លោក Obama ជំរុញ​អ្នក​តវ៉ា​ឲ្យ​ប្រើ​សន្ទុះ​ចិត្ត​ចូលរួម​ក្នុង​នយោបាយ​មូលដ្ឋាន

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​ពិធី​មូលនិធិ​អូបាម៉ា (Obama Foundation) នៅ​ទីក្រុង​គូឡា ឡាំពួ នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩។

លោក Obama បាន​បញ្ជាក់​ថា៖ «នៅ​ទី​បំផុត សេចក្ដី​ប្រាថ្នា​ត្រូវតែ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ច្បាប់​ដ៏​ជាក់លាក់ និង​ការ​អនុវត្ត​ទូទៅ​នៅ​ក្នុង​សង្គម តាម​បែប​ប្រជាធិបតេយ្យ ដែល​ករណី​នេះ​អាច​កើត​មាន​ឡើង​តែ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​ឆ្លើយតប​ចំពោះ​ការ​ចង់​បាន​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ»។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama បាន​បញ្ជាក់​ថា ពលរដ្ឋ​អាមេរិកាំង​ដែល​ធ្វើ​បាតុកម្ម​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ត្រូវតែ​ប្រើ​សន្ទុះ​ចិត្ត​ដែល​បាន​ពី​ការ​តវ៉ា​នេះ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ ដោយ​ការ​ចូលរួម​នៅ​ក្នុង​នយោបាយ​មូលដ្ឋាន។

លោក Obama បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅ​លើ​វិបសាយ Medium ថា៖ «ខ្ញុំ​ឮ​ថា អ្នក​ខ្លះ​និយាយ​ថា បញ្ហា​ដែល​កើត​មាន​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ទាក់ទិន​នឹង​ភាព​លំអៀង​ផ្នែក​ពូជសាសន៍​នៅ​ក្នុង​ប្រព័ន្ធ​ព្រហ្មទណ្ឌ និង​ប្រព័ន្ធ​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា មានតែ​ការ​តវ៉ា និង​ការ​ធ្វើ​សកម្មភាព​ផ្ទាល់​តែ​ប៉ុណ្ណោះ​ដែល​អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​បាន។ សម្រាប់​ខ្ញុំ គឺ​ជំទាស់​ដាច់ខាត​ចំពោះ​ការ​អះអាង​នេះ»។

លោក Obama បាន​បញ្ជាក់​ថា៖ «នៅ​ទី​បំផុត សេចក្ដី​ប្រាថ្នា​ត្រូវតែ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ច្បាប់​ដ៏​ជាក់លាក់ និង​ការ​អនុវត្ត​ទូទៅ​នៅ​ក្នុង​សង្គម តាម​បែប​ប្រជាធិបតេយ្យ ដែល​ករណី​នេះ​អាច​កើត​មាន​ឡើង​តែ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​ឆ្លើយតប​ចំពោះ​ការ​ចង់​បាន​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ»។

ស្រប​ពេល​ដែល​លោក Obama បាន​អះអាង​ថា វា​សំខាន់​នៅ​ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតី សភា និង​តុលាការ​សហព័ន្ធ ដែល​ទទួល​ស្គាល់​ថា «មាន​ការ​រើសអើស​ពូជសាសន៍​ជា​បន្ត​នៅ​ក្នុង​សង្គម​សហរដ្ឋ​អាមេរិក» លោក​បាន​និយាយ​ថា៖ «មន្ត្រី​សាធារណៈ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ការ​កែ​ទម្រង់​មន្ទីរ​ប៉ូលិស និង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ គឺ​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្នាក់​រដ្ឋ និង​ថ្នាក់​មូលដ្ឋាន»។

បន្ថែម​ពី​នេះ​ទៀត លោក Obama បាន​រិះគន់​អ្នក​តវ៉ា​ណា​ដែល​យក​អំពើ​ហិង្សា​ជា​ត្រី​មុខ ដែល​ការ​រិះគន់​របស់​លោក​នេះ​គឺ​ដូច​ទៅ​នឹង​ការ​រិះគន់​របស់​អ្នក​នយោបាយ​ផ្សេង​ទៀត​ផង​ដែរ៕