ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​សន្យា​ពិនិត្យ​មើល​ឲ្យ​បាន​ដិតដល់់​លើ​កិច្ចព្រមព្រៀង​ TPP​ របស់​លោក​អូបាម៉ា

  • Cindy​ Saine​

តំណាង​រាស្រ្ត លោកស្រី Rosa DeLauro (រូប​កណ្តាល) តំណាងរាស្រ្ត​ លោក Lloyd Doggett និង​តំណាងរាស្រ្ត​ លោក David Cicilline (រូប​ស្តាំ) និង​សមាជិក​ផ្សេង​ទៀត​នៃ​សភា ថ្លែង​សន្និសីទ​កាសែត​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ់ាស៊ីនតោន កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ អំពី​ខ្លឹមសារ​លម្អិត​នៃ​កិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP)។

រដ្ឋបាល​លោក ​អូបាម៉ា​ បាន​ចេញ​ផ្សាយ​ខ្លឹមសារ​ទាំង​ស្រុង​នៃ​កិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​ជា​ការ​ចាប់​ផ្តើម​នូវ​អ្វី​ដែល​គេ​រំពឹង​ទុក​ថា ជា​សមរភូមិ​ដ៏​ក្តៅគគុក​នៅ​ក្នុង​សភា​អាមេរិក​។​

រដ្ឋបាល​លោក ​អូបាម៉ា​ បាន​ចេញ​ផ្សាយ​ខ្លឹមសារ​ទាំង​ស្រុង​នៃ​កិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​ជា​ការ​ចាប់​ផ្តើម​នូវ​អ្វី​ដែល​គេ​រំពឹង​ទុក​ថា ជា​សមរភូមិ​ដ៏​ក្តៅគគុក​នៅ​ក្នុង​សភា​អាមេរិក​ ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ចម្រូង​ចម្រាស​មួយ​ដែល​មានប្រទេស​១២​ចូលរួម។​

ដោយ​ប្រើ​ពាក្យ​ថា​ ការ​អនុម័ត​ច្បាប់​ក្នុង​ «ល្បឿន​លឿន» ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​កាលពី​ដើម​ឆ្នាំ​នេះ នៅ​ពេល​នេះ​ សភា​មាន​រយៈពេល​៩០​ថ្ងៃ​ ក្នុង​ការ​សិក្សា​ពិចារណា​ និង​ជជែក​ដេញដោល​ពី​សេចក្តី​លម្អិត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ ដែល​គេ​ហៅ​ថា TPP មុន​នឹង​ធ្វើ​ការ​បោះឆ្នោត​សម្រេច ​ថា​តើ​ត្រូវ​សច្ចានុមតិ​ (យល់​ព្រម) នៅ​ក្នុង​រដ្ឋ​សភា​ និង​ព្រឹទ្ធសភា​ ឬ​យ៉ាង​ណា។

ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ទេ ហើយ​តម្រូវ​ឲ្យ​មាន​សំឡេង​ភាគច្រើន​ធម្មតា​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​សច្ចានុមតិ​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​សភា​នីមួយៗ។

លោក​ Ryan ​ស្នើ​រក្សា​ការ​សម្រេច​ចិត្ត​ទុក​សិន

ប្រធានរដ្ឋ​សភា​ថ្មី​ គឺ​លោក Paul Ryan ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ និយាយ​ថា ពាណិជ្ជកម្ម​មាន​សារៈសំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​ចូលរួម​ក្នុង​តុ​ចរចា​ដើម្បី​ជួយ​បង្កើត​ក្បួន​ច្បាប់​សម្រាប់​ពាណិជ្ជកម្ម​នេះ។ ប៉ុន្តែ​ លោក ​Ryan​ និយាយ​ថា ​សមាជិក​សភា​នឹង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​អាន និង​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​ដែល​មាន​៣០​ជំពូក និង​មាន​កម្រាស់​រាប់​រយ​ទំព័រ​នេះ។

នៅ​ពេល​សួរ​ថា​ តើ​លោក​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ដែរ​ឬ​ទេ លោក​ Ryan បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ទាន់​ដឹង​ចម្លើយ​ពី​ជំហរ​របស់​ខ្ញុំ​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ​ទេ ដោយសារ​តែ​ខ្ញុំ​មិន​ទាន់​បាន​អាន​កិច្ច​ព្រមព្រៀង​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា «ប៉ុន្តែ​ សារជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ដំណើរការ​ដែល​បាន​វិវត្ត​មក​ដល់​ពេល​នេះ»។

លោក ​Sander Levin​ សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា៖ «វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដែល​យើង​ប្រើប្រាស់​រយៈពេល​៩០ថ្ងៃ​នេះ​ដើម្បី​ពិនិត្យ​មើល​ឲ្យ​លម្អិត​ និង​សួរ​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គោលបំណង​វាយ​តម្លៃ​ មុន​ពេល​ដែល​លោក​ប្រធានាធិបតី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នោះ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ TPP​ នេះ​ ធ្វើ​ឡើង​តាម​រយៈ​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក ជាមួយ​ប្រទេស​ចំនួន​១១ផ្សេង​ទៀត ដូចជា​អូស្រ្តាលី ​ព្រុយណេ​ កាណាដា​ ស៊ីលី​ (Chile) ជប៉ុន​ ម៉ាឡេស៊ី ម៉ិកស៊ិក​ នូវែលសេឡង់​ (New Zealand) ​ប៉េរូ​ សិង្ហបុរី​ និង​វៀតណាម។ នៅ​ពេល​បញ្ចូល​ជាមួយ​គ្នា​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នេះ​ នឹង​មាន​ស្មើ​ប្រមាណ​ជា​៤០ភាគរយ​នៃ​ផលិតផល​សេដ្ឋកិច្ច​សាកល។ ភាព​ជា​ដៃ​គូ​នេះ​នឹង​បង្កើត​បាន​ជា​ប្លុក​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​នឹង​ក្លាយ​ជា​ស្នាដៃ​ធំ​បំផុត​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ។

វា​ទំនង​នឹង​ក្លាយ​ជា​បញ្ហា​មួយ​សម្រាប់​ធ្វើ​យុទ្ធនាការ​

ទោះបី​ជាយ៉ាង​ណា ​ការ​ធ្វើ​សច្ចានុមតិ​របស់​សភា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ចម្រូងចម្រាស​នេះគឺ​ជា​រឿង​ពិត​ប្រាកដ។ ការ​ធ្វើ​សច្ចានុមតិ​លឿនបំផុត​អាច​កើត​មាន​នៅ​ក្នុង​ការ​បោះឆ្នោត​មួយក្នុង​ខែមីនា​ឆ្នាំ​ក្រោយ ​គឺ​នៅ​ចំ​ពាក់​កណ្តាល​រដូវកាល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។ បេក្ខជន​មួយ​ចំនួន​ រួម​មាន​លោក​ស្រី​ Hillary Clinton ​និង​លោក ​Bernie Sanders ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក Donald Trump បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ខ្លាំង។

លោកស្រី ​Rosa De Lauro ​ដែល​ជា​តំណាង​របស់​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ជា​ សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ឈាន​មុខ​របស់​គណបក្ស​របស់​លោក​ប្រធានាធិបតី​ ដែល​ធ្វើ​ការ​ជំទាស់​ចំពោះ​កិច្ចព្រម​ព្រៀង​នេះ។ លោក​ស្រី​និយាយ​ថា ការ​ប្រឆាំង​ចំពោះ​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​សភា​កំពុង​តែ​កើន​ឡើង ហើយ​ថា​ ទិដ្ឋភាព​នៃ​ការ​ដេញដោល​គ្នា​កំពុង​មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​តែ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី។ ក្រុម​អ្នក​រិះ​គន់​លើ​កិច្ចព្រមព្រៀង​នេះ​លើក​ឡើង​ពី​ក្តី​កង្វល់​អំពី​សិទ្ធិ​មនុស្ស​ និង​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​មួយ​ចំនួន ហើយ​ពួក​គេ​និយាយ​ថា​ កិច្ចព្រមព្រៀង​នេះ​នឹង​ប៉ះ​ពាល់​ដល់​ពលករ​អាមេរិកាំង។

នៅ​ពេល​សួរ​អំពី​ឱកាស​នៃ​ការ​អនុម័ត​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​សភា ​លោក Josh Earnest អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​មាន​ការ​ជឿជាក់​ថា​ នឹង​មាន​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម​ព្រៀង​នេះ។ លោក​និយាយ​ថា៖ «នៅ​ពេល​មនុស្ស​កាន់​តែ​ច្រើនយល់​អំពី​កិច្ចព្រមព្រៀង​នេះ ​កិច្ចព្រម​ព្រៀង​នេះ​នឹង​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន»។ លោក​បន្ថែម​ថា ​សេតវិមាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បញ្ចុះបញ្ចូល​សភា​ មិន​មែន​បញ្ចុះបញ្ចូលក្រុម​ដែល​នៅ​ខាង​ក្រៅ​ផ្សេង​ទៀត​នោះ​ទេ។

ប្រធានាធិបតី​ អូបាម៉ា និង​រដ្ឋបាល​របស់​លោក​បាន​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​អស់​រយៈពេល​៥ឆ្នាំ​មក​ហើយ។ លោក​ប្រធានាធិបតី​បាន​សរសេរ​នៅ​លើ​អ៊ិនធឺណិត​ថា៖ «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​មាន​ន័យ​ថា អាមេរិក​នឹង​បង្កើត​នូវ​ច្បាប់​សម្រាប់​ដំណើរ​នៅ​ក្នុង​សតវត្សរ៍​ទី​២១។ ប្រសិន​បើ​យើង​មិន​អនុម័ត​លើ​កិច្ចព្រមព្រៀង​នេះ​ ហើយ​ប្រសិន​បើ​អាមេរិក​មិន​បង្កើត​ច្បាប់​នេះ​ទេ នោះ​ប្រទេស​ផ្សេង​ទៀត​ដូចជា​ចិន​នឹង​ធ្វើ​វា»។

ប្រទេស​ចិន​មិន​មែន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ។ ចិន​បាន​ឆ្លើយ​តប​នឹង​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ស្នើ​ឡើង​នូវ​តំបន់​ពាណិជ្ជកម្ម​សេរី​មួយមាន​១៦ប្រទេស​ចូល​រួម​ ​ដែល​រួម​មាន​ឥណ្ឌា​ផង​ដែរ។ បើ​សិន​សំណើ​នេះ​ទទួល​បាន​ជោគជ័យ​ តំបន់​នោះ​អាច​នឹង​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG