ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានរិះគន់អ្នកនយោបាយអាមេរិក ដែលជំទាស់នឹងការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនស៊ីរី ដោយនិយាយថា វោហារសាសន៍របស់ពួកគេផ្ទុយនឹងគុណតម្លៃរបស់អាមេរិក ហើយអាចក្លាយជាឧបករណ៍មួយសម្រាប់ឲ្យក្រុមជីវពលរដ្ឋឥស្លាម យកទៅប្រើប្រាស់ ដើម្បីជ្រើសរើសសមាជិកថ្មីរបស់ពួកគេ។
ចាប់តាំងពីការវាយប្រហារនៅទីក្រុងប៉ារីសមក អ្នកនយោបាយខ្លះមកពីខាងគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យមានការបញ្ឈប់ការចូលតាំងទីលំនៅជាថ្មីរបស់ជនភៀសខ្លួនស៊ីរី ឬក៏អនុញ្ញាតឲ្យតែជនភៀសខ្លូនស៊ីរីដែលកាន់សាសនាគ្រឹស្តតែប៉ុណ្ណោះ ចូលក្នុងទឹកដីអាមេរិក ដោយអ្នកនយោបាយទាំងនោះលើកឡើងថា វិធានការនេះនឹងជួយទប់ស្កាត់ភេរវករស៊ីរី កុំឲ្យធ្វើការវាយប្រហារស្រដៀងគ្នានៅក្នុងសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅឯកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុងម៉ានីឡា ប្រទេសហ្វីលីពិននៅថ្ងៃពុធនេះ លោក អូបាម៉ា និយាយថា៖ «យើងមានអាកប្បកិរិយា មិននឹងធឹងសោះ។ នៅពេលឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្ម យើងភ័យស្លន់ស្លោរ»។
ក្រុមសមាជិកសភាពីខាងគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យមានការបញ្ឈប់ផែនការផ្តល់ការតាំងទីលំនៅដ្ឋានថ្មីដល់ជនជាតិស៊ីរីចំនួន១ម៉ឹននាក់បន្ថែមទៀត នៅសហរដ្ឋអាមេរិក នៅក្នុងការជជែកដេញដោលគ្នាមួយដែលឆ្លុះបញ្ចាំងពីការពិភាក្សាក្នុងបណ្តាប្រទេសនៅអឺរ៉ុបអំពីការណ៍ដែលថា តើការផ្តល់ការតាំងទីលំនៅថ្មីនេះ បង្កគ្រោះថ្នាក់ដល់សន្តិជាតិដែរឬទេ។
លោក អូបាម៉ា និយាយថា ការជជែកដេញដោលគ្នានេះ ស៊ីគ្នាទៅនឹង«បទពិពណ៌នាអំពីសង្គ្រាមមួយរវាងសាសនាឥស្លាម និងប្រទេសលោកខាងលិច»៕