមកម្ពុជាឲ្យចាកផុតពីប្រទេសក្រីក្រ។
បើតាមមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលរូបនេះ ក្នុងអាណត្តិទី ៧ នេះ រដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោក អ៊ូ វីរៈ ថ្លែងថា៖ «កំណែទម្រង់មួយដែលខ្ញុំចង់ឃើញនោះ គឺភាពជាម្ចាស់ការនេះឯង គឺទាល់តែយើងចាប់ផ្ដើមដូរអត្តចរិតរបស់យើង គិតថា យើងមានភាពជាម្ចាស់ការ ឈប់ពឹងផ្អែកឲ្យគេជួយដើម្បីរស់ ដកដង្ហើមតាមច្រមុះគេគ្រប់ពេល អាហ្នឹងគឺជាគន្លឹះដែលសំខាន់។ ប៉ុន្តែភាពជាម្ចាស់ការត្រូវតែកើតចេញពីប្រជាពលរដ្ឋយើង កើតចេញពីមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ហើយត្រូវតែពង្រឹង បានន័យថា មិនគួរព្យាយាមពុករលួយដើម្បីយកទៅខ្ជះខ្ជាយ ឬមិនមែនគិតថា ទាល់តែពុករលួយ បានឲ្យរស់ទេ»។
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃចន្ទថា ការសម្រេចរបស់អង្គការសហប្រជាជាតិ បានសបញ្ជាក់អំពីការទទួលស្គាល់ការអភិវឌ្ឍន៍និងការកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលកម្ពុជា។ លោកបន្ថែមថា រដ្ឋាភិបាលក៏ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ប៉ែន បូណា ថ្លែងថា៖ «រាជរដ្ឋាភិបាលបានត្រៀមរួច ហើយបាននឹងកំពុងត្រៀមជានិច្ចទៅដល់ ២០២៩ ហ្នឹង។ អ៊ីចឹងការដាក់ចេញទិសដៅយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតីឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនិង ២០៥០ នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ហ្នឹង គឺវាស្របទៅនឹងអ្វីដែលយើងត្រៀមខ្លួនចាកចេញពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចហ្នឹងហើយ»។
ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា ការសម្រេចរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ គឺជាការគិតគូរយ៉ាងហ្មត់ចត់ ដោយយោងតាមសន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសរូបនេះក៏បានលើកឡើងថា កម្ពុជាក៏នឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយស្វ័យប្រវត្តិ នៅពេលកម្ពុជាចាកចេញពីប្រទេសក្រីក្រនៅចុងឆ្នាំ ២០២៩ ដោយមិនចាំបាច់ឲ្យសហគមន៍អន្តរជាតិដកហូតតាមរយៈការរិះគន់របស់គណបក្សប្រឆាំងដែលចោទថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះទេ៕