ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដូចជា​កម្ពុជា​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំងពី​វិបត្តិ​ពិភពលោក


រូបឯកសារ៖ ទិដ្ឋ​ភាព​ផ្សារ​ចាស់​នៅ​ទីក្រុង​សៀម​រាប​មាន​សភាព​ស្ងប់ស្ងាត់អំឡុង​ពេល​ជំងឺកូវីដ​១៩ កំពុង​រាតត្បាត​ពិភពលោក នៅ​ពេល​រសៀលថ្ងៃ​ទី​២៦ មិថុនា​ ឆ្នាំ២០២០ ខេត្ត​សៀមរាប។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ទិដ្ឋ​ភាព​ផ្សារ​ចាស់​នៅ​ទីក្រុង​សៀម​រាប​មាន​សភាព​ស្ងប់ស្ងាត់អំឡុង​ពេល​ជំងឺកូវីដ​១៩ កំពុង​រាតត្បាត​ពិភពលោក នៅ​ពេល​រសៀលថ្ងៃ​ទី​២៦ មិថុនា​ ឆ្នាំ២០២០ ខេត្ត​សៀមរាប។ (ទុំ ម្លិះ/VOA)

ចាប់ពី​ដើម​ឆ្នាំ​ ២០២០​ មក ពិភព​លោកបាន​រង​គ្រោះ​ដោយ​ជំងឺ​រាតត្បាត​កូវីដ​១៩ ​យ៉ាង​ដំណំ ស្របពេល​ដែលឥទ្ធិពល​នៃបម្រែបម្រួល​អាកាសធាតុកើត​មាន​ជាបន្ត​បន្ទាប់។ ហើយ​នៅ​ដើម​ឆ្នាំ​ ២០២២ សង្គ្រាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី ​បាន​និង​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភព​លោករង​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង។​

អស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​នេះ​ បាន​ធ្វើ​ឱ្យ​ប្រទេសដែល​មានការ​អភិវឌ្ឍ​តិចតួច​ ដូច​ជា​កម្ពុជា ត្រូវប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ ដោយសារតម្លៃ​ទំនិញ​និង​សេវាកម្ម​ត្រូវ​ឡើង​ថ្លៃ។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក ​អង់តូ​នីញូ ហ្គុយតេរេស (António Guterres) បាន​ថ្លែង​ក្នុង​សន្និសីទអង្គការ​សហប្រជាជាតិ​ស្តីពី​ប្រទេស​អភិវឌ្ឍ​តិចតួច​លើក​ទី ៥ (LDC5) នៅ​ទីក្រុង​ដូហា កាលពី​ដើម​ខែ​មីនា​ថា សង្គ្រាម​នៅ​អ៊ុយក្រែនធ្វើ​ឱ្យ​តម្លៃ​ថាមពល និង​អាហារឡើងថ្លៃ ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​ចំណាយ​សម្រាប់​ការ​រស់​នៅ​កាន់តែ​លំបាក​ឡើងៗ។​

លោក​បាន​បន្ថែម​ថា៖ «ការ​បន្ធូរ​បន្ថយ​វិបត្តិចំណាយ​ក្នុងការ​រស់នៅ​កាន់​តែ​លំបាក​ទៅៗ ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​ពន្លឿន​ការ​កើនឡើង​តម្លៃ​ថាមពល និង​អាហារ។ បន្ថែម​ដោយ​ផល​ប៉ះពាល់​នៃ​ជម្លោះ គ្រោះ​រាំងស្ងួត ភាព​អត់ឃ្លាន និង​ភាពក្រី​ក្រខ្លាំង ​គឺជា​ព្យុះដ៏​ខ្លាំង​ក្លា​ក្នុង​ការ​បន្តភាព​ក្រីក្រ និង​អយុត្តិធម៌»។

លោក​ក៏​បាន​អំពាវនាវ​ឱ្យបញ្ចប់​លក្ខខណ្ឌ​ដែល​បាន​ធ្វើឱ្យ​ប្រទេស​ដែល​ងាយ​រងគ្រោះ​ប្រឈម​មុខ​នឹង «ព្យុះ​ដ៏​ខ្លាំង​កា្ល​នេះ​»។

លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​បញ្ចប់​ព្យុះ​នេះ។ ប៉ុន្តែ​យើង​ត្រូវតែ​ទទួល​ស្គាល់​ថា ដើម្បី​បញ្ចប់​ព្យុះ​នេះ យើង​ត្រូវការ​ការ​វិនិយោគ​ដ៏ធំ និង​ប្រកប​ដោយ​និរន្តរភាព ហើយ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​បំផុត​ ត្រូវការ​ និង​សមនឹង​ទទួល​បាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ដ៏ធំ»។

លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ជំរុញ​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេសអ្នកមាន ឱ្យ​ជួយ​ប្រជាជន​ជាង ១.១ ពាន់លាន​នាក់​ក្នុង​ប្រទេស​ក្រីក្រ​ទាំងនេះ ដើម្បី​លើកពួកគេ​ចេញពី​ភាពក្រីក្រ។

បើ​តាម​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​សេវាកម្មគម្រោង (UNOPS) ប្រទេស​អភិវឌ្ឍន៍​តិចតួច​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ការ​អភិវឌ្ឍន៍​ដូចគ្នា។ ប្រាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់​ទាប ភាព​ក្រីក្រ​ច្រើន និង​ភាពអត់​ការងារ​ធ្វើ​ខ្ពស់។ ពួកគេ​ងាយ​រងគ្រោះ​ខ្លាំង​ពីវិបត្តិ​សេដ្ឋកិច្ច និង​បរិស្ថាន។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទី៥ (LDC5) ដែលធ្វើឡើងក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទី៥ (LDC5) ដែលធ្វើឡើងក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​វីអូអេក្នុង​អំឡុង​ពេល​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ​ (LDC5) នៅ​ក្រុង​ដូហា ថា កម្ពុជា​ក៏​ដូចជា​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត​ បាន​និង​កំពុងរង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការរាតត្បាត​នៃជំងឺ​កូវីដ​១៩ ការ​ប្រែប្រួល​អាកាសធាតុ និងអស្ថិរភាព​នយោបាយពិភព​លោក​ ដូចជាសង្គ្រាម​អ៊ុយក្រែន និង​រុស្ស៊ី​ជាដើម។

លោក​ថ្លែង​ថា៖ «រឿង​បញ្ហា​ស្បៀង យើង​អត់​មាន​បញ្ហា​ទេ ព្រោះ​យើង​មាន​ស្បៀង​គ្រប់គ្រាន់។ ប៉ុន្តែ​បញ្ហា​មួយ​ដែលយើង​ត្រូវប្រុង​ប្រយ័ត្ន ដែល​សព្វថ្ងៃក្រសួង​ពាណិជ្ជកម្ម​ប្រុង​ប្រយ័ត្ន​រហូត គឺ​បញ្ហា​ថាមពល ព្រោះប្រទេស​យើង​មិនមែន​អ្នក​ផលិត​ថាមពល​ទេ គឺ​ប្រទេសយើង​អ្នកទិញ​ថាម​ពល។ ដូច្នេះ​បើ​មាន​សង្គ្រាម​ទៅ អា​ថាមពល​វា​ឡើង​ថ្លៃ វាប៉ះពាល់​ដល់​សេដ្ឋកិច្ច​យើង។ យើង​ត្រូវ​ទិញ​ថាមពលគេ ប៉ុន្តែ​ថាម​ពល​ហ្នឹង​វាឡើង​ថ្លៃ»។

លោក ប៉ាន សូរស័ក្ដិ ថ្លែង​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​ក្នុងការ​ទប់​ទល់ និង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ នា​ពេល​អនាគត។​

លោក​ថ្លែង​ថា៖ «យើង​ត្រៀម​ហើយ ដូច​យើង​សព្វថ្ងៃ យើង​ពិនិត្យ​មើល ប្រទេស​យើង សព្វថ្ងៃ​ក្រសួង​ពាណិជ្ជកម្ម​ពិនិត្យ​មើល​នូវការ​ឡើង​ថ្លៃ​ថាមពល​ ហើយ​និង​មានស្បៀង​ទុក​បម្រុង ហើយ​អត់​ឱ្យ​មានបញ្ហា​ដែល​ប៉ះពាល់​ហ្នឹង គឺ​យើង​បាន​ន័យ​ថា យើង​ត្រៀមទៅក្នុង​រយៈពេល​ យើង​មិនមែន​នៅ​ស្ងៀម​ឱប​ដៃ​អត់​ដឹងរឿង​ទេ។​ ប៉ុន្តែ​ដល់មាន​បញ្ហាយើង​អាច​ដោះ​ស្រាយ​បាន​រយៈ ១ខែ ៣ខែ យើង​អាច​ដោះ​ស្រាយ​បាន អត់​មានបញ្ហា»។​

បើ​តាម​លោក ប៉ាន សូរស័ក្កិ ​កម្ពុជា​ក៏​បាន​និងកំពុង​បើកទីផ្សារ​ទ្វេ​ភាគី​ជាមួយ​ប្រទេស​នានា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​ជា​ផ្នែក​នៃការទប់​ទល់​នឹង​ផល​ប៉ះពា​ល់​សេដ្ឋកិច្ច​នា​ពេលអនាគតផងដែរ។​

សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍តិចតួច​ មាន​ទំនោរ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​មួយចំនួន​ដែល​មាន​កម្រិត ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច ប្រសិនបើ​វិស័យ​មួយ​នោះ​មិន​ដំណើរការ​ល្អ។ ឧទាហរណ៍ កសិកម្ម​គឺជា​វិស័យ​ចម្បង​សម្រាប់​ប្រទេសអភិវឌ្ឍន៍​តិចតួច​ជាច្រើន។ ​គ្រោះ​ធម្មជាតិ​មួយ ឬ​ការ​ប្រមូល​ផល​មិន​ល្អមួយ អាច​កំណត់​សេដ្ឋកិច្ច និង​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​ឡើង​វិញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ នេះ​បើ​តាម​អ្នក​ជំនាញ​កិច្ចការ​អភិវឌ្ឍន៍។

អគារ​ខ្ពស់​ស្កឹមស្កៃកំពុងកើនឡើងនៅកណ្តាលក្រុងភ្នំពេញ ខណៈអ្នកធ្វើដំណើរបើកបរកាត់​វិមាន​ឯករាជ្យ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
អគារ​ខ្ពស់​ស្កឹមស្កៃកំពុងកើនឡើងនៅកណ្តាលក្រុងភ្នំពេញ ខណៈអ្នកធ្វើដំណើរបើកបរកាត់​វិមាន​ឯករាជ្យ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​វាយនភណ្ឌ​កាត់ដេរ កំណើន​សេដ្ឋកិច្ច​ចាប់តាំងពី​ឆ្នាំ ​២០១១ ​មក ដល់​ឆ្នាំ ​២០១៩ បានកើន​ឡើង​ចន្លោះ​ពី​ ៧% ទៅ​៧,៥% ប៉ុន្តែក្នុងឆ្នាំ​ ២០២០ ខណៈដែល​ពិភព​លោក​រង​ផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​បញ្ហាពិភព​លោក សេដ្ឋកិច្ចកម្ពុជាមាន​កំណើនអវិជ្ជមាន​ក្នុងអត្រា -,%។ នេះ​បើ​តាម​ធនាគារ​ពិភពលោក។​

បើតាម​ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២១​ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា ​ផល​ប៉ះពាល់​ពី​វិបត្តិ​សកល បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​ក្នុង​អត្រា​ -៣,១% ដោយសារ​ការធ្លាក់​ចុះ​នៃ​វិស័យ​សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម ខណៈ​វិស័យ​កសិកម្ម​នៅ​រក្សា​បាន​កំណើន​វិជ្ជមាន។

លោក តេង ដឺលុច បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច លើក​ឡើង​ថា អស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ​ដោយ​សារ​ជំងឺ​រាតត្បាតកូវីដ​១៩ បម្រែបម្រួល​អាកាសធាតុ​ ជាពិសេសសង្គ្រាមរវាង​អ៊ុយក្រែន និង​រុស្ស៊ី បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពិភព​លោក​ស្ទើរ​តែ​គ្រប់​វិស័យ។​

លោកថ្លែងថា៖ «ការ​កើនឡើង​នៃ​កម្រិត​អតិផរណា ការ​ធ្លាក់​ចុះនៃ​តម្លៃ​សាច់​ប្រាក់ ក៏​ដូចជា​ស្ថិរភាព​នៃប្រព័ន្ធ​ម៉ាក្រូ​សេដ្ឋកិច្ច​ទាំង​មូល​ផង​ដែរ។ អ៊ីចឹង​យើង​ឃើញ​ថា ​វិស័យ​ធំៗ​លើ​ពិភព​លោក ជាពិសេស​ក្នុង​វិស័យ logistic [ដឹកជញ្ជូន] ​មានការ​កើនឡើង​នូវ​តម្លៃ ក៏​ដូចជា​ទេសចរណ៍​ដែល​ជា​ថាម​ពល​មួយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ប្រឈម​បញ្ហា ហើយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ទាំងអស់​នោះបាន​ធ្វើ​ឱ្យ​ផ​ល​ដំណាំ​ផលិត​ភាព ក៏​ដូចជា​ផលិតកម្ម​នៃ​វិស័យ​កសិកម្ម និង​វិស័យមួយ​ចំនួនរង​ផល​ប៉ះពាល់​ផង​ដែរ។ ទាំងអស់​នេះ ​វាបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​លើពិភព​លោក​ទាំងមូល​ផង​ដែរ»។

លោក តេង ដឺលុច ថ្លែង​បន្ថែម​ថា ដើម្បី​ត្រៀម​ខ្លួន និង​ឆ្លើយតប​ជាមួយ​វិបត្តិ​នានា​ក្នុង​ពេល​ខាងមុខ រដ្ឋាភិបាល​កម្ពុជាគួរ​ពង្រឹង​វិស័យ​សុខុមាលភាព​សង្គម ផលិតភាព​ក្នុង​ស្រុក និង​ការ​ធ្វើ​ពិពិធកម្ម​ក្នុង​វិស័យ​មួយ​ចំនួន​ដើម្បី​បង្កើន​ការប្រកួត​ប្រជែង។​

ចន្លោះ​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៩ ជា​ទសវត្សរ៍ដែល​ប្រទេសកម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ឥត​ឈប់ឈរ និង​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​យ៉ាង​ទូលំទូលាយ។ ការ​ពង្រីក​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស រួមផ្សំ​ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ បាននាំ​ឱ្យមាន​ការកើន​ឡើង​ប្រាក់ឈ្នួល និង​កម្រិត​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ។

របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​ក្រោមចំណង​ជើង​ថា «ស្តារសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​បរិយាបន្ន និង​ភា​ព​ធន់​ជាង​មុន» របស់​ធនាគារពិភពលោក ចេញ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ​បង្ហាញ​ថា ក្នុងរយៈពេល ១០ ឆ្នាំ គិត​មក​ដល់​ឆ្នាំ​ ២០១៩/២០២០ អត្រាភាព​ក្រីក្រ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយ​បាន​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ជិត ២ លាន​នាក់​ បាន​រួច​ផុត​ពី​ភាព​ក្រីក្រ។ ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ ២០២០ មក អត្រា​នេះ​បាន​កើនឡើង ២,៨% ដែល​មានន័យថា ប្រជាជន​ប្រហែល ៤៦០,០០០ នាក់​ បាន​ធ្លាក់​ទៅ​ស្ថិត​នៅ​ក្រោម​កម្រិត​ប្រាក់​ចំណូល​នៃ​ភាព​ក្រីក្រ​វិញ។

អ្នកស្រី Mami Mizutori តំណាងពិសេសរបស់អគ្គលេខាធិការការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) ផ្តល់សម្ភាសន៍ដល់វីអូអេ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី Mami Mizutori តំណាងពិសេសរបស់អគ្គលេខាធិការការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) ផ្តល់សម្ភាសន៍ដល់វីអូអេ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោកស្រី Mami Mizutori ប្រធាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ (UNDDR) បាន​ប្រាប់វីអូអេ​ថា គ្រោះ​មហន្តរាយ ដូចជា​គ្រោះ​ធម្មជាតិ ​ជំងឺ​រាតត្បាត និង​គ្រោះ​ថ្នាក់ធំៗ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួចខ្លាំង​ជាង​ប្រទេស​អភិវឌ្ឍន៍​រហូត​ដល់​ទៅ​ ១០ ​ដង។

លោកស្រី​ថ្លែង​ថា៖ «យើងដឹងថា​ ប្រទេស​អភិវឌ្ឍន៍​តិចតួច ត្រូវបាន​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​មិន​សមាមាត្រ។ យើង​អាច​ឃើញ​ថា ឧទាហរណ៍ ៧០%​ នៃ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​មហន្តរាយ គឺ​រស់នៅក្នុង​ប្រទេសអភិវឌ្ឍន៍​តិចតួច។​ ហើយ​ការ​ខាតបង់​សេដ្ឋកិច្ច​ទាក់ទង​នឹង​ផលិត​ផលក្នុង​ស្រុក​សរុ​ប​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺ​ធំជាង​ ១០ ដង នៅពេល​អ្នក​ប្រៀបធៀប​វា​ជាមួយ​ប្រទេសដែល​មាន​ជាងគេ​លើ​ពិភពលោក»។

លោកស្រី Mami Mizutori បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដូច​ជាកម្ពុជា គួរតែ​មាន​រៀប​ចំប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ ដើម្បី​កាត់បន្ថយ​និង​ការពារ​គ្រោះ​មហន្តរាយ រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធរឹងមាំ​ដែល​អាច​ទប់​ទល់​នឹង​គ្រោះ​ថ្នាក់ ឬ​គ្រោះ​មហន្តរាយផ្សេងៗ ប្រព័ន្ធ​ប្រកាស​អាសន្ន​ប្រកប​ដោយ​ប្រសិទ្ធភាព និងរៀប​ចំ​ឱ្យ​មាន​ភាព​ធន់តាម​មូលដ្ឋាន។

កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​រួចផុត​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬជាប្រទេស​មាន​ចំណូល​តិចតួច ទៅជាប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម នៅ​ត្រឹម​ឆ្នាំ​២០២៧។

ក៏​ប៉ុន្តែ​លោកស្រី Mami Mizutori រំឭក​ថា ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងអស់​ត្រូវ​តែ​ចាប់​ផ្តើម​រៀបចំ​ការ​ការពារ និង​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​ចាប់​ពី​ពេល​នេះ​តទៅ ដោយ​មិន​ត្រូវ​រង​ចាំ​រហូត​ដល់​ខ្លួន​រួច​ផុត​ពី​ស្ថានភាព​ជា​ប្រទេស​អភិវឌ្ឍន៍តិចតួច​នោះទេ។​

លោកស្រីថ្លែងថា៖ «នេះ​គឺ​សំខាន់ណាស់។ ប៉ុន្តែ​កុំរង់ចាំ​រហូត​ដល់​អ្នក​ចាកចេញ​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទើប​អាច​ធ្វើ​រឿងទាំងនេះបាន។ អ្នក​ត្រូវ​ចាប់ផ្តើម​ឥឡូវ​នេះ រដ្ឋាភិបាល​ត្រូវចាប់ផ្តើម​ឥឡូវនេះ»៕

XS
SM
MD
LG