ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ការផ្អាក​កម្ចី​របស់​ចិន​ជា​«ការពញ្ញាក់ស្មារតី»ដល់​កម្ពុជា


រូបឯកសារ៖ បុគ្គលិក​ធនាគារ​ចិន​ម្នាក់​រាប់​ប្រាក់។
រូបឯកសារ៖ បុគ្គលិក​ធនាគារ​ចិន​ម្នាក់​រាប់​ប្រាក់។

ក្រោយ​មាន​សេចក្តី​រាយការណ៍​ថា ​ចិន​បាន​ផ្អាក​កម្ចី​ថ្មី​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ និង​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ផ្តល់​កម្ចី​នៅ​ឆ្នាំ​ខាង​មុខ​ទៀត អ្នក​តាម​ដាន​លើក​ឡើង​ថា ​កម្ពុជា​មិន​គួរ​ពឹង​លើ​ចិន​តែ​មួយ​ឡើយ ហើយ​ត្រូវ​បង្កើន​ការ​កំណែ​ទម្រង់​សារ​ពើ​ពន្ធ ដូច​ជា​ការ​កែ​លម្អការ​ប្រមូល​ចំណូល​ក្នុង​ស្រុក និង​ការ​បង្កើត​បរិយា​កាស​អាជីវ​កម្ម​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ​សម្រាប់​ប្រភព​វិនិយោគ​ចម្រុះ។ អ្នកវិភាគ​ក៏​បាន​លើក​ឡើង​ថា ​ការ​ផ្អាក​កម្ចី​របស់​ចិន​ជា«ការ​ពញ្ញាក់​ស្មារតី»​ថា ​កម្ពុជា​មិន​អាច​ពឹង​ទៅ​លើ​ហិរញវត្ថុ​របស់​ប្រទេស​តែ​មួយ​ឡើយ។

កាល​ពី​ពេល​ថ្មី​ៗនេះ សារព័ត៌មាន​អន្តរជាតិ ​Reuters បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ចិន​មិន​បាន​អនុម័ត​ប្រាក់​កម្ចី​ណា​មួយ​ដល់​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៤ ​ឡើយ បើ​ទោះបី​ជា​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ក្លាយ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ​។

អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​លោក ​លឹម ឆាយ ​ប្រាប់​វីអូអេ​ថា​ ការ​មិន​ផ្តល់​កម្ចី​ដល់​កម្ពុជា ដោយ​សារតែការ​ដើរ​យឺត​នៃ​សេដ្ឋកិច្ច​របស់​ចិន និង​ការ​ផ្លាស់​ប្តូរ​នៃ​អាទិភាព​លើ​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​ហៅ​ថា គម្រោងក្រវាត់ពាណិជ្ជកម្ម​ (Belt and Road Initiative) ឬ BRI។

លោក​ថ្លែង​ថា ​ក្នុង​រយៈ​ពេល ​១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ គម្រោង ​BRI ​របស់​ចិន​បាន​បង្កើត​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ដែល​ធ្វើឲ្យចិន​ហាក់​ដូច​ជា​មាន​ឥទ្ធិពល​ខ្លាំង​ក្លា។ ប៉ុន្តែអ្នក​ស្រាវជ្រាវ​រូបនេះថា បច្ចុប្បន្ននេះរដ្ឋាភិបាល​ចិន​ត្រូវ​តែ​គិត​យ៉ាង​ប្រយ័ត្ន​ប្រយែង​អំពី​និរន្តរភាព​និង​ការ​បន្ត​រស់​រៀន​នៃ​គម្រោង​ទាំង​នោះ។

បើ​តាម​លោក លឹម ឆាយ ការ​មិន​ផ្តល់​កម្ចី​ថ្មី​ពី​ចិន​ជា «ការ​ពញ្ញាក់​ស្មារតី»​ មួយ​ដល់​កម្ពុជា និង ​«ការ​រំឭក​» មួយ​ថា​ កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​អ្វី​តែ​មួយ​ឡើយ។

លោកបានផ្តល់​ការអត្ថាធិប្បាយ​ជា​ភាសាអង់គ្លេស ដោយ​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «យើង​ក៏​ត្រូវ​ផ្តោត​លើ​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​យើង​ផង​ដែរ ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ទាញ​យក​ប្រយោជន៍​ពី​ផ្នែក​ដែលយើង​មាន​សក្តានុពល ដូច​ជា​ទេស​ចរណ៍ ផលិតកម្ម និងការនាំ​ចេញ​ដែល​មាន​សក្តានុពល។ ប្រសិន​បើ​យើង​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​វា​ពិត​ជា​អាច​ជំរុញ​ឲ្យយើង​កសាងសេដ្ឋកិច្ច​ដែល​មាន​និរន្តរ​ភាព និងធន់​ជាង​មុន»។

​លោក លឹម ឆាយ ក៏​យល់ថា កម្ពុជា​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ច្រើន​អំពី​គម្រោង​បរទេសដែល​បាន​អនុម័ត ព្រោះវា​ពិត​ជា​ងាយ​ស្រួលនៅក្នុង​ការ​ចាប់​យក​ការវិនិ​យោគ​ថ្មីៗ ក៏​ប៉ុន្តែគម្រោង​វិនិយោគទាំងអស់នោះត្រូវ​តែ​មាន​និរន្តរភាព និង​ពិត​ជា​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​នៅ​មូលដ្ឋាន។

លោកថ្លែង​ថា​៖ «​យើង​ក៏​ត្រូវ​ពិចារណាឲ្យ​បាន​ហ្មត់​ចត់​លើ​លំហូរ​នៃ​ការ​វិនិយោគ​របស់​ចិន ដែល​ការ​វិនិយោគ​ខ្លះ​នាំ​មក​នូវ​ផល​អវិជ្ជមាន​ផង​ដែរ»។

ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេនៃ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា​ដែល​មាន​ចំនួន​ ៣៤% ​នៃ​បំណុល​សាធារណៈ​សរុប​ក្រៅ​ប្រទេស​ប្រមាណ​ជា​ ១១,៦ ​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​ ៣ ឆ្នាំ ២០២៤។ នេះ​បើ​យោង​តាមព្រឹត្តិបត្រ​ស្ថិតិ​បំណុល​កម្ពុជា​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នាថ្ងៃទី ១០ ខែធ្នូ​ ឆ្នាំ ២០២៤។ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ទិន្នន័យ​បង្ហាញ​ថា​ បំណុល​កម្ពុជា​ជំពាក់​ចិន​មាន​ទៅ​ដល់​ប្រមាណ​ ៥០% ​នៃ​បំណុល​សរុប​ទាំង​អស់។

លោក អ៊ា សុផល ព្រឹទ្ធ​បុរស​រង​ជាន់ខ្ពស់​និង​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា Thunderbird School of Global Management នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​មួយ​ថា ​ការ​សម្រេច​ចិត្ត​របស់​ចិននៅក្នុង​ការ​ផ្អាក​កម្ចីទំនង​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិចារណា​លើ​ភូមិ​សាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​កេរ្តិ៍​ឈ្មោះ ដោយ​លោក​បាន​គូស​បញ្ជាក់​ថា ​ប្រទេស​ចិន​កំពុង​រៀប​ចំឡើង​វិ​ញ​នូវ​យុទ្ធសាស្ត្រ​ BRI ​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ជា​មួយ​នឹង​និរន្តរភាព​ហិរញ្ញវត្ថុ និង​ការ​អនុវត្ត​គម្រោង​ជា​សាកល។

ទោះ​បីជា​មាន​ការ​ផ្អាក​ផ្តល់​កម្ចី​ក្តី លោក អ៊ា សុផល​ ក៏​បាន​សង្កត់ធ្ងន់​ថា ​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​មូលនិធិ ដូច​ជា​ពី​ធនាគារ​ពិភព​លោក​ និង​ប្រទេស​ជប៉ុន ​អាច​ជា​អត្ថប្រយោជន៍​មួយ។

លោក​ប្រាប់​វីអូអេ​ជា​ភាសាអង់គ្លេសហើយ​ត្រូវបានប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «ខណៈ​ការ​ផ្អាក​កម្ចី​របស់​ចិន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​សំខាន់​មួយ វា​ក៏​ផ្តល់ឲ្យកម្ពុជា​នូវ​ឱកាស​មួយ ដើម្បី​ធ្វើ​ពិពិធកម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​ជ្រើស​រើស​យក​ការ​អនុវត្ត​ដែល​មាន​និរន្តរភាព​ជាង។ ប្រសិន​បើ​មាន​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​ផ្លាស់​ប្តូរ​នេះ​អាច​នាំឲ្យកម្ពុជា​ឈរ​លើ​មូលដ្ឋាន​សេដ្ឋកិច្ច​កាន់​តែ​រឹង​មាំ​នៅ​ឆ្នាំ​ខាង​មុខ»។
មន្រ្តី​កម្ពុជា​និង​ចិន​បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​អន្តរ​ជាតិ​អំពី​ការ​ផ្អាក​កម្ចី ប៉ុន្តែ​មិន​បាន​បញ្ជាក់​ចំៗ​ថា ​ចិនបាន​ផ្តល់​កម្ចី​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ​ឬយ៉ាង​ណា។

ឯកអគ្គ​រដ្ឋទូត​ចិន​នៅ​កម្ពុជា​ លោក Wang Wenbin កាល​ពី​ថ្ងៃ​អង្គារ បាន​បង្ហោះ​សារ​ជា​អក្សរថា​ សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា និង​ទទួល​បាន​ជោគ​ជ័យ​ចំពោះ​គម្រោង​ថ្មីៗ​ក៏​កំពុង​ដំណើរ​ការ។

លោក​សរសេរ​ថា​៖ «ជំនួយ​របស់​ចិន​មក​កាន់​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ផ្លែផ្កា​ជា​ច្រើន​អនេក​ គម្រោង​ជំនួយ​ថ្មីៗ​ ក៏​កំពុង​តែ​ដំណើរការ​។ ភាគី​ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​កសាង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពាក់ព័ន្ធ​ នឹង​ផែន​ការ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ រាល់​បំណង​ប៉ុន​ប៉ង​លាប​ពណ៌​លើ​កិច្ច​សហប្រតិបត្តិ​រវាង​ចិន​និង​កម្ពុជា​ គឺ​មិន​អាច​ទៅ​រួច​បាន​ឡើយ»។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បង្ហោះ​ឃ្លីប​វីដេអូ​មួយកាល​ពី​សប្តាហ៍​មុន ដោយ​បក​ស្រាយថា ​ការ​ផ្អាក​ប្រាក់​កម្ចីចិន​មក​កម្ពុជាគឺ​ជាព័ត៌មាន​បំភាន់​ដល់​សាធារណជន។ លោក​ថា កម្ពុជា​និងចិន​មាន​ទំនាក់​ទំនង​ដែក​ថែប​និង​ស្អិត​រមួត​ និង​កំពុង​បន្ត​ពង្រឹង​លើ​ការ​វិនិយោគ និង​កិច្ចសហ​ប្រតិបត្តិការ​នានា​ដែល​មាន។

លោក មាស សុខសេនសាន ​ថ្លែង​ថា៖ «ពាក់ព័ន្ធ​ជា​មួយ​នឹង​ព័ត៌មាន​ដែល​បាន​ចែក​ចាយ​ថា​ចិន​ឈប់​ផ្ដល់​កម្ចី​ឬ​ក៏​យ៉ាង​ណា​នោះ​ ខ្ញុំ​ដូច​ជា​អស់​សំណើច​ ដែល​គម្រោង​ទាំង​នេះ​ ក្នុង​ពេល​ដែល​យើង​កំពុង​តែ​សិក្សា​អំពី​សមិទ្ធ​លទ្ធភាព ហើយ​និង​សិក្សា​អំពី​ផលប៉ះ​ពាល់​ទាំង​សេដ្ឋកិច្ច​ទាំង​សង្គម ដើម្បី​ឈាន​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាក់​លាក់​ឆាប់ៗ​ខាង​មុខ​នេះ បែរ​ជា​មាន​ព័ត៌មាន​ពី​ការ​ដែល​យើង​ពុំ​មាន​ទទួល​កម្ចី»។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​ ២០២១ អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា ​បើ​កម្ពុជា​មិន​ពឹង​ចិន តើពឹង​អ្នកណា ខណៈ​លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បិទទ្វារ​សម្រាប់​ប្រទេស​ណា​ទាំង​អស់​ក្នុង​ការ​ទទួល​យក​ជំនួយ ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ប្រទេស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG