ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើសុំ​កម្ចីនិងជំនួយឥតសំណងបន្ថែមពីមេដឹកនាំចិន


លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​ចិន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក​ ហ៊ុន សែន បាន​ស្នើ​សុំ​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង (XI Jinping)​ ​ឲ្យផ្តល់​ជំនួយ​ឥត​សំណង​ និង​កម្ចី​បន្ថែម​ដល់​កម្ពុជា។

លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ទៅធ្វើ​ទស្សនកិច្ច​បីថ្ងៃ​នៅ​ប្រទេស​ចិន ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែធ្នូ ឆ្នាំ២០២៤ ដោយ​បាន​ជួប​ជាមួយ​លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខា​បក្ស​កម្មុយនីស្ត និង​ជា​ប្រធានាធិបតី​ចិន និង​មន្ត្រី​ជាន់ខ្ពស់​ចិន​មួយ​ចំនួន ​ដើម្បី​រឹត​ចំណង​មិត្តភាព​ដែកថែបរវាង​ប្រទេស​ទាំងពីរ។​

អំឡុង​ពេលទស្សនកិច្ច​នោះ​លោក ហ៊ុន សែន បាន​បង្ហោះ​សារលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅថ្ងៃទី ​៣ ខែធ្នូ ឆ្នាំ ​២០២៤​ ថា​៖ «​សម្តេចតេជោ​បាន​លើក​ឡើង​ផង​ដែរ​អំពី​ការពង្រឹង​ទំនាក់​ទំនង​ជឿជាក់ និង​ទំនុកចិត្ត​ខាង​នយោ​បាយ ដោយ​បង្កើន​ការផ្លាស់ប្តូរ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​បក្ស និង​បក្ស និង​រវាង​រដ្ឋទាំងពីរ។ សម្តេចតេជោ​បាន​ស្នើ​សុំមិត្ត​ចិន​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង កម្ចី​ឥណ​ទាន ជំរុញ​ការ​វិនិយោគ ដែល​មិន​ត្រឹម​តែ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ពង្រឹង​ឯករាជ្យភាព​នយោបាយ​រ​បស់​កម្ពុជា​ផងដែរ»។

លោក ហ៊ុន សែន បាន​អរគុណ​ចិន​ដែល​បាន​ជួយ​ដល់​កម្ពុជា​គ្រប់​បែបយ៉ាង​ ជាពិសេស​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​។ ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​រូប​នេះក៏​បាន​ស្នើ​ឲ្យ​ចិនបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការឆបោក ការបង្រ្កាប​បទល្មើស​ល្បែង​អនឡាញ និង​បន្ត​ពង្រឹង​ទំនាក់​ទំនង​រវាង​បក្ស និង​បក្ស ជាពិ​សេសទំ​នាក់ទំនងរ​វាង​ចលនា​មហាជន និង​គណៈ​ទាក់ទង​បរទេស។

ជាការ​ឆ្លើយ​តប​ មេដឹកនាំ​ចិន​លោក​ ស៊ី ជីន​ពីង​ បាន​លើក​ឡើង​ដោយ​វាយ​តម្លៃ​ខ្ពស់ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ចិន។ លោក​ថា ​ប្រទេស​ចិននិង​កម្ពុជា នឹង​បន្ត​ពង្រឹង​ការគាំទ្រ​គ្នា​ទៅវិញទៅ​មក​ក្នុង​នាម​ជា​មិត្ត​ដែក​ថែប ដើម្បី​ការពារ​ផល​ប្រយោជន៍​ស្នូល​នៃ​ប្រទេស​ទាំងពីរ​។​

បើ​តាម​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ​សែន ​មេដឹកនាំ​ចិន​បញ្ជាក់​ថា​៖ «ប្រទេសចិន និង​កម្ពុជា​ត្រូវ​ចាប់​យក​ឱកាស​ពង្រឹងកិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះថ្មី នៅ​ក្នុង​ក្របខណ្ឌ​នៃ​កំណែ​ទម្រង់ និង​អភិវឌ្ឍ​បែបថ្មី​នៃ​ការសម្រេច​ការកសាង​សហគមន៍​ជោគវាសនា​រួម ការអនុវត្ត​កិច្ចសហ​ប្រតិបត្តិ​ការ​ត្បូងពេជ្រ ការកសាង​ច្រករបៀង​ឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមច្ឆានិង​អង្ករ»។

វីអូអេ​បាន​ទាក់ទង​ទៅលោក​ ជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ប៉ុន្តែ​លោក​ប្រាប់ថា៖ «មិន​ទាន់​មាន​ព័ត៌មាន​ផ្តល់​ជូន​នោះ​ទេ​»។

អ្នកជំនាញភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​លោក សេង វណ្ណលី ប្រាប់វីអូអេ​ថា​ កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​រឿង​ជំនួយ​ និងកម្ចី​បន្ថែមពី​ចិន​ដើម្បី​អនុវត្ត​ផែនការ​នយោបាយ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០២៥​ នៅ​គ្រា​ដែល​ផែនការ​ថវិកា​ជាតិ​ទើប​ត្រូ​វបាន​ដាក់​ចេញ​ ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​ថវិកា​ជាក់​លាក់។

លោក​បញ្ជាក់ថា​៖ «​ក៏ប៉ុន្តែ​កម្ពុជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​អាច​ទទួល​បាន​ផល​ប្រយោជន៍​មួយ​ចំនួន​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ក្នុង​ការអនុវត្ត​គម្រោង​មួយ​ចំនួន​ អាច​មិន​អស់​ទេ​ មិន​ទទួល​បាន​អ្វី​ដូច​កម្ពុជា​ស្នើ​ទាំងអស់​ទេ​។ ប៉ុន្តែ​យ៉ាងហោច​ណាស់​ដំណើរ​ទស្សនកិច្ច​ធំ​បែប​នេះ ​ចិន​ច្បាស់​ជា​ផ្តល់​ផល​ប្រយោជន៍​មួយចំនួន​ដែលកម្ពុជា​ស្នើ​ អាច​នឹង​មិន​ច្រើន​ ក៏ប៉ុន្តែ​អាច​នឹង​ទ្រទ្រង់​និរន្តរភាព សកម្មភាព​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​យ៉ាងហោច​ក្នុង​រយៈពេលមួយ​ឆ្នាំ​ ឆ្នាំ ២០២៥»។

លោក សេង វណ្ណលី លើកឡើង​ថា ក្នុងរយៈពេល​ជាច្រើន​ឆ្នាំមកនេះ កម្ពុជាមិន​អាច​ផ្លាស់​ប្តូរស្ថាន​ភាព​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​តាមរយៈ​កម្ចី​បរទេសនោះទេ​។ ​លោកបន្ត​ថា ​ការ​មិន​ប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាពនិង​ប្រសិទ្ធផល​ ខណៈ​កំណើន​សេដ្ឋកិច្ចមិន​ដំណើរការ​ទៅមុខ​ អាច​នឹង​រុញ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់ចិន​ ហើយ​អាច​នឹង​នាំមក​នូវផល​អវិជ្ជមាន​ដល់​ស្វ័យ​សម្រេច​របស់ក​ម្ពុជា​ផងដែរ។

កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ងាក​កាន់​តែ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន ខណៈ​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច​កាន់​តែ​ខិត​ឆ្ងាយ ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

កាល​ពី​សប្តាហ៍​មុន សភា​សហភាព​អឺរ៉ុប​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋា​ភិបាល​កម្ពុជា​ ជាពិសេស​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​បាន​រួម​ចំណែក​ធ្វើឲ្យស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ខ្លាំង។

បើតាម​អ្នក​តាមដាន​មួយ​ចំនួន​ ប្រទេស​ចិន​គឺជា​ជម្រើស​របស់​កម្ពុជា​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ នៅ​គ្រា​ដែល​កម្ពុជា​មិនមាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា​ ប្រាប់វីអូអេ​ថា ​អ្នក​ដែល​លើក​ឡើង​ទាំង​នោះ​មិន​មាន​ចេតនា​ល្អ ​និង​ទទួល​ស្គាល់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​នោះ​ទេ ដោយ​លោក​ថា ​ការរីក​ចម្រើន​គឺជា «ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»។

បើ​តាម​អ្នកនាំពាក្យ​រូបនេះ រាល់​ពេល​មាន​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ មេដឹកនាំ​កម្ពុជា​តែងតែ​ស្វះស្វែង​រក​ប្រយោជន៍​ជូន​ជាតិ ​មិន​ថា​ជា​ជំនួយ​ឥតសំណង​ កម្ចីឥណទាន​ ជាពិសេស​ការវិនិយោគ។

លោក​ថ្លែង​ថា៖ «កម្ពុជា​កំពុង​តែ​រីក​លូតលាស់​ទៅ​មុខ​ក្នុង​ទិសដៅ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​។ នេះ​គឺជា​ចក្ខុវិស័យ​ពិត​ប្រាក​ដ​មួយ​របស់​រាជ​រដ្ឋាភិបាល»។

ចិន​គឺជា​ម្ចាស់​បំណុល​ធំ​ជាង​គេនៃ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា​ដែល​មាន​ចំនួន​សរុប​ជាង ៤​ពាន់​លាន​ដុល្លារ​នៃ​បំណុល​សា​ធារណៈ​សរុប​ក្រៅ​ប្រទេស​ប្រមាណ​ជា ១១,១៦ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី ២ ឆ្នាំ២០២៤។ នេះ​បើ​យោង​តាមព្រឹត្តិបត្រ​ស្ថិតិបំណុល​កម្ពុជា​ចេញ​ដោយក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែកញ្ញា ឆ្នាំ ២០២៤

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG