សហជីពនិងសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើម្បីទប់ស្កាត់ការបាត់បង់បន្ថែមទៀតនូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬហៅកាត់ថា EBA។
ការជំរុញរបស់សហជីពនិងសង្គមស៊ីវិល ធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុបកាលពីសប្តាហ៍មុនបានអំពាវនាវឱ្យគណៈកម្មការ និងរដ្ឋជាសមាជិកពិចារណាលើប្រព័ន្ធនេះ ដោយឈរលើការមិនសហការរបស់រដ្ឋាភិបាលកម្ពុជាដែលខកខានមិនស្តារនិងបង្ការការរំលោភសិទ្ធិមនុស្ស។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃអង្គារនេះ លោក អាត ធន់ អនុប្រធានសម្ព័ន្ធសហជីព C-CAWDU បានលើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត។ លោកថា EBA ជាផ្នែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលបានបង្កើតឱកាសការងារឱ្យប្រជាពលរដ្ឋកម្ពុជាជិត ១ លាននាក់។
លោក អាត់ ធន់ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាជួបពិភាក្សាជាមួយសហភាពអឺរ៉ុប និងអនុវត្តទៅតាមលក្ខខណ្ឌដែលបានចែង។
លោកថ្លែងថា៖ «យើងចង់ឃើញរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហគមន៍អឺរ៉ុបជជែកគ្នាក្នុងលក្ខណ្ឌមួយជាចំណុចវិជ្ជមាន ដែលអាចឈានទៅរកការឯកភាពគ្នានៅក្នុងការរក្សានូវ EBA ឬក៏អាចនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះសម្រាប់កម្ពុជាទៅទៀត ព្រោះយើងឃើញថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាយើងក៏មិនទាន់ឃើញមានឧស្សហកម្មធុនធ្ងន់ ឬក៏ឧស្សាហកម្មផ្សេងទៀតក្រៅតែពីវិស័យកាត់ដេរនេះ ដែលជួយទៅដល់ការបង្កើតការងារ និងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែរ»។
សភាសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន បានព្រមានដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលកម្ពុជា ជាពិសេសទណ្ឌកម្មលើបុគ្គលដែលបានរួមចំណែកធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងខ្លាំង។
នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ សភាសហភាពអឺរ៉ុបបានថ្កោលទោសចំពោះការគាបសង្កត់អង្គការសង្គមស៊ីវិលពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយបានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជន និងជំរុញឱ្យបញ្ឈប់ការយាយីប្រឆាំងនឹងអង្គការសិទ្ធិមនុស្ស ដូចជាអង្គការសង់ត្រាល់ជាដើម។
សភាសហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យគណៈកម្មការ និងរដ្ឋសមាជិកគិតគូរឡើងវិញលើការផ្លាស់ប្តូរចំពោះឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms ហៅកាត់ថា EBA ក៏ដូចជាបញ្ជូនសារច្បាស់លាស់មួយថា «ការលើកកម្ពស់សិទ្ធិមនុស្ស និងការការពារសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលគឺជាលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ»។
ភ្លាមៗក្រោយការព្រមានពីសភាអឺរ៉ុប រដ្ឋសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែង«ការខកចិត្តជាខ្លាំង»ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលថាជាការយល់ច្រឡំ និងមានភាពលម្អៀងដោយផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការចោទប្រកាន់ដ៏អយុត្តិធម៌នេះ បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងគោលការណ៍ប្រជាធិបតេយ្យ»។
បើតាមរដ្ឋសភា កម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ ហើយការលើកឡើងថា រដ្ឋាភិបាលប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌដើម្បីបំបិទមាត់សង្គមស៊ីវិលនោះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ ប្រាប់វីអូអេនៅថ្ងៃអង្គារដែរថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប ជាការក្រើនរំឭកដល់រដ្ឋាភិបាលកម្ពុជាឱ្យគោរពលក្ខខណ្ឌដែលបានចែងដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ។
បើតាមលោក ឃុន ថារ៉ូ សហភាអឺរ៉ុបគឺជាទីផ្សារធំទី ២ សម្រាប់កម្ពុជា ដែលទីផ្សារនេះ គឺជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងពិចារណាឱ្យបានដិតដល់ ហើយពិនិត្យមើលនូវលក្ខខណ្ឌមួយចំនួនដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិសេរីភាពផ្នែកអង្គការសង្គមស៊ីវិល ពីព្រោះថា យើងត្រូវការនូវទីផ្សារសំខាន់នៅសហភាពអឺរ៉ុប ទីផ្សារធំៗដែលចាំបាច់សម្រាប់កសាងសេដ្ឋកិច្ចកម្ពុជាយើង»។
លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេថា លោកសាទរចំពោះក្តីបារម្ភនានារបស់ក្រុមសហជីព និងអង្គការសង្គមស៊ីវិល ប៉ុន្តែលោកថា ការអនុវត្តលំហសេរីភាពរបស់ពួកគេគឺត្រូវធ្វើតាមក្របខណ្ឌច្បាប់ ហើយនៅពេលដែលខុសច្បាប់ អាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាបានត្រៀមខ្លួនរួចស្រេចក្នុងករណីគ្មាន EBA ព្រោះកម្ពុជានឹងលែងជាប្រទេសក្រីក្រទៀតហើយ ដែលប្រព័ន្ធនេះនឹងលែងផ្តល់ឱ្យកម្ពុជានៅពេលអនាគតជាស្វ័យប្រវត្តិ។
លោកបញ្ជាក់ថា៖ «កម្ពុជានឹងចាកផុតពីការទទួលបាន EBA ជាស្វ័យប្រវត្តិ ទោះបីក្នុងដំណាក់កាលនេះក៏ដោយ កម្ពុជា និងអឺរ៉ុបគឺជាមិត្តនឹងគ្នា។ ដូច្នេះយើងសង្ឃឹមថាប្រទេសអឺរ៉ុបនឹងពិចារណាថ្លឹងថ្លែងអំពីផលប្រយោជន៍នៃប្រជាជាតិអឺរ៉ុប និងផលប្រយោជន៍នៃប្រជាជាតិកម្ពុជា ពីព្រោះថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះបានផ្តល់ប្រយោជន៍ទៅវិញទៅមករវាងអឺរ៉ុប និងកម្ពុជា»។
ចាប់តាំងពីឆ្នាំ ២០០១ មក កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ពីសហភាពអឺរុប ដោយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចនាំចេញទំនិញគ្រប់មុខទៅកាន់ប្រទេសស្ថិតក្នុងសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាចំណេញទឹកប្រាក់ប្រមាណជា ៧០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
កាលពីឆ្នាំ ២០២០ កម្ពុជាត្រូវបានសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះចំនួន ២០ភាគរយ ដោយសារការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំង ព្រមទាំងការធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។
អ្នកតាមដានពីការវិវត្តសង្គមខ្លះលើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ បានបង្ខំឱ្យអ្នកវិនិយោគបរទេស ងាកទៅធ្វើជំនួញនៅប្រទេសផ្សេងក្រៅពីកម្ពុជា ហើយភាពអត់ការងារធ្វើនិងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជាជាមួយប្រទេសជិតខាងក៏ជួបបញ្ហាប្រឈម។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ប្រាប់វីអូអេថា ប្រសិនបើកម្ពុជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA មែន នោះវានឹងបង្កជាផលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកាត់ដេរ និងវាយនភណ្ឌ។
បើតាមលោក នី សុខា កម្ពុជានឹងរងចំណាត់ការជាបន្តបន្ទាប់ទៀតពីសហគមន៍អឺរ៉ុប ប្រសិនបើមិនព្រមដោះស្រាយនូវអ្វីដែលជាក្តីបារម្ភរបស់ពួកគេ គឺការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយភ្លាមៗនូវអ្វីដែលជាការចង់បានរបស់សហគមន៍អឺរ៉ុប ដើម្បីបន្តរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ៕
វេទិកាបញ្ចេញមតិ